ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយ សំដែងភាពមិនប្រាកដប្រជានៃការវិលមកវិញរបស់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្សី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
ប៉ុន្តែ ពួកគេបានថ្លែងថា បែបផែននយោបាយខ្មែរដែលធ្លាប់បានកើតមានកន្លងមក អាចនឹងកើតមានម្ដងទៀត ហើយអ្នកចំណេញគឺអ្នកនយោបាយ មិនមែនជនសាមញ្ញទូទៅដែលជាម្ចាស់ឆ្នោត។
មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបង្ខំចិត្តនិរទេសខ្លួនទៅរស់នៅក្រៅប្រទេស ដោយលោកបានអះអាងថា លោកបានបាត់បង់អភ័យឯកសិទ្ធិ ជាតំណាងរាស្ត្រ ដែលលោកអាចប្រើប្រឆាំងនឹងចំណាត់ការផ្លូវច្បាប់ពីមន្ត្រីរបស់គណបក្សកាន់អំណាច។
យ៉ាងណាក៏ដោយ មន្ត្រីនៃគណបក្សកាន់អំណាចនិយាយថា ស្ថានភាពបានប្រែប្រួល មិនដូចស្ថានភាពនយោបាយដែលបានកើតឡើងនៅមុនការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៣។ នៅគ្រានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំព្រះមហាក្សត្រខ្មែរសម្ដេចព្រះបាទបរមនាថ នរោត្តម សីហមុនី ឲ្យលើកលែងទោសដល់លោក សម រង្សី ដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីការធ្វើនិរទេសខ្លួនអស់រយៈពេលជិតបួនឆ្នាំ។
នៅមុនការលើកលែងទោស លោក សម រង្សី ត្រូវបានតុលាការសម្រេចឃុំខ្លួន១១ឆ្នាំក្នុងសំណុំរឿងដកបង្គោលព្រំដែន និងផ្សព្វផ្សាយឯកសារផែនទីដែលអះអាងថាប្រទេសវៀតណាម បានទន្ទ្រានចូលដីប្រទេសកម្ពុជា។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅថា ខុមហ្វ្រែល បានប្រាប់ VOA ថា របត់នយោបាយកម្ពុជា អាចនឹងវិលទៅរកសភាពការណ៍មុនការបោះឆ្នោត ឆ្នាំ ២០១៣ គឺនៅពេលលោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស ហើយបើកផ្លូវឲ្យលោកវិលចូលប្រទេសវិញ។
លោកនិយាយថា ជាការពិបាកក្នុងការសន្និដ្ឋានថា ស្ថានការណ៍នេះ អាចនឹងកើតឡើងម្ដងទៀត ព្រោះមានតែអ្នកនយោបាយទេ ដែលអាចជ្រើសរើសពេលសម្រាប់ធ្វើឲ្យស្ថានការណ៍ចាស់ កើតជាថ្មីម្ដងទៀតបាន។
«យើងឃើញកន្លងមកកើតឡើងហ្នឹងគឺថា ឲ្យមានអ្នកនយោបាយ ឬក៏អ្នកដែលទាក់ទិននឹងបញ្ហាដែលកើតខាងនយោបាយ ត្រូវបានដោះលែង ក៏ដោយសារតែការលើកលែងទោស»។
មុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ សកម្មភាពបង្ក្រាបលើសង្គមស៊ីវិល ក៏បានកើតឡើងជាបន្តបន្ទាប់។
កម្លាំងសន្តិសុខ បានវាយបំបែក ដោយហិង្សាទៅលើការជួបជុំគ្នាដោយសន្តិវិធីរបស់ក្រុមសង្គមស៊ីវិល ជាពិសេសពួកអ្នកប្រឆាំងការរឹបអូសដីធ្លី។
ការប្រើប្រាស់កម្លាំងហួសហេតុ បានបណ្ដាលឲ្យពួកអ្នកតវ៉ាខ្លះរងរបួសធ្ងន់។ នេះបើយោងទៅតាមរបាយការណ៍ចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កាលពីឆ្នាំ២០១៤។
ព្រឹត្តិការណ៍ហិង្សានេះ បានកើតឡើងមុនការវិលត្រឡប់មកវិញរបស់ លោក សម រង្ស៊ី។ តែការបង្ក្រាបហិង្សា បានបន្តកើតមានទៀត នៅក្រោយការបោះឆ្នោត។
របាយការណ៍ឲ្យដឹងថា បន្ទាប់ពីការបោះឆ្នោត អាជ្ញាធរសាសនា ដោយមានរដ្ឋាភិបាលនៅពីក្រោយខ្នង បានគំរាមកំហែង និងក្នុងករណីខ្លះ បានវាយប្រហារព្រះសង្ឃពុទ្ធសាសនា ដើម្បីទប់ស្កាត់មិនឲ្យព្រះសង្ឃចូលរួមការធ្វើបាតុកម្មរបស់ពួកប្រឆាំងជាដើម។
ហេតុការណ៍ទាំងអស់នេះ ត្រូវអ្នកឃ្លាំមើលនយោបាយ និយាយថា បាននិងកំពុងលេចឡើងមកសារជាថ្មីម្ដងទៀត នៅមុនការមកដល់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។
ហេតុការណ៍ស្រដៀងគ្នានោះ គឺការបង្ក្រាបលើសង្គមស៊ីវិល ដែលលើកនេះ គឺសំដៅចំៗ លើមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដូចជាសកម្មជននយោបាយគណបក្សជំទាស់។
លោក កែម ឡី អ្នកវិភាគសង្គម បានប្រាប់ VOA ថា នយោបាយខ្មែរ មានភាពប្រែប្រួលច្រើន និងពិបាកប៉ាន់ស្មានទុកជាមុន។
លោកបញ្ជាក់ថា ការលេងល្បែងនយោបាយខ្មែរ មិនមែនលេងដោយការតម្កល់ប្រយោជន៍ជាតិជាធំនោះទេ គឺលេងសម្រាប់ប្រយោជន៍អ្នកនយោបាយតែប៉ុណ្ណោះ។
«នយោបាយស្រុកខ្មែរ វាទៅមក វាទៅមក ហើយវាពិបាកទាយត្រូវណាស់ ពីព្រោះកាលណាចំណេញខាងផ្នែកនយោបាយគឺ ទោះបីមិនចំណេញជាតិ មិនចំណេញពលរដ្ឋក៏ដោយ ឲ្យតែចំណេញបក្សគាត់ ឲ្យតែចំណេញផ្នែកនយោបាយ គឺគាត់ធ្វើ។ អាហ្នឹង អីចឹង បានការលើកលែងទោស ឬមួយក៏ការបន្ធូរបន្ថយទោស ឬក៏ការត្រឡប់មកពីភាពមិនប្រក្រតីឡើងវិញ វាមិនមែនដោយសារតែពលរដ្ឋ មិនមែនដោយសារតែសមាសភាពសង្គមទេ គឺដោយសារតែអ្នកដឹកនាំ ព្រោះអ្នកដឹកនាំគាត់បង្កើត event [ព្រឹត្តិការណ៍] ទៅ គាត់ដោះស្រាយ អាស្ថានការណ៍ហ្នឹងទៅ ត្រូវគ្នាទៅ ឈ្លោះគ្នាទៅអាហ្នឹងរឿងរបស់គាត់»។
លោកនិយាយថា ការប្រើយុទ្ធសាស្ត្រនយោបាយចាប់ចង រួចលើកលែងទោសមកវិញនេះ បានផ្ដល់ផលចំណេញដល់អ្នកធ្វើនយោបាយកំពូលៗប៉ុន្មាននាក់តែប៉ុណ្ណោះ រីឯប្រជាពលរដ្ឋដែលជាម្ចាស់អំណាច បានត្រឹមទទួលរងនូវសំពាធសង្គម និងនយោបាយកាន់តែខ្លាំងឡើងៗ។
«ស្ថានភាពក្រីក្រ បើលេខវារាងល្អ ប៉ុន្តែបើមើលស្ថានភាពជាក់ស្ដែង មិនសូវល្អទេ ក្រច្រើនណាស់ ហើយក្រហ្នឹង មិនដូច [ឆ្នាំ] ៧៩ទេណាស់។ [ឆ្នាំ] ៧៩ ចេញមក ទោះបីក្រមានផ្ទះ មានដីស្រែ មានព្រៃហូប មានព្រៃឈើ។ ប៉ុន្តែឥឡូវ ឥឡូវនេះ ក្រអស់ផ្ទះ អត់មានត្រី អត់មានព្រៃ វេទនា ហើយចាកចោលស្រុក»។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលកម្ពុជា ថ្លែងថា ស្ថានភាពអាចនឹងមិនដូចមុនពេលបោះឆ្នោតជាតិឆ្នាំ ២០១៣នោះទេ។
លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមិនផ្ដល់ការចុះហត្ថលេខាណាមួយ ដើម្បីសុំឲ្យមានការលើកលែងទោសទៅដល់លោក សម រង្ស៊ី ទៀតទេ ទោះបីលោកនាយករដ្ឋមន្ត្រី ធ្លាប់ឲ្យដឹងពីតម្រុយនៃការស្នើសុំលើកលែងទោសដល់មន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប ដែលកំពុងជាប់ឃុំក៏ដោយ។
«សម្ដេចតេជោ លោកបានមានប្រសាសន៍ហើយថា លោកដូចជាអត់មានចុះហត្ថលេខាដើម្បីសុំលើកលែងទោសឲ្យ លោកសម រង្ស៊ី ជាថ្មីម្ដងទៀតទេបាទ»។
លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្តថា ដរាបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តតួនាទីជានាយករដ្ឋមន្ត្រី ការស្នើសុំលើកលែងទោសដល់លោក សម រង្សី នឹងមិនមានតទៅទៀតទេ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែឧសភានេះ បានសម្រេចចោទប្រកាន់មន្ត្រីសិទ្ធិមនុស្ស៤រូបនៃសមាគមសិទ្ធិមនុស្សអាដហុក រួមមានលោក នី សុខា លោក យី សុខ សាន្ត លោក ណៃ វង់ដា និង លោកស្រី លឹម មុន្នី ពីបទសូកប៉ាន់សាក្សី និងលោក នី ចរិយា អគ្គលេខាធិការរងនៃ គ.ជ.ប ពីបទសមគំនិតសូកប៉ាន់សាក្សី។ ពួកគេទាំងប្រាំនាក់នេះ កំពុងស្ថិតក្នុងពន្ធនាគារបណ្ដោះអាសន្ន រង់ចាំការកាត់ទោស។
ការសម្រេចឃុំខ្លួនអ្នកទាំង៥ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រុមសង្គមស៊ីវិលក្នុងស្រុក និងក្រៅប្រទេស។
ពួកគេ បានហៅការឃុំខ្លួននេះ ថាជាការបំបិទសំឡេងក្រុមសង្គមស៊ីវិល ដែលប្រាសចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
បន្ទាប់ពីការសម្រេចឃុំខ្លួននេះមក ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន បានផ្ដើមធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ទាមទារឲ្យមានការដោះលេងអ្នកទាំង៥អ្នកនោះ មកវិញ។
យុទ្ធនាការនេះ បានរងការបង្ក្រាប ក្នុងរយៈពេលពីរសប្ដាហ៍ជាប់ៗគ្នា ដោយមានមនុស្សចំនួន១៣នាក់ត្រូវបានឃាត់ខ្លួន តែត្រូវដោះលែងដោយអាជ្ញាធរកម្ពុជាវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា យុទ្ធនាការពណ៌អ្វីក៏ដោយ ឲ្យតែត្រូវបានធ្វើឡើងដោយខុសច្បាប់ នឹងប្រឈមមុខការចាប់ខ្លួន។
យ៉ាងណាមិញ លោកថ្លែងថា ប្រសិនបើតុលាការចេញសាលក្រមជាស្ថាពរ បញ្ជាក់ពីពិរុទ្ធភាពរបស់អ្នកទាំង៥ លោកនឹង ប្រើសិទ្ធិអំណាចរបស់លោក ដែលមានចែងក្នុងច្បាប់ពន្ធនាគារ ស្នើសុំព្រះមហាក្សត្រលើកលែងទោស ឬបន្ធូរបន្ថយទោសអ្នកទាំង៥។
នៅពេល VOA សួរអំពីគោលការណ៍លើកលែងទោសនេះ ថាអាចនឹងបន្តកើតមានសម្រាប់លោក សម រង្ស៊ី ទៀតដែរឬទេ លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា៖
«ចិត្តខ្ញុំ ជាអត្តនោម័តិរបស់ខ្ញុំ ខ្ញុំមិនយល់ដល់ថ្នាក់ហ្នឹងទេ ហើយចំពោះសកម្មជនសិទ្ធិមនុស្សហ្នឹង ក៏សម្ដេចនាយករដ្ឋមន្ត្រី លោកលើកឡើងពីគោលការណ៍ទេ។ ចង់ឲ្យមានការលើកលែងទោសលុះត្រាតែ សាមីជនអនុវត្តន៍ទោស បានយ៉ាងតិច២ភាគ៣ដែរ»។
នៅក្នុងពេលអវត្តមានលោក សម រង្ស៊ី សកម្មជន មន្ត្រី និងអ្នកតំណាងរាស្ត្រនៃគណបក្សជំទាស់នេះ បានរងការវាយប្រហារតាមផ្លូវច្បាប់ជាបន្តបន្ទាប់ពីស្ថាប័នតុលាការ ដែលក្រុមសង្គមស៊ីវិលនៅយល់ថា មិនឯករាជ្យ និងបម្រើឲ្យស្ថាប័ននីតិប្រតិបត្តិរបស់លោក ហ៊ុន សែន។
ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងនៅសភា ក៏ត្រូវគេសង្កេតថា មានការចុះថមថយសកម្មភាពនៅក្នុងការកោះហៅមន្ត្រីរដ្ឋាភិបាលមកចោទសួរ អំពីបញ្ហាអសកម្មនានា ដែលបានធ្វើឲ្យពលរដ្ឋខ្មែរបន្តរងទុក្ខសោក និងផ្ដើមការតវ៉ា។
អ្នកវិភាគ និយាយថា ការវិលត្រឡប់មកវិញ របស់លោក សម រង្ស៊ី នឹងមិនអាចកែប្រែបញ្ហាសង្គមបានច្រើននោះទេ។
ពួកគេថា សង្គមកម្ពុជា កំពុងជួបបញ្ហាដែលមិនងាយនឹងស្រាយបាន តួយ៉ាងដូចជា តុលាការដែលមិនឯករាជ្យ និងហ៊ុមព័ទ្ធដោយអំពើពុករលួយ ភាពក្រីក្រដែលចេះតែរីកធំដោយសារការបាត់បង់ដីធ្លី និងធនធានធម្មជាតិ សកម្មភាពប្លន់កើនឡើងមិនអាចទប់ស្កាត់បាន ការរីកសាយភាយនៃការប្រើគ្រឿងញៀនពីទីក្រុងដល់ទីជនបទជាដើម។
យ៉ាងណាក៏ដោយ ការវិលត្រឡប់របស់លោក សម រង្ស៊ី មិនអាស្រ័យតែលើបរិយាកាសនយោបាយក្នុងស្រុកទេ តែប្រទេសម្ចាស់ជំនួយនឹងអាចរួមចំណែកយ៉ាងខ្លាំងក្នុងការដាក់សំពាធរដ្ឋាភិបាលកម្ពុជា ឲ្យមានការវិលត្រឡប់របស់មេបក្សជំទាស់រូបនេះមកកម្ពុជា ដូចដែលបានកើតឡើងមុនការបោះឆ្នោតថ្ងៃ២៨ កក្កដា ឆ្នាំ២០១៣។ នេះបើយោងតាមអ្នកវិភាគ៕