ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យ៉ាងតិច​ដី​ព្រៃលិច​ទឹកបឹង​ទន្លេសាប​១៥.០០០​ហិកតា ត្រូវ​បាន​ដក​ហូត និង​បញ្ជូន​មនុស្ស​មួយ​ចំនួន​ទៅ​តុលាការ


រូបផែនទីមួយបង្ហាញពីការទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាបនៅខេត្តបាត់ដំបង ដែល​ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពដកស្រង់ពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)
រូបផែនទីមួយបង្ហាញពីការទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាបនៅខេត្តបាត់ដំបង ដែល​ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូបភាពដកស្រង់ពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)

បន្ទាប់​ពី​មាន​ការ​បញ្ជា​ពី​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​ដក​ហូត​ដីព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ផ្ទៃ​ដី​ដែល​រង​ការ​ទន្រ្ទាន​យ៉ាង​តិច​១៥.០០០​ហិកតា ​ត្រូវ​បាន​អាជ្ញាធរ​តាម​ខេត្ត​ដក​ហូត​ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ។​ នេះ​បើ​តាម​មន្រ្តី​ពាក់​ព័ន្ធ។ ​

នៅ​ក្នុង​ប្រតិបត្តិ​ការ​នៃ​ការ​ចុះ​ស៊ើប​អង្កេត​របស់​កម្លាំង​ពាក់​ព័ន្ធ អាជ្ញាធរ​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន ​និង​កំពុង​ស៊ើប​អង្កេត​បន្ត​ទៀត។​

កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​ដក​ហូត​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ ជាង​២​ពាន់​ហិកតា​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​និង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ផ្សេង​ទៀត ហើយ​ស៊ើប​អង្កេត​ករណី​នេះ។​ លោក​ទទួល​ព័ត៌មាន​ថា​ អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទន្រ្ទាន​ដី​នេះ​ដែរ។​

លោក​នាយក​រដ្ឋមន្រ្តី​ ក៏​បញ្ជា​ឱ្យ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ​ដោយ​មិន​មាន​ការ​អត់​ឱន​ ហើយ​លោក​ប្រាប់​មន្ត្រី​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​សារ​ភាព​ជា​បន្ទាន់​ដើម្បី​ជា​ការ​បន្ធូរ​បន្ថយ​ទោស។​

ក្រោយ​ពី​មាន​ការ​បញ្ជា​របស់​លោក ​ហ៊ុន សែន ​តាំងពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ​រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ ​អាជ្ញាធរ​ខេត្ត​ចំនួន​៣ ​បាន​រក​ឃើញ​ផ្ទៃ​ដី​លិច​ទឹក​យ៉ាង​តិច​១៥.០០០​ហិកតា​ ដែល​រង​ការ​ទន្រ្ទាន​ ហើយ​ត្រូវ​បាន​ដក​ហូត​មក​វិញ។​

រដ្ឋ​បាល​ខេត្ត​បាត់ដំបង​បាន​រក​ឃើញ​ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ចំនួន​២៩​ទីតាំង ​សរុប​ផ្ទៃ​ដី​ ស្មើ​នឹង​១២.២២១​ហិកតា​ ដែល​រួម​មាន​ស្រុក​មោង​ឫស្សី ​ស្រុក​សង្កែ ​ ស្រុក​ឯក​ភ្នំ ​ ស្រុក​ថ្មគោល។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ចុះ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា។​


កាល​ពី​ថ្ងៃ​ចន្ទ ​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​លោក ​វេង សាខុន​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ ក្នុង​ខេត្ត​កំពង់ធំ​ មាន​ករណី​កាប់​ទន្រ្ទាន​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក ​និង​កាន់​កាប់​ដី​ខុស​ច្បាប់​ ចំនួន​៤០​ករណី​លើ​ផ្ទៃដី​ប្រមាណ​៣.៥០០​ហិកតា។ ​ លោក​ឲ្យ​ដឹង​ដែរ​ថា​ ករណី​ទាំង​អស់​នេះ ​គឺ​ត្រូវ​បាន​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​កំពង់ធំ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​រួច​អស់​ហើយ ហើយ​កំពុង​នៅ​ក្នុង​ដៃ​ចៅ​ក្រម​ស៊ើប​សួរ។​

អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់ធំ ​លោក ​សាយ វាសនា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​តុលាការ​បាន​ទទួល​សំណុំ​រឿង​កាប់​ទន្រ្ទាន​ដីព្រៃ​លិច​ទឹក​នេះ​ដែល​មាន​ទាំង​មន្ត្រី ​និង​ប្រជា​ពរដ្ឋ​ដែល​ពាក់ព័ន្ធ។ ហើយ​ពួកគេ​ត្រូវ​បាន​ចោទ​ពី​បទ​កាប់​រាន​ដី​ព្រៃ​លិច​ទឹក។​ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ។​ អ្នក​នាំ​ពាក្យ​តុលាការ​រូប​នោះ​ស្នើ​ឲ្យ​រង់​ចាំ​មើល​សេចក្តី​ថ្លែង​ការណ៍​របស់​តុលាការ​ជំនួស​វិញ។​

លោក​ថ្លែង​ថា៖ ​«បទ​ចោទ​ទាក់​ទង​ការ​កាប់​រាន​ដី​ព្រៃ​លិច​ទឹក»។​

ចំណែក​លោក ​សេង ឡូត ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ដែន​ដី នគរូបនីយ​កម្ម ​និង​សំណង់ ​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ស្រាវជ្រាវ​លើ​ការ​ទន្រ្ទាន​ដី​ព្រៃ​បឹង​ទន្លេសាប​នេះ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ជំហាន​ដំបូង​នៃ​ការ​ស្រាវ​ជ្រាវ​កំណត់​អត្ត​សញ្ញាណ​ដី ​និង​អ្នក​កាន់​កាប់​ដីព្រៃ​លិច​ទឹក​ ក្នុង​ស្រុក​កំពង់លែង ​ខេត្ត​កំពង់ឆ្នាំង ​រក​ឃើញ​ទីតាំង​ចំនួន​១៥ ​គឺ​ជាង​២​ពាន់​ហិកតា​ដែល​កាន់​កាប់​ដោយ​ប្រជា​ពលរដ្ឋ ​និង​មិន​ទាន់​រក​ឃើញ​ថា​ មាន​មន្ត្រី​ណា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​លោក​ថាកំពុង​ស្រាវ​ជ្រាវ​នៅ​ស្រុក​ផ្សេង​បន្ត​ទៀត។ ​ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​អាជ្ញាធរ​នឹង​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទន្រ្ទាន​ព្រៃ​លិច​ទឹក​ទាំង​នោះ។​

លោក​បញ្ជាក់​ថា៖ ​«ក្នុង​២១០០​ហិកតា​ ដែល​បាន​ធ្វើ​អត្ត​សញ្ញាណ​ជំហាន​ដំបូង​នេះ ​គឺ​ពាក់​ព័ន្ធ​ជាមួយ​អ្នក​កាន់​កាប់​ទីតាំង​ចំនួន​១៥​ម្ចាស់។ ​១៥​ម្ចាស់​នោះ​ គឺ​សុទ្ធ​តែជា​អ្នក​កាន់​កាប់​ដែល​ជា​ប្រជា​ពល​រដ្ឋ»។​

លោក​ សេង ឡូត​ បន្ត​ថា​ ​ក្នុង​ស្រុក​ផ្សេង​ទៀត​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ និង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​ជាប់​បឹង​ទន្លេសាប​ដែល​ជា​ព្រៃ​លិច​ទឹក​តំបន់​៣​នេះ​ ​អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ស្រាវ​ជ្រាវ​បន្ត។​

លោក​ថ្លែង​ថា៖ ​«កំពុង​តែ​ចុះ​ពិនិត្យ​ស្រាវ​ជ្រាវ​ ដើម្បី​រៀបចំ​ឲ្យ​បាន​ច្បាស់​លាស់​ អំពី​អត្ត​សញ្ញាណ​នៃ​អ្នក​កាន់​កាប់ ​និង​អត្ត​សញ្ញាណ​ដី ​ដំឡើង​ផែនទី​ច្បាស់​លាស់​ ពិនិត្យ​ឲ្យ​ឃើញ​ថា ​ មាន​ការ​ទន្រ្ទាន​ពិត​ប្រាកដ​ទៅ​ក្នុង​ទីតាំង​តំបន់​៣​ គឺ​តំបន់​ព្រៃ​លិច​ទឹក​ទន្លេសាប​ហ្នឹង ​ជា​គោល​ការណ៍​របស់​រាជ​រដ្ឋា​ភិបាល​ នឹង​ដក​ហូត​ជា​សម្បត្តិ​របស់​រដ្ឋ​ ទាំង​អស់»។​

ដោយ​ឡែក​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ​លោក ​ស្រ៊ន សំឫទ្ធី​ ប្រាប់​វីអូអេ​ថា​ លោក​មិន​បាន​ដឹង​ពី​រឿង​នេះ​ច្បាស់​ទេ ​ដោយ​លោក​ឲ្យ​ទាក់​ទង​ទៅ​លោក ​សាន់ យូ​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ​ដែល​ជា​អ្នក​ទទួល​បន្ទុក​ដឹក​នាំ​កង​កម្លាំង​ទៅ​ត្រួត​ពិនិត្យ​រឿង​នេះ​ផ្ទាល់។ ​ប៉ុន្តែ​វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​ទៅ​លោក ​សាន់ យូ ​បាន​នៅ​ឡើយ​ទេ។​

លោក ​ស៊ុន ចំណាន ​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប​ ថ្លែង​ថា​ នៅ​ខេត្ត​សៀមរាប​មិន​សូវ​មាន​ករណី​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​ច្រើន​ទេ​ប៉ុន្តែ​លោក​អះអាង​ថា​ មាន​តែ​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​ផ្ទាល់ ​ដើម្បី​បង្ក​បង្កើន​ផល​ រួម​មាន​ឃុំ​សង្កាត់​ចំនួន​៣១ ​ ស្រុក​ចំនួន​៥​ និង​ក្រុង​ចំនួន​១​ ដែល​ពាក់​ព័ន្ធ​នឹង​បឹង​ទន្លេសាប​ដែល​លាត​សន្ធឹង​ប្រមាណ​១៨៥​គីឡូ​ម៉ែត្រ​ការ៉េ​លើ​តំបន់​ចំនួន​៣ ​ដែល​មាន​ផ្ទៃ​ដី​ជាង​១២​ម៉ឺន​ហិកតា។​

លោក​ថ្លែង​ថា៖​ «ខេត្ត​សៀមរាប​របស់​ខ្ញុំ​មិន​សូវ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ទេ​ ព្រោះ​ពី​មុន​យើង​មាន​តំបន់​កាប់​ឆ្កៀល​តំបន់​បី​ ជូន​ប្រជា​ពលរដ្ឋ​បង្ក​បង្កើន​ផល​ [មាន]​៨​ពាន់​[ហិកតា] ​ជាង​...​[តាម]​គោល​ការណ៍​ពី​រដ្ឋាភិបាល ​៨​ពាន់​ហិកតា​ជាង។​ឥឡូវ​នេះ​យើង​កំពុង​ធ្វើ​ការ​Update ​[ធ្វើ​បច្ចុប្បន្នភាព]​ឡើង​វិញ​ទិន្នន័យ​ឡើង​វិញ​ថា​ តើ​ទិន្នន័យ​នេះ​មាន​ប៉ុន្មាន​បន្ថែម?»​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សុក ហៃ​អភិបាល​រង​ខេត្ត​កំពង់ធំ​លោក​ សឿម ប៊ុន​រិទ្ធិ ​អភិបាល​រង​ខេត្ត​បាត់ដំបង ​និង​អ្នកស្រី ​រស់ សុផានី ​អ្នក​នាំ​ពាក្យ​ខេត្ត​បន្ទាយ​មានជ័យ​បាន​នៅ​ឡើយ​ទេ។​

ចំណែក​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​លោក ​អេង ហ៊ី ​មិន​ទាន់​អាច​បញ្ជាក់​ពី​ទិន្នន័យ​ច្បាស់​លាស់​ទាក់​ទិន​នឹង​ការ​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​នេះ​នៅ​ឡើយ​ទេដោយ​លោក​ថា​ កំពុង​ស្រាវ​ជ្រាវ​ករណី​នេះ​នៅ​តាម​បណ្តា​ខេត្ត​ពាក់​ព័ន្ធ​នានា​ ដែល​មក​ដល់​ពេល​នេះ​ទើប​តែ​ត្រួត​ពិនិត្យ​បាន​ពីរ​ខេត្ត​ប៉ុណ្ណោះ​ រួម​មាន​ខេត្ត​កំពង់ឆ្នាំង ​និង​កំពង់ធំ។​

កាល​ពី​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ឲ្យ​ដឹង​ថា​ លោក​បាន​ទទួល​ការ​សិក្សា​ជ្រាវ​មួយ​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​ សុខ ទូច​ អំពី​ការ​ទន្រ្ទាន​ដី​បឹង​ទន្លេសាប​នេះ។​

ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​លោក​ សុខ ទូច​ អះអាង​ថាដី​ព្រៃ​លិច​ទឹក​ទាំង​នោះ​មាន​ការ​បំផ្លាញ​រាប់​ម៉ឺន​ហិកតា​ដោយ​មន្ត្រី​មួយ​ចំនួន​ និង​ប្រជា​ពល​រដ្ឋ​ផង​ដែរ។​

លោក​ សុខ ទូច​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ ​ការ​សិក្សា​ររបស់​រាជ​បណ្ឌិត្យ​សភា​រក​ឃើញ​ថា​ ​ផ្ទៃ​ដី​លិច​ទឹក​បឹង​ទន្លេសាប​មិន​តិចជាង​ម៉ឺន​ហិកតា​នោះ​ទេ​ ដែល​ត្រូវ​បាន​បំផ្លាញ​ និង​ទន្រ្ទាន​ស្មើ​ដៃ​គ្នា​ពី​សំណាក់​មន្ត្រី​មួយ​ចំនួន​ និង​ប្រជា​ពល​រដ្ឋ។​

លោក​បញ្ជាក់​ថា៖​«នៅ​ខេត្ត​កំពង់ឆ្នាំង ​អត់​ក្រោម​មួយ​ម៉ឺន​ហិកតា​ជាង​ទេ។ ​ ពីរ​ពាន់​ហ្នឹង​តែ​មួយ​ម្ចាស់​ទេ​... ​ហើយ​ក្នុង​ខេត្ត​កំពង់ធំ​ហ្នឹង​ក៏​ជាង​ពីរ​ម៉ឺន​ដែរ​ ខេត្ត​សៀមរាប​ក៏​ជាង​២​ម៉ឺន​ដែរ»។​

លោក​បន្ត​ថា៖ ​«ប៉ុន្មាន​ម៉ឺន​[ហិកតា]​ខ្ញុំ​អត់​ប្រាប់​ទេ ​ទុក​ឲ្យ​គេ​អ្នក​ចុះ​ហ្នឹង​ប្រាប់​ទៅ​ប្អូន​ស្រី​ឯង​ទៅ»។​

លោក​បន្ត​ថា​ ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ គឺ​មិន​ទាន់​ចប់​នោះ​ទេ ​ ប៉ុន្តែ​បើ​សិន​ជា​មិន​ទប់​ស្កាត់​ទាន់​ពេល​វេលា ​ទេ​ ព្រៃ​ឈើ​ទាំង​នោះ​នឹង​អស់។​

លោក​ថ្លែង​ថា៖ ​«ខាង​ខ្ញុំ​សិក្សា​មិន​ទាន់​ចប់​ទេ​គ្រាន់​តែ​ខ្ញុំ​សិក្សា​បាន​តែ​២​ចំណុច​ទេ​ គឺ​នៅ​៤​ចំណុច​ទៀត ។ ​អ៊ីចឹង​ការ​ប៉ះពាល់​បរិស្ថាន​យ៉ាង​ម៉េច​ បាត់បង់​យ៉ាង​ម៉េច​អត់​ទាន់​ទេ។​ប៉ុន្តែ​វា​ជា​អាទិភាព​ក្នុង​ការ​បញ្ឈប់​ការ​កាប់​ព្រៃ​ឈើ​សិន។ ​ បើ​យើង​មិន​ប្រើ​អាទិភាព​ទម្រាំ​សិក្សា​អស់​វា​ អស់​ព្រៃ​ឈើ​ហ្នឹង។​អ៊ីចឹង​ហើយ​បាន​យើង​យក​អាទិភាព​បញ្ចប់​ការ​កាប់​ព្រៃ​ឈើ​ហ្នឹង។​ហើយ​រឿង​ចប់​មិន​ចប់​ មិន​មែន​ពួក​ខ្ញុំ​ទេ ។​ ពួក​យើង​ជា​បញ្ញវន្ត​គ្រាន់​តែ​សរសេរ​ដាក់​ធាតុ​ចូល​ ​តែ​ការ​សម្រេច​ចិត្ត​គឺ​អ្នក​នយោបាយ»។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ​ប៉ិច ពិសី​ ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព​ ដោយ​មិន​ត្រូវ​លើក​លែង​ ឬ​យោគយល់​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​នោះ​ទេ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ហ៊ាន​ធ្វើ​សកម្ម​ភាព​បែប​នេះ​ត​ទៅ​ទៀត។​

លោក​ថ្លែង​ថា៖ ​«ទោះ​បី​ជា​មាន​ការ​ប្រគល់​ជូន​វិញ​ក៏​ដោយ​ប៉ុន្តែ​ច្បាប់​និយាយ​ថា​ អ្នក​ទន្ទ្រាន​អ្នក​ប្រព្រឹត្ត​ខុស។ ​គាត់​ត្រូវ​តែ​មាន​ទោស ​ ឬ​មាន​កាតព្វ​កិច្ច​ត្រូវ​សង​សំណង​មក​រដ្ឋ​ បែប​ហ្នឹង។ ​យើង​អនុវត្ត​ឲ្យ​ត្រឹម​ត្រូវ​តាម​ហ្នឹង​ទៅ​កុំ​ឲ្យ​មាន​ការ​លើក​លែង ​ ពីព្រោះ​បើ​សិន​ជា​មាន​ការ​លើក​លែង​ មាន​ន័យ​ថា​ ការ​អនុវត្ត​ច្បាប់​នៅ​ខ្សោយ ​ ហើយ​មិន​អាច​រារាំង​ដល់​អ្នក​ផ្សេង​ក្នុង​ការ​ធ្វើ​ទេ ​ ពីព្រោះ​បើគ្រាន់​តែ​ធ្វើ​ខុស​ហើយ ​ឲ្យ​ដី​ទៅ​[រដ្ឋ]​វិញ​រួច​ខ្លួន។ ​អ៊ីចឹង​ប្រហែល​ជា​មិន​មាន​អ្នក​ផ្សេង​ខ្លាច​ទេ»។​

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ​២០១១ ​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា ​ស្ថិត​ក្នុង​ខេត្ត​៦​ជុំវិញ​បឹង​ទន្លេសាប​រួម​មាន​ខេត្ត​កំពង់ឆ្នាំង​ពោធិ៍សាត់ ​ បាត់ដំបង​បន្ទាយ​មានជ័យ​ សៀមរាប​ និង​កំពង់ធំ ។​ មាត្រា​៣​នៃ​អនុក្រឹត្យ​នេះ​ចែង​ថា​ អាជ្ញាធរ​ខេត្ត​មាន​ភារកិច្ច​ កាតព្វ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​ ការ​ការពារ​ និង​ការ​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ ហើយ​ចំពោះ​ការ​បាត់បង់​ដែន​ព្រៃ​លិច​ទឹក​ និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ខេត្ត​ណា ​ គណៈអភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​រដ្ឋាភិបាល។​

បើ​យោង​តាម​គេហ​ទំព័រ​របស់​អាជ្ញាធរ​ទន្លេសាប​ ​ ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ជា​ហេតុ​មួយ​ដែល​បណ្តាល​ឲ្យ​ដី ​និង​ល្បាប់​មួយ​ភាគ​ធំ​ហូរ​ធ្លាក់​ចូល​ទៅ​បឹង​ទន្លេសាប​ ដែល​បណ្តាល​ឲ្យ​គោក​រាក់​អាច​ប៉ះ​ពាល់​ដល់​កន្លែង​ស្តុក​ទឹក​នៅ​រដូវ​រស្សា ​និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ព្រៃ​លិច​ទឹក។ ​ ហើយ​រដ្ឋបាល​ជលផល​បាន​វាយ​តម្លៃ​ថា​ ផ្ទៃ​ក្រឡា​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ​បាន​ថយ​ចុះ​ចំនួន​១៣% ​ពោល​គឺ​កាល​ពី​ឆ្នាំ​២០០២ ​ព្រៃ​លិច​ទឹក មាន​ចំនួន​៧៩១.០០០​ហិកតា ​ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០០៥ ​ ព្រៃ​លិច​ទឹក​នៅ​សល់​ត្រឹម​តែ​៦៨៨.១៧០​ហិកតា​ប៉ុណ្ណោះ៕

XS
SM
MD
LG