សហរដ្ឋអាមេរិកតាំងចិត្តផ្តល់ការគាំទ្រផ្នែកការទូត និងហិរញ្ញវត្ថុបន្ថែមទៀតដល់តំបន់ប៉ាស៊ីហ្វិកប្រឈមនឹងកំណើនឥទ្ធិពលពីប្រទេសចិន។ អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានធ្វើការតាំងចិត្តនៅថ្ងៃពុធនេះក្នុងសុន្ទរកថាវីដេអូទៅកាន់វេទិកាកោះប៉ាស៊ីហ្វិកទីក្រុង Suva ប្រទេសហ្វីជី។
អ្នកស្រីអនុប្រធានាធិបតី Harris បាននិយាយថា សហរដ្ឋអាមេរិកកំពុងរៀបចំតែងតាំងបេសកជនមួយរូបសម្រាប់វេទិកានេះនិងបើកស្ថានទូតថ្មីនៅប្រទេសតុងហ្គា និងប្រទេសគីរីបាទី។
អ្នកស្រី Harris ក៏បាននិយាយផងដែរថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំថវិកា៦០លានដុល្លារក្នុងមួយឆ្នាំពីសភាសហរដ្ឋអាមេរិកគឺស្នើបីដងនៃមូលនិធិបច្ចុប្បន្នសម្រាប់ជំនួយផ្នែកជលផល ការអភិរក្សសមុទ្រ និងគម្រោងទប់ទល់ការប្រែប្រួលអាកាសធាតុ។ អ្នកស្រីអនុប្រធានាធិបតីបានទទួលស្គាល់ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់កោះប៉ាស៊ីហ្វិក ប្រហែលមិនទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកការទូត ដែលសមនឹងទទួលបានពីសហរដ្ឋអាមេរិកទេ។ ដូច្នេះថ្ងៃនេះ ខ្ញុំមកប្រាប់ដោយផ្ទាល់ថាយើងនឹងកែប្រែបញ្ហានេះ»។
វេទិកានេះត្រូវបានធ្វើឡើងតែបីខែប៉ុណ្ណោះបន្ទាប់ពីប្រទេសចិន និងប្រទេស Solomon Islands បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដែលបានធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកថា រដ្ឋាភិបាល ទីក្រុងប៉េកាំងនឹងបង្កើតវត្តមានយោធានៅប្រទេសដែលមានចម្ងាយមិនដល់២ពាន់គីឡូម៉ែត្រទេពីប្រទេសអូស្ត្រាលី។ សេចក្តីព្រាងកិច្ចព្រមព្រៀងដែលលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមានលក្ខខណ្ឌដែលអាចអនុញ្ញាតឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងបញ្ជូនប៉ូលិស និងទាហានប្រដាប់អាវុធទៅកាន់ប្រទេស Solomon Islands និងដាក់មូលដ្ឋាននាវាកងទ័ពជើងទឹកនៅឆ្នេរសមុទ្រ Solomons។
ការប្រែប្រួលអាកាសធាតុ ដែលវេទិកាចាត់ទុកថា ជាបញ្ហាសន្តិសុខដ៏សំខាន់របស់តំបន់នេះ គឺជារបៀបវារៈកំពូលសម្រាប់កិច្ចប្រជុំក្នុងសប្តាហ៍នេះ។ ប៉ុន្តែបញ្ហានេះគ្របដណ្តប់ដោយព័ត៌មានអំពីការដកខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសគិរីបាទីកាលពីដើមសប្តាហ៍នេះ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press និង Reuters )