ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​ស្រូវ​ធ្លាក់​ចុះ​បង្ក​ក្តីបារម្ភ​ដល់​កសិករ​បន្ថែម​​លើ​កង្វះ​ទឹក​ធ្វើ​ស្រែ​ប្រាំង


រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ស្រូវ​ដាក់​ហាល​ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ស្រូវ​ដាក់​ហាល​ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

តម្លៃ​ស្រូវ​បាន​ចាប់​ផ្តើម​ចុះ​ថ្លៃ​បន្តិច បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ដល់​កសិករ​កម្ពុជា ខណៈ​ពួកគេ​កំពុង​ខ្វះ​ខាត​ទឹក​សម្រាប់​ធ្វើ​ស្រែ​ប្រាំង ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០២៣ ​មក។

ប្រជា​កសិករ​ខ្មែរ​បាន​សម្រុក​ធ្វើ​ស្រែ​ប្រាំង​ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០២៣ ជាមួយ​ក្តី​សង្ឃឹម​ថា​ តម្លៃ​ស្រូវ​នៅ​បន្ត​ខ្ពស់​ដូច​កាល​ពី​ឆ្នាំ​មុន។

អ្នកស្រី ចៀន សាវ៉ាន អាយុ​ ៣៣ ​ឆ្នាំ កសិករ​ធ្វើ​ស្រែ​នៅ​ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍សាត់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ តម្លៃ​ស្រូវ​ថយ​ចុះ​ពី​តម្លៃ​ ១១៤០ រៀល​ក្នុង​មួយ​គីឡូក្រាម​ មក​ត្រឹម​ ៩០០ ​រៀល​តែ​ប៉ុណ្ណោះ។ អ្នកស្រី​បារម្ភ​ថា​ តម្លៃ​នេះ​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ពេល​ខាង​មុខ​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «កិច្ចការ​បារម្ភ​គេ​ឱ្យ​ចុះ[យើង]​មិន​ដឹង​ធ្វើ​ម៉េច​? ឮ​សូរ​គេ​ថា​គេ​ទម្លាក់​តម្លៃ​ឱ្យ​នៅ​ត្រឹម ​៧០០ ​រៀល​ទៀត។ បើ​ស្រូវ​នៅ​តែ​ធ្លាក់​ថោក​អ៊ីចឹង​ ខ្ញុំ​ថា​ប្រហែល​ជា​ចំណាយ​មិន​គ្រប់​ទេ ព្រោះ​អី​ម្នាក់ៗ​ចំណាយ​ច្រើន​ដែរ​លើ​ថ្នាំ លើ​ជី។ បើ​ស្រូវ​នៅ​តែ​ប៉ុណ្ណឹង ដឹង​តែ​ខាត​ហើយ ទិញ​បាញ់​ម្តងៗ ម្ភៃ​សាម​សិប​ម៉ឺន​អី​បាញ់​មិន​គ្រប់​ផង»។

ពលរដ្ឋ​ម្នាក់​ទៀត​ក្នុង​ខេត្ត​ពោធិ៍សាត់​ដែរ អ្នកស្រី ឌឹម យីម អាយុ​ ៣៨ ​ឆ្នាំ ប្រាប់​វីអូអេ​ថា ​ស្រូវ​របស់​អ្នកស្រី​ប្រមាណ ​៥ ​ហិកតា​ស្វិត​អស់​ ដោយ​សារ​មិន​មាន​ទឹក​ស្រោច​ស្រព។ អ្នកស្រី​ថា ​បើ​សិន​ជា​តម្លៃ​ស្រូវ​បន្ត​ធ្លាក់​ថ្លៃ នោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នកស្រី​ខាត​បង់​ច្រើន​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ធ្វើ​តើ តែ​អត់​បាន​ច្រូត​ផង​ស្វិត​អស់​ហើយ អត់​មាន​ទឹក​ ទឹក​វា​ផុត​ផើយ ព្រោះ​ទឹក​គេ​ចែក​វេន​គ្នា​បូម​អ៊ីចឹង​ទៅ​យើង​វា​អត់​មាន​ទឹក​បូម»។

បើ​តាម​កសិករ​រូប​នោះ តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​៨០០ ​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ដែល​ខុស​ពី​ខែ​មុន តម្លៃ​ស្រូវ​ប្រមាណ​បាន ​១១១០ ​រៀល។

អ្នកស្រី​បន្ថែម​ថា​៖ «ខ្ញុំ​គ្រាន់​តែ​សូម​សំណូមពរ​ថា​ស្រូវ​បើ​នៅ​នឹង​ តម្លៃ​ត្រឹម​តែ​ ១​០០០ ឬ​ក៏ ​១១០០ យើង​អាច​ទប់​ទល់​បាន។ បើ​ដល់​ធ្លាក់​ខ្លាំង​ពេក​យើង​ទប់​ទល់​អត់​បាន​ ជីផង ប្រេង​ផង ថ្នាំ​ផង»។

លោក លន់ យ៉េង អគ្គ​លេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ស្រូវ​ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​ភាគ​ច្រើន​គឺ​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម។ លោក​បន្ថែម​ថា ​មូល​ហេតុ​ដែល​នាំ​ឱ្យ​តម្លៃ​ស្រូវ​ថយ​ចុះ ក៏​ដោយ​សារ​តែ​ឥឡូវ​នៅ​វៀត​ណាម​ក៏​កំពុង​ប្រមូល​ផល​ស្រូវ​ដូច​គ្នា។

លោក​បញ្ជាក់​ថា៖ «តម្រូវ​ការ​ដែល​ស្រូវ​ភាគី​ច្រើន​ដែល​កសិករ​គាត់​ធ្វើ​ហ្នឹង​ គាត់​ធ្វើ​សម្រាប់​នាំ​ចេញ​ទោ​វៀត​ណាម​។ ខាង​វៀតណាម​គាត់​កំពុង​តែ​ប្រមូល​ផល​ដែរ អ៊ីចឹង​វា​រៀង​ចាល់​ទល់​គ្នា​ ព្រោះ​ស្រូវ​ពូជ​ដែល​កសិករ​ដាំ​ភាគ​ច្រើន​សម្រាប់​គោល​ដៅ​នាំ​ចេញ»។

លោក លន់ យ៉េង បញ្ជាក់​ថា ​តម្លៃ​ស្រូវ​ឡើងឬ​ចុះ​អាស្រ័យ​លើ​ការ​បញ្ជា​ទិញ​ច្រើន​ឬ​តិច​ពី​ក្រៅ​ប្រទេស។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​កញ្ញា អ៊ឹម រចនា អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​បាន​នៅ​ឡើយ​ទេ។

ប្រជា​កសិករ​មួយ​ចំនួន​ក្នុង​ខេត្ត​ពោធិ៍​សាត់​ធ្លាប់​លើក​ឡើង​ថា ​ពួក​គេ​បាន​បង្កើន​ការ​ដាំ​ដុះ​ស្រូវ​បន្ថែម​ទៀត​នា​រដូវ​ប្រាំង ដោយ​សារ​តែ​មើល​ឃើញ​ពី​ការ​កើន​ឡើង​តម្លៃ​ស្រូវ ដែល​មាន​តម្លៃ​យ៉ាង​តិច​ ១៣០០ ​រៀល​ ក្នុង​មួយ​គីឡូក្រាម។ នេះ​ជា​តម្លៃ​ស្រូវ​ខ្ពស់​មួយ​ដែល​កសិករ​អះអាង​ថា ​មិន​ដែល​មាន​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។

កាល​ពី​ដើម​ខែ​មករា ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បាន​ចេញ​សេចក្តី​ណែនាំ​ឱ្យ​ប្រជា​កសិករ​ផ្អាក​ការ​បង្ក​បង្កើន​ផល​ស្រូវ​ក្នុង​រដូវ​ប្រាំង ​ដោយ​ថា​ ប្រជា​កសិករ​បាន​នាំគ្នា​ធ្វើ​ស្រែ​ប្រាំង​កើន​ឡើង​ផ្ទៃដី​ជិត​ពីរដង​នៃ​ផែន​ការ​ប្រើ​ប្រាស់​ទឹក ​ដែល​មាន​ន័យ​ថា ​ទឹក​ក្នុង​ស្ទឹង​ និង​ប្រឡាយ​មិន​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG