លោក Joe Biden គូប្រជែងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិក បានពណ៌នាប្រធានាធិបតី ដូណាល់ ត្រាំ ថា ជា«មេដឹកនាំអសមត្ថភាពប្រកបដោយគ្រោះថ្នាក់»កាលពីថ្ងៃអង្គារចំពោះការវាយប្រហារសម្លាប់លោក Qassem Soleimani មេបញ្ជាការយោធាអ៊ីរ៉ង់។
លោក Biden និងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យផ្សេងទៀតរបស់លោក បានរិះគន់យ៉ាងខ្លាំងដល់ការសម្រេចរបស់លោកប្រធានាធិបតីត្រាំហើយបានព្រមានអំពីផលវិបាកនានា។
ថ្លែងនៅក្នុងបូរីញូយ៉ក លោក Joe Biden បានរិះគន់យ៉ាងច្រើនដល់លោកប្រធានាធិបតី ត្រាំ អំពីផលវិបាកនៃការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani។
លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងថា៖ «ចំពោះខ្ញុំ លោកប្រធានាធិបតីត្រាំ មិនមានយុទ្ធសាស្រ្តទាល់តែសោះចំពោះការវាយប្រហារនេះ។ លោកមិនមានច្រកចេញហើយនេះជាការពិតដែលពិបាកទទួលបំផុត។កំហុសជាប្រចាំនិងការសម្រេចមិនល្អរបស់លោក បានបន្សល់ឲ្យយើង សហរដ្ឋអាមេរិក មានជម្រើសដ៏មានកម្រិតបំផុតសម្រាប់ធ្វើឲ្យជឿនលឿនទៅមុខ»។
លោក Biden មានវិធីដោះស្រាយផ្ទុយពីលោកប្រធានាធិបតីត្រាំអំពីអ៊ីរ៉ង់ ដោយជម្រើសខាងការទូតច្រើនដែលបានធ្វើដោយរដ្ឋបាលរបស់ប្រធានាធិបតីអូបាម៉ា។
ហើយលោក Biden ក៏បានជំរុញឲ្យលោកប្រធានាធិបតីត្រាំស្វះស្វែងរកការយល់ព្រមពីសភាស្តីពីការប្រើកម្លាំង។ លោកJoe Bidenបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យថ្លែងទៀតថា៖ «លោកប្រធានាធិបតីត្រូវធ្វើការជាមួយសភា។ លោកប្រធានាធិបតីត្រូវគោរពសេចក្តីសម្រេចអំពីអំណាចនៃសង្គ្រាម។ ហើយប្រធានាធិបតីមិនអាចធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដោយមិនមានការយល់ព្រមនិងការអនុញ្ញាតពីសភាទេ»។
គូប្រជែងផ្សេងទៀតរបស់លោក Biden សម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបេតេយ្យ ក៏បានរិះគន់លោកប្រធានាធិបតីត្រាំភ្លាមៗ រួមទាំងលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ផងដែរ។
លោកសមាជិកព្រឹទ្ធសភា Bernie Sanders ថ្លែងថា៖ «ទោះបី ច្បាប់របស់សហរដ្ឋអាមេរិក ប្រហែលមានការពិបាកក៏ដោយ សហរដ្ឋអាមេរិក ត្រូវតែធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីបញ្ចប់ជម្លោះនិងការគំរាមកំហែងនៃសង្គ្រាម មិនមែនផ្សព្វផ្សាយសង្គ្រាមដូចប្រធានាធិបតីត្រាំកំពុងធ្វើនោះទេ»។
លោកស្រី Amy Klobuchar សមាជិកព្រឹទ្ធសភានិងជាគូប្រជែងសម្រាប់តំណែងបេក្ខ ជនប្រធានាធិបតីម្នាក់ទៀត ក៏បានសម្តែងនូវការព្រួយកង្វល់ដែរ។
លោកស្រី Amy Klobuchar បានថ្លែងថា៖ «ខ្ញុំមានការព្រួយកង្វល់យ៉ាងខ្លាំងថា ប្រធានាធិបតីនេះបានប្រើកម្លាំងមិនសមាមាត្រហើយនឹងធ្វើការសម្រេចដែលនឹងធ្វើឲ្យជម្លោះនេះរីកកាន់តែធំឡើង»។
លោក Pete Buttigieg ជាបេក្ខជនខាងគណបក្សប្រជាធិបតេយ្យម្នាក់ទៀតនិងជាអតីតអភិបាលក្រុង South Bendនៃរដ្ឋ Indiana បានថ្លែងអំពីការវាយប្រហារនោះក្នុងអំឡុងនៃការពិភាក្សាជាសាធារណៈនៅក្នុងរដ្ឋ Iowa។
លោកបានថ្លែងថា៖«ការមានតួនាទីជាមេដឹកនាំសាកលលោក មិនមានន័យថា ត្រូវប្រើកម្លាំងយោធាគ្រប់បញ្ហានោះទេ។ ការណ៍នេះ មានន័យថា ត្រូវប្រើប្រាស់រាល់មធ្យោបាយនានាដូចជា ការទូត សេដ្ឋកិច្ច សង្គម ព័ត៌មានហើយប្រើកម្លាំងយោធា នៅពេលចាំបាច់បំផុតដើម្បីធ្វើឲ្យប្រាកដថា ផលប្រយោជន៍របស់យើង ត្រូវបានការពារហើយតម្លៃដែលយើងបានចែករំលែកជាមួយមនុស្សជាតិទាំងមូលត្រូវបានគេគោរពនិងផ្សព្វ ផ្សាយទូទាំងពិភពលោក»។
នៅឯសេតវិមានកាលពីថ្ងៃអង្គារ លោកប្រធានាធិបតីត្រាំ ជាថ្មីម្តងទៀត បានការពារ ការសម្រេចរបស់លោកស្តីពីការសម្លាប់ឧត្តមសេនីយ៍ Soleimani នេះ។ លោកប្រធានាធិបតីត្រាំ បានថ្លែងថា៖ «ជននោះត្រូវបានគេហៅថា មនុស្សអាក្រក់ហើយជននោះ ជាមនុស្សអាក្រក់បំផុត។ហើយ ជននោះ លែងជាមនុស្សអាក្រក់ទៀតហើយ។ជននោះ បានស្លាប់ហើយ ហើយនេះជារឿងល្អយ៉ាងខ្លាំងបំផុតសម្រាប់ប្រទេសជាច្រើន»។
ការផ្តោតការយកចិត្តទុកដាក់លើប្រទេសអ៊ីរ៉ង់ កើតមានឡើងនៅពេលដែលយុទ្ធនា ការឃោសនាបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ បានក្តៅគគុកឡើង តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលការបោះឆ្នោតលើកដំបូងដែលត្រូវធ្វើឡើងនៅក្នុងការបោះឆ្នោតបថមជ្រើសរើសបេក្ខជនប្រធានាធិបតីនៅថ្ងៃទី៣ ខែកុម្ភៈ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន