នាយករដ្ឋមន្ត្រីកោះ Solomon Islands លោក Manasseh Sogavare បាននិយាយកាលពីថ្ងៃសុក្រថា លោកបានធានាដល់ប្រទេសអូស្ត្រាលីថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឱ្យមានវត្តមានយោធាចិននៅក្នុងទឹកដីរបស់ខ្លួនឡើយ។
ប្រទេស ដែនកោះនេះបានក្លាយជាចំណុចកណ្តាលនៃជម្លោះការទូតនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងរវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងសម្ព័ន្ធមិត្តរបស់ពួកគេនៅម្ខាង និងប្រទេសចិនដែលបង្កើនឥទ្ធិពលកាន់តែខ្លាំងនៅម្ខាងទៀត។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានជួបលោកSogavare ក្នុងទីក្រុងកង់បេរ៉ា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្រួលទំនាក់ទំនងដែលត្រូវបានបែកបាក់ចាប់តាំងពីកោះសូឡូម៉ុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងប៉េកាំងនៅឆ្នាំនេះ ដែលជាសកម្មភាពដែលបង្កឱ្យមានការភ័យខ្លាចចំពោះវត្តមានយោធារបស់ចិននៅក្នុងតំបន់។
លោក Sogavare បាននិយាយនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សំណួរដែលផ្ញើដោយទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «អំពីប្រទេសចិន នេះគឺជាបញ្ហារសើបដែលយើងបានពិភាក្សា ហើយខ្ញុំធានាដល់ប្រទេសអូស្ត្រាលី នៅពេលដែលខ្ញុំបានជួបជាមួយលោក Anthony Albanese កាលពីម្សិលមិញថា យើងនឹងមិនអនុញ្ញាតឱ្យមានរឿងបែបនេះកើតឡើងនោះទេ» ។
ទោះយ៉ាងណាក៏ដោយកាលពីមុនលោក Sogavare បាននិយាយថា ប្រទេសចិននឹងត្រូវបានអនុញ្ញាតឱ្យសាងសង់កំពង់ផែ និងអាកាសយានដ្ឋាន ដែលអាចមានប្រយោជន៍សម្រាប់ទាំងគោលបំណងស៊ីវិលនិងយោធា។
កោះ Solomon Islands (សូឡូម៉ុង) បានប្តូរការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិទៅទីក្រុងប៉េកាំងក្នុងឆ្នាំ២០១៩ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរបស់ខ្លួនជាមួយប្រទេសចិនកាលពីដើមឆ្នាំនេះ។
ទំនាក់ទំនងរវាងកោះសូឡូម៉ុងនិងអូស្ត្រាលី មានភាពតានតឹងក្នុងប៉ុន្មានខែថ្មីៗនេះ។
នៅក្នុងខែកញ្ញា ទីក្រុងកង់បេរ៉ា បានស្នើជួយផ្តល់មូលនិធិដល់កោះ Solomon Islands រៀបចំការបោះឆ្នោតជាតិនាពេលខាងមុខ ប៉ុន្តែពេលដំបូងលោក Sogavare បានថ្កោលទោស ប៉ុន្តែក្រោយមកបានទទួលយក។
រដ្ឋាភិបាលកោះ Solomon Islands មានភាពរសើបចំពោះការរិះគន់ដល់ ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន៕
ក្រុង Sydney ប្រទេសអូស្ត្រាលី —