ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នំពេញ​និង​វ៉ាស៊ីនតោន​ព្យាយាម​ស្ដារ​ទំនាក់ទំនង​ដែល​ប្រេះស្រាំ​


រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរសំបុត្រមួយទៅឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ដោយជំរុញឲ្យកម្ពុជាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ។
រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរសំបុត្រមួយទៅឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ដោយជំរុញឲ្យកម្ពុជាវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យ។

បើ​ទោះ​បី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ចង់​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​ ​និង​កម្ពុជា​ ​យ៉ាងណាក្ដី​ ​អ្នកវិភាគ​បាន​មើលឃើញ​ថា​ប្រទេស​ទាំង​ពីរ​នៅ​មាន​ចំណុច​មិន​ទាន់​ត្រូវគ្នា​ ​ដែល​រាប់​បញ្ចូល​តាំង​ពី​ការ​ផ្ដល់​និយមន័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​ខុស​គ្នា​ជា​ដើម។​ ​​

កាលពី​ឆ្នាំ១៩៦៩​ ​បន្ទាប់​ពី​មាន​ភាព​រកាំរកូស​រហូត​មាន​ការ​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​អស់​រយៈពេល៤ឆ្នាំ​ ​រដ្ឋាភិបាល​នៃ​របប​សង្គមរាស្ត្រនិយម​និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​បាន​សម្រេច​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​ ដើម្បី​ផ្តល់​ប្រយោជន៍​នយោបាយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ចំពោះ​មុខ​នៃ​ការ​ឆាបឆេះ​សន្ធោសន្ធៅ​នៃ​សង្គ្រាម​វៀតណាម​ដែល​នៅ​ក្បែរ​ខាង។

​ការ​ផ្ដាច់​ទំនាក់ទំនង​កើត​មាន ខណៈ​នយោបាយ​អព្យាក្រឹត្យ​របស់​របប​ដឹកនាំ​ប្រទេស​កម្ពុជា​នា​គ្រា​នោះ​ ​ត្រូវ​បាន​សហរដ្​ឋអាមេរិក​ចោទ​ថា ​បាន​ល្អៀង​ទៅ​រក​និន្នាការ​ខាង​ឆ្វេង​ ​ហើយ​អាមេរិក​ខ្លួនឯង​ក៏​ត្រូវ​បាន​ចោទ​ថា​គាំទ្រ​ក្រុង​បាងកក​ ​និង​ក្រុង​សៃហ្កន់​ដែល​ «រំលោភបំពាន»​ ទឹកដី​កម្ពុជា។​

​៥០​ឆ្នាំ​ក្រោយ​មក​ ​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​បាន​កើត​មាន​សារ​ជា​ថ្មី​ ​តែ​មិន​មែន​ជា​ការ​ភ្ជាប់​ការ​ទូត​ជា​ផ្លូវការ​ឡើងវិញ​ដូច​ឆ្នាំ១៩៦៩​ ​នោះ​ទេ។​

នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​ ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សរសេរ​លិខិត​រក​គ្នា​ស្វះស្វែង​រក​ការ​«ស្ដារ»​ទំនាក់ទំនង​ដែល​ជួប​ភាព​រកាំរកូស​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។​

​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ លោក​ប្រធានាធិបតី​អាមេរិក​ Donald​ J​ Trump​ ​បាន​លើកឡើង​បង្ហាញ​ជំហរ​ថា​ ​អាមេរិក​«មិន​ស្វះស្វែង​រក​ការ​ផ្លាស់ប្ដូរ​របប»​ដឹកនាំ​ប្រទេស​កម្ពុជា​ឡើយ​ ​តែ​អាមេរិក​ចង់​បាន​ឱ្យ​កម្ពុជា​«ត្រឡប់»​មក​រក​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ។

ដោយ​មិនបាន​បញ្ជាក់​ច្បាស់លាស់​ ​លិខិត​របស់​លោក​ ​Trump​ ​បាន​បន្ថែម​ថា៖

«ខ្ញុំ​សង្ឃឹម​ថា ​លោក​ ​[នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន] នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេច​មួយ​ចំនួន​ ​ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ប្រកាន់​យក​ ​ដោយ​សហរដ្ឋ​អាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​សេចក្ដី​សម្រេច​ទាំងនោះ​ ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​ហានិភ័យ​ដ៏​ធំធេង​ ​នូវ​អធិបតេយ្យភាព​ ​ស្ថិរភាព​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា»។​

​ក្នុង​លិខិត​ឆ្លើយ​តប​ចុះ​ថ្ងៃ​ទី​២៦​ ​ខែ​វិច្ឆិកា​ ​លោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ប្រាប់​លោក​ ​Trump​ ​ថា ​រដ្ឋាភិបាល​លោក​ ​ចង់​ «ស្ដារ​ឡើងវិញ​នូវ​ទំនុកចិត្ត​និង​ជំនឿ​ចិត្ត» ​រវាង​ប្រទេស​ទាំងពីរ។​ លិខិត​មាន​អត្ថន័យ​ដើម​ថា៖

«ខ្ញុំ​យល់​ថា​ ​យើង​មិន​ត្រូវ​ឱ្យ​ខ្លួន​យើង​ក្លាយ​ជា​ចំណាប់​ខ្មាំង​នៃ​ទំព័រ​ខ្មៅ​ងងឹត​ខ្លះ​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​នោះ​ទេ»។

​លោក​បណ្ឌិត​ ​ផាត់​ ​កុសល​ ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ក្រុង​ញូវយ៉ក​ ​CUNY​ ​បាន​លើកឡើង​ថា ​របៀប​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​មាន​ប្រវត្តិ​គ្រប់គ្រាន់​នឹង​គូស​បង្ហាញ​ថា​ ​លោក​មាន​ការ​បត់​បែន​ ​និង​យុទ្ធសាស្ត្រ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​នានា​ពី​សំណាក់​បស្ចិមលោក​ ​ជា​ពិសេស​ពី​អាមេរិក។

អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​យ៉ាង​ដូច្នេះ​ថា៖

«គាត់​[នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន]អាច​ប្រើ​រួមគ្នា​ទាំង​យុទ្ធសាស្ត្រ​វិធីសាស្ត្រ​ ​ចាក់​បណ្ដោយ​ផង​ ​និង​ទប់ទល់​ផង​ ​ដើម្បី​ដោះស្រាយ​សម្រប​ជាមួយ​នឹង​សម្ពាធ​ដែល​ចេះតែ​កើន​ឡើង​ពី​សំណាក់​បស្ចិមលោក»។​

​ក្រៅ​តែ​ពី​សាវតា​ចាស់​ ​ដែល​ក្រុម​របប​គ្រប់គ្រង​ប្រទេស​របស់​លោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​និង​បណ្ដា​សម្ព័ន្ធមិត្ត​ខ្លួន​ប្រមូល​ផ្ដុំ​ដាក់​ទណ្ឌកម្ម​ ​ពេល​ចូល​មក​កាន់​អំណាច​ភ្លាមៗ​កាល​ពី​ឆ្នាំ​១៩៧៩​ ​មាន​ព្រឹត្តិការណ៍​នានា​នា​រយៈពេល​១​ទសវត្សរ៍​កន្លង​មក​នេះ​ ​បាន​រុញ​ស្ថានការណ៍​នៃ​ការ​មិន​ទុកចិត្ត​គ្នា​ ​កាន់តែ​ខ្លាំង​ឡើងៗ​ ​រាប់​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​បញ្ជូន​ជនភៀស​ខ្លួន​ Uighur​ ​ឱ្យ​ទៅ​ចិន​ ​កាល​ពី​ឆ្នាំ​២០០៩​មក។​

​បើ​ទោះ​ជា​មាន​វត្តមាន​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​ឆ្នាំ​២០១៦​របស់​លោក​ John​ ​Kerry​ ​ដែល​កាល​នោះ​ជារ​ដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នៅ​ភ្នំពេញ​យ៉ាង​ណា​ក្ដី​ ​ទំនាក់ទំនង​ទ្វេភាគី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ធ្លាក់​ចុះ​ជា​លំដាប់​ ​រហូត​ដល់​ចុងឆ្នាំ​ដដែល​ ​ប្រទេស​កម្ពុជាបាន​សម្រេច​ផ្អាក​សមយុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នាំ​ ​ហើយ​ចាប់ផ្ដើម​ហ្វឹកហ្វឺន​លំហាត់​សមយុទ្ធ​ជាមួយ​ប្រទេស​ចិន​ទៅវិញ។

ពី​ខាង​សហរដ្ឋ​អាមេរិក​ ​កម្ពុជា​ត្រូវ​បាន​បន្ទោស​ចំពោះ​ជំហរ​ស្រប​ជាមួយ​ប្រទេស​ចិន​ ​ដែល​ជាគូ​ប្រជែង​ផ្នែក​យុទ្ធសាស្ត្រ​ដ៏​ធំ​ចម្បង​របស់​អាមេរិក​ ​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ ​ដោយ​ចិន​មិន​គាំទ្រ​ឱ្យ​មាន​ការ​ធ្វើ​អន្តរជាតូបនីយកម្ម​នៃ​ជម្លោះ​ដែនទឹក​ដ៏​ស្រួចស្រាល់​ក្នុង​តំបន់​អាស៊ីអគ្នេយ៍​នេះ​ឡើយ។​

​សហរដ្ឋ​អាមេរិក​បាន​បរិហារ​ចំៗ​ចំពោះ​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ ​សិទ្ធិ​នយោបាយ​ ​និង​ការ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​រហូតដល់​ឆ្នាំ២០១៧​ ​មាន​ផ្ទុះ​ការ​បង្ក្រាប​ផ្នែក​នយោបាយ​ដ៏​រន្ថើន​ ​ដែល​ឈាន​ទៅដល់​ការ​បិទ​ការិយាល័យ​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ដែល​បរិហារ​មិន​សំចៃ​មាត់​លើ​រដ្ឋាភិបាល​ ​ការបង្ក្រាប​ទៅ​លើ​សង្គម​ស៊ីវិល​ ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ ​មុន​ពេល​ដែល​មាន​ការ​បោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ​ក្រសោប​យក​អំណាច​ដឹកនាំ​រដ្ឋ​ទាំងស្រុង​ ​នៅ​សភា​ទាំងពីរ​ ​និង​នៅ​ថ្នាក់​មូលដ្ឋាន។

សហរដ្ឋ​អាមេរិក​ខ្លួនឯង​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ចោទ​ប្រកាន់​ថា ​នៅ​ពីក្រោយ​ខ្នង​គណបក្ស​ជំទាស់​ ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ប្រទេស​កម្ពុជា​ ​ដែល​មាន​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ស្ថិត​ក្នុង​អំណាច​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ជា​ប្រមុខ​ ​តាម​រយៈ​ការ​បំផុសបំផុល​អំណាច​មហាជន​ ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​បរិយាយ​ថា​ជា​«បដិវត្តន៍​ពណ៌»។​

ការ​មិន​ទុកចិត្ត​គ្នា​មាន​កាន់តែ​ខ្លាំង​ឡើង​ ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដាក់​ការ​សង្ស័យ​ថា​ ​ការ​វិនិយោគ​របស់​ចិន​ដែល​កាន់កាប់​ប្រមាណ​២០%​នៃ​ឆ្នេរសមុទ្រ​ភាគ​នីរតី​របស់​ប្រទេស​កម្ពុជា​ ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​យោធា​ចិន​នា​ពេល​អនាគត​ ​តាមរយៈ​ផែ​ទឹកជ្រៅ​ ​និង​វាល​យន្តហោះ​កណ្ដាល​ព្រៃភ្នំ​ក្នុង​ខេត្តកោះកុង​។​

ការ​ចោទ​ប្រកាន់​មួយផ្សេង​ទៀត​កើតឡើង​ពាក់​កណ្ដាល​ឆ្នាំ​២០១៩​នេះ​ ​ថា ​ចិន​បាន​ចុះ​ព្រមព្រៀង​សម្ងាត់​ដើម្បី​ឱ្យ​ទ័ព​ជើងទឹក​ខ្លួន​ ​អាច​ប្រើប្រាស់​មូលដ្ឋាន​កងទ័ពជើង​ទឹក​កម្ពុជា​ ​នៅ​តំបន់​រាម​ ​ខេត្ត​ព្រះសីហនុ។​ កម្ពុជា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំងនោះ។​

អ្វីៗ​ហាក់​មានការ​ប្រែប្រួលពេល​ដែល​លោក W​ Patrick​ ​Murphy​ អ្នក​ការ​ទូត​ដ៏​មាន​បទ​ពិសោធន៍​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ ​ចូល​មកកាន់​តំណែង​ជាឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​កាលពី​ខែកញ្ញា​នេះ​ ​ដើម្បី​បំពេញ​តំណែង​ដែល​នៅ​ចំហ​ជិត​មួយ​ឆ្នាំ។​ ​លោក​បាន​ជួប​លោក​ ​ហ៊ុន​ ​សែន​ ​ពីរ​ដង​ដើម្បី ​និយាយ​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ ​ហើយ​ដែល​ក្នុង​ជំនួប​លើក​ទីពីរ​ ​អ្នក​ការទូត​រូប​នេះ​បាន​ជូន​សំបុត្រ​លោក​ ​Trump​ ​ទៅ​ឱ្យ​លោក​ ​ហ៊ុន​ ​សែន​ ​ដោយ​ផ្ទាល់ដៃ។​

​លើ​វិស័យ​យោធា​វិញ​ ​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​បាន​មាន​ឡើង​វិញ​ជា​បណ្ដើរៗ​ក្នុង​ឆ្នាំ​នេះ​ ​ដែល​មាន​ការ​ជួប​ប្រជុំ​គ្នា​ជា​បន្តបន្ទាប់​រវាង​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ។​ កូនប្រុស​ច្បង​លោក​ ហ៊ុន​ សែន​ ​គឺ​លោក​ឧត្ដមសេនីយ៍ឯក​ ​ហ៊ុន​ ម៉ាណែត​ មេទ័ព​ជើង​គោក​កម្ពុជា​ ​ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដែរ​ក្នុង​ឆ្នាំនេះ។​

​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​លោក​ឧត្ដមសេនីយ៍​ ​ឈុំ​ ​សុជាតិ​ ​បាន​លើក​ឡើង​ថា​ មិន​ទាន់​មាន​ការ​ជជែក​ណាមួយ​រវាង​មន្ត្រី​យោធា​ប្រទេស​ទាំង​ពីរ​ដើម្បី​ឈាន​ទៅ​ចាប់​ផ្ដើម​រៀបចំ​ឡើង​វិញ​លំហាត់​ហ្វឹកហ្វឺន​រួមគ្នា​ដែល​ធ្លាប់​មាន​ពី​មុន​មក​ ​និង​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​«ឆ្មាំ​អង្គរ»​ (Angkor​ Sentinel)​ និង​កម្មវិធី​ដទៃ​ទៀត​ ​ដែល​បាន​ផ្អាក​អស់​ពេល​បី​ឆ្នាំ​មក​ហើយ [។​

លោក​ ​ប៉ូ​ ​សុវីនដា​ ​បេក្ខជន​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ ​Griffith​ ​ប្រទេស​អូស្ត្រាលី​ ​បាន​និយាយ​ថា​ ​លោក​បាន​មើល​ឃើញ​អំពី​ការផ្លាស់​ប្ដូរ​របៀប​ធ្វើការ​ ​និង​ឥរិយាបថ​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​សហរដ្ឋ​អាមេរិក​ ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ ​តែ​ថា ​នយោបាយ​ការបរទេស​ដែល​ផ្ដោត​ទៅ​លើ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​មិន​ទំនង​ជា​ផ្លាស់ប្ដូរ​ឡើយ។​

​«[ចំពោះ​រឿង]​លទ្ធិប្រជាធិបតេយ្យ​ ​នៅក្នុង​នោះ​ប្រទេស​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​យល់ស្រប​គ្នា​នៅឡើយ​ទេ​ ​ថ្វី​ត្បិត​ថា​ក្នុង​សារលិខិត​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​គាត់​បាន​បញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ​ក៏ប៉ុន្តែ​របៀប​ដែល​ការ​អនុវត្ត​នោះ​យ៉ាង​ណា​មិន​ទាន់​មាន​ការ​និយាយ​យល់ស្រប​ពី​ភាគី​ទាំងពីរ​ទេ»។

អ្នកស្រាវជ្រាវ​រូប​នេះ​បាន​ប្រាប់ VOA តាម​ទូរសព្ទ​យ៉ាង​ដូច្នេះ​ថា៖​

​«សហរដ្ឋ​អាមេរិក​មិន​ដែល​ចង់​បោះបង់​ប្រទេស​កម្ពុជា​ ​ហើយ​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន​ ​ហើយ​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ណា​ទេ​ ​អ៊ីចឹង​មាន​ន័យ​ថា​ ​សហរដ្ឋ​អាមេរិក​នៅ​តែ​ចាត់ទុក​កម្ពុជា​ថា​ ដើរ​តួ​សំខាន់​ ​នៅ​ក្នុង​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន​នៅ​តំបន់​ដែល​ខ្លួន​ហៅ​ថា​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ»។

ដោយ​ប្រើប្រាស់​ចំណង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជា​ប្រពៃណី​របស់​លោក​ដែល​មានស្រាប់​ជាមួយ​ទីក្រុង​ហាណូយ​ ​ដែល​បច្ចុប្បន្ន​ស្និទ្ធស្នាល​ផ្នែក​យុទ្ធសាស្ត្រ​ជាមួយ​សហរដ្ឋ​អាមេរិក​ ​លោក​ ​ហ៊ុន​ ​សែន​ ​អាច​ផ្ដល់​ការ​ធានា​កាន់តែ​មុតមាំ​សម្រាប់​ ​អាមេរិក​ថា ​កម្ពុជា​នឹង​មិន​ផុង​ខ្លួន​ទៅ​ជា​រដ្ឋ​រណប​ចិន​ឡើយ។​ ​នេះ​ជា​ការ​លើកឡើង​របស់​លោក​បណ្ឌិត​ ​ផាត់​ ​កុសល។​

​«ល្គឹកណា​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​បន្ត​មាន​ការ​តាំងចិត្ត​ថា ​នឹង​មិន​អនុញ្ញាត​ឱ្យ​ចិន​មាន​ ​ឬ​ប្រើប្រាស់​ផ្នែក​ណាមួយ​នៃ​ទឹកដី​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា​ចិន​ ​ខ្ញុំ​ទស្សន៍ទាយ​ថា​ រដ្ឋការ​លោក​ ​Trump​ ​នឹង​មិន​មាន​ក្ដី​ប្រាថ្នា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ជា​អតិបរមា​លើ​ប្រទេស​កម្ពុជា​នោះ​ទេ»។​

​លោក​ ប៉ូ​ សុវីនដា​ ​នៃ​សាកលវិទ្យាល័យ​ ​Griffith​ ​ប្រទេស​អូស្ត្រាលី​ ​បាន​លើក​ឡើង​ថា​ ​គ្មាន​នរណា​ច្បាស់​ទេ​ថា​ ​ការ​ស្ដារ​ទំនាក់ទំនង​នឹង​អាច​បាន​ល្អ​ ​និង​មាន​និរន្តរភាព​ប៉ុណ្ណា​ ​ខណៈ​ដែល​គណបក្សប្រជាជន​កម្ពុជា​ ​ក៏​ត្រូវ​គិតគូរ​អំពី​ជំហរ​ ​និង​ការ​ធ្វើ​តុល្យភាព​ទាំង​នយោបាយ​ក្នុង​ស្រុក​ផង​ ​និង​នយោបាយ​ក្រៅ​ស្រុក​ផង​ ​ដើម្បី​បន្ត​ស្ថិត​ក្នុង​អំណាច​ដឹកនាំ​រដ្ឋ។​

​ដំណើរ​នៃ​ការ​ឈាន​ទៅ​ស្វះស្វែង​រកគ្នា​រវាង​កម្ពុជា​និង​អាមេរិក​នេះ​ ​បាន​កើតមាន​ឡើង​ព្រមពេល​ជាមួយ​គ្នា​ដែល​ ​កម្ពុជា​កំពុង​មាន​ភាព​ប្រទាំង​ប្រទើស​នឹង​សហភាព​អឺរ៉ុប​ដែល​បាន​កំពុង​ពិនិត្យ​ពិច័យ​ពិចារណា​ដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ទីផ្សារ​របស់​ខ្លួន​ជា​ការ​ឆ្លើយតប​នឹង​អ្វី​ដែល​ត្រូវ​បាន​បរិយាយ​ថា​ ​ការ​ដើរ​ចាក​ប្រាស​ពី​គន្លង​នៃ​ការដឹកនាំ​រដ្ឋ​តាម​បែប​ប្រជាធិបតេយ្យ៕​

XS
SM
MD
LG