នៅក្នុងការប្រកាសអំពីបេក្ខភាពរបស់លោកកាលពីចុងខែវិច្ឆិកាកន្លងទៅនេះសម្រាប់ការប្រជែងតំណែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Mike Bloomberg អតីតអភិបាលក្រុង New York និងជាមហាសេដ្ឋីជំនួញផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានបន្ថែមនូវយុទ្ធសាស្ត្រថ្មីចំពោះការជជែកដេញដោលកំពុងបន្តអំពីសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump ជាមួយនឹងប្រទេសចិន ហើយជាងនេះទៀត ប្រហែលជាចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង។
លោក Bloomberg តំណាងឱ្យអ្វីមួយដែលពិសេសនៅក្នុងចំណោមបេក្ខជនប្រជែងយកតំណែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ ចំណុចពិសេសនោះគឺថា លោកគឺជាពាណិជ្ជករសេរី ដែលមានគំនិតមិនសូវរិះគន់លើគោលនយោបាយផ្ដាច់ការផ្ទៃក្នុងរបស់ប្រទេសចិន បើប្រៀបជាមួយនឹងគូប្រជែងផ្សេងទៀតរបស់លោក។
តាំងពីយូរមកហើយមុនពេលប្រកាសបេក្ខភាពរបស់លោក លោក Bloomberg គឺជាអ្នករិះគន់លោក Trump អំពីគោលនយោបាយពាណិជ្ជកម្ម ដោយលោកបាននិយាយថា វិធីសាស្ត្រដាក់ទណ្ឌកម្មធ្ងន់ធ្ងររបស់លោក Trump ដើម្បីចរចាជាមួយនឹងប្រទេសចិន និងប្រទេសផ្សេងទៀត «បានបង្កើតនូវស្តង់ដារថ្មីនៃភាពមិនចុះសម្រុងគ្នា និងភាពគ្មានការទទួលខុសត្រូវ»។
នៅក្នុងអំឡុងពេលលោក Barack Obama ធ្វើជាប្រធានាធិបតី លោក Bloomberg បានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ដែលឥឡូវនេះត្រូវបានរិះគន់ដោយមិនត្រឹមតែលោក Trump ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យភាគច្រើននាពេលបច្ចុប្បន្ននេះផងដែរ។
លោក Bloomberg ដែលអាណាចក្រប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់លោកបានបង្កើតទំនាក់ទំនងជាយូរមកហើយជាមួយនឹងចិន និងជារឿយៗរៀបចំសន្និសីទដែលមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជននោះ ក៏ជាអ្នកខុសប្លែកពីគេផងដែរទាក់ទិននឹងការគិតរបស់លោកអំពីទិដ្ឋភាពនៃគណបក្សកុំម្មុយនិស្តចិន និងលោក Xi Jinping ដែលជាមេដឹកនាំគណបក្សនេះ។
ការពាររដ្ឋាភិបាលរបស់លោក Xi Jinping
នៅក្នុងកិច្ចសម្ភាសន៍មួយសម្រាប់កម្មវិធី «Firing Line» របស់ទូរទស្សន៍ PBS កាលពីខែកញ្ញា លោក Bloomberg បានរងការរិះគន់យ៉ាងខ្លាំងក្លា បន្ទាប់ពីលោកហាក់ដូចជាការពាររដ្ឋាភិបាលរបស់លោក Xi Jinping នៃប្រទេសចិនថាជារដ្ឋាភិបាលមានការឆ្លើយតបតាមតម្រូវការរបស់ប្រជាជន និងជារដ្ឋាភិបាលប្រកាន់គោលការណ៍ប្រជាធិបតេយ្យ។
លោក Bloomberg បាននិយាយដូច្នេះថា៖ «គណបក្សកុម្មុយនិស្ត [ចិន] ចង់នៅកាន់អំណាចក្នុងប្រទេសចិន ហើយគណបក្សនេះស្ដាប់មតិសាធារណជន។ លោក Xi Jinping មិនមែនជាជនផ្ដាច់ការទេ។ លោកត្រូវតែបំពេញចិត្តអ្នកបោះឆ្នោតគាំទ្រលោក បើមិនដូច្នេះទេ លោកនឹងមិនអាចនៅកាន់អំណាចបានតទៅទៀតទេ»។
នៅពេលនោះ ក្រុមអ្នកតវ៉ាប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងកំពុងប្រឈមនឹងការឆ្លើយតបបែបហិង្សាពីរដ្ឋាភិបាលចិន ហើយមានសេចក្ដីរាយការណ៍ជាច្រើនអំពីការគាបសង្កត់ឃោរឃៅលើជាតិសាសន៍ Uighur នៅក្នុងខេត្ត Xinjiang ប្រទេសចិន។
នៅពេលដែលអ្នកសម្ភាសន៍បង្ហាញការមិនជឿទុកចិត្តលើគោលជំហររបស់លោក ដោយបានលើកឡើងពីគោលនយោបាយជិះជាន់របស់លោក Xi Jinping លោក Bloomberg បានការពារគោលជំហររបស់លោកកាន់តែខ្លាំងថែមទៀត។
លោក Bloomberg បញ្ជាក់ដូច្នេះថា៖ «លោក [Xi Jinping] មានក្រុមអ្នកគាំទ្រដែលលោកត្រូវតែគោរពតាម។ គ្មានរដ្ឋាភិបាលណាមួយអាចបន្តដំណើរការបានដោយគ្មានឆន្ទៈរបស់ប្រជាពលរដ្ឋភាគច្រើននោះទេ។ គណបក្សកុំម្មុយនិស្តចិនមើលលើប្រទេសរុស្ស៊ី ហើយស្វែងរកប្រទេសណាមួយដែលគ្រប់គ្រងដោយគណបក្សកុំម្មុយនិស្ត ប៉ុន្តែមិនបានរកឃើញនោះទេ។ ពួកគេមិនចង់ឱ្យរឿងនេះកើតឡើងនោះឡើយ ដូច្នេះពួកគេត្រូវតែឆ្លើយតបតាមតម្រូវការរបស់ប្រជាជន»។
ជៀសវាងមិននិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅចិន
លោក Bloomberg ទំនងជាផ្ដោតការជឿជាក់របស់លោកអំពីការឆ្លើយតបរបស់រដ្ឋាភិបាលចិនចំពោះពលរដ្ឋរបស់ខ្លួននោះ លើឆន្ទៈរបស់រដ្ឋាភិបាលចិននៅក្នុងការព្យាយាមដោះស្រាយបញ្ហាផ្សែងបំពុលដែលហ៊ុមព័ទ្ធពីលើទីក្រុងសំខាន់ៗរបស់ចិន។ ប៉ុន្តែ លោក Bloomberg មិនបានលើកឡើងអំពីបញ្ហាគ្រឹះនៃសេរីភាពនយោបាយ និងសិទ្ធិមនុស្សជាមូលដ្ឋាននោះទេ។
ចំពោះបញ្ហាពាណិជ្ជកម្ម និងបញ្ហានៃទង្វើរបស់រដ្ឋាភិបាលចិនលើប្រជាពលរដ្ឋរបស់ខ្លួន លោក Bloomberg មានគោលជំហរខុសពីបេក្ខជននាំមុខភាគច្រើនក្នុងចំណោមអ្នកប្រជែងតំណែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
មកទល់នឹងពេលនេះ នៅក្នុងការប្រកួតប្រជែងសម្រាប់បានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ គោលជំហររបស់បេក្ខជននីមួយៗអំពីទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងចិនត្រូវបានធ្វើឱ្យមានភាពស្មុគស្មាញ ដោយសារតែបេក្ខជននាំមុខមួយចំនួនចង់ដកខ្លួនថយពីការលើកឡើងពីលោក Trump ទោះបីជានៅពេលដែលពួកគេទំនងជាឯកភាពចំពោះការណ៍ដែលលោក Trump ដំឡើងពន្ធគយលើទំនិញចិន ដើម្បីបង្ខំឱ្យរដ្ឋាភិបាលចិនធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនក៏ដោយ៕
ប្រែសម្រួលដោយ ភី សុភាដា