អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអូស្ត្រាលី លោកស្រី Caroline Kennedy គ្រោងបំពេញទស្សនកិច្ចនៅក្នុងប្រទេស Solomon Islands ដែលជាកន្លែងដែលឪពុករបស់លោកស្រីទាំងពីរនាក់ ធ្លាប់បានចូលរួមប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី២ ហើយពេលនេះ សហរដ្ឋអាមេរិក កំពុងប្រកួតប្រជែងដើម្បីឥទ្ធិពលជាមួយប្រទេសចិន ដែលជាគូប្រជែងជាយុទ្ធសាស្ត្ររបស់ខ្លួន។
លោកស្រី Sherman និងគណៈប្រតិភូរបស់លោកស្រី នឹងចូលរួមក្នុងពិធីរំលឹកខួបទី៨០ឆ្នាំនៃការវាយប្រយុទ្ធនៅលើកោះ Guadalcanal នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ខែសីហាខាងមុខ ហើយក៏មានគម្រោងជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃប្រទេសកោះមួយនេះ ដើម្បីគូសបញ្ជាក់ពីចំណងមិត្តភាពស្ថិតស្ថេរយូរអង្វែង រវាងសហរដ្ឋអាមេរិកនិងប្រទេស Solomon Islands ក៏ដូចជាការបើកសម្ពោធស្ថានទូតអាមេរិកក្នុងរដ្ឋធានី Honiara ផងដែរ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសមួយរូប ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៤ ខែកក្កដា។
លោកស្រី Sherman នឹងជាមន្ត្រីជាន់ខ្ពស់អាមេរិកចុងក្រោយ ដែលនឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៊ីហ្វិកមួយនេះ ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីទប់ទល់នឹងឥទ្ធិពលផ្នែកការទូតរបស់ប្រទេសចិន។
ចំណែកលោកស្រី Kennedy ឪពុករបស់លោកស្រីគឺអតីតប្រធានាធិបតីអាមេរិកលោក John F. Kennedy ដែលត្រូវបានគេធ្វើឃាតនោះ ធ្លាប់បានចូលរួមនៅក្នុងយុទ្ធនាការនៅក្នុងប្រទេសSolomon Islands ក្នុងនាមជាប្រធានក្រុមនាវាល្បាតនៅក្នុងសង្គ្រាមលោកលើកទី២។ គណៈប្រតិភូរបស់លោកស្រី Sherman នឹងរួមមានលោកឧត្តមសេនីយ៍ឯក Stephen Sklenka នៃកងម៉ារីន ដែលជាមេបញ្ជាការរងនៃសេនាធិការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក និងលោកឧត្តមសេនីយឯក Stephen Rudder ដែលជាមេបញ្ជាការនៃកងទ័ពម៉ារីនអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក។
មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា ដំណើរទស្សនកិច្ចនោះ ក៏នឹងជាការចាប់អារម្មណ៍ផ្ទាល់ផងដែររបស់លោកស្រី Sherman ដែលឪពុករបស់លោកស្រីគឺលោក Mal Sherman ធ្លាប់ធ្វើជាកងទ័ពម៉ារីនអាមេរិក ហើយរងរបួសក្នុងការប្រយុទ្ធនៅលើកកោះ Guadalcanal ក្នុងប្រទេស Solomon Islands ដែលមានការប្រយុទ្ធគ្នារវាងកងកម្លាំងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ជាមួយនិងកងទ័ពជប៉ុនក្នុងខែសីហាឆ្នំាំ១៩៤២។
ការប្រយុទ្ធគ្នាដែលមានរយៈពេល៦សប្តាហ៍នោះ បានកត់សម្គាល់ពីការចាប់ផ្តើមនៃប្រតិបត្តិការវាយលុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការបង្ហាញនូវសារៈសំខាន់ជាយុទ្ធសាស្រ្តនៃប្រទេសដែនកោះ Solomons ដែលមានរហូតមកដល់សព្វថ្ងៃនេះ។
នៅក្នុងរដ្ឋធានី Honiara នៃប្រទេស Solomon Islands លោកស្រី Sherman នឹងថ្លែងសុន្ទរកថានៅក្នុងពិធីមួយដែលនឹងត្រូវរៀបចំឡើងដោយសហរដ្ឋអាមេរិក នៅតំបន់ Skyline Ridge ដែលជាទីតាំងនៃវិមានរំលឹកគុណដល់កងទ័ពអាមេរិកនៅលើកោះ Guadalcanal និងក្នុងពិធីមួយនៅស្តូបរំលឹកគុណ Bloody Ridge ដែលនឹងត្រូវរៀបចំឡើងដោយប្រទេស Solomon Islands ផងដែរ។ លោកស្រីក៏នឹងចូលរួមនៅក្នុងពិធីរំលឹកគុណមួយចំនួនទៀតផងដែរ ដែលនឹងត្រូវរៀបចំឡើងដោយភាគីប្រទេសSolomon Islands និងជប៉ុន ដែលពេលនេះគឹជាសម្ព័ន្ធដ៏ជិតស្និទ្ធរបស់អាមេរិកនោះ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណរិទ្ធ