ការធ្វើពិនិត្យមើលនិងការបង្កើតយន្តការនានាជុំវិញការអនុវត្តច្បាប់ចរាចរណ៍ថ្មីនៅដើមឆ្នាំ២០១៦នេះ បានធ្វើឡើង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីសាធារណជនអំពីចំណុចអវិជ្ជមាននៃច្បាប់និងមានការប្រកាសពីលោកនាយករដ្ឋមន្រ្តីហ៊ុនសែនទាមទារឲ្យមានការកែសម្រួលឈានដល់ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ថ្មីនេះថែមទៀតផង។
នៅព្រឹកថ្ងៃអង្គារនេះ មានការប្រជុំផ្ទៃក្នុងអន្តរក្រសួងមួយធ្វើឡើងនៅឯក្រសួងសាធារណការ និងដឹកជញ្ចូនជុំវិញការធ្វើកំណែទម្រង់ច្បាប់ចរាចរណ៍។
ដូចគ្នាដែរ កាលពីចុងសប្តាហ៍កន្លងទៅ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្កើតក្រុមការងារវេទិកា អប់រំមួយ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចរាចរណ៍ផ្លូវគោក ជូនដល់សាធារណជន។ ការផ្សព្វផ្សាយនេះនឹងធ្វើឡើងតាមគ្រប់មធ្យោបាយ រួមមានតាមរយៈវិទ្យុ ទូរទស្សន៍ និងផ្ទាំងប៉ាណូរូបភាពតាមទីសាធារណៈជាដើម។ នេះបើតាមសេចក្តីសម្រេចមួយចេញដោយគណៈកម្មជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១០ ខែមករាកន្លង។
អ្នកជំនាញ និងអ្នកវិភាគឯករាជ្យបង្ហាញការស្វាគមន៍ចំពោះការកែប្រែច្បាប់នេះ ក៏ប៉ុន្តែទាមទារឲ្យមានភាគីពាក់ព័ន្ធចូលរួម។
លោក អ៊ា ចរិយា អ្នកប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍ បង្ហាញការពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលយកកង្វល់របស់ប្រជាពលរដ្ឋមកពិចារណា និងចាត់វិធានការដោះស្រាយភ្លាមៗ។ ក៏ប៉ុន្តែលោកចង់ឃើញការអប់រំអំពីច្បាប់ចរាចរណ៍ឲ្យបានយូរអង្វែងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចយល់ច្បាស់ពីច្បាប់នេះ។
«វិធានការក្នុងការអប់រំផ្សព្វផ្សាយគឺជាការល្អ គ្រាន់តែថាតើយន្តការនេះនឹងដំណើរការយ៉ាងម៉េច ហើយវាមានរយៈពេលប៉ុន្មាន ហើយអាចទៅដល់ប្រជាពលរដ្ឋដល់កម្រិតណាខ្លះ។ ជាសំណូមពរខ្ញុំ ត្រូវតែមានការរិតបណ្តឹងការផ្សព្វផ្សាយឲ្យមានជាបន្តរហូត អត់អាចឃើញលទ្ធផលប៉ុណ្ណឹងយើងសប្បាយ ហើយបញ្ឈប់ការអប់រំ បញ្ឈប់ការរិតបន្តឹងច្បាប់។ នេះជាបទពិសោធន៍មិនល្អពីមុនមក យើងធ្វើអ្វីតែមួយភ្លែត ហើយយើងបំភ្លេចវាចោលវិញដែលធ្វើឲ្យបញ្ហានៅតែជាបញ្ហា»។
លោក អ៊ា ចរិយា គូសបញ្ជាក់ថាដើម្បីឲ្យការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍នេះឲ្យកាន់តែមានសក្តានុពលភាពនោះ វាទាមទារឲ្យមានភាគីពាក់ព័ន្ធចូលរួមច្រើនទៀត មិនមែនពិភាក្សាតែក្នុងរង្វង់រដ្ឋាភិបាលប៉ុណ្ណោះនោះទេ។
«បើសិនជាគាត់នៅតែធ្វើការពិភាក្សាក្នុងចំណោមគ្នាគាត់ ប្រហែលជាអាចមានបញ្ហានៅថ្ងៃខាងមុខទៀត បើសិនជាមិនមានការអនុញ្ញាតឲ្យចូលរួមពីភាគីពាក់ព័ន្ធ អង្គការសង្គមស៊ីវិលដើម្បីមកពិភាក្សាគ្នាមុនពេលរៀបចំកែតម្រូវមាត្រាមួយចំនួននៃច្បាប់ចរាចរណ៍ផ្លូវគោកនេះ»។
សម្រាប់លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយបង្ហាញការស្វាគមន៍ចំពោះ ការកែតម្រូវច្បាប់ដើម្បីការអនុវត្តកាន់តែរលូន។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យលោកអ៊ូ វីរៈសោកស្តាយនោះគឺ នីតិវិធីនៃការកែសម្រួលច្បាប់ដែលឆ្គាំឆ្គង ពោលគឺការកែតម្រូវច្បាប់ដែលចេញពីនាយករដ្ឋមន្រ្តីមិនមែនចេញពីរដ្ឋសភា។
«សោកស្តាយត្រង់ថាការអនុម័តច្បាប់មួយមិនព្រមគិតឲ្យបានច្បាស់លាស់ទេ គូសមុនសិន ដល់ពេលមានប្រតិកម្មបានទៅគិតវិញ។ ទី២គឺ ច្បាប់នីមួយៗគួរតែឆ្លងទៅសភា សម្រេចដោយនាយករដ្ឋមន្ត្រីតាមពិតវាខុសនីតិវិធី។ មានតែសភាទេមានសិទ្ធិសម្រេចទាក់ទងការកែប្រែខ្លឹមសារច្បាប់»។
ដូចគ្នានឹងលោក អ៊ា ចរិយាដែរ លោក អ៊ូ វីរៈ ចង់ឃើញការចៀសវាងវិសោធនកម្មច្រំដែលៗ។
«គួរតែធ្វើការពិចារណាគ្រប់ជ្រុងជ្រោយសិន មុនធ្វើវិសោធនកម្ម ចៀសវាងការធ្វើវិសោធនកម្មហើយស្រាប់តែមានប្រតិកម្មទៀតនាំគ្នាផ្អាកទៀតធ្វើវិសោធនកម្មវិលវល់ ធ្វើឲ្យវង្វេងមួយនគរ»។
ដោយយោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ ក្នុងរយៈពេល១១ថ្ងៃនៃការរឹតបន្តឹងច្បាប់ថ្មីនេះ មន្ត្រីនគរបាលចរាចរណ៍បានត្រួតពិនិត្យយានយន្តសរុបចំនួនប្រមាណ២៩ម៉ឺនគ្រឿង ក្នុងនោះយានដែលល្មើសមានចំនួនជាង៦ម៉ឺនគ្រឿង៕