ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្ដូរទីតាំងរបស់ក្រុមហ៊ុនចិនទៅសិង្ហបុរីរងការរិះគន់ថាកុំឱ្យឃើញពាក់ព័ន្ធនឹងចិន


រូបឯកសារ៖ ស្លាកយីហោ​នៃ​ក្រុមហ៊ុន ByteDance ត្រូវបានឃើញនៅ​ក្នុង​មជ្ឈមណ្ឌលតាំងពិព័រណ៍​មួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ស្លាកយីហោ​នៃ​ក្រុមហ៊ុន ByteDance ត្រូវបានឃើញនៅ​ក្នុង​មជ្ឈមណ្ឌលតាំងពិព័រណ៍​មួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ដោយ​មាន​លំហូរ​ចូល​កាន់តែ​ច្រើន​នៃ​ការ​វិនិយោគ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ប្រទេស​សិង្ហបុរី​បាន​ក្លាយជា​ទីតាំង​លំដាប់​កំពូល​ថ្មី​មួយ​សម្រាប់​អាជីវកម្ម​របស់​ប្រទេស​ចិន។ ទោះបីជា​អាជីវកម្ម​ទាំង​នោះ​បាន​ជួយ​ជំរុញ​ទៅមុខ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក៏ដោយ ក៏​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ពេញចិត្ត​នោះ​ឡើយ។

នៅ​កម្រិត​ផ្លូវការ ទំនាក់ទំនង​រវាង​សិង្ហបុរី​និង​ចិន​នេះ​កំពុង​មាន​ភាព​រីកចម្រើន។ កាលពី​ដើម​ខែ​កុម្ភៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​លើក​សរសើរ​អំពី​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​សិង្ហបុរី​ដែល​មាន​វត្តមាន​ចូលរួម​ប្រហែល ២០០ នាក់​ពី​មេដឹកនាំ​អាជីវកម្ម​សិង្ហបុរី​និង​ចិន​និង​អ្នក​តាក់តែង​គោលនយោបាយ​នានា ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម ការ​លើកកម្ពស់​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា និង​ការ​គាំទ្រ​ចំពោះ​សន្ធានកម្ម​និង​មជ្ឈត្តការ។

ទោះបីជា​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ចិន​ផ្តោត​លើ​សារៈសំខាន់​នៃ​ទីផ្សារ​ចិន​ចំពោះ​ប្រទេស​សិង្ហបុរី​ក៏ដោយ ក៏​សិង្ហបុរី​បាន​ទាក់ទាញ​ក្រុមហ៊ុន​ដែល​ផ្តល់​មូលនិធិ​ដោយ​បរទេស​ជាច្រើន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុមហ៊ុន​ចិន​ផងដែរ ហើយ​នៅ​ឆ្នាំ ២០២២ សិង្ហបុរី​បាន​វ៉ា​ដាច់​ទីក្រុង​ហុងកុង​ក្នុង​ការ​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​កំពូល​នៅ​អាស៊ី​និង​ធំ​បំផុត​ទី ៣ នៅ​លើ​ពិភពលោក។

សារព័ត៌មាន Financial Times បាន​រាយការណ៍​ថា អ្នក​តាមដាន​ជំនួញ​បាន​ប៉ាន់ស្មាន​ថា ក្រុមហ៊ុន​ចិន​រាប់​រយ​បាន​ផ្លាស់ទី​ដោយ​ស្ងាត់ៗ​ទៅ​ប្រទេស​សិង្ហបុរី ឬ​បាន​ចុះបញ្ជី​នៅ​ទីនោះ​នៅ​ចន្លោះ​ខែ​វិច្ឆិកា ឆ្នាំ ២០២១ និង​ខែ​វិច្ឆិកា ឆ្នាំ ២០២២។ កាសែត​នេះ​បាន​កត់សម្គាល់​ថា ចំនួន​ក្រុមហ៊ុន​ចិន​ពិតប្រាកដ​ដែល​បាន​បង្កើត​ឡើង​គឺ​មិន​ច្បាស់​ថា​មាន​ចំនួន​ប៉ុន្មាន​នោះទេ ដោយសារ​តែ​សិង្ហបុរី​មិន​បាន​បង្ហាញ​ប្រភព​ប្រទេស​នៅ​ក្នុង​ស្ថិតិ​សាធារណៈ​របស់​ខ្លួន។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​កាន់តែ​ច្រើន​ដូចជា​ក្រុមហ៊ុន Alibaba ក្រុមហ៊ុន ByteDance ក្រុមហ៊ុន Huawei ក្រុមហ៊ុន Kuaishou ក្រុមហ៊ុន China Telecom និង​ក្រុមហ៊ុន China Mobile ជាដើម បាន​វិនិយោគ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​លើ​ផ្នែក​មជ្ឈមណ្ឌល​ទិន្នន័យ​និង​បន្ទប់​ពិសោធន៍។

ក្រុមហ៊ុន Guide Me Singapore ដែល​ជា​បុត្រសម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Hawksford ដែល​ផ្តល់​សេវាកម្ម​ចុះបញ្ជី​អាជីវកម្ម​និង​សេវាកម្ម​គាំទ្រ​ផ្សេងៗ បាន​បញ្ជាក់​ថា សិង្ហបុរី​ជាប់​ចំណាត់ថ្នាក់​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​កំពូល​នៅ​ក្រៅ​តំបន់ Silicon Valley របស់​សហរដ្ឋ​អាមេរិក ដោយ​ក្រុមហ៊ុន ៨០ ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា ១០០ របស់​ពិភពលោក​មាន​ទីស្នាក់ការ​នៅ​ទីនោះ។

រូបឯកសារ៖ ស្លាកយីហោ​ក្រុមហ៊ុនបច្ចេកវិទ្យាចិន Alibaba នៅមុខ​ការិយាល័យ​ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពិថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ ស្លាកយីហោ​ក្រុមហ៊ុនបច្ចេកវិទ្យាចិន Alibaba នៅមុខ​ការិយាល័យ​ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពិថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

ទោះបីជា​អាជីវកម្ម​ត្រូវបាន​គេ​ស្វាគមន៍​ក៏ដោយ ក៏​អ្នក​រិះគន់​បាន​និយាយ​ថា លំហូរ​ចូល​នៃ​ដើមទុន​យ៉ាង​ច្រើន​របស់​ចិន​បាន​បណ្ដាល​ឱ្យ​មាន​ការ​កើនឡើង​នូវ​សកម្មភាព​ខុស​ច្បាប់​នៅ​ប្រទេស​សិង្ហបុរី ដែល​នេះ​គឺ​បង្ហាញ​ឱ្យ​ឃើញ​អំពី​បញ្ហា​នៃ​វិធានការ​គ្រប់គ្រង​របស់​ប្រទេស​នេះ។

អ្នកស្រី Aya Adachi នាយក​អង្គការ Mapping China បាន​ប្រាប់ VOA ថា ប្រទេស​សិង្ហបុរី​បាន​បង្ហាញ​នូវ​ស្ថាប័ន​សាជីវកម្ម​ថ្មី​មួយ​នៅ​ឆ្នាំ ២០២០ ដែល​មាន​ឈ្មោះ​ថា Variable Capital Company (VCC) ដែល​មាន​បំណង​ទាក់ទាញ​ទ្រព្យសកម្ម​របស់​អ្នក​គ្រប់គ្រង​មូលនិធិ​និង​ការិយាល័យ​គ្រួសារ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ដែន​យុត្តាធិការ​ដែល​បង់​ពន្ធ​ទាប​ដូចជា​កោះ Cayman Islands និង​ប្រទេស​លុចសំបួ​ជាដើម។

អ្នកស្រី Adachi ដែល​អង្គការ​របស់​អ្នកស្រី​ឃ្លាំមើល​កិច្ចការ​បរទេស​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន បាន​ថ្លែង​ថា៖ «ការ​ផ្លាស់ប្តូរ​បរិយាកាស​បទបញ្ញត្តិ​របស់​សិង្ហបុរី​បាន​ទាក់ទាញ​សកម្មភាព​ខុស​ច្បាប់​របស់​ចិន​កាន់តែ​ច្រើន។ ប៉ុន្តែ​ជាក់ស្តែង នោះ​មិនមែន​ជា​ចេតនា​របស់​រដ្ឋាភិបាល​សិង្ហបុរី​តាំងពី​ដំបូង​នោះទេ»។

អ្នកស្រី Maíra Martini អ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវ​និង​គោលនយោបាយ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​ជា​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ បាន​ប្រាប់​សារព័ត៌មាន Financial Times ថា ហានិភ័យ​របស់​ស្ថាប័ន VCC គឺ​ថា ពួកគេ «ជាធម្មតា​ដំណើរការ​ដូច​ប្រអប់​ខ្មៅ​អ៊ីចឹង» ហើយ «អាច​មាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​ឧក្រិដ្ឋជន​ពុករលួយ​និង​ឧក្រិដ្ឋជន​ដទៃ​ទៀត»។

សារព័ត៌មាន Straits Times របស់​សិង្ហបុរី​បាន​រាយការណ៍​ថា កាលពី​ខែសីហា​ឆ្នាំ​មុន សិង្ហបុរី​បាន​រក​ឃើញ​ករណី​លាង​លុយ​កខ្វក់​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​សាច់​ប្រាក់​និង​ទ្រព្យ​សកម្ម​ចំនួន ៣ ពាន់​លាន​ដុល្លារ ហើយ​ជន​សង្ស័យ​ចំនួន ១០ នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​គឺជា​ជនជាតិ​ចិន។

នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​នៅ​លើ​វេបសាយ​ព័ត៌មាន Asia Sentinel កាលពី​ដើម​ខែ​កុម្ភៈ លោក Andy Wong Ming Jun បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​ប្រើប្រាស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​មើលទៅ​ដូចជា​មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ដែល​នេះ​ជា​ដំណើរការ​ដែល​គេ​ហៅ​ថា «ការ​លាង​ក្រុមហ៊ុន​នៅ​សិង្ហបុរី ឬ Singapore Washing»។

លោក​បាន​សរសេរ​ថា រឿង​នេះ​កំពុង​បង្ក​ផលវិបាក​ខាង​ការទូត​និង​កេរ្តិ៍ឈ្មោះ​សម្រាប់​សិង្ហបុរី «ខណៈ​ដែនទឹក​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន​និង​ក្រុម​បស្ចិម​ប្រទេស ជា​ពិសេស​សហរដ្ឋ​អាមេរិក កាន់តែ​មាន​ភាព​ច្របូកច្របល់»។

កម្មវិធី​ចែក​ផ្សាយ​វីដេអូ​តាម​អនឡាញ TikTok បាន​ប្តូរ​ទីស្នាក់ការ​កណ្តាល​នៅ​អាស៊ី​របស់​ខ្លួន​ពី​ទីក្រុង​ប៉េកាំង​ទៅកាន់​ប្រទេស​សិង្ហបុរី នៅ​ចំ​ពេល​ដែល​មាន​ការ​កើនឡើង​នូវ​ការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន Bytedance ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ខ្លួន​នៅ​ប្រទេស​ចិន និង​ចំ​ពេល​ដែល​មាន​សំណួរ​ថា​តើ TikTok អាច​ការពារ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ពី​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ចិន​ដែរ​ឬ​ក៏​អត់។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ខ្លះ​ជឿ​ថា ការ​រិះគន់​រឿង​លាង​ក្រុមហ៊ុន​នៅ​សិង្ហបុរី​នេះ​មាន​ចេតនា​សម្លឹង​មើល​ការ​វិនិយោគ​របស់​ចិន​ដោយ​ការ​លាប​ពណ៌។

លោក Tan Khee Giap ប្រធាន​គណៈកម្មាធិការ​ជាតិ​សិង្ហបុរី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក (Singapore National Committee for Pacific Economic Cooperation) បាន​លើកឡើង​ថា ក្រុមហ៊ុន​ពហុជាតិ​របស់​អឺរ៉ុប​និង​អាមេរិក​ក៏​បាន​មក​វិនិយោគ​នៅ​ប្រទេស​សិង្ហបុរី​ផងដែរ ប៉ុន្តែ​មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​រឿង​លាង​ក្រុមហ៊ុន​នៅ​សិង្ហបុរី​នេះទេ។ ហើយ​ការ​ចោទ​ប្រកាន់​នេះ​ក៏​មិន​បាន​ធ្វើ​ឡើង​ចំពោះ​ក្រុមហ៊ុន​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ដែល​បាន​ប្តូរ​ទីស្នាក់ការ​កណ្តាល​ក្នុង​តំបន់​របស់​ពួកគេ​ទៅ​សិង្ហបុរី​ដែរ។

លោក​បាន​សួរ​ថា ហេតុអ្វី​បាន​ជា​កំណត់​យក​តែ​ប្រទេស​ចិន​ជា​គោលដៅ?។ លោក​បាន​បញ្ជាក់​ថា ហេតុផល​គឺ «ដោយសារតែ​ចិន​អាច​មាន​ប្រព័ន្ធ​នយោបាយ​និង​គុណតម្លៃ​ខុស​ពី​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក»។

អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សិង្ហបុរី​លោក Walter Woon យល់ស្រប​ចំពោះ​ការ​លើកឡើង​បែប​នេះ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ពិត​ណាស់ នឹង​មាន​មនុស្ស​មួយ​ចំនួន​ប្រើប្រាស់​សិង្ហបុរី​ជា​មូលដ្ឋាន ប៉ុន្តែ​វា​មិន​កំណត់​ចំពោះ​តែ​ជនជាតិ​ចិន​នោះទេ។ ដូច​ប្រទេស​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ផងដែរ តួយ៉ាង​ដូចជា​ប្រទេស​ស្វីស​ជាដើម អ្នក​នឹង​រក​ឃើញ​ក្រុម​ជាក់លាក់​មួយ​ចំនួន​ជា​មិនខាន។ សូម្បីតែ​សហរដ្ឋ​អាមេរិក​ក៏​មិន​អាច​គេច​ពី​មនុស្ស​ទុច្ចរិត​ដែល​បង្កើត​និង​ប្រើ​អាមេរិក​ជា​មូលដ្ឋាន​បាន​ដែរ»។

អ្នកស្រី Adachi នៃ​អង្គការMapping China បាន​និយាយ​ថា សិង្ហបុរី​ចង់​រក្សា​នូវ​រូបភាព​អព្យាក្រឹត​ផ្នែក​នយោបាយ ខណៈ​ដែល​កំពុង​ប្រឹងប្រែង​បញ្ឈប់​ការ​កើនឡើង​នៃ​សកម្មភាព​ឧក្រិដ្ឋកម្ម​ពី​ប្រទេស​ចិន ដែល​ករណី​នេះ​អាច​បង្ខំ​សិង្ហបុរី​ឱ្យ​ផ្លាស់ប្តូរ​ទិសដៅ​របស់​ខ្លួន។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ក្នុង​កម្រិត​ខ្លះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​សិង្ហបុរី​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​សកម្មភាព​ខុស​ច្បាប់​របស់​ជនជាតិ​ចិន​ទាំងនេះ​មិន​ឱ្យ​កើតឡើង។ ហើយ​ការ​ធ្វើ​បែប​នេះ​អាច​នឹង​ផ្ទុយ​ពី​គំនិត​នៃ​ការ​រក្សា​ឱ្យ​បាន​នូវ​បរិយាកាស​បទបញ្ញត្តិ​មួយ​ដែល​មាន​ភាព​សេរី​និង​មិន​សូវ​មាន​ភាព​ស្មុគស្មាញ»៕

នាង Adrianna Zhang រាយការណ៍បន្ថែម​លើសេចក្តីរាយការណ៍នេះ។

XS
SM
MD
LG