គណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិកបានជួបជាមួយនឹងមេដឹកនាំនៃប្រទេស Solomon Islands កាលពីថ្ងៃទី ២២ ខែមេសា និងបានព្រមានថា រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងមាន «ក្ដីបារម្ភគួរសមហើយនឹងឆ្លើយតបស្របទៅតាមនោះ» ចំពោះជំហានណាមួយនៅក្នុងការបង្កើតវត្តមានយោធាចិនជាអចិន្ត្រៃយ៍នៅក្នុងប្រទេសដីកោះមួយនេះ។
សេចក្ដីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រទេស Solomon Islands លោក Manasseh Sogavare បានបញ្ជាក់ជាថ្មីចំពោះគណៈប្រតិភូរបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយអ្នកសម្របសម្រួលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រចាំសេតវិមានលោក Kurt Campbell ថានឹងគ្មានមូលដ្ឋានយោធាណាមួយ គ្មានវត្តមានរយៈពេលយូរណាមួយ និងគ្មានសមត្ថភាពពង្រាយកម្លាំងទ័ពណាមួយនៅក្រោមកិច្ចព្រមព្រៀងសន្តិសុខដែលចុះហត្ថលេខាជាមួយនឹងប្រទេសចិននោះទេ។
សេតវិមានមិនបានបញ្ជាក់ថាសហរដ្ឋអាមេរិកអាចនឹងឆ្លើយតបបែបណាចំពោះស្ថានការណ៍ដែលអាចនឹងកើតឡើងដូចនេះទេ ប៉ុន្តែការលើកឡើងត្រង់ៗរបស់សហរដ្ឋអាមេរិកបានបង្ហាញអំពីកម្រិតនៃការព្រួយបារម្ភដែលឈានទៅដល់ការបញ្ជូនបេសកកម្មរបស់លោក Campbell ទៅកាន់ប្រទេស Solomon Islands នេះ។
សេតវិមានបានបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើមានការចាត់វិធានការបង្កើតវត្តមានយោធាជាអចិន្ត្រៃយ៍ជាក់ស្ដែង ការពង្រាយកម្លាំងទ័ព ឬក៏ការបង្កើតមូលដ្ឋានយោធាណាមួយ គណៈប្រតិភូសហរដ្ឋអាមេរិកបានកត់សម្គាល់ថា រដ្ឋាភិបាលអាមេរិកនឹងមានក្ដីបារម្ភគួរសមហើយនឹងឆ្លើយតបស្របទៅតាមនោះ»។
សេតវិមានបានបន្ថែមថា៖ «សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា ខ្លួននឹងតាមដានស្ថានការណ៍វិវត្តន៍នេះឲ្យបានដិតដល់ដោយមានការប្រឹក្សាយោបល់ជាមួយនឹងដៃគូក្នុងតំបន់នានា»។
សេចក្ដីថ្លែងការណ៍របស់សេតវិមាននេះបានលើកឡើងថា គណៈប្រតិភូសហរដ្ឋអាមេរិកបានបង្ហាញជំហានជាក់លាក់នានាដែលរដ្ឋាភិបាលអាមេរិកនឹងធ្វើដើម្បីធ្វើឲ្យសុខុមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេស Solomons Islands មានភាពប្រសើរឡើង ដែលក្នុងនោះរួមមានទាំងការបើកស្ថានទូតសហរដ្ឋអាមេរិកនៅទីនោះឲ្យបានឆាប់ ការបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការបញ្ជូននាវាមន្ទីរពេទ្យ Mercy ទៅដោះស្រាយបញ្ហាសុខភាពនានាផងដែរ។
សេចក្ដីថ្លែងការណ៍នេះបានបន្តថា រដ្ឋាភិបាលអាមេរិកក៏នឹងផ្ដល់វ៉ាក់សាំងបន្ថែមផងដែរ ហើយនឹងធ្វើឲ្យគម្រោងផ្ដួចផ្ដើមនានាផ្នែកអាកាសធាតុនិងផ្នែកសុខភាពមានការវិវឌ្ឍទៅមុខ។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា ភាគីទាំងពីរមាន «ការពិភាក្សាគ្នាដ៏មានសារៈសំខាន់» អំពីកិច្ចព្រមព្រៀងផ្នែកសន្តិសុខរបស់ប្រទេស Solomon Islands ជាមួយនឹងប្រទេសចិន។
សេចក្ដីថ្លែងការណ៍របស់សេតវិមាននេះបានបញ្ជាក់ដូច្នេះថា៖ «អ្នកតំណាងរបស់ប្រទេស Solomon Islands បានបង្ហាញថា កិច្ចព្រមព្រៀងនេះមានការអនុវត្តតែក្នុងប្រទេសប៉ុណ្ណោះ ប៉ុន្តែអ្នកតំណាងសហរដ្ឋអាមេរិកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះអាចមានការពាក់ព័ន្ធផ្នែកសន្តិសុខក្នុងតំបន់ ដែលក្នុងនោះរួមមានទាំងសម្រាប់សហរដ្ឋអាមេរិកនិងសម្រាប់សម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកផងដែរ»។
គណៈប្រតិភូសហរដ្ឋអាមេរិកបានជួបជាមួយនឹងលោក Sogavare នៅក្នុងរដ្ឋធានី Honiara នៃប្រទេស Solomon Islands ក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីប្រទេស Solomon Islands និងប្រទេសចិនបានបញ្ជាក់ថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ បើទោះបីជាមានការអំពាវនាវពីរដ្ឋាភិបាលអាមេរិកនិងពីសម្ព័ន្ធមិត្តរបស់អាមេរិកមិនឲ្យប្រទេស Solomon Islands ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក៏ដោយ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនមានការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះនឹងអាចពង្រីកឥទ្ធិពលយោធារបស់ចិនគួរឲ្យកត់សម្គាល់នៅក្នុងតំបន់។
ប្រទេស Solomon Islands ស្ថិតនៅទីតាំងយុទ្ធសាស្ត្រនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និងជាកន្លែងនៃការប្រយុទ្ធបង្ហូរឈាមខ្លាំងបំផុតមួយចំនួននៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ។
កាលពីថ្ងៃទី ២០ ខែមេសា លោក Sogavare បានច្រានចោលការព្រួយបារម្ភរបស់អន្តរជាតិ ដោយលោកបានថ្លែងប្រាប់សភាប្រទេស Solomon Islands ថា កិច្ចព្រមព្រៀងនេះនឹងមិនប៉ះពាល់ដល់សន្តិភាពនោះទេ។
លោក Campbell បានពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិសុខជាមួយនឹងប្រទេសហ្វីជីនិងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ នៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានី Honiara។ នេះបើយោងតាមការបញ្ជាក់របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។
មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Campbell ទំនងជានឹងជំរុញឱ្យប្រទេសចិននិងប្រទេស Solomon Islands ប្រកាសថាកិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដែលសម្រេចរួចរាល់ហើយ។
បើទោះបីជាលោក Sogavare មិនបានលើកឡើងអំពីការណ៍ដែលអាចមានការបង្កើតមូលដ្ឋានយោធារបស់ចិននៅក្នុងប្រទេស Solomon Islands ក៏ដោយ ក៏ប្រទេសអូស្ត្រាលីនិងប្រទេសនូវែលសេឡង់ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះអាចបង្អាក់ដល់សន្តិសុខក្នុងតំបន់ ដោយអនុញ្ញាតឱ្យនាវាទាហានជើងទឹករបស់ចិនអាចត្រឡប់ទៅកាន់ប្រទេស Solomon Islands ឡើងវិញបាន។
សេចក្ដីលំអិតនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យប៉ូលិសចិនអាចការពារគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលផ្ដល់ថវិកាដោយចិនបាន។ ប្រទេស Solomon Islands ប្រឈមនឹងកុបកម្មកាលពីឆ្នាំមុន ដែលនៅពេលនោះមនុស្ស ៤ នាក់ត្រូវបានសម្លាប់។
«ជ្រុងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ»
កាលពីថ្ងៃទី ២២ ខែមេសា លោក Sogavare បានចូលរួមជាមួយលោក Li Ming ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេស Solomon Islands នៅក្នុងការប្រគល់កីឡដ្ឋានមួយដែលជាអំណោយរបស់ប្រទេសចិនដែលមានទឹកប្រាក់សរុបតម្លៃ ១២០ លានដុល្លារ សម្រាប់ជួយប្រទេស Solomon Islands នៅក្នុងការរៀបចំការប្រកួតកីឡាប៉ាស៊ីហ្វិកឆ្នាំ ២០២៣។
ប្រទេស Solomon Islands បានប្ដូរទំនាក់ទំនងការទូតរបស់ខ្លួនជាមួយនឹងកោះតៃវ៉ាន់ទៅរកប្រទេសចិនកាលពីឆ្នាំ ២០១៩ ហើយលោក Sogavare បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយនៅឯពិធីកាលពីថ្ងៃទី ២២ ខែមេសានោះថា ការសម្រេចនេះបាន «ធ្វើឱ្យប្រទេស Solomon Islands ស្ថិតនៅលើជ្រុងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ»។
លោក Li Ming បានការពារកិច្ចព្រមព្រៀងសន្តិសុខនេះ ដោយលោកបានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី ២២ ខែមេសាថា៖ «បញ្ហាអភិវឌ្ឍនិងបញ្ហាសន្តិសុខគឺជាបញ្ហាពីរផ្សេងគ្នា ប៉ុន្តែពាក់ព័ន្ធគ្នា។ ប្រសិនបើគ្មានសុវត្ថិភាពនិងសន្តិសុខទេ បណ្ដាប្រទេសនានាមិនអាចមានការអភិវឌ្ឍប្រកបដោយចីរភាពនិងការរីកចម្រើនសេដ្ឋកិច្ចនោះឡើយ។ ករណីនេះត្រូវបានបង្ហាញឡើងដោយការធ្វើកុបកម្មកាលពីឆ្នាំមុន»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ