ក្រុមអ្នកតាមដាននយោបាយកម្ពុជាបានមើលឃើញថា របត់នយោបាយនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ ដែលអាចនាំទៅរកចលាចលសង្គម។
អ្នកស្រាវជ្រាវទាំងនោះ បានថ្លែងប្រាប់ VOA តាមទូរស័ព្ទនៅថ្ងៃសុក្រនេះ ដោយទទូចស្នើឲ្យអ្នកនយោបាយនៃគណបក្សទាំងពីរជួបចរចាគ្នា ដើម្បីពន្លត់ភ្លើងជម្លោះនយោបាយដែលកំពុងឆាបឆេះឡើងសន្សឹមៗ ហើយអាចរីកធំ ដែលនាំឲ្យអន្តរាយដល់សង្គមកម្ពុជា ដែលទទួលបានសន្តិភាពពេញលេញមិនទាន់បាន២០ឆ្នាំផងនោះ។
ការថ្លែងរបស់ពួកគេកើតមានឡើង នៅស្របពេលដែលគណបក្សសង្គ្រោះជាតិប្រកាសពីការត្រៀមធ្វើមហាបាតុកម្មអហិង្សាប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរងបណ្តឹងបរិហារកេរ្តិ៍ និងការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញពីបទសញ្ចរកម្ម។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះបានបញ្ជាក់ថា៖ «គណបក្សនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សាក្នុងករណី ដែលមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ»។
ពឹ្រត្តិការណ៍ចាប់ខ្លួនលោក កឹម សុខា
កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមអាជ្ញាធរមានសមត្ថកិច្ចប្រដាប់ដោយអាវុធនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការតាមស្វែងរកលោក កឹម សុខា នៅលើផ្លូវនរោត្តម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់រថយន្តលោក កឹម សុខា ដែលមានតែភរិយារបស់លោកអង្គុយក្នុងរថយន្តនោះ។
ប្រតិបត្តិការនេះបានបន្តចូលទៅដល់ស្នាក់ការកណ្តាលនៃគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅម៉ោងជាង១២ថ្ងៃត្រង់ ហើយនៅមិនអាចរកឃើញលោក កឹម សុខា ទេ។ បន្តិចក្រោយមក អាជ្ញាធរមានសមត្ថកិច្ចប្រមាណជាជាង២០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃបានដកថយទៅវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុទេ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយសារតែលោក កឹម សុខាប្រកាន់ជំហរមិនចូលខ្លួនទៅបំភ្លឺនៅតុលាការអំពីបណ្តឹងបរិហារកេរ្តិ៍ និងការចោទប្រកាន់មកលើរូបលោកពីបទសញ្ចរកម្ម។ នេះបើយោងទៅតាមការបញ្ជាក់ពីក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សក្នុងស្រុក។
ប្រតិបតិ្តការតាមរកលោក កឹម សុខា ធ្វើឡើងដោយក្រុមអាជ្ញាធរមានសមត្ថកិច្ចនេះ បានធ្វើឲ្យក្រុមសកម្មជនរបស់គណបក្សសង្គ្រោះជាតិមានភាពពុះកញ្រ្ជោល ដោយពួកគេបានធ្វើដំណើរមកកាន់ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដើម្បីរារាំងមិនឲ្យមានការចាប់ខ្លួន។ ពួកគេមួយចំនួនបានប្រាប់ VOA ថា ពួកគេនឹងមិនអនុញ្ញាតឲ្យមានការឃាត់ខ្លួនលោក កឹម សុខា ដែលនៅមានអភ័យឯកសិទ្ធិនោះទេ។
នយោបាយទ័លច្រក
លោក ពូ សុវចនា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា ស្ថានការណ៍កម្ពុជាបច្ចុប្បន្នបាននាំឲ្យមានការបែកបាក់សាមគ្គីជាតិយ៉ាងខ្លាំង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រទេសជាតិ។
លោកបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ មានអង្គព្រះមហាក្សត្រអាចមានព្រះរាជតួនាទី ក្នុងការសម្របសម្រួលបញ្ចប់ជម្លោះ ដូចដែលព្រះរាជបិតារបស់ទ្រង់ធ្វើនៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ នៅគ្រានោះគឺព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ បានបញ្ចប់ការប្រឈមមុខដាក់គ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
«ខ្ញុំថា ព្រះករុណាសព្វថ្ងៃហ្នឹង ក៏លោក បើលោកមានឆន្ទៈ ហើយលោកមានការយល់ដឹងអញ្ចឹង គួរតែហៅអ្នកដឹកនាំទាំងពីរហ្នឹងឲ្យអង្គុយនិយាយគ្នា ពិភាក្សាគ្នា ហើយយោគយល់គ្នាទៅវិញទៅមក ដើម្បីយើងបម្រើប្រទេសជាតិយើងទាំងអស់គ្នា ព្រោះឥឡូវហ្នឹងការបែកបាក់កាន់តែខ្លាំង»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម បានប្រាប់ VOA ថា អ្នកនយោបាយនៃគណបក្សទាំងពីរ កំពុងតែស្ថិតក្នុងដំណាក់កាលទាល់ច្រកដូចគ្នា ដោយម្ខាងត្រៀមខ្លួនចាំឲ្យគេវាយខ្នោះដៃ និងនាំទៅពន្ធនាគារ ឯម្ខាងទៀតដែលមានអំណាចពេញទី មានតែការប្រើសារព្រមាន ការគំរាម និងការចាប់គូប្រកួតប្រជែងរបស់ខ្លួនដាក់ក្នុងពន្ធនាគារ។
អ្នកសិក្សាស្រាវជ្រាវសង្គមរូបនេះ បន្តបញ្ជាក់ថា នៅក្នុងកាលៈទេសៈនេះ គណបក្សទាំងពីរគ្មានជម្រើសណាល្អជាងការនិយាយគ្នា ដើម្បីបញ្ចប់អរិភាពរវាងគ្នានោះទេ ប្រសិនបើអ្នកនយោបាយគិតដល់ប្រយោជន៍ប្រទេសជាតិជាធំ។
«បើសិនជាអ្នកដឹកនាំហ្នឹងយល់ថា អ្វីដែលខ្លួនឯងធ្វើហ្នឹងជារឿងត្រូវ ទោះបីជាវាមានប៉ះពាល់ទៅដល់ស្ថិរភាពសង្គម ប៉ះពាល់ទៅដល់កិត្តិយស ឬក៏កេរ្តិ៍ឈ្មោះរបស់ប្រទេសរបស់ខ្លួនយ៉ាងណាក៏ដោយ គេមិនខ្វល់ អាហ្នឹងខ្ញុំគិតថា ពិបាកដែរ។ ប៉ុន្តែបើគេយល់ថា គិតថា អាហ្នឹងធ្វើទៅប៉ុណ្ណឹងបានហើយ ល្មមឈប់ហើយ អាចវិលមកកន្លែងដើម្បីផ្សះផ្សារជាតិគ្នាវិញ ធ្វើការជាមួយគ្នាវិញ អានេះវាជារឿងមួយដែលល្អដែរ ហើយខ្ញុំធ្លាប់ឃើញពីដើមមកក៏អញ្ចឹងដែរ តឹងទៅៗ ប៉ុន្តែអាចរកកន្លែងបន្ធូរមកវិញឃើញដែរ»។
លោក មាស នី បន្ថែមថា វាជារឿងមួយគួរឲ្យសោកស្តាយ ដែលអ្នកនយោបាយយករឿងអាស្រូវស្នេហានេះ មកបង្កជារឿងធំ ប្រៀបដូចនឹងគ្រួសារមួយដែលឳពុកម្តាយឈ្លោះទាស់ទែង ដោយបញ្ហាតូចមួយ តែនាំដល់ការបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ និងមុខមាត់គ្រួសារ។ លោកថ្លែងថា បើងាកមកមើលស្ថានភាពនយោបាយបច្ចុប្បន្នវិញ សង្គមខ្មែរនឹងមិនអាចជួបភាពសុខសាន្តបានយូរអង្វែងនោះឡើយ។
វប្បធម៌សន្ទនាជាដំណោះស្រាយ?
ក្នុងបំណងឈានដល់ការបន្ធូរបន្ថយភាពតានតឹង គណបក្សប្រឆាំងបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា នឹង«បន្តយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាឲ្យការបោះឆ្នោតនាឆ្នាំ២០១៧-២០១៨ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
ការប្រកាសប្រើវប្បធម៌សន្ទនានេះត្រូវគេដឹងថា មិនមែនជាលើកទីមួយទេ ហើយក៏តែងតែត្រូវបានស្វាគមន៍ដោយគណបក្សគ្រប់គ្រងប្រទេស។ ប៉ុន្តែវប្បធម៌នេះនៅតែមិនអាចជាមធ្យោបាយបន្ទន់ភាពខ្លាំងរបស់អ្នកនយោបាយគណបក្សគ្រប់គ្រងប្រទេសឲ្យមកជួបចរចា។ អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស បានបញ្ជាក់ជារឿយៗថា គោលបំណងចង់ជួបចរចារបស់គណបក្សប្រឆាំង គឺរមែងតែមានភ្ជាប់នឹងការចង់ឲ្យដោះលែងសកម្មជន និងមន្ត្រីគណបក្សរបស់ខ្លួន ដែលកំពុងជាប់ឃុំតែប៉ុណ្ណោះ។
ការណ៍ដែលគណបក្សទាំងពីរនេះមិនព្រមជួបសន្ទនាគ្នា ហើយបន្តការប្រឈមមុខដាក់គ្នានេះ បានធ្វើឲ្យអ្នកសិក្សាស្រាវជ្រាវសង្គម និងនយោបាយមើលឃើញពីការវិលមកវិញនៃអំពើហិង្សានយោបាយ ដែលធ្លាប់កើតមាននៅក្នុងទសវត្សរ៍១៩៩០។
លោក ហេង ស្រៀង អ្នកសិក្សាស្រាវជ្រាវសង្គម បានប្រាប់ VOA អំពីហេតុការណ៍ហិង្សានយោបាយដែលបានកើតនៅអំឡុងទសវត្សរ៍១៩៩០យ៉ាងដូច្នេះថា៖
«ស្រុកខ្មែរពេលបច្ចុប្បន្ន វាហាក់ដូចជាប្រហាក់ប្រហែលគ្នាទៅហ្នឹងនៅឆ្នាំ១៩៩០ នៅស្រុកខ្មែរ ដូចជា១៩៩៦ ឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៨ហ្នឹង ហាក់ដូចជាមានភាពក្តៅគគុក គឺមានចលនាពលរដ្ឋបាតុកម្ម មានការចាប់ចងអ្នកបាតុករ មានការចាប់ចង មានការបាញ់ប្រហារទៅលើយុវជន ទៅលើកម្មករ ឬក៏ចាប់ចងទៅលើអ្នកនយោបាយហ្នឹង វាប្រហាក់ប្រហែលគ្នា។ អញ្ចឹង ស្រុកខ្មែរ២០ឆ្នាំកន្លងមកហ្នឹង ហាក់ដូចជាអត់មានភាពប្រសើរអីនោះទេ បើយើងវិភាគមើលទៅ»។
លោក ហេង ស្រៀង យល់ថា ការទប់ស្កាត់មិនឲ្យមានការវិលត្រឡប់មកវិញនៃសកម្មភាពហិង្សានេះ មិនអាចអាស្រ័យលើអង្គព្រះមហាក្សត្រនោះឡើយ ដោយហេតុថា ទ្រង់មិនមានឥទ្ធិពល ដែលអាចធ្វើឲ្យអ្នកនយោបាយគណបក្សទាំងពីរនេះ បញ្ឈប់ការប្រឈមមុខដាក់គ្នានោះទេ ខណៈដែលគណបក្សទាំងពីរកំពុងប្រកែកយកត្រូវរៀងៗខ្លួន។ លោកនៅតែឲ្យតម្លៃដល់មន្ត្រីនៃអង្គការសហប្រជាជាតិក្នុងការសម្របសម្រួលបន្ធូរភាពតានតឹងនយោបាយនេះ។
បក្សប្រឆាំងរកដំណោះស្រាយពីព្រះមហាក្សត្រ ខណៈតុលាការកាន់តែដាក់សម្ពាធ
យ៉ាងណាក៏ដោយ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងទាំង៥៣រូប បានសេរសេរលិខិតផ្ញើជូនទៅព្រះមហាក្សត្រ ក្នុងបំណងសុំព្រះរាជអន្តរាគមន៍ពីទ្រង់។ ប៉ុន្តែរហូតមកដល់ពេលនេះ ព្រះមហាក្សត្រពុំបានឆ្លើយតបទៅនឹងលិខិតនោះទេ។
នៅស្របពេលដែលព្រះមហាក្សត្រពុំមានការឆ្លើយតប ស្ថាប័នតុលាការបានបើកយុទ្ធនាការ ចេញដីកាកោះហៅ លោក កឹម សុខា និងអ្នកតំណាងរាស្ត្រនៃគណបក្សជំទាស់ជាបន្តបន្ទាប់ នៅក្នុងសំណុំរឿងលោក កឹម សុខា។
មកដល់ថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានផ្ញើលិខិតជូន លោក ហេង សំរិន ប្រធានសភាជាតិ រៀបរាប់ពីវិធានការរបស់តុលាការ ប្រឆាំងនឹងការមិនព្រមចូលខ្លួនរបស់លោក កឹម សុខា។ លិខិតនោះបានបញ្ជាក់ថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើស នៅគ្រាដែលលោកមិនចូលខ្លួនមកបំភ្លឺតាមដីកាកោះហៅរបស់តំណាងអយ្យការចំនួនពីរលើក។
នៅក្នុងផ្នែកមួយនៃការសន្និដ្ឋានរបស់ខ្លួន ដែលបានសរសេរនៅក្នុងលិខិតនោះ បានបង្ហាញថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យឃើញថា លោក កឹម សុខា «ជាតំណាងរាស្ត្រដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង ស្របតាមខ្លឹមសារមាត្រា៨៦នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងពីនិយមន័យនៃបទឧក្រិដ្ឋ ឬមជ្ឈឹមជាក់ស្តែង»។
ដើម្បីគាំទ្រការសនិ្នដា្ឋនរបស់ខ្លួន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏បានច្រានចោលការពន្យល់របស់លោក កឹម សុខា អំពីមូលហេតុដែលលោកមិនអាចទៅបង្ហាញខ្លួននៅតុលាការ ប៉ុន្តែមិនបង្ហាញថា លោក កឹម សុខា បញ្ជាក់ពីមូលហេតុយ៉ាងណានោះឡើយ។
នៅក្នុងបរិបទនេះ ក្រុមអ្នកស្រាវជ្រាវថ្លែងថា សង្គមកម្ពុជាដែលធ្លាប់ឆ្លងកាត់អំពើហិង្សានយោបាយកាលពីអតីតកាល កំពុងជួបការប្រេះឆាផងដែរ ដោយសារការបកស្រាយច្បាប់មានភាពខុសគ្នា និងមិនច្បាស់លាស់ឡើយ៕