ប្រធានាធិបតី Biden ថាលោក «មិនងាករេដាច់ខាត»ពីការសម្រេចចិត្តដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា លោក «មិនងាករេដាច់ខាត» ពីសេចក្តីសម្រេចរបស់លោកក្នុងការដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងការថ្លែងជាសាធារណៈជាលើកដំបូងចាប់តាំងពីក្រុមឧទ្ទាមតាលីបង់ដណ្តើមបានការគ្រប់គ្រងប្រទេសនៅអាស៊ីខាងត្បូងមួយនេះបានទាំងស្រុងមក។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ពីសេតវិមាន ទៅកាន់ប្រទេសជាតិអាមេរិក លោក Biden បញ្ជាក់ថា បេសកកម្មអាមេរិកនៅអាហ្វហ្គានីស្ថាន «មិនដែលមានបំណងដើម្បីកសាងប្រទេសជាតិនោះទេ» ហើយការគំរាមកំហែងពីភេរវកម្មដែលជាកត្តានាំឲ្យសហរដ្ឋអាមេរិកមានវត្តមាននៅអាហ្វហ្គានីស្ថាននោះ ឥឡូវបានរីកសាយហួសពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ប្រទេសផ្សេងៗទៀតទៅហើយ។
លោកប្រធានាធិបតីអាមេរិកក៏បានទទួលស្គាល់ថា ការដួលរលំនៃរដ្ឋាភិបាភិបាលអាហ្វហ្គានីស្ថាននិងជ័យជម្នះរបស់ក្រុមតាលីបង់នៅទូទាំងប្រទេសនេះ បានកើតឡើង«លឿនជាងការរំពឹងទុករបស់យើង»។
សហរដ្ឋអាមេរិកនឹងរក្សាវត្តមានការទូតនៅអាកាសយានដ្ឋានកាប៊ុលដរាបណាមានសុវត្ថិភាព
សហរដ្ឋអាមេរិកនឹងរក្សាវត្តមានការទូតនៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល ខណៈពន្លឿនការជម្លៀសជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលមានសិទ្ធិទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេស និងពង្រីកលទ្ធភាពទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលធ្វើការឱ្យទីភ្នាក់ងារព័ត៌មានអាមេរិកនិងអង្គការក្រៅរដ្ឋាភិបាល។
កាលពីថ្ងៃច័ន្ទក្រសួងការបរទេសអាមេរិកក៏បានស្នើឱ្យជនជាតិអាមេរិកជ្រកកោននៅនឹងកន្លែងនិងកុំធ្វើដំណើរទៅអាកាសយានដ្ឋានក្រុងកាប៊ុល។ ស្ថានការណ៍សន្តិសុខ ដែលកាន់តែយ៉ាប់យ៉ឺននៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានជំរុញឱ្យជនស៊ីវិលសម្រុកទៅអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីកាប៊ុល។
ប្រជាជនអាហ្វហ្គានីស្ថានជាង ៦០០ នាក់ប្រជ្រៀតគ្នាជិះយន្ដហោះអាមេរិកចាកចេញពីកាប៊ុល
ប្រជាជនអាហ្វហ្គានីស្ថានជាង ៦០០ នាក់ ដែលមានទាំងបុរស ស្ត្រី និងកុមារ បានប្រជ្រៀតគ្នាជិះយន្ដហោះយោធារបស់សហរដ្ឋអាមេរិកចាកចេញពីរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីរដ្ឋធានីនេះត្រូវបានដណ្ដើមគ្រប់គ្រងទាំងស្រុងដោយក្រុមតាលីបង់។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមហ៊ុនផលិតយន្ដហោះប៊ូអ៊ីង (Boeing) បានឱ្យដឹងថា យន្ដហោះរបស់ខ្លួនប្រភេទ C-17 Globemaster III នេះ ជាទូទៅអាចដឹកអ្នកដំណើរបានត្រឹមតែ ១៣៤ នាក់ប៉ុណ្ណោះ ដោយមានកៅអីអង្គុយសងខាងសម្រាប់អ្នកដំណើរចំនួន ៥៤ នាក់ និងអាចឱ្យអ្នកដំណើរអង្គុយលើកម្រាលបានចំនួន ៨០ នាក់ទៀត។
សុន្ទរកថាលោក Biden អំពីអាហ្វហ្គានីស្ថានមានប្រតិកម្មចម្រុះ
លោក Kevin McCarthy មេដឹកនាំគណបក្សសាធារណរដ្ឋនៅរដ្ឋសភាថ្លែងថា «បន្ទាប់ពីស្ងៀមស្ងាត់រយៈពេល ៦ ថ្ងៃ ទីបំផុតលោកប្រធានាធិបតីនិយាយអំពីគោលនយោបាយការបរទេស មហន្តរាយបំផុតជាច្រើនទសវត្សរ៍មកនេះ។ សុន្ទរកថារបស់លោកមិនបានឆ្លើយតបនឹងសំណួរអំពីការដកកងទ័ពដ៏គ្រោះថ្នាក់ដែលមិនបានការពារពលរដ្ឋអាមេរិក ធ្វើឱ្យទ័ពអាមេរិករាប់ពាន់នាក់ប្រឈមគ្រោះថ្នាក់និងបង្កើនការគំរាមកំហែងភេរវកម្មនៅជុំវិញពិភពលោកនោះទេ»។
ប៉ុន្តែលោកស្រី Nancy Pelosi ប្រធានរដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យថ្លែងថា«លោកប្រធានាធិបតីត្រូវបានគេកោតសរសើរចំពោះការដឹកនាំដ៏រឹងមាំរបស់លោកនិងផ្តោតជាពិសេសបញ្ចប់ការពាក់ព័ន្ធរបស់យោធាអាមេរិកនៅអាហ្វហ្គានីស្ថាន»។