ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ថា​ការ​កាត់​ផ្តាច់​ថវិកា​អាមេរិក​ដល់​កម្មវិធី​ជំងឺ​របេង​ធ្វើ​ឱ្យ​គ្រោះថ្នាក់«​ជីវិត​មនុស្ស​​រាប់​លាន​នាក់»


រូបឯកសារ៖ សាច់ញាតិ​កែសម្រួល​អុកស៊ីហ្សែន​របស់​អ្នក​ជំងឺ​របេង​នៅ​មន្ទីរពេទ្យ​ជំងឺរបេង​ក្នុង​ទិវា​ជំងឺរបេង​ពិភពលោក​ក្នុង​ទីក្រុង Hyderabad ប្រទេស​ឥណ្ឌា ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ។
រូបឯកសារ៖ សាច់ញាតិ​កែសម្រួល​អុកស៊ីហ្សែន​របស់​អ្នក​ជំងឺ​របេង​នៅ​មន្ទីរពេទ្យ​ជំងឺរបេង​ក្នុង​ទិវា​ជំងឺរបេង​ពិភពលោក​ក្នុង​ទីក្រុង Hyderabad ប្រទេស​ឥណ្ឌា ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ។

អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា​ការ​កាត់​ផ្តាច់​ថវិកា​របស់​សហរដ្ឋ​អាមេរិក នឹង​មាន«ផល​ប៉ះពាល់​ដ៏ខ្ទេចខ្ទី»​លើ​កម្មវិធីប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​ហើយ​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​នោះ​បាន​បញ្ជាក់​ថា​កិច្ចប្រឹងប្រែង​សាកល​លោក​ដើម្បី​ប្រយុទ្ធ​នឹងជំងឺ​របេង ដែល​ជា​ជំងឺ​ឆ្លង​ដ៏​ប្រល័យ​បំផុត​របស់​ពិភពលោក​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​៧៩លាននាក់​ក្នុង​ពេល​២ទសវត្សរ៍​កន្លងមក​ ​ហើយ​កំពុង​បញ្ចៀស​ការ​ស្លាប់មនុស្ស​៣លាន​៦សែន​៥ម៉ឺន​នាក់​កាលពី​មួយឆ្នាំ​កន្លង​ទៅ។

អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមាន​ថា​ក៏ប៉ុន្តែ​ការ​កាត់​ផ្តាច់​ថវិកា​ភ្លាមៗ​ដើម្បី​ប្រតិបត្តិ​ដល់​ការ​ចំណាយ​ជំនួយ​បរទេស​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​ចាប់តាំង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​វិល​ត្រឡប់​ទៅកាន់​អំណាច​នៅ​ក្នុង​ខែ​មករា​មក​«ឥឡូវ​នេះ​បាន​គំរាម​កំហែងនិង​ប្រែក្រឡាស់​វិញ​នូវ​សមិទ្ធិផល​ដែល​ទទួល​បាន​នេះ​ដោយ​កំពុង​ដាក់​មនុស្ស​រាប់​លាន​នាក់ ជាពិសេស​អ្នក​ដែល​ងាយ​ទទួល​រងគ្រោះ​បំផុត​ឱ្យ​ធ្លាក់​ចូល​ក្នុង​ហានិភ័យ​ខ្លាំង​បំផុត»។

ការព្រមាន​នេះ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​តុលាការ​កំពូល​សហរដ្ឋ​អា​មេរិក​កាលពី​ពុធ​ម្សិលមិញ​បាន​ច្រានចោល​ការ​ស្វះស្វែង​របស់​លោក​ប្រធានាធិបតី Trump​ ដើម្បី​បង្កក​ការ​ចំណាយ​លើ​ជំនួយ​បរទេស​ចំនួន​២ពាន់​លាន​ដុល្លារ។

លោក​ប្រធានាធិបតី Trump បាន​ចុះហត្ថលេខាលើ​បទបញ្ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី១​នៃ​ការ​កាន់​តំណែង​របស់​លោក​ដែលបាន​ទាមទារ​ឱ្យ​បង្កក​រយៈពេល​៩០​ថ្ងៃ​លើ​ជំនួយ​បរទេស​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តល់​ឱ្យ​រដ្ឋបាល​របស់​លោក​នូវ​ពេល​វេលា​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ចំណាយ​បរទេស។ ហើយ​សំខាន់​ជាង​គេ ​លោក​ប្រធានាធិបតី​បាន​រំលាយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ឬ USAID ដែលជា​អង្គការ​សំខាន់​សម្រាប់​ចែកចាយ​ជំនួយ​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក។

អង្គការ WHO បាន​និយាយ​ថាទិន្នន័យ​ដែល​ខ្លួន​បាន​ទទួល​មកពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កម្មវិធី​ជំងឺ​របេង​និង​ប្រភព​ផ្សេង​ទៀត​បាន​បង្ហាញ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​ប្រហែល​មួយ​ភាគបី​នៃ​ជំនួយ​អន្តរជាតិ​ទាំង​អស់​សម្រាប់​កម្មវិធី​របេង​ដែល​មាន​ទឹកប្រាក់​ប្រហែល២រយ​លាន​ដុល្លារ​ទៅ២៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ទីភ្នាក់ងារ​សុខភាព​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​តំបន់​អាហ្វ្រិក​បាន​រង​ការប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការកាត់​ផ្តាច់​ថវិកា​នេះ បន្ទាប់​មក​តំបន់​អាស៊ី​ខាងត្បូង​និង​ខាង​កើត​និង​តំបន់​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG