នៅពេលមិនដល់មួយខែផងមុនការបោះឆ្នោត Caucus នៅក្នុងរដ្ឋ Iowa ដែលជាការប្រកួតប្រជែងលើកទីមួយនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីជ្រើសរើសបេក្ខជនខាងគណបក្សប្រជាធិបតេយ្យជាគូប្រជែងនឹងលោកប្រធានាធិបតីអាមេរិក Donald Trump កំពុងមានភាពខ្លាំងក្លា។
បេក្ខជនមានអំបូរ Latino តែម្នាក់គត់នៅក្នុងការប្រកួតប្រជែងនេះគឺលោកអតីតអភិបាលក្រុង Julian Castro បានដកខ្លួនថយចេញពីការប្រកួតប្រជែងនេះកាលពីថ្ងៃព្រហស្បតិ៍ទីពីរខែមករា ស្របពេលដែលតួលេខនៃការអង្គាសប្រាក់ថ្មីៗបង្ហាញថាបេក្ខភាពរបស់លោក Bernie Sanders មានភាពខ្លាំងក្លាជាងការរំពឹងទុកពីមុន។
ឆ្នាំបោះឆ្នោត២០២០ចាប់ផ្តើមជាមួយការចាកចេញរបស់បេក្ខជនម្នាក់ទៀត។
លោក Julian Castro ដែលជាអតីតមន្ត្រីនៃរដ្ឋបាលលោក Obama ជាបេក្ខជនអំបូរ Latino តែម្នាក់គត់ដែលបានឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី ដោយលោកបានកត់សម្គាល់អ្វីដែលលោកឃើញថាជាការខ្វះភាពចម្រុះគ្នាក្នុងចំណោមពួកបេក្ខជនខាងគណបក្សប្រជាធិបតេយ្យនៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងកាលពីឆ្នាំទៅមិញ។
លោក Julian Castro និយាយថា៖ «ខ្ញុំមិនគិតថា ដោយសារនរណាម្នាក់ជាមនុស្សមិនមែនជាជនស្បែកស នោះគួរត្រូវជាប់ឆ្នោតជាប្រធានាធិបតីទេ។ អ្វីដែលខ្ញុំមានជំនឿគឺថា ប្រសិនបើលោកអ្នកមានមនុស្ស៧ឬ៨ឬ៩នាក់នៅលើវេទិកានៃការជជែកដេញដោលគ្នា ហើយយើងជាគណបក្សមួយនៃភាពចម្រុះ នោះការណ៍នេះប្រហែលអាចជាអ្វីដែលឆ្លុះបញ្ចាំងឱ្យឃើញនៅលើវេទិកានៃការជជែកដេញដោលគ្នា»។
ការដកបេក្ខភាពរបស់លោក Castro ខ្លួនឯង បណ្តាលមកពីតួលេខនៃការស្ទង់មតិទាប។ ក៏ប៉ុន្តែនៅតែមានបេក្ខជនប្រធានាធិបតី១៤នាក់ទៀតប្រកួតប្រជែងគ្នាដើម្បីទទួលការតែងតាំងជាបេក្ខជនគណបក្សប្រជាធិបតេយ្យជាគូប្រជែងនឹងលោកប្រធានាធិបតី Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ នៅក្នុងចំណោមពួកបេក្ខជននាំមុខគេ លោក Bernie Sanders សមាជិកព្រឹទ្ធសភាដែលមានបញ្ហាគាំងបេះដូងកាលពីចុងឆ្នាំទៅមិញ មិនបានបន្ថយការឃោសនាបោះឆ្នោតរបស់លោកទេ។
តួលេខនៃការអង្គាសប្រាក់ថ្មីៗបំផុតបង្ហាញថា លោក Sanders អង្គាសប្រាក់បានច្រើនជាងគេក្នុងឋានៈលោកជាបេក្ខជនខាងគណបក្សប្រជាធិបតេយ្យដោយបានទទួលប្រាក់ ៣៤លាន ៥សែនដុល្លារក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០១៩។ ក៏ប៉ុន្តែលោកជាសមាជិកម្នាក់នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកក្នុងចំណោមបណ្តាពួកសមាជិកមួយចំនួន ដែលរង់ចាំមើលថាតើពួកគេនឹងត្រូវដកខ្លួនពីការឃាសនាបោះឆ្នោតក្នុងខែមករា ដើម្បីចូលរួមក្នុងការកាត់ក្តីស្តីពីការចោទប្រកាន់ដកតំណែងលោក Trump នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកឬយ៉ាងណា។
លោក Cory Booker ដែលជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនិយាយថា៖ «ការឃោសនាបោះឆ្នោតមានភាពបន្ទាប់បន្សំ បើប្រៀបធៀបនឹងសម្បថដ៏ពិសិដ្ឋដែលខ្ញុំបានស្បថស្បែថា ការពាររដ្ឋធម្មនុញ្ញ។ ប្រសិនបើយើងធ្វើអ្វីដើម្បីដកតំណែងប្រធានាធិបតីឋិតក្នុងអំណាច ខ្ញុំនឹងនៅទីនោះ ខ្ញុំនឹងផ្តោតការយកចិត្តទុកដាក់ ហើយខ្ញុំនឹងធ្វើការងាររបស់ខ្ញុំ»។
ការចោទប្រកាន់ដកតំណែងលោក Trump ក៏បានធ្វើឱ្យលោក Joe Biden ដែលជាបេក្ខជននាំមុខគេខាងគណបក្សប្រជាធិបតេយ្យទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ លោកប្រធានាធិបតី Trump បានអំពាវនាវឱ្យលោក Biden ផ្ដល់សក្ខីកម្មនៅក្នុងការកាត់ក្តីដកលោកពីតំណែងអំពីការទាក់ទិនរបស់កូនលោកនៅក្នុងក្រុមហ៊ុនឧស្ម័នអ៊ុយក្រែនមួយ ដែលជាវិធានការមួយអាចដកការយកចិត្តទុកដាក់ពីការចោទប្រកាន់ដែលថា លោក Trump បានរំលោភអំណាច។
លោកអតីតប្រធានាធិបតី Biden បានមានប្រសាសន៍ថា លោកនឹងគោរពតាមបញ្ជាតុលាការ ប្រសិនបើពួកសាធារណរដ្ឋអំពាវនាវឱ្យលោកផ្ដល់សក្ខីកម្ម។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍បន្ថែមថា លោកមិនគិតថា លោកជាសាក្សីទេ។
លោក Biden មានប្រសាសន៍ថា៖ «ខ្ញុំមិនបានដឹងផ្ទាល់ទេ។ គ្មានមូលដ្ឋានអ្វីសម្រាប់ការណ៍នេះទេ»។
លោក Biden នៅតែជាអ្នកនាំមុខគេនៅក្នុងការស្ទង់មតិថ្នាក់ជាតិនៅមុនការបោះឆ្នោតបឋមក្នុងរដ្ឋ Iowa នៅថ្ងៃទី៣ខែកុម្ភៈ។ បេក្ខជនឯទៀតៗមានលោក Sanders លោកស្រី Elizabeth Warren សមាជិកាព្រឹទ្ធសភាសហរដ្ឋអាមេរិក និងលោក Pete Buttgieg ដែលបានបញ្ចប់អាណត្តិរបស់លោកជាអភិបាលក្រុង South Bend រដ្ឋ Indiana កាលពីថ្ងៃពុធទី១ ខែមករាដើម្បីផ្តោតការយកចិត្តទុកដាក់លើការឃោសនាបោះឆ្នោត។ ពួកបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនឹងជួបគ្នានៅលើវេទិកាជជែកដេញដោលគ្នានៅថ្ងៃទី១៤ខែមករានេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ