លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសកម្មជនបរិស្ថាន ដែលជំទាស់នឹងការសាងសង់ទំនប់វារីអគ្គិសនីថា ជាក្រុមបរិស្ថានជ្រុលនិយម ដែលមិនព្រមទទួលយកការអភិវឌ្ឍថ្មីៗសម្រាប់ជាប្រយោជន៍មនុស្សរាប់លាននាក់។
ការហៅរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបែបនេះបានកើតមាននៅក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការវារីអគ្គិសនីតាតៃ ដែលស្ថិតក្នុងឃុំឫស្សីជ្រុំ និងឃុំតាតៃនៃស្រុកថ្មបាំងខេត្តកោះកុង ដែលបានធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅនេះ។
ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន និងមន្ត្រីរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋដែលចូលរួមពិធីនោះ លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលបានសម្រេចលះបង់ផ្ទៃដីប្រមាណ៣,០០០ហិកតាក្នុងតំបន់ព្រៃការពារ និងអភិរក្ស សម្រាប់ការសាងសង់ទំនប់វារីអគ្គិសនី ដែលមានអានុភាព២៤៦ម៉េហ្គាវ៉ាត់។
« អញ្ចឹងជម្រើសរបស់យើង ត្រូវគិតគូឲ្យបានច្បាស់ថា តើយើងហ៊ានលះបង់នូវស្ថានភាពដី២,០០០ ឬ ៣,០០០ហិកតា ដើម្បីទាញយកភ្លើងបម្រើឲ្យទូទាំងប្រទេស សម្រាប់បង្កើតការងារឲ្យមនុស្សរាប់សែន រាប់ម៉ឺននាក់ ឬចូលដល់លាននាក់នោះឬទេ។ នេះជាចំណុច ព្រោះថា ពួកបរិស្ថាននិយមមួយចំនួន ដែលតែងតែជំទាស់នឹងការអភិវឌ្ឍស្អីក៏ទាស់ដែរ»។
លោកសង្កត់ធ្ងន់ថា ការជំទាស់របស់ក្រុមអ្នកបរិស្ថានទាំងនោះគឺជាទង្វើជ្រុលនិយម ដោយលោកមានប្រសាសន៍យ៉ាងដូច្នេះថា៖
« អញ្ចឹងគឺវិធីតែមួយ គឺថា សុំនាំគ្នាផលិតចន្លុះ ជូនទៅឲ្យពួកគាត់ទៅដល់ផ្ទះពួកបរិស្ថានហ្មង។ ពួកបរិស្ថាននិយមមែនបានសេចក្តីថា ពួកបរិស្ថានជ្រុលនិយម និយាយអញ្ចេះទៅចុះ។ យើងយកចន្លុះទៅប្រគល់ឲ្យគាត់ ហើយកាត់ភ្លើងចេញពីផ្ទះគាត់ហ្មង កុំឲ្យគាត់ប្រើភ្លើង ព្រោះអ្នកឯង គិតតែម្ខាង អ្នកឯងមានធ្វើអីទៀត ប៉ុន្តែដល់ទៅពេលយកអ្ហាចន្លុះទៅឲ្យគាត់ គាត់ថា អាជ័រហ្នឹងបានពីណា គាត់ថា បានមកពីចោះគល់ឈើ។ អញ្ចឹងបានសេចក្ដីថា អ្នកដែលជំទាស់ គឺជំទាស់រហូត គ្មានទេនៃការលើកទឹកចិត្តណាមួយ»។
លោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំធ្លាប់បានគំរាមឆ្លើយតបដោយប្រើកាំភ្លើងធុនធ្ងន់ប្រឆាំងនឹងសកម្មភាពណាមួយ ដែលចង់យកតំបន់មួយក្នុងខេត្តកោះកុង ធ្វើជាតំបន់អបគមន៍ នៅគ្រាដែលមានការតវ៉ាប្រឆាំងនឹងគម្រោងវិនិយោគទំនប់វារីអគ្គិសនីមួយ។
ការថ្លែងរបស់លោកនៅពេលនោះគឺសំដៅដល់សកម្មភាពរបស់អ្នកបរិស្ថាន រួមទាំងលោក Alex Gonzalez Davidson ដែលព្យាយាមទប់ស្កាត់មិនឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវ៉ាញ ពីសំណាក់ក្រុមហ៊ុនវិនិយោគចិន Sinohydro។ លោកថ្លែងថានឹងប្រើអាវុធ BM21 ឬកាំជ្រួចហ្វូង ប្រសិនបើមានសកម្មភាពធ្វើអបគមន៍នេះនៅតំបន់អារ៉ែង។
ការថ្លែងរបស់លោកនាពេលនោះគឺកើតមានតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីលោក Alex Gonzalez Davidson ដែលជាស្ថាបនិកអង្គការមាតាធម្មជាតិ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ដោយសារលោកសកម្មជនការពារបរិស្ថានរូបនោះបានតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងការវិនិយោគទំនប់វារីអគ្គិសនីនេះ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ទន់ជំហរចំពោះគម្រោងវិនិយោគនេះ ដោយលោកប្រកាសថា គម្រោងវិនិយោគទំនប់វារីអគ្គិសនីកម្លាំងជាង១០០ម៉េហ្គាវ៉ាត់នេះអាចនឹងត្រូវរំលាយចោល និងមិនអាចកើតមានរហូតដល់ឆ្នាំ២០១៨។
ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍បានពឹងផ្អែកខ្លាំងទៅលើការផ្គត់ផ្គង់អគ្គិសនីពីប្រទេសជិតខាង។ ដោយសារកង្វះនៃការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកនេះ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការសាងសង់ទំនប់វារីអគ្គិសនី និងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅតាមខេត្តនានាក្នុងប្រទេសកម្ពុជា រួមមានខេត្តកំពត កោះកុង ស្ទឹងត្រែង ហើយនិងខេត្តព្រះសីហនុ។
លោក គឹម រី សមាជិកនៃអង្គការមាតាធម្មជាតិ ថ្លែងប្រាប់VOA ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីគឺធ្វើឡើងដោយខ្វះការពិចារណា ហើយថា លោកនាយករដ្ឋមន្ត្រី ពុំបានសិក្សាទៅលើជម្រើសផ្សេងនៃការទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ក្រៅតែពីការសាងសង់ទំនប់វារីអគ្គិសនី ដែលបានបង្កវិនាសកម្មដល់ធនធានធម្មជាតិ។
« សម្រាប់ពួកខ្ញុំ ខ្ញុំអត់ដែលមានមោទនភាព ចំពោះការប្រើភ្លើងអគ្គិសនីដែលបានមកពីទំនប់វារីអគ្គិសនី ដែលបំផ្លាញធនធានធម្មជាតិទាំងអស់ហ្នឹងទេ ហើយយើងពេញចិត្ត បើសិនជាមានការផ្ដាច់ភ្លើង ឬក៏មានការបិទបាំងមិនឲ្យយើងប្រើប្រាស់ភ្លើង ព្រោះយើងគាំទ្រការប្រើប្រាស់ថាមពល Solar (ថាមពលពន្លឺព្រះអាទិត្យ) ឬក៏ថាមពលអីផ្សេង ព្រោះយើងឃើញថា ផ្ទះប្រជាជនដែលនៅដាច់ស្រយាលមួយចំនួនដែលមិនត្រូវបានអភិវឌ្ឍន៍មិនបានផ្ដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីហ្នឹងទេ។ ពួកគាត់ចាប់ផ្តើមប្រើប្រាស់ Solar អស់ហើយ»។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា កម្លាំងភ្លើងដែលផលិតចេញពីខេត្តកោះកុង នឹងកើនដល់៥៨៤ម៉េហ្គាវ៉ាត់។ កម្លាំងភ្លើងនេះគឺចេញមកពីទំនប់វារីអគ្គិសនីឫស្សីជ្រុំក្រោម ដែលដាក់ឲ្យប្រើប្រាស់កាលពីដើមឆ្នាំនេះ និងទំនប់ដែលទើបនឹងសម្ពោធនេះ។
កម្លាំងភ្លើងនេះនឹងត្រូវផ្គត់ផ្គង់ក្នុងខេត្តកោះកុង រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងទៀត។
នៅក្នុងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃម្សិលមិញនេះដែរ លោកបានសួរអ្នកចូលរួមអំពីការផ្លាស់ប្ដូរការសង់ទំនប់វារីអគ្គិសនីមកជាការផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរវិញ។ បន្ទាប់ពីការចោទសួរនោះ លោក ហ៊ុន សែន បានឆ្លើយខ្លួនឯងភ្លាមៗថា ការផ្លាស់ប្ដូរនេះនឹងបង្កឲ្យមានការធ្វើបាតុកម្មទាំងក្នុងប្រទេស និងតំបន់។
យ៉ាងណាក៏ដោយ កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ ការផ្គត់ផ្គង់អគ្គិសនីត្រូវបានកាត់ផ្ដាច់ទាំងស្រុងក្នុងរយៈពេលប្រហែលមួយម៉ោងនៅទូទាំងប្រទេសកម្ពុជា។ នាយប់ថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋខ្មែរតាមទំព័រហ្វេសប៊ុករបស់លោកថា ការដាច់ចរន្តអគ្គិសនីនោះមិនជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្មណាមួយនោះទេ តែវាបណ្ដាលមកពីបញ្ហាបច្ចេកទេសនៃការបញ្ជូនអគ្គិសនីពីប្រទេសវៀតណាម ដែលជាអ្នកផ្គត់ផ្គង់អគ្គិសនីដ៏ធំមួយដល់កម្ពុជា បន្ទាប់ពីប្រទេសថៃ៕