ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជា​សហ​គមន៍​ក្នុង​ខេត្ត​សៀមរាប​ស្នើ​​អាជ្ញាធរ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ ខណៈ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់ដី​ធ្លី


ផ្លាកលេខសម្គាល់​ដីឡូតិ៍ ដែលត្រូវបានចែកឱ្យ​ពលរដ្ឋដែលយល់ព្រម​ផ្លាស់ទីលំនៅទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក នៅស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
ផ្លាកលេខសម្គាល់​ដីឡូតិ៍ ដែលត្រូវបានចែកឱ្យ​ពលរដ្ឋដែលយល់ព្រម​ផ្លាស់ទីលំនៅទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក នៅស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ប្រជាសហ​គមន៍មួយ​ចំនួន​ក្នុង​ក្រុង​សៀម​រាប​ដែល​ជា​តំបន់​ទេសចរណ៍​បាន​ស្នើ​ឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្ត​រាគ​មន៍ផ្តល់​ប្លង់​ដី​ធ្លី​ស្រប​ច្បាប់ បន្ទាប់​ពី​ពួក​គេ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី ដោយ​សារ​មាន​បុគ្គល​ផ្សេងដាក់​ស្លាក​លក់​ដី​លើ​ដី​របស់​ពួក​គេ​ជា​បន្ត​បន្ទាប់។

សហ​គមន៍​ទាំង​នោះ​រួម​មាន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ស្គន់​ឃុំ​ត្បែង ​ស្រុក​បន្ទាយស្រី​ ខេត្ត​សៀម​រាប​ចំនួន​១២៣​គ្រួសារ សហ​គមន៍​ភ្នំក្រោម​ចំនួន​៧០​គ្រួសារ​ ស្ថិត​ក្នុង​សង្កាត់​សៀម​រាប ក្រុង​សៀម​រាប និង​សហគមន៍​ឃ្លាំង​ទឹក​៧៨ ចំនួន​២៦៥០​គ្រួសារ ស្ថិត​ក្នុងសង្កាត់​សៀមរាប សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប​។

ក្រៅពី​នេះ​ក៏​មាន​សហគ​មន៍​មួយ​ចំនួន​ទៀត សុំ​កិច្ច​អន្តរាគមន៍​ ឱ្យ​ដោះ​ស្រាយបញ្ហា​ដីធ្លី​របស់​ពួកគេ​ផង​ដែរ ​ដូច​ជា​ សហ​គមន៍​អង្គរ​ធំ សហគមន៍​តា​ពេន សហគមន៍​ស្គន់​ សហ​គមន៍​ស្នា​សង្គ្រាម និង​សហ​គមន៍​ត្រពាំង​សេះ ​ស្ថិត​ក្នុង​ខេត្ត​សៀម​រាប​នេះ​។

​ប្រជាសហ​គមន៍​ភ្នំ​ក្រោម ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ឱ្យ​ដឹង​ថា​ពួក​គេឃើញ​មាន​បុគ្គល​ផ្សេង​ដាក់​ស្លាក​លក់​ដី​ព្រោងព្រាតលើ​ដីរបស់​ពួកគេ​ ដែលបណ្តាល​ឱ្យ​ពួកគេ​ព្រួយ​បារម្ត ​ទើបស្នើ​ឱ្យ​អាជ្ញា​ធរ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ដល់​ពួកគេ។ ​នេះ​បើ​តាម​ញត្តិ​របស់​សហ​គមន៍​ភ្នំ​ក្រោមចុះ​ថ្ងៃទី​២៧ ខែមីនា ​ដែល​វីអូអេ​ទទួល​បាន​។

​ប្រជា​សហគមន៍​ទាំង​នោះ​អះ​អាង​ថា​ពួកគេ​រស់​នៅ​ទី​នោះ​យូរ​មក​ហើយ ​និង​ខ្លះ​រស់​នៅ​តាំង​ពីឆ្នាំ​១៩​៨៧​មក។

ពួកគេ​បាន​ស្នើ​សុំ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ស្នើ​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី នគ​រូប​នីយ​កម្ម លោក ជា សុផារ៉ា និង​ស្នើ​សុំលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​អន្តរាគមន៍​មក​អាជ្ញាធរ​ខេត្ត​សៀមរាប និងអាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការ​រៀបចំ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លីដល់​ពួក​គេ។ នេះ​បើ​តាម​ញត្តិ​របស់​ប្រជាព​លរដ្ឋ។

លោក គ្រុំ វ៉េត អាយុ​៤៨ឆ្នាំ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ភ្នំ​ក្រោម ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បណ្តេញ​ចេញ និង​បញ្ហា​ទំនាស់​ផ្សេងៗ ដោយ​ហេតុ​ថា​លោក និង​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត ដែល​រស់​នៅ​ក្នុង​ភូមិ​ភ្នំ​ក្រោម ​មិន​ទាន់​ទទួល​ប្លង់​ដី​ស្រប​ច្បាប់​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ដោយ​សារ​អត់​មាន​ប្លង់​អ៊ីចឹង ធម្មតា​យើង គឺ​អាជ្ញាធរ​គាត់​ចាត់​ទុក​ដី​នេះ​មាន​បញ្ហា ដី​មាន​ជម្លោះ ពេល​ណា​ដែល​យើង​ប្រជា​ពលរដ្ឋ​សហគមន៍ ​យើង​ចង់​ធ្វើ ​យើង​ចង់​សាង​សង់​ផ្ទះ​អ៊ីចឹង គាត់​ច្រើន​តែ​មក​ហាម​ឃាត់​មិន​ឱ្យ​យើង​ធ្វើ​ទេ ដោយ​គាត់​លើក​យក​ហេតុ​ផល​ហ្នឹង​ថា ដី​អត់​ទាន់​ដោះ​ស្រាយ»។

លោក​បន្ត​ទៀត​ថា​បើ​សិន​មាន​ខាង​សប្បុរសធម៌​គេ​ចង់​សាង​សង់​ផ្ទះ​ឱ្យ​ប្រជាពល​រដ្ឋ​ក្រីក្រ​អី​ក៏​ខាង​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​សាង​សង់​ដែរ តែ​បើ​ខាង​ទាហាន​វិញ គឺ​អាច​មាន​សិទ្ធិ​ក្នុង​ការសាង​សង់ និង​លក់​ដី​បាន។

លោក​បញ្ជាក់​ទៀត​ថា៖«បាទ ផល​វិបាក​មាន​ហ្នឹង​ហើយ ដោយ​សារ​តែ​ធម្មតា​យើង​បើមាន​បញ្ហា​ទំនាស់​ដី​ធ្លី​ហើយ​ គឺ​យើង​មិន​សូវ​មាន​ពេល​វេលា​ទៅ​រក​ស៊ី​បាន​គ្រប់​គ្រាន់​បាន​និង​គេ​ទេ។ សូម្បី​តែ​យើង​ទៅ​រក​ស៊ី​នៅ​ស្រុក​ឆ្ងាយ​ក៏​យើង​អត់​ហ៊ាន​ទៅ​ដែរ ទៅ​ធ្វើ​មុខ​របរ​ហ្នឹង​ឆ្ងាយ ព្រោះ​អី​យើង​ព្រួយ​បារម្ភ ប្រសិន​យើង​ចេញ​ដំណើរ​ទៅ​រកស៊ី​ឆ្ងាយ​ចុះ​បើ​ផ្ទះ​យើង​មាន​បញ្ហា គេ​មក​រុះរើ​អី​បាន​អ្នក​ណា​មក​ជួយ​គ្នា​បាទ»។

ចំណែក​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ស្គន់​ឃុំត្បែង ​បញ្ជាក់​ក្នុង​ញត្តិ​ចុះ​ថ្ងៃទី​២៨ ខែមីនា​នេះ​ថាពួក​គេរស់​នៅ​ក្នុង​តំបន់​ទាំង​នោះយូរ​មក​ហើយ ដោយ​ពុំ​ទាន់​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​នៅ​ឡើយ​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​ភ័យ​ខ្លាច​ក្នុង​ការ​បាត់​បង់​ដី​ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល។ នេះបើតាមញត្តិ​របស់​ប្រជា​ពលរដ្ឋ និង​ប្រជាសហគមន៍​ទាំង​នោះ​ ដែល​វីអូអេ​ទទួល​បាន។

​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ស្គន់​ឃុំត្បែង ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប ចំនួន​១២៣​គ្រួសារ ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៨ ​ក៏​បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​រដ្ឋ​មន្ត្រីក្រសួង​ដែនដី ឱ្យ​ចេញប្លង់​រឹង​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ដល់​ពួក​គេ​ផង​ដែរ។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា​ពួកគេ​បាន​ទទួល​សាលាក​បត្រ​ប្រគល់​ដី​បណ្តោះ​អាសន្ន កាល​ពីឆ្នាំ​២០១៤​ ​ដោយ​ក្រុម​និស្សិត ​ដូច្នេះ​ទើប​ឆ្នាំ​២០១៨ ពួក​គេ​ចេញ​មក​ស្នើ​សុំរដ្ឋ​មន្ត្រីក្រសួង​ដែនដី​ឱ្យអន្តរាគមន៍​ផ្តល់​ប្លង់​កម្ម​សិទ្ធិស្រប​ច្បាប់ ដើម្បី​អាច​កាន់​កាប់​ពេញ​លេញ។

លោក ហ៊ិប នុំ អាយុ​៣៨ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដែល​ជា​តំណាងប្រជា​សហ​គមន៍​ស្គន់​ ដែល​រង​គ្រោះ​បញ្ហា​ដី​ធ្លី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​កាល​ពី​ឆ្នាំ​មុនៗ​ ​សហ​គមន៍​ស្គន់​ក៏​ធ្លាប់​មាន​ទំនាស់​ដី​ធ្លី​កើត​ឡើង​ដែរ ដោយ​ហេតុ​ថា​មាន​អ្នក​លួច​លក់​ដី​ប្រជា​ជន ដោយ​មិន​ដឹង​អត្តសញ្ញាណ។

លោក​បន្ថែមថា កាល​ពី​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​សាលា​ស្រុក និង​សាលា​ឃុំ​ត្បែង ដើម្បី​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ ប៉ុន្តែ​ពលរដ្ឋមិន​ដែល​ទទួល​បាន​ដំណឹង​អ្វី​សោះរហូតដល់​ឆ្នាំ​២០​២៣​នេះ។

លោកថ្លែងថា៖ «ខ្ញុំ​ស្នើ​សុំ​ទៅ​ខាង​សម្តេច​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​លោក​បាន​ដឹក​នាំ​ប្រទេស សុំ​ឱ្យ​គាត់​ជួយ​អន្តរាគមន៍​ទៅ​ខាង​សាលា​ខេត្ត ឬ​ខាង​សាលា​ស្រុក ឱ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ឱ្យ​ពួកខ្ញុំ​បាទ នៅ​ខាង​ស្រុក​បន្ទាយ​ស្រី ឱ្យ​បាន​ទាំង​១២៣​គ្រួសារ»។

ចំណែក​លោក​ សូរ ស៊ីភាព អាយុ​៤៣ឆ្នាំ ដែលរស់​នៅ​ក្នុង​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាបថ្លែងថា​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​ឃ្លាំង​ទឹក​៧៨ សំណូម​ពរ​ឱ្យ​ខាង​អាជ្ញាធរ​ថែ​រក្សា​នូវ​តំបន់​នេះ​ ដើម្បី​ទុកជា​ប្រភព​ទឹក​សម្រាប់​ប្រជា​ពល​រដ្ឋ​ការ​ធ្វើ​កសិ​កម្ម ចៀស​វាង​ការ​ជីក​ដី​លុប ឬ​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​ប្រភព​ទឹក​នៅ​ទី​នោះ។

លោក​បញ្ជាក់​ថា៖ «កាល​ពី​មិន​ទាន់​បាន​ដាក់​ញត្តិ​គឺ​សកម្មភាព​ហ្នឹង គឺ​យើង​មាន​រាល់​ឆ្នាំ​ពេល​ដែល ខែ​ប្រាំង​ទឹក​វា​ស្រក​អស់ ហើយ​ក្រុម​ហ៊ុន​ឈ្មួញ​ធ្វើ​គ្រប់​រូប​ភាព​ទាំង​អស់ ដូច្នេះ​ប្រជា​ពល​រដ្ឋ​យើង​ងាក​ទៅ​ទប់​ស្កាត់ ងាក​ទៅ​ឃាត់​អ៊ីចឹង​ទៅ យើង​វា​ពិបាក​យើង​អត់​មាន​ពេល​រក​ស៊ី​អ៊ីចឹង​ទេ គឺ​យើង​មាន​តែ​ទប់​ស្កាត់​សម្រាប់​តែ​ដី​ហ្នឹង​ទេ។ អ៊ីចឹង​បាន​យើង​ឱ្យ​អាជ្ញាធរ​ចុះ​កំណត់​ឱ្យ​ជាក់​ស្តែង​ថា​នេះ​គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ អត់​មាន​អ្នក​ណា​មក​រំលោភ​បំពាន​បាន​ទេ»។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពីអភិ​បាល​ខេត្ត​សៀមរាប លោក ទៀ សីហា និង​អ្នក​នាំពាក្យ​សាលា​ខេត្ត លោក លី សំរិទ្ធ ​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​បាន​ដែរ។

អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប លោក ចាន់ ចំរើន​ យល់​ថា​អាជ្ញាធរ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​ស្រប​តាម​គោល​ការណ៍​ច្បាប់។

លោក​ប្រាប់​វីអូអេ​ថា៖«អាជ្ញាធរ​ត្រូវ​តែ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ ឈរ​លើ​គោល​ការណ៍​ស្មើ​ភាព បាន​ន័យ​ថា​ឈរ​លើ​គោលការណ៍​រួម។ ហើយ​ការទាម​ទារ​តវ៉ា​របស់​គាត់​ហ្នឹង សមហេតុផល​ទេ វា​ពាក់​ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​គាត់​ទាមទារ​ហ្នឹង ទាក់ទង​ទៅ​នឹង​ភស្តុតាង ឬ​ក៏​ឯកសារ​ផ្សេងៗ ថា​តើ​គួរ​ដោះ​ស្រាយ​ដោយ​របៀប​ណា ដោយ​ឈរ​លើ​ផល​ប្រយោជន៍​រួម​ជា​ធំ»៕

XS
SM
MD
LG