បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យចំនួន៦នាក់កំពុងតែត្រៀមខ្លួនសម្រាប់ការជជែកដេញដោលគ្នាយ៉ាងស្វិតស្វាននៅយប់ថ្ងៃអង្គារនេះ។ ពួកគេហៅការជជែកដេញដោលគ្នាលើកនេះថាជាការប្រជែងគ្នាដោយផ្ទាល់ មុននឹងអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Iowa ចាប់ផ្ដើមបោះឆ្នោតបឋមជ្រើសរើសបេក្ខជនម្នាក់ដែលនឹងទៅប្រកួតជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ។
ដោយគណបក្សប្រជាធិបតេយ្យសម្រិតសម្រាំងយកបេក្ខជនដែលមានគុណសម្បត្តិល្អបំផុតនៅក្នុងការជជែកដេញដោលនីមួយៗ ព្រឹត្តិការណ៍ជជែកដេញដោលគ្នានៅថ្ងៃអង្គារនេះនឹងមានបេក្ខជនតិចជាងគេបំផុត ចាប់តាំងពីដំណើរការនេះបានចាប់ផ្ដើមកាលពីខែមិថុនាមក។
បេក្ខជនដែលនឹងជជែកដេញដោលគ្នានៅយប់នេះមានដូចជាលោក Joe Biden ដែលជាអតីតអនុប្រធានាធិបតី លោក Bernie Sanders សមាជិកព្រឹទ្ធសភា លោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភា លោក Pete Buttigieg អតីតអភិបាលក្រុង South Bend រដ្ឋ Indiana លោកស្រី Amy Klobuchar សមាជិកព្រឹទ្ធសភា និងលោក Tom Steyer មហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លារ។
នេះគឺជាការជជែកដេញដោលគ្នាលើកទីបីហើយសម្រាប់លោក Biden ក្នុងការប្រកួតប្រជែងយកការតែងតាំងពីគណបក្សប្រជាធិបតេយ្យ។ លោក Biden បាននាំមុខគេនៅក្នុងការស្ទង់មតិជាតិក្នុងចំណោមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ប៉ុន្តែលោកអាចនឹងចាញ់គូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោកនៅក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋ Iowa និងរដ្ឋមួយចំនួនទៀត៕