ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បព្វជិត​ឥស្លាម​កំពូលៗ​នៅ​ឥណ្ឌូនេស៊ី​ថា​ពួកគេ​មិន​បាន​រង​ឥទ្ធិពល​ចិន​រឿង​ជាតិ​សាសន៍ Uighur ទេ


Muslim protesters rally outside China's embassy in Jakarta, Indonesia, Friday, Dec. 21, 2018. Several hundred protesters chanted "God is Great" and "Get out, communist!" outside China's embassy in the Indonesian capital, demanding an end to mass…
Muslim protesters rally outside China's embassy in Jakarta, Indonesia, Friday, Dec. 21, 2018. Several hundred protesters chanted "God is Great" and "Get out, communist!" outside China's embassy in the Indonesian capital, demanding an end to mass…

អង្គការ​បព្វជិត​ឥស្លាម​កំពូល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ច្រាន​ចោល​សេចក្ដី​រាយការណ៍​ដែល​​ថា អង្គការ​ឥស្លាម​នៅ​​ឥណ្ឌូនេស៊ី​ទទួល​បាន​ការ​ឧបត្ថម្ភ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​ផ្សេងៗ​ទៀត ជា​ថ្នូរ​នឹង​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ចំពោះ​ទង្វើ​របស់​ចិន​លើ​ជាតិ​សាសន៍ Uighur។

អង្គការ​បព្វជិត​ឥស្លាម​កំពូល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ច្រាន​ចោល​សេចក្ដី​រាយការណ៍​របស់​កាសែត The Wall Street Journal ដែល​រាយការណ៍​ថា អង្គការ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ទទួល​បាន​ការ​ឧបត្ថម្ភ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​ផ្សេងៗ​ទៀត ជា​ថ្នូរ​នឹង​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ចំពោះ​ទង្វើ​របស់​ចិន​លើ​ជាតិ​សាសន៍ Uighur។

លោក Muhyidin Junaidi ដែល​ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រុម​ប្រឹក្សា​បព្វជិត​ឥស្លាម​ឥណ្ឌូនេស៊ី បាន​និយាយ​ថា៖ «ការ​ចោទ​ប្រកាន់​ថា​អង្គការ​ឥស្លាម​ទទួល​បាន​មូលនិធិ​យ៉ាង​ធំ​នោះ គឺ​ជា​រឿង​ឈឺ​ចាប់​ណាស់ និង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​របស់​ពួក​យើង។ វា​ដូច​ជា​ការ​សម្លាប់​កេរ្តិ៍​ឈ្មោះ​អីចឹង»។

លោក Muhyidin ដែល​ធ្លាប់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ដែល​មាន​ការ​ឧបត្ថម្ភ​ដោយ​ចិន​ទៅ​កាន់​ខេត្ត Xinjiang ប្រទេស​ចិន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៩ បាន​ប្រាប់ VOA ភាសា​ឥណ្ឌូនេស៊ី​តាម​ទូរស័ព្ទ​ថា៖ «គេ​មិន​អាច​ប្រើ​លុយ​ដើម្បី​ទិញ​ពួក​យើង​បាន​ទេ។ ពួក​យើង​មាន​ភាព​ម៉ឺងម៉ាត់ និង​សុចរិត​ភាព​ខ្ពស់​ចំពោះ​ការពិត»។

បើ​យោង​តាម​សហព័ន្ធ​អន្តរជាតិ​នៃ​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត (International Consortium of Investigative Journalists) ដែល​ហៅ​កាត់​ថា ICIJ គេ​ឃើញ​ថា ចិន​កំពុង​ធ្វើ​យុទ្ធនាការ​ឃ្លាំ​មើល និង​បញ្ចូល​មនោគម​វិជ្ជា​នយោបាយ និង​វប្បធម៌​ទៅ​លើ​ជាតិ​សាសន៍ Uighur ជាតិ​សាសន៍ Kazakh និង​ជាតិ​សាសន៍​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត Xinjiang។

របាយការណ៍​ដើម

នៅ​ក្នុង​ការ​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ​មុន កាសែត The Wall Street Journal បាន​រាយការណ៍​ថា ក្នុង​កិច្ច​ខិត​ខំ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរជាតិ និង​ដើម្បី​បង្វិល​មតិ​សាធារណជន​ឲ្យ​មាន​លក្ខណៈ​វិជ្ជមាន ចិន​បាន​ផ្ដល់​មូលនិធិ​សម្រាប់​ការ​ធ្វើ​ទស្សនកិច្ច​របស់​ក្រុម​មេដឹកនាំ​សាសនា មេដឹកនាំ​សហគមន៍ និង​អ្នក​សារព័ត៌មាន​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​ទស្សនា​ខេត្ត Xinjiang។

រូបឯកសារ៖ ស្ត្រី​កាន់​សាសនា​ឥស្លាម​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ទូត​ចិន​ក្នុង​ទីក្រុង​ហ្សាការតា កាល​ពី​ខែ​ធ្នូ ២០១៩។
រូបឯកសារ៖ ស្ត្រី​កាន់​សាសនា​ឥស្លាម​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ទូត​ចិន​ក្នុង​ទីក្រុង​ហ្សាការតា កាល​ពី​ខែ​ធ្នូ ២០១៩។

កាសែត​នេះ​រាយការណ៍​ដូច្នេះ​ថា៖ «ដោយ​មាន​ការ​ជំរុញ​ក្នុង​លក្ខណៈ​ជា​ជំនួយ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ចិន​បាន​បង្អាក់​ការ​រិះគន់​របស់​ប្រទេស​ដែល​មាន​ប្រជាជន​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​ធ្វើ​លើ​ជាតិ​សាសន៍ Uighur ដែល​នេះ​ផ្ទុយ​ពី​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំងក្លា​ដែល​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក និង​បស្ចិម​ប្រទេស​ផ្សេង​ទៀត»។

កាសែត​ដដែល​នេះ​បាន​រាយការណ៍​បន្ថែម​អំពី​ការ​ប្រែប្រួល​នៃ​ការ​យល់​ឃើញ​របស់​ឥណ្ឌូនេស៊ី​អំពី​ទង្វើ​របស់​ចិន​ទៅ​លើ​ជាតិ​សាសន៍​ភាគ​តិច​កាន់​សាសនា​ឥស្លាម ចាប់​តាំង​ពី​មាន​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​មួយ​ចំនួន និង​បន្ទាប់​ពី​អាជ្ញាធរ​ចិន​បាន​បង្ហាញ​ជូន​ឲ្យ​ឃើញ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជាតិ​សាសន៍ Uighur មក។

ការ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ VOA កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់​ពី​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅ​ខេត្ត Xinjiang មក លោក Robikin Emhas ប្រធាន​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​អង្គការ Nahdlatul Ulema (NU) ដែល​ជា​អង្គការ​ឥស្លាម​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​មិន​បាន​ចាប់​ខ្លួន និង​ធ្វើ​ទុក្ខ​ទោស​ដល់​ជាតិ​សាសន៍ Uighur កាន់​សាសនា​ឥស្លាម​នោះ​ទេ។ លោក​ក៏​បាន​ច្រាន​ចោល​ផង​ដែរ​នូវ​ការ​លើក​ឡើង​ដែល​ថា មាន «ជំរំ​ឃុំ​ឃាំង» នៅ​ក្នុង​ខេត្ត Xinjiang។

លោក Emhas បាន​និយាយ​ដោយ​សង្កត់​ធ្ងន់​នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​ថា៖ «ខ្ញុំ​មិន​បាន​ឃើញ​ជំរំ​និរទេស និង​គុក ដូច​អ្វី​ដែល​សារព័ត៌មាន​បាន​លើក​ឡើង​នោះ​ទេ»។

គេ​បាន​ប៉ាន់​ប្រមាណ​ថា អាជ្ញាធរ​ចិន​បាន​ឃុំ​ឃាំង​ជាតិ​សាសន៍ Uighur កាន់​សាសនា​ឥស្លាម​រហូត​ដល់​ទៅ ១ លាន​នាក់ នៅ​ក្នុង​មណ្ឌល​ឃុំ​ឃាំង​ដែល​មាន​សភាព​ដូច​ជា​គុក។ ការ​ឃុំ​ឃាំង​នេះ​ជា​វិធានការ​បន្ថែម​ពី​លើ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​ឃ្លាំ​មើល​យ៉ាង​ទូលំ​ទូលាយ​ដោយ​អាជ្ញាធរ។

លោក Emhas និយាយ​ថា ប្រតិភូ​បាន​ទៅ​ទស្សនា​ក្រុង Hotan និង​ក្រុង Kashgar ក្នុង​ខេត្ត Xinjiang ដែល​នៅ​ទី​នោះ លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ជាតិ​សាសន៍ Uighur ប្រតិបត្តិ​តាម​ជំនឿ​សាសនា​របស់​ពួក​គេ។

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖ «យើង​នៅ​តែ​សង្ឃឹម​ថា សេរីភាព​ក្នុង​ការ​គោរព​សាសនា​ក៏​ភ្ជាប់​មក​ជាមួយ​នឹង​សេរីភាព​ក្នុង​ការ​ធ្វើ​ការ​បួង​សួង​នៅ​គ្រប់​កន្លែង និង​គ្រប់​ពេល​វេលា​ទាំង​អស់ ស្រប​ទៅ​តាម​ច្បាប់​នៃ​សាសនា​នីមួយៗ​ផង​ដែរ»។ លោក​បាន​បន្ថែម​ថា ការ​ប្រតិបត្តិ​ជំនឿ​សាសនា​គឺ​ជា «សិទ្ធិ​ជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន»។

អ្នក​គាំទ្រ​ជន​ជាតិ​ភាគ​តិច​ Uighur​ កាន់​សាសនា​ឥស្លាម​កាន់​បដា​សរសេរ​ថា «សង្គ្រោះ​ជន​ Uighur» កាល​ពី​ខែ​ធ្នូ ២០១៩ ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​ស្ថាន​កុងស៊ុល​ចិន នៅ​ទីក្រុង​អ៊ីស្ថង់ប៊ុល ប្រទេស​តួកគី។
អ្នក​គាំទ្រ​ជន​ជាតិ​ភាគ​តិច​ Uighur​ កាន់​សាសនា​ឥស្លាម​កាន់​បដា​សរសេរ​ថា «សង្គ្រោះ​ជន​ Uighur» កាល​ពី​ខែ​ធ្នូ ២០១៩ ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​ស្ថាន​កុងស៊ុល​ចិន នៅ​ទីក្រុង​អ៊ីស្ថង់ប៊ុល ប្រទេស​តួកគី។

ទំនាក់ទំនង​តិច​តួច​បំផុត

លោក Muhyidin Junaidi និយាយ​ថា ក្រុម​គណៈ​ប្រតិភូ​ឥណ្ឌូនេស៊ី​បាន​ស្នើ​សុំ​ជួប​ជាមួយ​នឹង​ជាតិ​សាសន៍ Uighur ដោយ​គ្មាន​ការ​រឹតត្បិត និង​ការ​ត្រួតត្រា​តាមដាន​មើល។ លោក​ថា គោល​បំណង​នៃ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ប្រតិភូ​ឥណ្ឌូ​នេស៊ី​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ។

លោក​និយាយ​ថា៖ «ប៉ុន្តែ​ការពិត​នៅ​នឹង​កន្លែង​ជាក់​ស្ដែង​គឺ​ផ្ទុយ​ពី​នេះ ដោយសារ​អ្វីៗ​ត្រូវ​បាន​រៀប​ចំ​ទុក​ជា​មុន។ យើង​មាន​ពេល​វេលា​តិច​ខ្លាំង​ណាស់។ ហើយ​យើង​មិន​អាច​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សហគមន៍​ក្នុង​មូលដ្ឋាន​ដោយ​គ្មាន​ការ​អម​ដំណើរ​ពី​អាជ្ញាធរ​ទេ»។ លោក​បាន​បន្ថែម​ថា៖ «អ្នក​សារព័ត៌មាន​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ព័ត៌មាន​ដោយ​គ្មាន​ការ​អម​ដំណើរ​ពី​អាជ្ញាធរ​ដែរ»។

លោក Muhyidin និយាយ​ថា ក្រុម​គណៈ​ប្រតិភូ​ក៏​រួម​មាន​ថ្នាក់​ដឹកនាំ​នៃ​អង្គការ Muhammadiyah ដែល​ជា​អង្គកា​ឥស្លាម​ធំ​ជាង​គេ​លំដាប់​ទី ២ នៅ​ឥណ្ឌូនេស៊ី​ផង​ដែរ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក Muhyidin ក្រុម​គណៈ​ប្រតិភូ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនា​តែ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ប៉ុណ្ណោះ ដែល​នៅ​ទី​នោះ អ្នក​កាន់​សាសនា​ឥស្លាម​ដែល​ចូលរួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាត់​ទុក​ថា​ជា​ជន «ជ្រុល​និយម»។

លោក Muhyidin បញ្ជាក់​ដូច្នេះ​ថា៖ «ក្នុង​ពេល​បណ្ដុះ​បណ្ដាល ពួក​គេ​ត្រូវ​បាន​ឃាត់​មិន​ឲ្យ​ធ្វើ​ការ​បួង​សួង តម​អាហារ និង​អាន​គម្ពី​កូអាន​ទេ។ ពួក​គេ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់ ដោយ​មាន​កាមេរ៉ា​សុវត្ថិភាព​នៅ​គ្រប់​ជ្រុង​ទាំង​អស់។ សកម្មភាព​របស់​ពួក​គេ​ត្រូវ​បាន​ឃ្លាំ​មើល​គ្រប់​ពេល»។

លោក Muhyidin បាន​សង្កត់​ធ្ងន់​ថា បន្ទាប់​ពី​ដំណើរ​ទស្សកិច្ច​បាន​ចប់​សព្វគ្រប់ គណៈ​ប្រតិភូ​ឥណ្ឌូនេស៊ី​បាន​ចេញ​របាយការណ៍​មួយ​ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​អ្នកស្រី Retno Marsudi។ លោក​បាន​និយាយ​ថា៖ «ពួក​យើង​បាន​ស្នើ​ឲ្យ​ក្រសួង​បញ្ជូន​របាយការណ៍​នេះ​ជា​បន្ទាន់​ទៅ​កាន់​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ហ្សាការតា»។

បញ្ហា​របស់​ចិន

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ឆ្នាំ​មុន អនុ​ប្រធាន​ផ្នែក​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៃ​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី អ្នក​ស្រី Indah Nuria Savitri បាន​និយាយ​ថា៖ «ប្រទេស​ឥណ្ឌូនេស៊ី​មាន​ក្ដី​បារម្ភ​អំពី​ជាតិ​សាសន៍ Uighur ប៉ុន្តែ​យើង​ផ្ដល់​អាទិភាព​ទៅ​លើ​យន្តការ​នៃ​ការ​ពិគ្រោះ​យោបល់ និង​ពិភាក្សា​គ្នា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​នឹង​ប្រទេស​ចិន។ ចិន​មាន​យន្តការ​ផ្ទៃ​ក្នុង ហើយ​យើង​គោរព​យន្តការ​របស់​គេ»។

អ្នកស្រី Indah Nuria បាន​សង្កត់​ធ្ងន់​ថា ប្រទេស​ឥណ្ឌូនេស៊ី​ជឿ​ថា ប្រទេស​ចិន​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន។

ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី​បាន​បញ្ជាក់​ថា ខ្លួន​មិន​ជំទាស់ ហើយ​ក៏​មិន​ទទួល​ស្គាល់​ផង​ដែរ​នូវ​ការ​អះអាង​ដែល​ថា​មាន​ជំរំ​ឃុំ​ឃាំង​ដែល​ដាក់​ឃុំ​ជាតិ​សាសន៍ Uighur និង​អ្នក​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត​នោះ។

អ្នក​ស្រី​និយាយ​ថា៖ «យើង​ត្រូវតែ​គោរព​ដំណោះ​ស្រាយ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​មួយ ហើយ​ចិន​បាន​ធ្វើ​បែប​នេះ​រួច​ហើយ។ យើង​គ្រាន់​តែ​រង់ចាំ​មើល​ស្ថានការណ៍​វិវត្តន៍​ទៅ​មុខ​តែ​ប៉ុណ្ណោះ»។

ឯកសារ​សម្ងាត់

ឯកសារ​ជា​ច្រើន ដែល​សហព័ន្ធ​អន្តរជាតិ​នៃ​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​ទទួល​បាន និង​បាន​ផ្សព្វផ្សាយ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​គម្រោង និង​យុទ្ធសាស្ត្រ​នៅ​ពី​ក្រោយ​យុទ្ធនាការ​ដ៏​តឹង​តែង ប្រឆាំង​នឹង​ជាតិ​សាសន៍ Uighur ជាតិ​សាសន៍ Kazakh និង​ក្រុម​ជាតិ​សាសន៍​ភាគតិច​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត Xinjiang។

ឯកសារ​ផ្ទៃ​ក្នុង​ដែល​បាន​បែក​ធ្លាយ​ទាំង​នេះ និង​ឯកសារ​ទំនាក់​ទំនង​ផ្សេង​ទៀត ត្រូវ​បាន​ទទួល​បាន និង​ផ្សព្វផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។ ការ​ផ្សព្វផ្សាយ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​បែក​ធ្លាយ​ឯកសារ​ផ្ទៃ​ក្នុង​កម្រាស់ ៤០០ ទំព័រ ដែល​កាសែត The New York Times បាន​ទទួល។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ​មុន លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន បាន​បដិសេធ​ថា មិន​មាន​កា​របែក​ធ្លាយ​ឯកសារ​នោះ​ទេ ដោយ​លោក​បាន​និយាយ​ថា បញ្ហា​ជុំវិញ​ជាតិ​សាសន៍ Uighur កាន់​សាសនា​ឥស្លាម គឺ​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​សុទ្ធសាធ​របស់​ប្រទេស​ចិន៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG