អាជ្ញាធរនិយាយថា ក្រុមហ៊ុនចិននានាកំពុងតែបន្តស្វែងរកឱកាសវិនិយោគនៅកោះ Tulagi ដែលជាកោះមួយនៅប្រទេសប្រជុំកោះ Solomon Islands ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីក្រុមហ៊ុនចិនមួយបានព្យាយាម តែបរាជ័យ នៅក្នុងការជួលកោះមួយនេះទាំងមូលកាលពីប៉ុន្មានឆ្នាំមុន។
ដោយពីមុនមកធ្លាប់ជារដ្ឋធានីនៃប្រទេស Solomon Islands មុនពេលរដ្ឋធានីប្រទេសនេះត្រូវបានផ្លាស់ទៅក្រុង Honiara នៅលើកោះ Guadalcanal ឥឡូវនេះ កោះ Tulagi គឺជាទីរួមខេត្តរបស់ខេត្ត Central Province នៃប្រទេសប្រជុំកោះមួយនេះ។
កោះដ៏តូចមួយនេះបានទាក់ទាញចំណាប់អារម្មណ៍កាលពីឆ្នាំ ២០១៩ នៅពេលសេចក្តីលម្អិតផ្សេងៗត្រូវបានចេញផ្សាយជាសាធារណៈអំពីកិច្ចព្រមព្រៀងរយៈពេលវែងមួយ ធ្វើឡើងដោយក្រុមមេដឹកនាំនៅខេត្ត Central Province ក្នុងការជួលកោះ Tulagiទាំងមូលទៅឱ្យក្រុមហ៊ុនចិនមួយ។ អាជ្ញាធរជាតិបានលុបចោលកិច្ចព្រមព្រៀងនេះ ដែលបានបង្កការព្រួយបារម្ភថា ក្រុមហ៊ុននោះគ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលអាចយកទៅប្រើប្រាស់សម្រាប់គោលបំណងយោធា។
លោក Polycarp Galaigu អភិបាលខេត្ត Central Province ដែលបានចូលកាន់តំណែងកាលពីខែកក្កដា បានប្រាប់ VOA ភាសាចិនកុកងឺកាលពីខែសីហាថា ក្រុមហ៊ុនចិននានានៅតែចាប់អារម្មណ៍ក្នុងការវិនិយោគនៅខេត្តរបស់លោក ទោះបីមានរឿងចម្រូងចម្រាសពីមុនមកក៏ដោយ។
លោក Galaigu ថ្លែងថា៖ «យើងព្យាយាមទាក់ទងអ្នកជំនួញឬធុរជនដទៃទៀតឱ្យមកវិនិយោគនៅខេត្ត Central Province។ ប៉ុន្តែសម្រាប់ពេលឥឡូវនេះ ខ្ញុំមិនអាចប្រាប់អ្នកថាជា ក្រុមហ៊ុនមួយណានោះទេ»។
លោក Galaigu បានឱ្យដឹងថា មានការសួរនាំខ្លះពីក្រុមហ៊ុនចិននានា។ លោកបានបន្តថា ក្រុមហ៊ុនចិនភាគច្រើនស្វែងរកឱកាសវិនិយោគផ្សេងៗនៅក្នុងវិស័យនេសាទ និងទេសចរណ៍។
លោក Allan Siale អភិបាលរងខេត្ត Central Province បានប្រាប់ VOA កាលពីថ្ងៃទី១២ ខែសីហាថា ក្រុមហ៊ុនចិនមួយចំនួននៅតែចាប់អារម្មណ៍ក្នុងការវិនិយោគលើផ្នែកផលិតកម្មលើផ្លែដូង វិស័យនេសាទនិងទេសចរណ៍នៅលើកោះ Russell Island ក្នុងខេត្តនេះ ស្របពេលក្រុមហ៊ុនដទៃទៀតចង់សាងសង់រោងចក្រនៅកោះ Tulagi។ ក្រុមហ៊ុនមួយមានចំណាប់អារម្មណ៍ក្នុងផ្នែកសាងសង់រោងចក្រចម្រាញ់ប្រេងកាត។
លោកបានបន្ថែម ដោយយោងតាមកំណត់ត្រារបស់រដ្ឋាភិបាល ថា ក្រុមហ៊ុន Sam Groupដែលបានព្យាយាមជួលកោះ Tulagi ទាំងមូល នៅតែចាប់អារម្មណ៍ក្នុងការវិនិយោគ។
ដោយមានមូលដ្ឋាននៅក្រុងប៉េកាំង ក្រុមហ៊ុន Sam Group គឺជាក្រុមហ៊ុនធំខាងបច្ចេកវិទ្យា វិនិយោគ និងថាមពលមួយ បង្កើតឡើងកាលពីឆ្នាំ ១៩៨៥ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេស Solomon Islands ប្រេស៊ីល ប៉ារ៉ាហ្គាយ សិង្ហបុរី និងបណ្តាប្រទេសដទៃទៀត។ នេះបើយោងទៅតាមវេបសាយរបស់ក្រុមហ៊ុននេះ។
ក្រុមហ៊ុន Sam Group មិនបានឆ្លើយតបសំណើសុំការអធិប្បាយពី VOA នោះទេ។
លោក Siale បាននិយាយថា សំណើរបស់ក្រុមហ៊ុន Sam Group កាលពីឆ្នាំ ២០១៩ នៅក្នុងការជួលកោះ Tulagi បានបរាជ័យ មួយផ្នែក គឺដោយសារ សំណើនេះមិនត្រូវបានយល់ស្របពីសំណាក់គណៈកម្មាធិការទទួលបន្ទុកផ្នែកវិនិយោគបរទេសរបស់ប្រទេស Solomon Islands។
លោក Stanley Manetiva អតីតអភិបាលខេត្ត Central Province ដែលបានធ្វើកិច្ចព្រមព្រៀងជួលដំបូងជាមួយនឹងក្រុមហ៊ុន Sam Group បានប្រាប់ VOA ភាសាចិនកុកងឺកាលពីថ្ងៃទី១២ ខែសីហាថា លោកមានអារម្មណ៍ថា ត្រូវបានបោកបញ្ឆោតដោយក្រុមហ៊ុនចិននោះ។ លោកបានបន្តថា កិច្ចព្រមព្រៀងនេះខកខានក្នុងការគោរពតាមនីតិវិធីដែលតម្រូវឱ្យមានហត្ថលេខាពីតំណាងមួយពីរដ្ឋាភិបាលចិន រដ្ឋាភិបាល Solomon Islands និងក្រុមហ៊ុនចិននោះ។
លោក Manetiva ដែលបានចុះចេញពីតំណែងកាលពីខែសីហា បន្ទាប់ពីត្រូវបានគេបោះឆ្នោតមិនជឿទុកចិត្ត បាននិយាយថា តំណាងក្រុមហ៊ុន «គ្រាន់តែធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀង ហើយពួកគេចង់ឱ្យអ្នកចុះហត្ថលេខាលើសេចក្តីព្រាងនោះ»។
លោក Siale អភិបាលរងខេត្ត Central Province បានឱ្យដឹងទៀតថា ផ្អែកលើសំណើខាងលើ ក្រុមហ៊ុន Sam Group មិនមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងយោធានៅលើកោះ Tulagi នោះទេ។ ក្រុមហ៊ុននេះចង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនៅលើកោះនេះដូចជា ផ្លូវថ្នល់ ផ្លូវយន្តហោះ និងកំពង់ផែជាដើម។
លោកថ្លែងថា៖ «សម្រាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តយោធា តាមអ្វីដែលយើងចាំបាននោះគឺ កិច្ចព្រមព្រៀងនោះមិនបានបញ្ជាក់ពីចំណុចពាក់ព័ន្ធ[យោធា]នោះទេ»។
អ្នកស្រី Michelle Lam អតីតបុគ្គលិកនៅក្រុមហ៊ុនរដ្ឋចិន China Harbour Engineering Company (CHEC) នៅប្រទេស Solomon Islands បានប្រាប់ VOA ភាសាចិនកុកងឺថា ការសង្ស័យថា ក្រុមហ៊ុន Sam Group របស់ចិនមានបំណងជួលកោះ Tulagi ជាមួយនឹងគោលបំណងផ្នែកយោធា គឺគ្មានអ្វីទេក្រៅពីការប៉ាន់ស្មានហួសហេតុតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «កោះ Solomon នឹងជាកំពង់ផែមួយ (សម្រាប់ចិន) ដើម្បីបំពេញការផ្គត់ផ្គង់ ហើយនឹងមិនអាចក្លាយជាមូលដ្ឋានយោធានោះទេ»។
ដោយបានយោងលើតំណាងមួយរូបនៃក្រុមហ៊ុន CHEC ដែលអ្នកស្រីសុំមិនបញ្ចេញឈ្មោះ អ្នកស្រី Lam បាននិយាយថា រដ្ឋាភិបាលចិន បានដាក់បម្រាមលើក្រុមហ៊ុនរដ្ឋចិនមិនឱ្យចូលរួមក្នុងការដេញថ្លៃ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗលើកោះ Tulagi និងប្រជុំកោះក្បែរនោះ បន្ទាប់ពីកិច្ចព្រមព្រៀងជួលកោះដ៏ចម្រូងចម្រាសត្រូវបានលុបចោល។
ទាំងក្រុមហ៊ុន CHEC និងសា្ថនទូតចិននៅប្រទេស Solomon Islands មិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយពី VOA នោះទេ។
នាយករដ្ឋមន្រ្តី Solomon Islands លោក Manasseh Sogavare ដែលបានច្រានចោលការព្រួយបារម្ភថា កិច្ចព្រមព្រៀងសន្តិសុខជាមួយនឹងចិននឹងបង្កហានិភ័យមកលើសន្តិសុខក្នុងតំបន់ បានប្រាប់សារព័ត៌មាន Guardian របស់អង់គ្លេស កាលពីខែសីហាថា នឹងមិនមានមូលដ្ឋានយោធាចិននោះទេនៅក្នុងប្រទេសរបស់លោក។
មន្រ្តីជាន់ខ្ពស់ខេត្ត Central Province បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្ត» ជាមួយនឹងក្រុមហ៊ុន Sam Group របស់ចិន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ គឺមួយថ្ងៃ បន្ទាប់ពីលោក Sogavareបានផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងកោះតៃវ៉ាន់ និងបង្កើតទំនាក់ទំនងការទូតជាមួយចិន ដែលចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន។
តែរដ្ឋាភិបាលបានលុបចោលកិច្ចព្រមព្រៀងរវាងមន្រ្តីខេត្ត Central Province និងក្រុមហ៊ុន Sam Group កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយនិយាយថា អាជ្ញាធរខេត្តនេះមិនមានសិទ្ធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៧៥ ឆ្នាំ លើកោះ Tulagi នោះទេ ដែលមានកំពង់ផែទឹកជ្រៅអាចជាការទាក់ទាញមួយសម្រាប់កងកម្លាំងជើងទឹកនានា។
សេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យនាយករដ្ឋមន្ត្រីលោក Sogavare ដែលសំដៅទៅកិច្ចព្រៀមព្រៀងរវាងអាជ្ញាធរខេត្ត Central Province ជាមួយនឹងក្រុមហ៊ុន Sam Group បានរៀបរាប់ពីការខកខានលើជំហានអនុវត្តមួយថា៖ «ជាការអនុវត្តទូទៅដែលកិច្ចព្រមព្រៀងទាំងអស់ដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលប្រទេស Solomon Islands ដែលរួមបញ្ចូលរដ្ឋបាលតាមខេត្តផ្សេងៗ ត្រូវតែមានការពិនិត្យមើលពីរដ្ឋមន្រ្តីយុត្តិធម៌ មុនពេលអនុវត្ត»។
នាគ្រានោះ អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានសាទរការសម្រេចបដិសេធនេះ ដោយហៅថាជា «សេចក្តីសម្រេចសំខាន់មួយដើម្បីពង្រឹងបូរណភាពដែនដី តម្លាភាព និងនីតិរដ្ឋ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា