ក្តីបារម្ភពីការខ្វះដីធ្វើស្រែនៅតែបន្តរួតរឹតជីវិតកសិករជាច្រើននាក់នៅក្នុងសង្កាត់ជ្រាវខេត្តសៀមរាប ទីដែលមានការបែងចែកតំបន់អភិរក្សជីវចម្រុះ និងស្ថិតនៅជាប់បឹងទន្លេសាប។
អ្នកស្រី លួន ងិក វ័យ ៤៥ ឆ្នាំ កសិករដែលមានតូបលក់ដូរគ្រឿងភេសជ្ជៈនៅក្នុងតំបន់ ៣ ដែលកំពុងមានភាពចម្រូងចម្រាស ទាក់ទងនឹងការអភិរក្សជីវចម្រុះ និងការបង្វិលដីជូនប្រជាពលរដ្ឋវិញ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា នឹងផ្តល់ដីដែលរដ្ឋសម្រេចដាក់ក្នុងតំបន់ការពារកន្លងមកឱ្យពលរដ្ឋ បានអាស្រ័យផលកសិកម្មលើដីទាំងនោះជាយូរឆ្នាំមកហើយ។
អង្គុយលើអង្រឹងក្នុងតូបនោះតែម្នាក់ឯង ស្រ្តីនិយាយខ្មែររដើន និងមានកូនបួននាក់ក្នុងបន្ទុករូបនេះ ប្រាប់វីអូអេកាលពីពាក់កណ្តាលខែកក្កដាថា អ្នកស្រីមិនអាចចូលទៅបង្កបង្កើនផលលើដីស្រែរបស់អ្នកស្រីបាននៅឡើយទេ ចាប់តាំងពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីអំពីការផ្តល់ដីជូនពលរដ្ឋវិញ នៅមុនការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០២២ នេះ។
អ្នកស្រីនិយាយថា៖ «បើគាត់អនុញ្ញាតហើយ ចង់បានតែឆ្នាំនេះឯង សំណូមគាត់ថា បើគាត់ឆ្វៀលហើយ គាត់ឱ្យហើយ គាត់ឱ្យធ្វើទៅ បើមិនឱ្យធ្វើ ងាប់ប្រជាជនអស់ មានអីរក មើលមើ! ស្រែនៅស្រែ កក់នៅកក់ហ្នឹង»។
កាលពីចុងខែឧសភាឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារសំឡេងពិសេសមួយ ប្រាប់សាធារណជនថា រដ្ឋាភិបាលត្រូវធ្វើការកែសម្រួលការបែងចែកតំបន់ ១ ដល់តំបន់ ៣ ដោយយកតាមយុទ្ធសាស្ត្រស្បែកខ្លា ពោលគឺដីពលរដ្ឋបានបង្កបង្កើនផលយូរហើយ ឬដីជាភូមិកររបស់ពលរដ្ឋ មិនត្រូវដកមកទុកជាតំបន់ការពារ រួចដាំឈើឡើងវិញទេ។
បើតាមខ្សែអាត់សំឡេងដែលមានរយៈពេលជាង ៤០ នាទី ហើយដែលត្រូវបានបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ២៧ ខែឧសភា លោក ហ៊ុន សែន បានថ្លែងថា ការដកហូតដីដែលពលរដ្ឋបានកាន់កាប់ជាយូរមកហើយ ឬក៏ជាដីដែលជាទីសក្ការបូជា គួរតែជៀសវាង។
លោកលើកឡើងថា៖ «មានទាំងសាលារៀន មានទាំងវត្តអារាម តាំងពីយូរយាណាស់ហើយ មិនអាចចាត់ទុកថា តំបន់ ៣ ត្រូវតែបោសសម្អាតប្រជាជន ហើយយកប្រជាជនចេញពីតំបន់នោះ នោះទេ។ នេះជាបទបញ្ជាដែលខ្ញុំព្រះករុណា ខ្ញុំធ្វើ ដើម្បីជៀសវាងការភាន់ច្រឡំណាមួយ ទាក់ទងនឹងការចាកបណ្តេញចេញ ឬយកចេញនូវប្រជាជនដែលនៅក្នុងតំបន់ ៣ ទៅតាមផែនទី ដែលយើងបានកំណត់នោះ។ ចំណុចនេះ ជាចំណុចដែលត្រូវជៀសវាង»។
ទោះជាមានសេចក្តីប្រកាសណែនាំយ៉ាងដូច្នេះក្តី ក៏កសិករដូចជាអ្នកស្រី លួន ងិក មិនទាន់មានលទ្ធភាពចូលទៅដីដើម្បីបង្កបង្កើនផល ក្នុងតំបន់ ៣ បាននៅឡើយ។
អ្នកស្រីនិយាយថា៖ «មានតែមួយកន្លែង បើគេមិនឱ្យខ្ញុំ មានតែខ្ញុំទិញអង្ករផ្សារ ដីខ្ញុំនៅតំបន់ក្រោមបង្គោលដែលគេជីក អាបង្គោលចូលតំបន់បីហ្នឹង នៅឯណោះឯងស្រែមានមួយកន្លែង»។
លោក សុខ វណ្ណៈ អាយុ ៣៦ ឆ្នាំ និងមានកូនពីរនាក់ក្នុងបន្ទុក កំពុងពិនិត្យមើលដីស្រែរបស់លោកក្នុងតំបន់ ២ ដែលលោកអាចបង្កបង្កើនផលស្រូវបាន។ ប៉ុន្តែលោកនិយាយថា សាច់ញាតិរបស់លោកយ៉ាងហោចណាស់ ១០ គ្រួសារទៀត និងលោកផ្ទាល់ ដែលមានដីស្រែក្នុងតំបន់ ៣ មិនទាន់ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យចូលទៅបង្កបង្កើនផលនៅឡើយទេ។
លោកប្រាប់វីអូអេកាលពីពាក់កណ្តាលខែកក្កដាថា៖ «ក្រុមការងារគេចុះឆ្វៀលមកហើយ។ ដល់ពេលយើងចុះទៅភ្ជួរមានមន្ត្រីបរិស្ថានមួយចំនួនគាត់ចុះមកចាប់ ខ្លះចាប់ទាល់តែគាត់ថា បើអាត្រាក់គោរយន្តមួយគាត់យកប៉ុន្មាន ៣០ម៉ឺន [រៀល] អាត្រាក់អីគេយកដល់ ១លាន[រៀល] ២លាន[រៀល] ប្រជាពលរដ្ឋ អត់ហ៊ានចុះបណ្តោយ»។
បើតាមលោក សុខ វណ្ណៈ ប្រជាពលរដ្ឋបានកាន់កាប់ដីស្រែក្នុងតំបន់ ៣ ជាយូរមកហើយ ដោយមានខ្លះកាន់កាប់តាំងពីសម័យអតីតព្រះមហាក្សត្រព្រះបាទ នរោត្តមសីហនុ ហើយថា ឪពុកម្តាយលោកក៏បានកាន់កាប់ដីក្នុងតំបន់ ៣ តាំងពីសម័យនោះដែរ និងបន្សល់ទុកឱ្យលោកនិងសាច់ញាតិមកទល់សព្វថ្ងៃ។
កសិករម្នាក់ទៀតគឺលោក ឡាច ផល្លី អាយុ ៤០ឆ្នាំ ដែលមានបទពិសោធន៍ស្រដៀងគ្នានឹងលោកសុខ វណ្ណៈ បានស្នើឱ្យរដ្ឋាភិបាលពិចារណាប្រគល់ដីស្រែពលរដ្ឋមកវិញឱ្យបានឆាប់ៗតាមដែលអាចធ្វើបាន ដើម្បីកសិករអាចមានលទ្ធភាពបង្កបង្កើនផលស្រូវនៅរដូវវស្សានេះ។
លោកថ្លែងថា៖ «មានតែសំណូមពរ ដូចការនិយាយពីខាងដើមទីហ្នឹងហើយ សំណូមពរថា ឱ្យខាងថា្នក់ខេត្តហ្នឹង លោកជួយពន្លឿនក្នុងការកាត់ឆ្វៀលដីប្រជាពលរដ្ឋឱ្យឆាប់បាន ព្រោះដូចជាការខ្ញុំនិយាយពីខាងដើមម្លេ៉ះ គឺមានតែការឆាប់បានភ្ជួរឆាប់បានរាស់ទេ ប្រជាពលរដ្ឋអាចនឹងបិទភ្លឺបិទអីរៀបទប់វិញ»។
កសិកររូបនេះ បានថ្លែងទៀតថា បើគ្មានស្រែធ្វើទេ សាច់ញាតិនិងពលរដ្ឋឯទៀតនឹងប្រឈមមុខនឹងការខ្វះស្បៀង ហើយសេដ្ឋកិច្ចគ្រួសារនឹងរងផលប៉ះពាល់។
លោកនិយាយថា៖ «វាប៉ះសេដ្ឋកិច្ចខ្លះដែរ ព្រោះយើងរំពឹងទៅលើស្រែកសិកម្ម ព្រោះយើងអត់មានធ្វើការងារអីទេ»។
លោក ម៉ន ឈៀង កសិករអាយុ ៤៧ ឆ្នាំម្នាក់ទៀតដែលមានដីទំហំប្រមាណ ៧ ពាន់ម៉ែត្រការ៉េ នៅតំបន់ ៣ ទុកទំនេរចោលដោយសារវិធានការនៃការអភិរក្សក្នុងតំបន់មួយចំនួនជាប់បឹងទន្លេសាប ក៏ស្នើសុំឲ្យមានការពន្លឿនចែកដីមកវិញដល់កសិករដូចជារូបលោក ដែលងាយប្រឈមនឹងជីវភាពខ្វះខាត បើគ្មានដីគ្រប់គ្រាន់ដើម្បីបង្កបង្កើនផល។
លោកថ្លែងប្រាប់វីអូអេថា៖ «ប៉ះច្រើនណាស់ យើងដីសព្វថ្ងៃមានតិចផង មានតែដីរបបផ្សែផ្សំ ដល់អាអត់អានោះទៅ វាចេះតែខ្វះខាតហើយ។ ហើយបានថាសំណូមឱ្យសុំ គាត់អាជ្ញាធរនៅសៀមរាបនេះ ឱ្យគាត់ចុះឆ្វៀលឱ្យលឿនបន្តិចមក ដើម្បីប្រជាពលរដ្ឋអាចធ្វើទាន់ពេលវេលា»។
កសិកររូបនេះថា ដីស្រែរបស់លោក គឺជាដីដែលដូនតាលោកបន្សល់ទុកឱ្យរាប់ជំនាន់មកហើយ ពោលគឺមុនសម័យខ្មែរក្រហម។
អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តសៀមរាប លោក ស វណ្ណារ៉ា ប្រាប់វីអូអេថា ប្រជាពលរដ្ឋបានកាន់កាប់ដីស្រែក្នុងតំបន់ ៣ នោះ ជាយូរឆ្នាំមកហើយ ពោលគឺកាន់កាប់បន្តពីដូនតា ដោយខ្លះកាន់កាប់ ៤ ទៅ ១០ ឆ្នាំមកហើយ។ ក៏ប៉ុន្តែលោកថា លោកមិនដឹងថា ហេតុអ្វីបានជារដ្ឋាភិបាលមិនទាន់អាចឆ្វៀលដីក្នុងតំបន់នោះជូនពលរដ្ឋ ដើម្បីឲ្យពួកគេបានបង្កបង្កើនផលកសិកម្មដូចដើមវិញនោះទេ។
លោក ស វណ្ណារ៉ា បានថ្លែងបន្ថែមថា កសិករទាំងនេះអាចប្រឈមមុខនឹងផលវិបាកខាងហិរញ្ញវត្ថុ បើពួកគេនៅមិនអាចបង្កបង្កើនផលបានកាន់តែឆាប់នោះ។
លោកថ្លែងថា៖ «ខ្ញុំគិតឃើញថា រដ្ឋាភិបាលគួរតែកាត់មកថ្នាក់ក្រោមជាតិនេះ ឱ្យធ្វើការដោះស្រាយជូនគាត់ទៅ ដោយសារហេតុផលគឺ គាត់មានអំណះអំណាងរបស់គាត់កន្លងមក។ អ៊ីចឹង បើសិនជានៅតែត្រាំត្រែងទុកអ៊ីចឹង មិនដោះស្រាយជូនគាត់ គាត់មិនមានដីដើម្បីបង្កបង្កើនផលទេ ហើយគាត់ទើបតែបញ្ចប់កូវីដផង វាជួបបញ្ហាគឺសេដ្ឋកិច្ចគ្រួសារគាត់»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអភិបាលខេត្តសៀមរាប លោកទៀ សីហា និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានទេតាមប្រព័ន្ធទូរស័ព្ទ កាលពីចុងខែសីហា។
យ៉ាងណាក៏ដោយ ចៅសង្កាត់ជ្រាវលោក ក្អោប រ៉ន ប្រាប់វីអូអេកាលពីថ្ងៃពុធ ទី៣១ ខែសីហាថា ប្រជាពលរដ្ឋនៅបន្តបង្កបង្កើនផលបានក្នុងតំបន់ ២ និងតំបន់ ៣ ហើយការរៀបចំកំណត់ព្រំប្រទល់ឡើងវិញនោះ នឹងធ្វើឡើងនៅរដូវទឹកស្រក។
លោកថ្លែងថា៖ «ធ្វើបាន អាស្រ័យផលបានទាំងតំបន់៣ ទាំងតំបន់២...ប៉ុន្តែគ្រាន់ [តែថា] ការកាត់ឆ្វៀលឱ្យច្បាស់លាស់ការកំណត់ថា ៣ ឬក៏២ឱ្យច្បាស់លាស់[នៅ] នៅឡើយទេ»។
ផ្ទៃដី និងព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលជាបឹងធំជាងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានចែកចេញជា ៣ តំបន់គឺតំបន់ទី ១ ជាតំបន់ដែលពលរដ្ឋកំពុងរស់នៅអាស្រ័យផល និងកាន់កាប់ជាកម្មសិទ្ធស្របច្បាប់។ រីឯតំបន់ទី ២ ពលរដ្ឋអាចអាស្រ័យផលបាន តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិនោះឡើយ។ ហើយតំបន់ ៣ គឺជាតំបន់ព្រៃលិចទឹកដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឱ្យមានការរំលោភបំពាន។ នេះបើតាមការកំណត់របស់រដ្ឋាភិបាលកម្ពុជា។
សេចក្តីណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ ២០២២ នេះ បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា សហការជាមួយអាជ្ញាធរខេត្តដែលនៅជាប់បឹងទន្លេសាប និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ពិនិត្យនិងរៀបចំការកំណត់ព្រំប្រទល់ឡើងវិញ ក្នុងតំបន់ ១ តំបន់ ២ និងតំបន់ ៣ ដើម្បីកំណត់ថា ដីក្នុងតំបន់ណាដែលពលរដ្ឋអាចធ្វើជាម្ចាស់កម្មសិទ្ធិ ឬនៅអាចបន្តអាស្រ័យផលបាន ឬត្រូវកាត់ទុកជាតំបន់ការពារ។
បើតាមសេចក្តីណែនាំនេះ ការទន្ទ្រានចូលកាន់កាប់ដីព្រៃលិចទឹកនាពេលថ្មីៗនឹងមិនត្រូវបានអនុញ្ញាតឱ្យក្លាយជាដីអាស្រ័យផលឡើយ ដោយត្រូវទុកដីនោះជាតំបន់ការពារ និងដាំដើមឈើឡើងវិញ។ ហើយប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យបន្តអាស្រ័យផលលើដីដែលខ្លួនកាន់កាប់កន្លងមកនោះ ក៏មិនត្រូវធ្វើការទន្ទ្រានពង្រីកដីថែមទៀតឡើយ៕