ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​សេដ្ឋកិច្ច​ពិភពលោក៖ ប្រទេស​មាន​​ឌីជីថល​ជឿនលឿន​និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​ សម្រប​បាន​ប្រសើរ​​ក្នុង​​​​អំឡុង​ជំងឺ​រាត​ត្បាត


រូបឯកសារ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។ (រូប​ដក​ស្រង់​ចេញ​ពី​គេហទំព័រ World Economic Forum)
រូបឯកសារ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។ (រូប​ដក​ស្រង់​ចេញ​ពី​គេហទំព័រ World Economic Forum)

របាយការណ៍​ស្តីពី​ភាព​ប្រកួតប្រជែង​សាកល​របស់អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF) ក្នុង​ឆ្នាំ​នេះ បាន​វាស់​ពី​សមត្ថភាព​របស់​ប្រទេសនានា​ក្នុង​ការទប់ទល់​និង​ងើប​ឡើង​វិញ​ពី​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា។​

ដោយសារជំងឺ​រាតត្បាត​ជា​សាកលនិង​មិន​អាច​ប្រមូល​ទិន្នន័យ​ចាំបាច់​បាន ការ​ដាក់​ចំណាត់ថ្នាក់​ប្រទេស​នៅ​ក្នុង​របាយការណ៍​ប្រកួត​ប្រជែង​របស់​អង្គការវេទិកា​សេដ្ឋកិច្ច​ពិភពលោក ត្រូវ​បាន​ផ្អាក។ ផ្ទុយ​ទៅវិញ​អង្គការ​នេះ​បាន​ពិនិត្យ​មើល​កត្តា​ដែលជួយ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នានា​អាច​គ្រប់គ្រង​និង​ងើប​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​នេះ​ឲ្យ​បានប្រសើរ​ជាង​មុន។

របាយការណ៍​នោះ​បាន​កត់សម្គាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ដែល​បង្ក​ដោយ​ការឆ្លង​វីរុស​បានបន្ត​មាន​ផល​ប៉ះពាល់​ដល់​សង្គម​និង​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង។ ទោះ​បីមិន​មាន​ប្រទេស​ណា​ដែល​ងើប​ឡើង​វិញ​ដោយ​មិន​រងផល​ប៉ះពាល់​ឡើយ​នោះ ប្រទេស​មួយ​ចំនួន​រឹងប៉ឹង​ជាង​ប្រទេស​ផ្សេង​ទៀត។

​នាយក​គ្រប់គ្រង​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក អ្នក​ស្រី Saadia Zahidi និយាយ​ថា​ប្រទេស​នានា​ដែល​មាន​ជំនាញ​ឌីជីថល​ជឿនលឿន ជោគជ័យ​ខ្លាំង​ជាងក្នុង​ការ​រក្សា​សេដ្ឋកិច្ច​ខ្លួន​ឲ្យ​ដំណើរការ​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត។

អ្នក​ស្រី​និយាយ​ថា៖ «ប្រទេស​នានា​ដែល​មាន​កម្រិត​នៃ​ការ​ប្រើប្រាស់​ឌីជីថល​ខ្ពស់ នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ពួកគេ ហើយ​អាច​ប្តូរ​ទៅ​ធ្វើ​ការងារ​ពី​ចម្ងាយបាន​លឿនក៏​ជា​ប្រទេស​ដែលសម្រប​បាន​ល្អ​ប្រសើរ​ជាង​ជា​ពិសេស​ប្រជាជន​របស់​ពួកគេ ដោយសារ​ពួកគេ​អាច​រក្សា​ការងារ​ខ្លួន​បាន​ល្អ​ជាង​[ប្រទេស​ដទៃ] បន្តិច។»​

របាយការណ៍នោះ​បាន​លើក​ពី ប្រទេស​ហូឡង់ នូវែលសេឡង់ ស៊្វីស អេស្តូនី និង​សហរដ្ឋ​អាមេរិក ថា​ជា​ប្រទេស​ដែល​អនុវត្ត​បាន​ល្អ​នៅ​ក្នុង​រង្វាស់​នេះ។ អ្នក​សរសេរ​របាយការណ៍​នេះបាន​រកឃើញ​ថា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​ខ្លាំង និង​ប្រព័ន្ធ​ថែរក្សា​សុខភាព​រឹងមាំ ក៏​អាច​ទប់ទល់​នឹង​ផល​ប៉ះពាល់​អាក្រក់​បំផុត​ពី​វិបត្តិ​ជំងឺ​រាតត្បាត​នេះដែរ។

អ្នក​ស្រី​Zahidi និយាយ​ថា​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​បាន​ផ្តល់​អនុសាសន៍​ដល់រដ្ឋាភិបាល​នានា​ឲ្យប្រើ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​ពួកគេ និង​បុគ្គលិក​នានា​អំឡុង​គ្រា​លំបាក​នេះ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នក​ស្រី​និយាយ​ថា​រដ្ឋាភិបាល​គួរ​តែ​ចាប់ផ្តើម​ឈាន​ទៅ​រក​ដំណាក់កាល​មួយដែល​សេដ្ឋកិច្ច​មាន​សកម្មភាព​ជាង​មុន​បន្តិច​ដើម្បីត្រៀម​ខ្លួន​សម្រាប់​ដំណាក់កាល​ក្រោយ​វិបត្តិ​ជំងឺរាតត្បាត​នេះ។

អ្នក​ស្រី​និយាយ​ថា៖ «នោះ​មិន​មាន​ន័យ​ថា​រដ្ឋាភិបាល​នឹង​មិន​ត្រូវ​បន្ត​ធ្វើ​ការ​វិនិយោគ​មួយ​ចំនួន ឬ​បន្ត​ផ្តល់​ការ​គាំទ្រ​ខ្លះ​ទេ។ វា​ប្រហែល​មិនមែនជាផែន​ការ​ផ្អាក​ពីការងារ​រយៈ​ពេល​ខ្លី ប៉ុន្តែ​ផ្ទុយទៅវិញ​វាអាច​ជា​ការ​គាំទ្រ​សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​រយៈពេល​វែង ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​ផ្លាស់​ចេញ​ពី​តួនាទី​បច្ចុប្បន្ន​របស់​ពួកគេ ដើម្បីទទួល​បាន​ការផ្គត់ផ្គង់​ប្រាក់​ចំណូលខ្លះ ដើម្បី​អាច​សិក្សា​ជំនាញ​ថ្មី ហើយ​ប្តូរ​ទៅ​តួនាទី​ផ្សេង​នា​ពេល​អនាគត។»

អ្នក​ស្រី Zahidi និយាយ​ថា​ការ​ងើប​ឡើង​វិញ​ពី​វីរុស​កូរ៉ូណា សម្រាប់​ប្រទេស​ដែល​មាន​ចំណូល​តិច និង​ជាប់​បំណុល​ខ្ពស់ នឹង​ពិបាក​ខ្លាំង​ជាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន។ អ្នក​ស្រី​និយាយ​ថា​គេ​ត្រូវ​ការ​កិច្ច​ព្រមព្រៀង​សហការ​អន្តរជាតិ​មួយដើម្បី​គាំទ្រ​ប្រទេស​ទាំង​នេះ ក្នុង​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ពួកគេ​អាច​ដើរ​ទៅ​មុខ​បាន។​

អ្នក​ស្រី​និយាយ​ថា​ពួកគេ​នឹង​ត្រូវការ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិមួយ​រយៈពេល​ដើម្បី​ងើប​ពី ផល​ប៉ះពាល់​យ៉ាង​បំផ្លិចបំផ្លាញលើ​សេដ្ឋកិច្ច​របស់​ពួកគេ ដែល​បង្កដោយ​ជំងឺ​កូវីដ​១៩ គឺ​ជំងឺ​មួយ​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG