ក្រោយការដកទ័ពអស់ លោក Biden នៅតែការពារការសម្រេចរបស់លោកក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានថ្លែងការពារជាថ្មីនូវសេចក្តីសម្រេចរបស់លោកក្នុងការបញ្ចប់សង្គ្រាមរយៈពេលពីរទសវត្សរ៍របស់អាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយលោកថ្លែងថា៖ «ខ្ញុំប្តេជ្ញាថានឹងមិនបន្តអូសបន្លាយសង្គ្រាមដែលមិនចេះចប់នេះទេ ហើយខ្ញុំក៏នឹងមិនបន្តអូសបន្លាយការដក[ទ័ព]ចេញដែលមិនចេះចប់នេះដែរ»។
ថ្លែងទៅកាន់ប្រទេសជាតិពីសេតវិមាន លោក Biden ថា៖ «កាលពីយប់មិញ សហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។ លោកថ្លែងបន្ថែមថា នេះគឺជាសង្គ្រាមយូរបំផុតរបស់សហរដ្ឋអាមេរិក។
លោក Biden នឹងថ្លែងទៅកាន់ប្រជាជាតិបន្ទាប់ពីសហរដ្ឋអាមេរិកបញ្ចប់សង្គ្រាមជាផ្លូវការនៅអាហ្វហ្គានីស្ថាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងថ្លែងទៅកាន់ប្រជាជាតិនៅថ្ងៃអង្គារនេះ បន្ទាប់ពីកងទ័ពអាមេរិកចុងក្រោយបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចប់សង្គ្រាមពីរទសវត្សរ៍ជាផ្លូវការនៅទីនោះ។
សហរដ្ឋអាមេរិកបញ្ចប់បេសកកម្មដកកងយោធារបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន ក្រោយសង្គ្រាមរយៈពេល ២០ ឆ្នាំ
សហរដ្ឋអាមេរិកបានបញ្ចប់ការដកកងយោធារបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ទី៣០ ខែសីហា ដែលនេះជាការបញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំនៅក្នុងប្រទេសនេះ ហើយក្រុមសកម្មប្រយុទ្ធតាលីបង់ត្រឡប់មកកាន់អំណាចនៅអាហ្វហ្គានីស្ថានជាថ្មីទៀត។
មានការបាញ់កាំភ្លើងឡើងទៅលើមេឃនៅក្នុងរដ្ឋធានីកាប៊ុល បន្ទាប់ពីសហរដ្ឋអាមេរិកបានដកកងយោធាចុងក្រោយរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយបញ្ចប់នូវសង្គ្រាមរយៈពេលយូរបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ៕
មន្ត្រីអាមេរិកនិងតាលីបង់៖ យោធាអាមេរិកចុងក្រោយនៅអាហ្វហ្គានីស្ថានត្រូវបានដកចេញអស់ហើយ
យោធារបស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់បញ្ឈរជើងរយៈពេលពីរទសវត្សរ៍កន្លងមកនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានដកចេញអស់ហើយ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិកនិងក្រុមតាលីបង់។
លោកឧត្តមសេនីយ៍ Frank McKenzie មេបញ្ជាការបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ថ្លែងថា នៅមានពលរដ្ឋអាមេរិកាំងក្នុងចំនួនប៉ុន្មានរយនាក់ទៀតកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ ហើយលោកជឿថាពួកគេនឹងនៅអាចចាកចេញពីប្រទេសនេះបាន។