ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​ត្អូញត្អែរ​ថា ស្រូវ​ចុះថោក ​និង​ស្នើ​ឱ្យ​ដំឡើង​តម្លៃ​ចាប់​ពី១​ពាន់រៀល​ក្នុង​១​គីឡូក្រាម


រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ស្រូវ​ដាក់​ហាល​ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ស្រូវ​ដាក់​ហាល​ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

កសិករ​មួយ​ចំនួន​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក​ និង​ស្នើឱ្យ​រដ្ឋ​ដំឡើង​តម្លៃ​ស្រូវ​ចាប់​ពី​១.០០០៛​ ឡើង​ទៅ ​ក្នុង​១គីឡូ​ក្រាម​ ​ខណៈ​ពួកគេ​អះអាង​ថា ​តម្លៃ​ស្រូវ​ដែល​លក់​បាន​មិន​ដល់​១.០០០​រៀលក្នុង​១​គីឡូក្រាម។​

អ្នកស្រី ​យង់ សុផល ​អាយុ​២៨​ឆ្នាំ​ ជា​កសិករ​នៅ​ស្រុក​កណ្តៀង ​ខេត្ត​ពោធិ៍សាត់ ​ប្រាប់​វីអូអេ​ថា ​អ្នកស្រី​ធ្វើ​ស្រែ​ប្រភេទ​ស្រូវ​ OM ៥៤៥១ ​ទំហំដី​៥​ហិកតា ​ហើយ​តម្លៃ​ស្រូវ​ដែល​អ្នក​ស្រី​លក់​បាន​ត្រឹម​តែ​៨១០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូ​ក្រាម។​

អ្នកស្រី​ថ្លែង​ថា៖ ​«ចុះ​ថ្លៃ​ខ្លាំង​ណាស់​បង​អើយ! ​ពិបាក​ដែរ! ​ខាង​ខ្ញុំ​នៅ​មាន​តិច។​ ស្រូវ​ខ្ញុំ​ផ្ទាល់​វា​មាន​តិច​ទេ ​តែ​កសិករ​ផ្សេង​ទៀត​ អ្នក​ខ្លះ​បាន​ទាប​ជាង​ហ្នឹង​ទៀត។ ​ខាង​តាកែវ​នោះ​ថោក​ជាង​ហ្នឹង​ទៀត។​ ខ្ញុំ​អត់​ដឹង​ម៉េច​ដែរ​ តែ​ឆ្នាំ​មុន​គ្រាន់​ជាង​ហ្នឹង​ អាច​បាន​១.០០០៛​អី​ដែរ​ឆ្នាំ​មុន»។​

អ្នកស្រី​បន្ថែម​ថា ​ចំណូល​ទទួល​បាន​ពី​ការ​លក់​ស្រូវ​មិន​អាច​ទូទាត់​លើ​ការ​ចំណាយ​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖ ​«អត់​បាន​រួច​ខ្លួន​ទេ ​មាន​តែ​ចូល​ដើម។ ​ធ្វើ​[ស្រែ]​សារ​ក្រោយ​នេះ​ចូល​ដើម​ ព្រោះ​ម៉ាស៊ីន​ច្រូត​ហ្នឹង​១​ហិកតា ​៤០​ម៉ឺន-៤៥​ម៉ឺន​បាត់​ទៅ​ហើយ!​ អត់​សម!​ អត់​ស៊ី​ជា​មួយ​នឹង​តម្លៃ​សាំង​ តម្លៃ​ជីរ​ តម្លៃ​ថ្នាំ​ តម្លៃ​ម៉ាស៊ីន​ច្រូត​ស្រូវ​ទេ។​ វា​អត់ស៊ី​គ្នា​តែ​ម្តង»។​

អ្នកស្រី​ សុផល ​បន្ថែម​ដោយ​សំណូម​ពរ​ថា៖ ​«ខ្ញុំ​ចង់​ឱ្យ​តម្លៃ​១០០០​រៀល​លើ​ ព្រោះ​ប៉ុណ្ណឹង​បាន​យើង​អាច​រួច​ខ្លួន​ តែ​បើ​ឱ្យ​ចំណេញ​គឺ​អត់​ចំណេញ​ទេ ​ព្រោះ​ស្រូវ​យើង​ត្រូវ​ការ​ទឹក​ ព្រោះ​ខែ​នេះ​យើង​ត្រូវ​ការ​បូម​ទឹក​ បូម​អី​រហូត។ ​ពេល​ខ្លះ​ នៅ​តំបន់​ខ្លះ​ ​ទឹក​គឺ​ត្រូវ​បូម។​ ពេល​ខ្លះ​ទឹក​អត់​មាន​ទេ​ គឺ​ត្រូវ​ទិញ​ទឹក​គេ​ទៀត»។​

កសិករ​ម្នាក់​ទៀត​ លោក ​កែ សុគុណ ​អាយុ ​៣២​ ឆ្នាំ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ប្រាប់​វីអូអេ​ថា ​ដី​ធ្វើ​ស្រែ​របស់​លោក​មាន​ទំហំ​ជាង​១០​ហិកតា ​ដោយ​លោក​ធ្វើ​ស្រូវ​ប្រភេទ​ស្រងែ ​និង​ស្រូវ​ OM។​ លោក​ត្អូញត្អែរ​ថា​ ការ​ធ្វើ​ស្រូវ​ប្រាំង​ចំណាយ​ដើម​ខ្ពស់ ​ប៉ុន្តែ​តម្លៃ​ស្រូវ​លក់​បាន​ទាប។ ​

លោក​ថ្លែង​ថា៖ ​«ស្រូវ​ពេល​ផើម​ ពេល​ចេញ​ផ្លែ​ វា​អត់​ទាន់​ទុំ។​ វា​បាន​តម្លៃ​ខ្ពស់ ​១​គីឡូ​ក្រាម​១២០០​រៀល។​ អ៊ីចឹង​១​លាន ​២០​ម៉ឺន​រៀល​ [ក្នុង​មួយតោន]។​ ពេល​ដល់​វគ្គ​ដែល​យើង​ច្រូត​សម្រុក​ពេញ​ប្រមូល​ផល​ច្រើន​គ្នា​ហ្នឹង​ វា​ចុះ​ធ្លាក់​រហូត​ដល់​៩០​ម៉ឺន​ [រៀល] ​គឺ​ចុះ​ខ្លាំង​មែន​ទែន​ហ្មង។ ​ហើយ​យើង​ធ្វើ​ស្រែ​បើសិន​តម្លៃ​ក្រោម​១០០០​រៀល​ យើង​អត់​សូវ​ចំណេញ​ទេ ​ដោយសារ​វា​ចំណាយ​ដើម​ទុន​ខ្ពស់ ​ស្រូវ​ប្រាំង។ ​ពលរដ្ឋ​យើង​ឆ្ងល់​ដែរ ​ហាង​ឆេង​ពេល​ខ្លះ​ក្រឡុក​ ពេល​ខ្លះ​ព្រឹក​ស្រូវ​បាន​១​លាន​ជាង​ក្នុង​១​តោន។ ​ពេល​ច្រូត​ ​ចាប់​ផ្តើម​ចុះ​ ហើយ​សល់​៩០​ម៉ឺន»។​

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​កំណត់​តម្លៃ​ស្រូវ​ឱ្យ​បាន​ច្បាស់​លាស់​ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​តម្លៃ​ស្រូវ​លក់​បាន​ចាប់​ពី​តម្លៃ​១​ពាន់​រៀល​ឡើង​ទៅ​ក្នុង​១គីឡូក្រាម។​

លោក ​លន់ យ៉េង ​អគ្គ​លេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​ថា​ ស្រូវ​ដែល​ប្រជា​ពលរដ្ឋ​ធ្វើ​ក្នុង​រដូវ​ប្រាំង​នេះ​ភាគ​ច្រើន ​គឺ​ប្រភេទ​ស្រូវ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ​និង​ថា​មូល​ហេតុ​ដែល​នាំ​ឱ្យ​តម្លៃ​ស្រូវ​ថយ​ចុះ ​ក៏​ដោយ​សារ​តែ​តម្លៃ​អង្ករ​នៅ​លើ​ពិភព​លោក​«ធ្លាក់​ចុះខ្លាំង»​ស្រប​ពេល​ឥណ្ឌា​បើក​ការ​នាំ​អង្ករ​ចេញ។​

លោក​បញ្ជាក់​ថា៖​ «ភាគ​ច្រើន​ស្រូវ​ខែ​នេះ​ គឺ​ស្រូវ​ជា​ពូជ​សម្រាប់​លក់​ទៅ​វៀតណាម។ ​ អ៊ីចឹង​តម្លៃ​អង្ករ​នៅ​លើ​ពិភព​លោក​ធ្លាក់​ចុះ​ខ្លាំង​ រហូត​នៅ​១​តោន​ជាង​៤០០​ដុល្លារ។ ​តម្លៃ​ជាង​៤០០​ដុល្លារ​មែនទែន​ទល់​តែ​ស្រូវ​ហ្នឹង​ប្រហែល​ជា​៧០០​ចុះ។​ នេះ​សម្រាប់​វៀតណាម​ បាន​គាត់​លក់​កើត។ ​ បើ​មិន​អ៊ីចឹង​ទេគាត់​ទិញ​ថ្លៃ​ ទិញ​អត់​កើត​[...]​។​ ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នេះ​មិន​មែន​តែ​យើង​ទេ។​ នៅ​វៀតណាម​កសិករ​វៀតណាម​ក៏​ខាត​ច្រើន​ដែរ។​ នៅ​ថៃ ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ដាំ​ស្រូវ​ដូច​ជា​ប៉ាគីស្ថាន​ ដូច​ភូមា ​ដូច​អី​ហ្នឹង​គឺ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ទាំង​អស់។ ​ កសិករ​ក៏​គាត់​មាន​បញ្ហា​ប្រឈម​ជា​សកល​ទេ​ មិនមែន​តែ​កម្ពុជា​ទេ»។​

លោក​បន្ថែម​ថា ​ការ​ជ្រើសរើស​ពូជ​ស្រូវ​មក​ដាំដុះ​របស់​កសិករ​ក៏​ជា​កត្តា​កំណត់​ពី​តម្លៃ​ស្រូវ​ដែរ។

យ៉ាងណា​មិញ​ ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា ​កន្លង​ទៅ​ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​កសិករ​ជ្រើសរើស​ពូជ​ស្រូវ​សែន​ក្រអូប​សម្រាប់​ដាំដុះ​ដែរ​ តែ​ស្រូវ​នេះ​ពិបាក​ក្នុង​ការ​ដាំដុះ​ហើយ​ផល​ទទួល​បាន​តិច​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រភេទ​ស្រូវ​ដែល​លក់​ចេញ​ទៅ​ទីផ្សា​វៀតណាម ​និង​ថៃ។​

លោក​ ឃឹម ហ្វីណង់​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​ទេ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា៖​«សូម​បញ្ជាក់​ថា​ នៅ​ក្នុង​សប្តាហ៍​ក្រោយ​ក្រសួង​នឹង​រៀបចំ​សន្និសីទ​កាសែត​មួយ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​នៃ​ថ្លៃ​ស្រូវ​ ក្នុង​ដំណាក់​កាល​នេះ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ជូន​ព័ត៌មាន​ច្រើន​ដង។ ​ខ្ញុំ​គិត​ថា ​ ល្អ​បំផុត​ចាំ​ រង់ចាំ​កម្មវិធី​សនិ្នសីទ​កាសែត​ក្នុង​សប្តាហ៍​ក្រោយ​តែ​ម្តង​ បាទ»។​

តារាង​តម្លៃ​មធ្យម​ភាគ​ស្រូវ​សើម​នៅ​តាម​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​ចេញ​ដោយ​ផ្សាយ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ ​កាល​ថ្ងៃទី​៩ ​ខែ​មករា​ ឆ្នាំ​២០២៥ ​ឱ្យ​ដឹង​ថា​ ប្រភេទ​ស្រូវ​ OM ​១​គីឡូក្រាម​តម្លៃ​ចន្លោះ​ពី​ ៧៧០​រៀល ​ដល់​៨២០​រៀល។​ ស្រូវ​ស្រងែ​១​គីឡូ​ក្រាម​តម្លៃ​៩៥០​រៀល។​ ស្រូវ​អ៊ីអ៊ែ ​ចន្លោះ​ពី​៧៦០​រៀល​ ដល់​៨០០​រៀល។​ ស្រូវ​នាង​ខុន​ក្នុង​១​គីឡូក្រាម​តម្លៃ​៦៨០​រៀល​ និង​ស្រូវ​ឡើង​ទឹក​តម្លៃ​៦៥០​រៀល​ក្នុង​១​គីឡូ​ក្រាម។​ ​

លោក​ ថេង សាវឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​កត់​សម្គាល់​ថា​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ដើម​ខែ​នៃ​ពេល​ប្រមូល​ផល ​ ​ស្រូវ​ប្រាំង​តែងតែ​ធ្លាក់​ថ្លៃ​ ដោយ​សារតែ​កត្តា​ទីផ្សារ​ពឹង​លើ​ប្រទេស​ជិត​ខាង ​ស្រប​ពេល​ដែល​យន្តការ​នៃ​ការ​ទប់​ស្កាត់​ និង​ដោះស្រាយ​បញ្ហា​ធ្លាក់​តម្លៃ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​នៅ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ឈ្មួញ​ថៃ ​ឈ្មួញ​វៀតណាម​ជា​រៀងរាល់​ដើម​ឆ្នាំ​ តែងតែ​ក្រឡុក​លើ​ចំណុច​ហ្នឹង។​ ក្រឡុក​នេះ​ គឺ​ដើម្បី​ផល​ចំណេញ​របស់​ថៃ​ និង​វៀតណាម​ ព្រោះ​កាល​ណា​ធ្លាក់​ថ្លៃ​ស្រូវ​ខ្លាំង​ទៅ​ ​វៀតណាម​ទិញ​បាន​តម្លៃ​ថោក​ពី​យើង​ ហើយ​ជំរុញ​ឱ្យ​ពលរដ្ឋ​យើង​បង្ខំ​ចិត្ត​លក់​ ហើយ​គេ​យក​ទៅ​ផលិត​ជា​អង្ករ​លក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ គឺ​បាន​ផល​ចំណេញ​ខ្ពស់។​ អាហ្នឹង​ជា​យុទ្ធសាស្រ្ត​ទីផ្សារ​នៃ​ប្រទេស​ជិត​ខាង​ដែល​កេង​ប្រវ័ញ្ច​លើ​ផលិត​ផល​ ឬ​ផល​ចំណេញ​ពី​ប្រទេស​កម្ពុជា»។​

លោក​បន្ថែម​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ ​ក្រសួង​គួរតែ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​អំពី​ការ​ជ្រើសរើស​ពូជ​ស្រូវ​ងាយ​រក​ដែល​សមស្រប​ទៅ​តាម​ប្រភេទ​ដី ​និង​ណែនាំ​ពួកគេ​ពី​បច្ចេកទេស​ដាំដុះ​ដើម្បី​ឱ្យ​ទិន្នផល​ស្រូវ​ទទួល​បាន​ច្រើន​ និង​មាន​តម្លៃ​ខ្ពស់ ​ពេល​លក់​ចេញ​ ជាជាង​ការ​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG