ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​សេដ្ឋកិច្ច​តូច​ជាង​ កំពុង​សម្លឹង​មើល​ឱកាស​​ចូលរួម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឌីជីថល DEPA


រូបឯកសារ៖ បុរសម្នាក់មើលទូរស័ព្ទដៃ ខណៈដើរកាត់បដាមួួយនៃកិច្ចប្រជុំសមាជទូរស័ព្ទពិភពលោក នៅក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧។ ប្រទេស​ឈីលី នូវែលសេឡង់ និង​សិង្ហបុរី​ បានបង្កើតកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ឌីជីថល ឬ DEPA ដែលផ្តោតលើវិស័យឌីជីថល។
រូបឯកសារ៖ បុរសម្នាក់មើលទូរស័ព្ទដៃ ខណៈដើរកាត់បដាមួួយនៃកិច្ចប្រជុំសមាជទូរស័ព្ទពិភពលោក នៅក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧។ ប្រទេស​ឈីលី នូវែលសេឡង់ និង​សិង្ហបុរី​ បានបង្កើតកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ឌីជីថល ឬ DEPA ដែលផ្តោតលើវិស័យឌីជីថល។

នៅ​ក្នុង​ពិភពលោក​ដែលពោរពេញ​ទៅ​ដោយ​អង្គការ​ពាណិជ្ជកម្មនិង​សេដ្ឋកិច្ច​អន្តរជាតិធំៗ ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​អក្សរ​កាត់​របស់​ខ្លួន​ដូចជា អង្គការ WTO អង្គការ OECD អង្គការ APEC អង្គការ ITO កិច្ចព្រមព្រៀង TPP និង ​MERCOSUR តើ​អ្នកណា​ត្រូវ​ការ​អង្គការ​ពាណិជ្ជកម្ម​បន្ថែម​មួយ​ទៀត?​

កាណាដា​កំពុង​អន្ទះសារ​ចង់​ចូលរួម​ជាមួយ​ប្រទេស​ឈីលី នូវែលសេឡង់ និង​សិង្ហបុរី​ នៅ​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​មួយ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ឌីជីថល ឬ DEPA។

ប្រទេស​ហត្ថលេខី​ទាំង​បី​ នៃ​កិច្ចព្រមព្រៀង DEPA ​កំពុង​តែ​ពិចារណា​លើ​ការ​ស្នើសុំ​របស់​កាណាដា​ ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ ដែល​បាន​ចូល​ជា​ធរមាន​កាលពី ៣​ ខែ​មុន ទោះ​បី​ជា​ប្រទេស​ឈីលី​ ត្រូវ​ធ្វើ​សច្ចានុម័តលើ​ការ​ចូលរួម​របស់​ខ្លួន​ក្តី។ ប្រទេស​ផ្សេង​ទៀត​ដែល​ចង់​ចូលរួម​មាន​ដូចជា​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ចក្រភព​អង់គ្លេស។

បើ​យោង​តាម​អ្នក​វិភាគ ចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង DEPA គឺ​ស្ថិត​លើ​ការ​យកចិត្តទុកដាក់លើបញ្ហាឌីជីថល និង​ការ​ណ័ដែល​មិន​មាន​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ខ្លាំងក្លា​ជា​សមាជិក ​ដែល​អាច​មាន​អំណាច​ក្នុង​ការ​គ្របដណ្តប់​លើ​ការ​ចរចា ឬ​បង្ខំប្រទេស​តូច​ជាង​ខ្លួន​នោះ។​

លោក David Wolfe សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Toronto បាន​ប្រាប់ VOA ថា៖ «ប្រទេស​ហត្ថលេខី​ទាំង​បី​របស់​កិច្ចព្រមព្រៀង DEPA គឺ​សុទ្ធ​តែ​ជា​ប្រទេស​ពាណិជ្ជកម្ម​ធំៗ​ទាំង​អស់ ប៉ុន្តែ​មាន​សេដ្ឋកិច្ច​តូច»។

លោក​បន្ត​ទៀត​ថា៖ «បញ្ហា​ប្រឈម​សម្រាប់​ពួកគេ [ប្រទេសទាំងនោះ] ​និង​កាណាដា ​គឺ​ថា កិច្ចព្រមព្រៀង​ពហុភាគី​ឥឡូវ​នេះ ​មិន​មាន​ប្រសិទ្ធភាព​ទៀត​ទេ»។

ហើយ​ការណ៍នេះ​បាន​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​ថ្មីៗ​ដូចជាកិច្ចព្រមព្រៀង DEPA ដែល​អាចអនុញ្ញាតឲ្យប្រទេសដែលមានសេដ្ឋកិច្ច​តូចៗ​ ទទួល​បាន​អំណាច​ច្រើន​ជាង​មុន ​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ។​

មន្ត្រី​នៃ​កិច្ចព្រមព្រៀង DEPA ថា ភាព​ជា​ដៃគូ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្តោត​លើ​បញ្ហា​ជាក់លាក់​ដូចជា បញ្ញា​និម្មិត (AI) អត្តសញ្ញាណ​ឌីជីថល និង​ការ​ផ្តល់សេវា​អ៊ីនធើណិត​ដល់​ពលរដ្ឋ​គ្រប់គ្នា (digital inclusion) ជា​ឧទាហរណ៍ ដូចជាការ​ប្តេជ្ញា​របស់​នូវែលសេឡង់ ​ក្នុង​ការ​ផ្តល់សេវា​អ៊ីនធើណិត​ដល់​ជនជាតិដើម​ Maori របស់​ខ្លួន។

សម្រាប់​សិង្ហបុរី ការ​ចាប់​អារម្មណ៍​ចូលរួមក្នុង​កិច្ចព្រមព្រៀង DEPA នេះ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​និន្នាការ​នា​ពេល​ថ្មីៗ​ នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក Steven Okun ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន McLarty Associates ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ និយាយ​ថា៖ «វិស័យ​ឌីជីថលមាន​សក្តានុពល​ខ្លាំងក្លា​ នៅ​តំបន់​អាស៊ី»។ ប៉ុន្តែ​វិស័យនេះមាន​ហានិភ័យ​ ត្រង់ថា សក្តានុពល​នោះ​ប្រហែល​ជា​នឹង​មិន​អាច​សម្រេច​បាន​ពេញលេញ​ទេ ដោយសារ​តែ «​ការ​ព្រួយបារម្ភ​ចំពោះ​និន្នាការ​គាំពារ​និយម​ផ្នែក​ឌីជីថល ​ដែល​កំពុង​កើន​ឡើង»។​

លោក Okun ថ្លែងថា៖ «ជា​ឧទាហរណ៍ ប្រទេស​ឥណ្ឌូណេស៊ី​ បន្ត​ហាមឃាត់​ពាណិជ្ជកម្ម​ឌីជីថល​ ដោយ​ដាក់ចេញ​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ដែល​មាន​ការ​ផ្លាស់ប្តូរ​លឿន និង​ជារឿយៗ​ មាន​ភាព​ស្មុគស្មាញ។ ស្របពេលជាមួយគ្នានោះ ​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ការ​រឹតត្បិត​មួយ​ចំនួន ដែល​រួម​មាន​ការ​អនុញ្ញាត​ឱ្យ​ធនាគារ​ពាណិជ្ជកម្ម​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ផ្ទេរ ​និង​រក្សា​ទិន្នន័យ​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​ ហើយច្បាប់​នា​ពេល​ថ្មីៗ​នេះ​ ភាគច្រើន​មាន​លក្ខណៈ​គាំពារ​និយម»។​

លោក Okun ដែល​ធ្លាប់​បម្រើការ​ជា​នាយករង​ទទួល​បន្ទុក​ផ្នែក​ច្បាប់​នៅ​ក្រសួង​សាធារណការ​សហរដ្ឋអាមេរិក ​នៅ​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី Bill Clinton និង​បច្ចុប្បន្ននេះ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​សិង្ហបុរី បាន​បញ្ជាក់​ទៀតថា វៀតណាម​ក៏​នឹង​បន្ត​ «បង្អាក់​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​វិស័យ​សេវាកម្ម​ឌីជីថល»​៕

ប្រែសម្រួលដោយ ស្រេង លក្ខិណា

XS
SM
MD
LG