របាយការណ៍ចុងក្រោយស្តីពីការផ្តល់ការងារនិងទស្សនវិស័យសង្គមជាសកលឆ្នាំ ២០២១ របស់អង្គការពលកម្មអន្តរជាតិបានរកឃើញថា កំណើនការងារតាមប្រព័ន្ធអ៊ីនធឺណិត កំពុងផ្តល់ជាឱកាស ក៏ដូចជាបញ្ហាប្រឈមថ្មី ដែលត្រូវដោះស្រាយ។
របាយការណ៍ស្តីពីការផ្តល់ការងារ និងទស្សនវិស័យសង្គមជាសកលឆ្នាំ២០២១ របស់អង្គការពលកម្មអន្តរជាតិ (ILO) បង្ហាញថា ការងារតាមប្រព័ន្ធអ៊ីនធឺណិត បានកើនឡើងច្រើនជាងមុនចំនួនប្រាំដងនៅទូទាំងពិភពលោកនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ របាយការណ៍នេះបន្តថា ភាគច្រើននៃការងារតាមប្រព័ន្ធអ៊ីនធឺណិតនេះ ស្ថិតនៅសហរដ្ឋអាមេរិក ហើយខ្លះទៀតនៅប្រទេសឥណ្ឌា និងអង់គ្លេស។
អគ្គនាយកអង្គការពលកម្មអន្តរជាតិលោក Guy Ryder និយាយថា ៩៦ភាគរយនៃការផ្តល់ការងារតាមប្រព័ន្ធអ៊ីនធឺណិតនេះ គឺភាគច្រើនប្រមូលផ្តុំនៅតំបន់ចំនួនបីប៉ុណ្ណោះ រួមមាន ទ្វីបអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។ លោកបានបន្ថែមថា ការណ៍នេះ បានធ្វើឲ្យមានគម្លាតឌីជីថលកាន់តែធំរវាងអឌ្ឍគោលខាងជើង (ប្រទេសអភិវឌ្ឈន៍) និងអឌ្ឍគោលខាងត្បូង (ប្រទេសកំពុងអភិវឌ្ឍ) ដែលអាចបង្កឲ្យមានវិសមភាពកាន់តែខ្លាំងឡើង។
លោក Ryder បានថ្លែងថា៖ «នៅឆ្នាំ២០១៩ ប្រហែល ៧០ភាគរយនៃប្រាក់ចំណូលពីការងារតាមអ៊ីនធឺណិត គឺប្រមូលផ្តុំនៅប្រទេសចំនួនពីរតែប៉ុណ្ណោះ គឺសហរដ្ឋអាមេរិកដែលមាន ៤៩ភាគរយ និងចិន ដែលមាន២២ភាគរយ»។
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO នេះ គឺផ្អែកលើការស្ទង់មតិ និងបទសម្ភាសន៍ជាមួយអ្នកធ្វើការចំនួន ១២.០០០នាក់ និងតំណាងរបស់អាជីវកម្មចំនួន៨៥នៅជុំវិញពិភពលោក។ របាយការណ៍នេះ បានរកឃើញថា ទីផ្សារការងារតាមប្រព័ន្ធអ៊ីនធឺណិត កំពុងបង្កើតជាឱកាសការងារថ្មីៗ។ លើសពីនេះទៀត ទីផ្សារនេះ ជួយផ្តល់ជាភាពបត់បែនសម្រាប់ការរៀបចំការងារ ដោយអង្គការនេះបានលើកឡើងថា ការណ៍នេះ មានអត្ថប្រយោជន៍ជាពិសេសសម្រាប់ស្រ្តី ជនពិការ និងជនវ័យក្មេង។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានផលអវិជ្ជមានមួយចំនួនពាក់ព័ន្ធទម្រង់ការងារថ្មីនេះផងដែរ។ ជាឧទាហរណ៍ លោក Ryder អគ្គនាយកអង្គការ ILO កត់សម្គាល់ថា ពេលខ្លះ មានតម្រូវការឲ្យអ្នកធ្វើការ ត្រូវបង់ថ្លៃកម្រៃជើងសារ ដើម្បីអាចមានលទ្ធភាពទទួលបានការងារតាមប្រព័ន្ធអ៊ីនធឺណិតបាន។
លោកបានថ្លែងថា៖ «ជាទូទៅ អ្នកធ្វើការជួបការលំបាកនៅក្នុងការស្វែងរកការងារដែលផ្តល់ប្រាក់ចំណូលល្អគ្រប់គ្រាន់ ហើយមួយចំនួន មិនទទួលបានការគាំពារសង្គមនោះទេ។ នេះបានក្លាយជារឿងគួរឱ្យព្រួយបារម្ភមួយអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ។ លើសពីនេះទៀត អ្នកធ្វើការមិនអាចចូលរួមនៅក្នុងការចរចាជាសមូហភាព ដែលអាចជួយផ្តល់ជាមធ្យោបាយសម្រាប់ពួកគេដើម្បីដោះស្រាយបញ្ហាផ្សេងៗទាំងនេះទេ»។
របាយការណ៍នេះ ក៏បានរកឃើញដែរថា ម៉ោងធ្វើការអាចមានរយៈពេលវែង និងផ្លាស់ប្តូរមិនទៀងពេល។ របាយការណ៍បានបន្ថែមថា ពាក់កណ្តាលនៃអ្នកធ្វើការតាមប្រព័ន្ធអ៊ីនធឺណិត រកប្រាក់ចំណូលបានតិចជាង ២ដុល្លារក្នុងមួយម៉ោង ស្រ្តីរកចំណូលបានតិចជាងបុរស ហើយអ្នកធ្វើការនៅបណ្តាប្រទេសកំពុងអភិវឌ្ឍរកប្រាក់ចំណូលបាន ៦០ភាគរយ តិចជាងអ្នកធ្វើការដូចគ្នានៅប្រទេសអភិវឌ្ឍន៍។
ដោយសារបណ្តាញផ្តល់ការងារតាមប្រព័ន្ធអ៊ីនធឺណិតមួយចំនួន មានប្រតិបត្តិការនៅក្នុងដែនរដ្ឋបាលលើសពីមួយ អង្គការពលកម្មពិភពលោកនិយាយថា គេត្រូវតែអនុម័តបទដ្ឋានពលកម្មអន្តរជាតិសម្រាប់អ្នកធ្វើការតាមប្រព័ន្ធឌីជីថល។
នៅក្នុងចំណោមអនុសាសន៍ផ្សេងៗ ក្រុមអ្នករៀបរៀងរបាយការណ៍និយាយថា អ្នកធ្វើការដោយខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិតផ្ទាល់ខ្លួន គួរមានសិទ្ធិចរចាជាក្រុម។ ពួកគេបានបន្តថា អ្នកធ្វើការទាំងអស់ រួមមានអ្នកធ្វើការតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ ក៏គួរតែទទួលបានប្រព័ន្ធគាំពារសន្តិសុខសង្គមសមរម្យផងដែរ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា