ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​ប្រដាប់​អាវុធ​តាម​រក​លោក​កឹម សុខា​ តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ​នៅ​កន្លែង​មាន​សុវត្ថិភាព


រូបឯកសារ៖ លោក កឹម សុខា ស្វាគមន៍​អ្នកគាំទ្រ​ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​ជាយ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក កឹម សុខា ស្វាគមន៍​អ្នកគាំទ្រ​ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​ជាយ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

​​​​​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​នេះ​កើត​មាន​ឡើង​នៅ​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ នៅ​លើ​ផ្លូវ​ព្រះ​នរោត្តម​ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ គឺ​នៅ​ពេល​ដែល​រថយន្ត​លោក​ កឹម សុខា​ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ តែ​មិន​ឃើញ​លោក​ កឹម សុខា​ ហើយ​ក្នុង​រថយន្ត​នោះ​មាន​តែ​ភរិយា​របស់​លោក​ កឹម សុខា ​ប៉ុណ្ណោះ។

ក្រុម​អាជ្ញាធរមាន​សមត្ថកិច្ច​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បើក​ប្រតិបត្តិការ​ស្វែង​រក​លោក ​កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ខកខាន​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​សំណុំ​រឿង​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​នាង​ ធី​ សុវណ្ណថា ​និង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ពី​បទ​សញ្ចារ​កម្ម។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់ និង​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា។

លោក​ យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ VOA ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​លោក​ កឹម សុខា​ ហើយ​បាន​បន្ត​មក​កាន់​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ឆែកឆេរ​បន្ថែម​ទៀត​ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ក៏ត្រូវ​ដក​ថយ​ទៅវិញ​ ដោយ​សារ​ពុំ​បាន​បង្ហាញ​ដីកា​ឆែកឆេរ។ ​លោក យឹម សុវណ្ណ​ និយាយ​ថា​ លោក​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​ក្រុម​សមត្ថកិច្ច​មាន​បំណង​ឃាត់​ខ្លួន​លោក​ កឹម សុខា​ ឬ​យ៉ាងណា​នោះ​ទេ​ តែ​លោក​បញ្ជាក់​ថា៖

«យើង​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​ មាន​ការ​ឃាត់​ឡាន​ឯកឧត្តម​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ កឹម សុខា​ ហើយនិង​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​មក​ទីស្នាក់ការ បម្រុង​ចូល​ក្នុង​ទីស្នាក់ការ។ ប៉ុន្តែ​ខាង​សន្តិសុខ​យើង​ខ្ញុំ​បាន​សួរ​នាំ​រក​លិខិត​ស្នាម​ ដីកា​ឆែកឆេរ​ ដីកា​ចាប់ខ្លួន​ហ្នឹង​ គឺគាត់​អត់មាន​អី​ទាំង​អស់។​ ក្រោយ​ពីការ​សួរ​នាំ​អញ្ចឹងទៅ​ កង​កម្លាំង​ប្រដាប់​អាវុធ​ក៏បាន​ដក​ចេញ​ទៅ​វិញ»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោក យឹម សុវណ្ណ​ បន្ថែម​ថា​ ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​មាន​ក្តី​បារម្ភ​ថា​ លោក​ កឹម សុខា​ អាច​នឹង​ត្រូវ​ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​រួច​បញ្ជូន​ទៅ​តុលាការ​ ដូច​ករណី​លោក​ ហុង​ សុខហួរ សមាជិក​ព្រឹទ្ធ​សភា​ និង​លោក​ អ៊ុំ​ សំអាន​ អ្នក​តំណាង​រាស្ត្រ។​

​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​នេះ​កើត​មាន​ឡើង​នៅ​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ នៅ​លើ​ផ្លូវ​ព្រះ​នរោត្តម​ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ គឺ​នៅ​ពេល​ដែល​រថយន្ត​លោក​ កឹម សុខា​ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ តែ​មិន​ឃើញ​លោក​ កឹម សុខា​ ហើយ​ក្នុង​រថយន្ត​នោះ​មាន​តែ​ភរិយា​របស់​លោក​ កឹម សុខា ​ប៉ុណ្ណោះ។

ប្រតិបត្តិ​ការ​នេះ​បាន​បន្ត​ចូល​ទៅ​ដល់​ស្នាក់ការ​កណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ នៅ​ម៉ោង​ជាង១២​ថ្ងៃ​ត្រង់​ ហើយ​នៅ​មិន​អាច​រក​ឃើញ​លោក​ កឹម សុខា​ ទេ។​ បន្តិច​ក្រោយ​មក​ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ប្រមាណ​ជា​ជាង​២០នាក់​ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ដកថយ​ទៅ​វិញ​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ទេ។​ នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់បន្ថែម​ពី​ក្រុម​អ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក។​

VOA ​បាន​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​នាយ​ឧត្តម​សេនីយ៍​ នេត សាវឿន​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​សារ​អ្នក​លើក​ទូរស័ព្ទ​របស់​លោក​បា្រប់​ថា​ លោក​កំពុង​ជាប់​ប្រជុំ។​ VOA ​ក៏​ពុំទាន់​អាច​ទាក់ទង​លោក​នាយ​ឧត្តម​សេនីយ៍​ គៀត​ ចាន់ថារិទ្ធិ​ អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​ដែរ។​

រីឯ​លោក​ ហ៊ុត វណ្ណា នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចាក់​អង្រែ​លើ បាន​ត្រឹម​តែ​បញ្ជាក់​ថា​ មាន​វត្តមាន​កម្លាំង​ប៉ូលិស​បាន​ទៅដល់​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​លោក​មិន​បាន​ដឹង​ពី​គោល​បំណង​នៃ​សកម្មភាព​ប្រតិបត្តិការ​នោះ​ឡើយ។​ លោក​ថ្លែង​ថា៖​

«ការងារ​នៅ​កន្លែង​ហ្នុង​គឺខ្ញុំ អាហ្នឹង​ខាង​កម្លាំង​របស់​ក្រសួង​ ឬ​មួយ​ក្រុង ​ខាង​គេ​សោះ»។​

ក្រុម​កង​អន្តរាគមន៍​ពិសេស​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ប៉ុនប៉ង​ចូល​ឆែក​ឆេរ​ទីស្នាក់​កណ្តាល់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មានជ័យ​ កាលពី​ថ្ងៃ​ ២៦​ ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​ ២៦​ ខែ​ ឧសភា​ ឆ្នាំ​ ​២០១៦ រាជធានី​ភ្នំពេញ​ តែ​ដកថយ​មក​វិញ។ (រូបថត​ផ្តល់​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ)​
ក្រុម​កង​អន្តរាគមន៍​ពិសេស​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ប៉ុនប៉ង​ចូល​ឆែក​ឆេរ​ទីស្នាក់​កណ្តាល់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មានជ័យ​ កាលពី​ថ្ងៃ​ ២៦​ ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​ ២៦​ ខែ​ ឧសភា​ ឆ្នាំ​ ​២០១៦ រាជធានី​ភ្នំពេញ​ តែ​ដកថយ​មក​វិញ។ (រូបថត​ផ្តល់​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ)​

លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ទៅ​បង្ហាញ​ខ្លួន​ដើម្បី​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ម្តង​រួច​មក​ហើយ​កាល​ពីថ្ងៃ​ពុធ​ ទី១១​ ខែ​ឧសភា ទាក់​ទង​នឹង​បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ពី​បទ​បរិហារ​កេរិ៍្ត។ ​តុលាការ​ក៏​បាន​ចេញ​ដីកា​មួយ​ផ្សេង​ទៀត​កោះ​ហៅ​លោក ​កឹម សុខា​ ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី១៧ ខែ​ឧសភា ​ឆ្នាំ​២០១៦​ផង​ដែរ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សញ្ចារ​កម្ម។​ លោក​ក៏​មិន​បាន​បង្ហាញ​ខ្លួន​ចូល​បំភ្លឺ​បទ​ចោទ​ប្រកាន់​នេះ​ដែរ។​

​លោក​ ហែម សុជាតិ មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានប្រាប់ VOA​ ថា ក្រុម​មេធាវី​បាន​ផ្ញើ​លិខិត​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បញ្ជាក់​ហេតុផល​ដែល​លោក​ កឹម សុខា​ មិន​អាច​ចូល​ខ្លួន​ទៅ​តុលាការ​នោះ​ តែ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តែ​តាម​ស្វែង​រក​រូប​លោក​ដដែល។

«គាត់​មិន​ចូល​ខ្លួន​ដោយ​មាន​ហេតុផល​បី​ចំណុច។​ ចំណុច​ទីមួយ ​គាត់​ជាប់​បំពេញ​សកកម្ម​ក្នុង​អាណត្តិ​ជា​អ្នក​តំណាង​រាស្ត្រ។​ ចំណុច​ទី​ពីរ ​គឺ​គាត់​នៅ​ជា​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​សភា​ ហើយ​និង​ពាក់​ព័ន្ធ​នឹង​ចំណុច​ទីបី​ គាត់​មិន​ចូល​មក​តុលាការ​គឺ​គាត់​គោរព​ច្បាប់​ ដោយសារ​តែ​ទីមួយ​ជន​ត្រូវ​ចោទ​ ជន​សង្ស័យ​មិនទាន់​ត្រូវ​បាន​សួរ​ចម្លើយ​ ហើយ​ក៏មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ដែរ។​ អញ្ចឹង​បើ​ជនពាក់​ព័ន្ធ​នឹង​បទ​ល្មើស​មិន​ទាន់​ត្រូវ​បាន​សាកសួរ ​ហើយ​មិន​ទាន់ត្រូវ​បាន​ចោទ​ប្រកាន់​ទៀត​ ហើយនៅ​តែ​បែរ​ទៅ​ជា​បង្ខំ​កោះហៅ​សាក្សី​ម្តង​ហើយ​ ម្តង​ទៀត​ បាន​ជា​ខាង​ពួក​ខ្ញុំ​គិត​ថា​ ជា​ហេតុ​ផល​សមស្រប​របស់​គាត់​ ដែល​ពួក​ខ្ញុំ​លើក​ជា​គំនិត​ហ្នឹង​ឡើង»។

ភរិយា​លោក​ កឹម​ សុខា​ កំពុង​និយាយ​ទូរស័ព្ទ នៅ​ក្បែរ​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ ២៦​ ខែឧសភា​ ឆ្នាំ ២០១៦។​ (ហ៊ុល រស្មី​/VOA)
ភរិយា​លោក​ កឹម​ សុខា​ កំពុង​និយាយ​ទូរស័ព្ទ នៅ​ក្បែរ​ទីស្នាក់​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ ២៦​ ខែឧសភា​ ឆ្នាំ ២០១៦។​ (ហ៊ុល រស្មី​/VOA)

លោក​មេធាវី​បដិសេធ​មិន​អធិប្បាយ​ទេ​ ប្រសិន​បើ​លោក​ កឹម សុខា ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ខ្លួន។​ លោក​ថា​ សាធារណជន​ទូទៅ​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ អាច​ធ្វើការ​វាយ​តម្លៃ​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច។​

ទាក់​ទិន​នឹង​ចំណាត់​របស់​តុលាការ​ក្រុង​ភ្នំពេញ​ លោក​ លី សុផាន់ណា​ អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​ មិន​អាច​បញ្ជាក់​ថា​ តើ​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​បាន​ចេញ​ដីកា​ឲ្យ​តាម​ចាប់​ខ្លួន​លោក​ កឹម សុខា ឬយ៉ាង​ណា​ទេ​ នៅគ្រា​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​ស្វែងរក​លោក​ កឹម សុខា​ នោះ។​ លោក​បានត្រឹម​តែ​បញ្ជាក់​ថា​ ព្រះ​រាជ​អាជ្ញា​រង​ ដែល​ទទួល​បន្ទុក​រឿង​ក្តីនេះ​ បាន​បន្ត​នីតិវិធី​លើ​រឿង​ក្តី​នេះ​បន្ថែម​ទៀត។​ ព្រះរាជ​អាជ្ញា​រង​ ដែល​ចេញ​ដីកា​កោះហៅ​លោក ​កឹម សុខា​ គឺ​លោក​ កែវ សុជាតិ។​

ក្រៅ​ពី​លោក ​កឹម សុខា តុលា​ការ​ភ្នំពេញ​ក៏​បាន​កោះ​ហៅ​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ តុប វ៉ាន់ចាន់ ​និង​លោក​ ពិន រតនា ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី១៦ ​ខែ​ឧសភា​កន្លង​ទៅ​នេះ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​របស់​នាង​ ខុម ចាន់​តារ៉ាទី ​ហៅ​ស្រីមុំ។​ ក៏​ប៉ុន្តែ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នេះ​មិន​បាន​ទៅ​បង្ហាញ​ខ្លួន​ទេ៕

XS
SM
MD
LG