ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​នៅ​កម្ពុជា​បារម្ភ​តម្លៃស្រូវ​ធ្លាក់​ចុះ ក្រោយ​ឥណ្ឌា​ចាប់ផ្តើម​នាំ​ចេញ​អង្ករ​ស​ឡើង​វិញ


រូបឯកសារ៖ កសិករ​ឥណ្ឌា​ម្នាក់​ហាល​ស្រូវ​នៅ​ជាយ​ក្រុង Jammu ប្រទេស​ឥណ្ឌា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ កសិករ​ឥណ្ឌា​ម្នាក់​ហាល​ស្រូវ​នៅ​ជាយ​ក្រុង Jammu ប្រទេស​ឥណ្ឌា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

អ្នក​ពាក់​ព័ន្ធ​ដែល​ធ្វើ​ការ​លើ​ផ្នែក​ស្រូវ​អង្ករ​ក្នុង​ប្រទេស​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​កសិករ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ដាំ​ស្រូវ​ប្រភេទ​ IR ​និង ​OM ខណៈ​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​ធ្លាក់​ចុះ ​នៅ​គ្រា​ដែល​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ស​ច្រើន​ជាង​គេ​លើ​ពិភព​លោក​បាន​ចាប់​ផ្តើម​នាំ​ចេញ​អង្ករ​ស​ឡើង​វិញ។​

កាល​ពី​សប្តាហ៍​មុន​ ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ប្រភេទ​អង្ករ​ស​ឡើង​វិញ​ ក្រោយ​បិទ​ការ​នាំ​ចេញ​ជាង​មួយឆ្នាំ​មក​ហើយ ​ពោល​គឺ​ចាប់​តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​ ២០២៣។​

ការ​បើក​ការ​នាំ​ចេញ​ឡើង​វិញ​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​អង្ករ​ស​នៅ​វៀតណាម ​ថៃ ​ប៉ាគីស្ថាន ​និង​មីយ៉ាន់ម៉ា​ធ្លាក់​ចុះ។ ​នេះ​បើ​តាម​អ្នក​ជំនាញ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ឡាយ ឈុនហួ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​ City Rice ​និង​ជា​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​រូប​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ នៅ​ពេល​ដែល​ប្រទេស​ឥណ្ឌា​បើក​ការ​នាំ​ចេញ​អង្ករ​ស​ទៅ​ក្រៅ​ប្រទេស​ លោក​សង្កេត​ឃើញ​តម្លៃ​អង្ករ​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា​ធ្លាក់​ចុះ ​បើ​ទោះ​នៅ​កម្ពុជា​មិន​ទាន់​ធ្លាក់​ចុះ​ក៏​ដោយ។​

លោក​បង្ហាញ​ក្តី​បារម្ភ​ថា ​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ខាង​មុខ​ទៀត​ តម្លៃ​ស្រូវ​និង​អង្ករ​ស​នឹង​ធ្លាក់​ចុះ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​វា​នឹង​ប៉ះពាល់​កសិករ​ខ្មែរ​ដែល​និយម​ធ្វើ​ស្រូវ​ប្រភេទ ​OM ​និង ​IR។ ​លោក​អំពាវនាវ​ដល់​កសិករ​ខ្មែរ​ងាក​មក​ដាំ​ប្រភេទ​ពូជ​ស្រូវ​ក្នុង​ស្រុក ​ដូច​ជា​ស្រងែ ​និង​សែន​ក្រអូប​ជា​ដើម ​ដើម្បី​ធានា​ថា​ទទួល​បាន​តម្លៃ​ខ្ពស់​ដដែល។​

លោក​ថ្លែង​ថា៖​ «តែ​បើ​សិន​ជា​កន្លែង​អំណោយ​ផល​ដាក់​ដាំ​ពីរ​ប្រភេទ​ហ្នឹង ​ព្រោះ​អី​ទីផ្សារ​វា​នៅ​តែ​មាន​រហូត។ ​ខ្ញុំ​សង្កេត​ឃើញ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ​នេះ ​តាំង​ពី​ឥណ្ឌា​បិទ​ការ​នាំ​ចេញ ​ទាំង​ថៃ​ទាំង​វៀតណាម​ ប្រទេស​ផ្សេងៗ ​គឺ​គាត់​ងាក​មក​ដាំ​តែ​អង្ករ​ស​ទេ ​ដោយ​សារ​តែ​អង្ករ​ស​បាន​ថ្លៃ​ ហើយ​អាកាស​ធាតុ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ ​រាំង​ស្ងួត។​ កត្តា​ពីរ​ហ្នឹង​ធ្វើ​ឱ្យ​អង្ករ​ស​មាន​ចំនួន​ច្រើន​នៅ​លើ​ទីផ្សារ»។​

លោក​ លន់ យ៉េង​ អគ្គ​លេខាធិការ​នៃ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ប្រាប់​វីអូអេ​ថា​ ​ស្រូវ​ប្រភេទ ​IR​ និង​ OM​ របស់​កម្ពុជា​ពឹង​ផ្អែក​លើ​ការ​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម ​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ស​ទៅ​អន្តរ​ជាតិ​ដែរ។​ លោក​បន្ត​ថា​ បើ​វៀតណាម​ទិញ​ស្រូវ​តាម​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរ​ជាតិ​ នោះ​តម្លៃ​ស្រូវ​នៅ​កម្ពុជា​អាច​នឹង​ធ្លាក់​មក​នៅ​ក្រោម​ ៨០០​រៀល ​ក្នុង​មួយ​គីឡូ​ក្រាម។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​សូម​ប្រជា​កសិករ​គាត់​ប្រយ័ត្ន​ប្រយែង ​ជា​ពិសេស​ដាំ​ស្រូវ​មិន​ក្រអូប​ប្រភេទ​ OM​ ហើយ​នឹង​ IR ​ដែល​គាត់​ពឹង​ផ្អែក​លើ​ការ​លក់​ទៅ​ទីផ្សារ​វៀតណាម​ ព្រោះ​វៀតណាម​ក៏​គាត់​នាំ​ចេញ​ប្រភេទ​ហ្នឹង​ អ៊ីចឹង​ពេល​ខ្លះ​គាត់​ត្រូវ​ការ​ទិញ​ពី​យើង​ខ្លះ ​ដើម្បី​ទៅ​បង្គ្រប់​ផែន​ការ​នាំ​ចេញ​ ប៉ុន្តែ​ប្រសិន​បើ​ធ្លាក់​ថ្លៃ​ខ្លាំង​អ៊ីចឹង ​គាត់​ក៏​ទិញ​ទៅ​តាម​តម្លៃ​ទីផ្សារ​អង្ករ​អន្ដរ​ជាតិ​ដែរ»។​

បើ​តាម​តម្លៃ​ដែល​បង្ហាញ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ តម្លៃ​ស្រូវ​ប្រភេទ​ OM ​និង​ IR ​ មាន​តម្លៃ​ប្រហែល​គ្នា​ក្នុង​រង្វង់ ​១០៦០​រៀល ​ក្នុង​មួយ​គីឡូ​ក្រាម ​ខណៈ​ស្រូវ​ស្រងែ​មាន​តម្លៃ​ ១១៨០​រៀល​ក្នុ ង​មួយ​គីឡូ​ក្រាម។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​ កញ្ញា​ អ៊ឹម រចនា ​និង​លោក​ ឃឹម ហ្វីណង់ ​បាន​នៅ​ឡើយ​ទេ។​

លោក ​ផង់ សាខន​ អាយុ​៤៣​ឆ្នាំ​ ជា​កសិករ​ក្នុង​ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត ​ថ្លែង​ថា​ លោក​កំពុង​ដាំ​ស្រូវ​ប្រភេទ​ ​OM​ ​លើ​ទំហំ​ដី​ប្រមាណ ​២ ​ហិកតា។ ​ លោក​មិន​បាន​ដឹង​ព័ត៌មាន​អំពី​ប្រទេស​ឥណ្ឌា​ចាប់​ផ្តើម​នាំ​ចេញ​អង្ករ​ស​ឡើង​វិញ​ឡើយ។​ លោក​ក៏​បង្ហាញ​ក្តី​បារម្ភ​អំពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ ក្រោម ​១​០០០​រៀល ​ដែល​ធ្លាប់​លក់​បាន​ ដោយ​សារ​តែ​ហាង​ឆេង​ស្រូវ​អាស្រ័យ​លើ​ឈ្មួញ​ជា​អ្នក​កំណត់។​ ក្នុង​នាម​ជា​កសិករ​ម្នាក់ ​លោក​ចង់​ឃើញ​តម្លៃ​ជី​ថ្នាំ​ចុះ​ថ្លៃ ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ក្នុង​ការ​ធ្វើ​កសិកម្ម។​

លោក​ប្រាប់​វីអូអេ​ថា៖​ «យើង​សំណូម​ពរ​ថា​ឱ្យ​ធ្វើ​ម៉េច​ឱ្យ​ជី​វា​ថោក ​ជី​ថ្នាំ​នឹង​ច្រើន​តែ​ឈ្មួញ​គេ​ដាក់​កោរ​តម្លៃ​យើង។ ស្រូវ​ក៏​អ៊ីចឹង។ ​វា​អត់​មាន​តម្លៃ​ថេរ»។​

គួរ​បញ្ជាក់​ថា​ ស្រូវ​នៅ​កម្ពុជា​បាន​ឡើង​ថ្លៃ ​ចាប់​តាំង​ពី​ឆ្នាំ​ ២០២៣ ​ដោយ​សារ​ឥទ្ធិពល​នៃ​ការ​មិន​នាំ​ចេញ​អង្ករ​ប្រភេទ​ធម្មតា​របស់​ប្រទេស​ឥណ្ឌា ​ដែល​កាល​នោះ​ឥណ្ឌា​ចង់​រក្សា​នូវ​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស។​ ការ​សម្រេច​របស់​ឥណ្ឌា​បណ្តាល​ឱ្យ​ប្រទេស​ជិត​ខាង​កម្ពុជា​ ដូច​ជា​ថៃ ​និង​វៀតណាម​សម្រុក​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​ថ្លៃ​ជាង​មុន៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG