ក្រោយហូបបាយថ្ងៃត្រង់រួច លោក សួត តូ បានបន្តសម្អាត និងស្រាយសំណាញ់ត្រីមួយគំនរ ដែលជាប់ទៅដោយស្លឹកឈើ និងមែកឈើ។ លោកអង្គុយនៅមុខផ្ទះ ដែលអណ្តែតឃ្លីងឃ្លោងលើផ្ទៃទឹកបឹងទន្លេសាប ប៉ែកខាងជើង នៅក្នុងភូមិពាមបាង នៃខេត្តកំពង់ធំ។ កូនស្រីលោក អាយុ ១៣ឆ្នាំ ទើបតែចេញទៅរៀន។ នាងកំពុងសិក្សានៅថ្នាក់ទី៤ ឆ្នាំនេះ ហើយលោក សួត តូ ជាឪពុក ក៏ចាប់ផ្តើមបារម្ភអំពីអនាគតរបស់នាងផងដែរ។
លោកបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពីបឹងធម្មជាតិដ៏មហិមាមួយនេះ ដែលលោកតែងតែហៅថាផ្ទះ ឬស្រុកកំណើត ឬ «ឆ្នាំងបាយ» ដើម្បីអាចឲ្យកូនស្រីបន្តការសិក្សានៅថ្នាក់វិទ្យាល័យនឹងគេ។
លោករៀបរាប់ថា៖ «ឲ្យកូនខ្ញុំរៀនឲ្យចប់ចុងចប់ដើម។ តែប៉ុន្មានឆ្នាំទៀត ខ្ញុំទៅនោះហើយ អត់បាននៅនេះទៀតទេ។ ខ្ញុំទៅនៅតាកែវវិញហើយ។ បែបទៅនៅលើវិញហើយ ឧបមាថា ពីរឆ្នាំហ្នឹងអត់សម្បូរត្រី។ នៅខាងលើ [នៅលើដីគោក] និយាយរួមទៅ យើងអាចរស់។ យើងធ្វើការសំណង់ទៅ ប្រពន្ធធ្វើការរោងចក្រទៅ យើងអាចរស់។ នៅនេះកាន់តែខ្សោយទៅៗ យ៉ាប់ហើយ។ ត្រីវាអស់ទៅៗ ហើយ។ កូនក៏នៅបានរៀន បានសូត្រស្រួលបួល អត់មានមកនៅលំបាកវេទនា»។
តាំងពីជាក្មេងកំព្រារហូតដល់មានភរិយា និងកូនពីរនាក់ លោក សួត តូ វ័យ ៣៦ឆ្នាំ ធ្លាប់តែចិញ្ចឹមជីវិតនៅបឹងទន្លេសាប ដោយមិនមានក្តីបារម្ភអ្វីនោះទេ។ ក៏ប៉ុន្តែស្ថានភាពរបស់បឹងដែលធ្លាប់តែសម្បូរទៅដោយជលផលឥតគណនាបាននេះ កំពុងប្រែប្រួលខ្លាំង ជាហេតុធ្វើឲ្យជីវភាពរបស់លោក សួត តូ និងអ្នកទន្លេឯទៀត កាន់តែលំបាកទៅៗ។
«វាខុសប្លែកអញ្ចឹងឯង ឆ្នាំណាទៅក៏សម្បូរទឹកទៅ ឆ្នាំណាទៅក៏អត់ទឹកទៅ... វាខុសមែនទែន។ លើកមុនសម្បូរណាស់ត្រី ឥឡូវនេះ វាអត់សូវមានទេត្រី ភាគច្រើនគឺចប់បណ្តោយ។ ដូចជាមងអ៊ីចឹង ឥឡូវដាក់រាប់គីឡូដីអីបានបាន ពីដើមដាក់តែ ៥០០ ទៅ ៦០០ ម៉ែត្រអី បានត្រីហូប ឥឡូវនេះ ដាក់រាប់គីឡូដី មិនចង់បានត្រីហូបទៀត»។
ទន្លេសាបជាដីស្រែ ជាឆ្នាំងបាយ ជាផ្ទះ
សម្រាប់អ្នកដែលពឹងលើផលពីបឹងទន្លេសាប ធនធានត្រីនៅបឹងនេះហាក់មិនសម្បូរបែបដូចមុននោះទេ ដោយសារកត្តាមួយចំនួនដែលអ្នកជំនាញជាច្រើនបានចង្អុលបង្ហាញ ដូចជាការនេសាទហួសកម្រិត បទល្មើសនេសាទ ការប្រែប្រួលអាកាសធាតុ និងការសាងសង់ទំនប់វារីអគ្គិសនីជាដើម។ បច្ចុប្បន្ននេះ ប្រជាជនរាប់លាននាក់ដែលហៅខ្លួនឯងថាជា «អ្នកទន្លេ» កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ។ លោក សួត តូ បានថ្លែងថា៖
«[បឹងទន្លេសាប] ដូចជាទ្រព្យ ជាសម្បត្តិ ជាស្រែ...បើអត់មានបឹងហ្នឹងក៏អត់អាចរកអីបានហូបដែរ។ ថាដូចជាដីស្រែ... និយាយអ៊ីចឹងទៅចុះ។ ដូចដីស្រែ ដូចផ្ទះអ៊ីចឹង។ បើអត់ [ធនធានក្នុងបឹង] ប្រជាជននៅហ្នឹង ក៏អត់មានអីរកហូបបានដែរ។ បើអត់ធ្វើស្រែអីកើតផង»។
ប្រហែល២០គីឡូម៉ែត្រ ឆ្ពោះទៅខាងត្បូងពីចេញពីភូមិពាមបាង កាត់តាមផ្ទៃបឹងទន្លេសាបដែលធំល្វឹងល្វើយដូចផ្ទៃសមុទ្រទឹកពណ៌ត្នោតនារដូវវស្សា នឹងនាំអ្នកដំណើរមកដល់ភូមិកំពង់លួងនៃខេត្តពោធិ៍សាត់។
អ្នកស្រី កុង គឿន អាយុ ៤២ ឆ្នាំ និងប្តីឈ្មោះ ហឿង ពិសិដ្ឋ អាយុ ៤៤ ឆ្នាំ រវល់ដេរសំណាញ់ពាសលើគ្រោងដែកលួសដែលពួកគេបានជួលគេធ្វើរួចស្រាប់ ដើម្បីធ្វើជាលបសម្រាប់ដាក់ទៅក្នុងទឹកចាប់កំពឹស។ អ្នកស្រុកនៅទីនេះហៅវាថាជា «សៃយឺន»។
ដោយប្រកបរបរចិញ្ចឹមជីវិតអាស្រ័យធម្មជាតិនៅទីនេះ អ្នកទាំងពីរបានសម្របខ្លួនទៅតាមរដូវ និងចរន្តទឹកទន្លេសាបដែលប្តូរពីរដងក្នុងមួយឆ្នាំៗ។ ភ្លាមៗបន្ទាប់ពីរដូវប្រាំងបានបញ្ចប់ ពួកគេត្រៀមសៃយឺនទុកចាប់កំពឹស ដោយសង្ឃឹមថានឹងបានកម្រៃបន្ថែម។ សៃយឺន ជាង ១.០០០ សម្រាប់នេះ ថ្លៃប្រមាណ ១.៥០០ដុល្លារ ហើយប្រើបានជាងបីឆ្នាំ មុននឹងត្រូវប្តូរថ្មី។
អ្នកស្រី កុង គឿន បានរៀបរាប់ប្រាប់វីអូអេ អំពីស្ថានភាពដុនដាបនៃការប្រកបរបរចិញ្ចឹមជីវិតក្នុងនាមជាអ្នកទន្លេ ថា៖ «វា [ផលចាប់ត្រី] ខុសគ្នាជាពាក់កណ្តាល...ដូចតែសៃយឺនអ៊ីចឹង ពីដើមដាក់តែ ១០០ ទៅ ២០០ អីបាន ១០០ គីឡូជាង។ ឥលូវដាក់ ១.៥០០ ទៅ ២.០០០ អត់បាន ២០ គីឡូផង។ ហើយគុណទៅថា វាខុសគ្នាបែបណា? វាខុសខ្លាំងណាស់ បានគួរថារបរខុសច្បាប់ គេត្រូវបិទហ្នឹង»។
ស្ថានភាពគ្រួសារអ្នកស្រី កុង គឿន ក្នុងភូមិកំពង់លួងនេះ មិនខុសពីស្ថានភាពរបស់គ្រួសារលោក សួត តូ នៅភូមិពាមបាងនោះទេ។ អ្នកនេសាទជាច្រើននាក់បានលើកឡើងថា ពួកគេចំណាយពេលវេលា និងប្រាក់ច្រើនលើការនេសាទរួមមានថ្លៃប្រេងឥន្ទនៈច្រើនជាងមុន ថ្លៃនុយ និងទិញឧបករណ៍បន្ថែម ហើយត្រូវទៅនេសាទញឹកញាប់ជាងពេលមុនៗ ឬប្រើទូកបន្ថែម។ ពេលខ្លះ ពួកគេមិនចាប់បានអ្វីសោះ ពេលត្រឡប់មកវិញ ហើយបាត់ឧបករណ៍ និងខាតបង់ថ្លៃប្រេង និងពេលវេលាជាច្រើនក៏មាន ហើយពេលខ្លះ ប្រឈមនឹងសកម្មភាពបទល្មើសនេសាទក៏មាន។
អ្នកស្រី កុង គឿន បានបង្ហាញក្តីបារម្ភអំពីកំណើនបទល្មើសនេសាទក្នុងភូមិ ថា៖ «ពួកខ្ញុំអ្នកនៅទន្លេនេះធ្វើស្រែនឹងទឹក ហើយដូចអ្នកស្រុកលើអ៊ីចឹង ធ្វើស្រែនឹងដី ខ្ញុំក៏ធ្វើស្រែដែរ ធ្វើនឹងទឹក...ចុះបើនៅមានបទល្មើសរហូតចឹង ខ្ញុំមានត្រី មានសាច់ឯណារក»។
អ្នកស្រីបន្តថា៖ «ជីវភាពយើងក៏ចុះខ្សោយតាមហ្នឹងដែរ»។
បទល្មើសនេសាទរុាំរ៉ៃ
អ្នកស្រី កុង គឿន បានប្រាប់វីអូអេទៀតថា អ្នកស្រីបានឃើញអ្នកនេសាទផ្សេងទៀតនៅក្នុងភូមិរបស់អ្នកស្រី ត្រូវបានចាប់ខ្លួន និងដកហូតឧបករណ៍នេសាទ នៅពេលពួកគេកំពុងនេសាទដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។
រីឯអ្នកស្រីផ្ទាល់ បើទោះជាអ្នកស្រីមិនដែលរងការចាប់ខ្លួនក៏ដោយ ក៏អ្នកស្រីជួបប្រទះការប្រឈមមុខគ្នា និងជម្លោះ ដែលឈានទៅដល់ការបំផ្លាញឧបករណ៍នេសាទរបស់អ្នកស្រី និងប្តីផងដែរ។
អ្នកស្រីបញ្ជាក់ថា៖ «តែបើអ្នកខ្លះវិញ យើងរាយពាររបស់វាសៃយឺន វាកាត់មងយើងចោល។ មិនអាយរាយប៉ះពាល់របស់វាទេ ហើយក្រឡាយើងពីរបីហ៊ុនសោះហ្នឹង ហើយទៅចាំយកអី។ រាយប៉ះមិនបាន រាយអែបមិនបានផង។ ដូចវាអាងយ៉ាងទឹកដីហ្នឹងហើយ។ អ៊ីចឹងបានថា ឲ្យវាអត់ទាំងអស់គ្នាទៅ វាស្រួលរក តើវាអាងយ៉ាងអី? វាថា វារក វាបង់ឲ្យជំនាញ យើងអត់មានបង់ឲ្យជំនាញណាទេ វានិយាយអ៊ីចឹង ឯង»។
បទល្មើសនេសាទនៅបឹងទន្លេសាប រួមទាំងការទន្ទ្រានយកដីនៅតាមដងទន្លេសាបដោយមន្ត្រីមួយចំនួន ជាបញ្ហាដ៏រុំារ៉ៃមួយនៅក្នុងប្រទេសកម្ពុជា។ កាលពីខែធ្នូ ឆ្នាំ ២០២១ រដ្ឋាភិបាលបានបើកយុទ្ធនាការបង្រ្កាបការកាប់បំផ្លាញព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ដោយរឹបអូសយកដីព្រៃលិចទឹកជាង ៦ ម៉ឺនហិកតាមកកាន់កាប់វិញ។
សម្រាប់អ្នកទន្លេដូចជាអ្នកស្រី កុង គឿន បញ្ហាប្រឈមចម្បងដែលត្រូវដោះស្រាយជាបន្ទាន់នោះ គឺអំពើពុករលួយ និងការអនុវត្តស្តង់ដារពីរនៅក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសនេសាទនេះ។
អ្នកស្រីកុង គឿន ដែលមានកូនជំទង់ៗ ៤ នាក់ នៅក្នុងបន្ទុក ដែលកំពុងពេញវ័យសិក្សា បានថ្លែងថា៖ «បើគេបិទរបរហ្នឹង [បទល្មើសនេសាទ] កូនខ្ញុំអាចអាស្រ័យបាន តែបើថាអត់បិទហើយ ប្រុងទៅ បើថាមានលុយ មានកាក់ ចេះតែបើករបរលិច កើតទៅ បើអត់ទេប្រុងនាំឪ នាំម៉ែ ខ្ញុំគេស្រុកគេ ទៅថៃ។ ចុះបើមានអីរកទៀត អស់ហើយ»។
អ្នកស្រីបន្តថា៖ «ដូចអ្នកស្រុកលើអ៊ីចឹង គេមានដី មានស្រែ របស់ទ្រព្យរបស់គេ។ អ៊ីចឹងដល់ខែ ដល់ឆ្នាំ ដល់រដូវ គេដឹងតែធ្វើបាន ដល់យើង [បឹងទន្លេសាប] របស់សាធារណៈអ៊ីចេះ បើគេអាងយ៉ាងអស់អ៊ីចឹងទៅ យើងអ្នកតូចតាច មានទៅរកអីកើត?»។
លោក សេង ទិត្យ ជាអ្នករកស៊ីបរទូកឈ្នួលអស់រយៈពេល ១៥ ឆ្នាំ មកហើយ។ លោកបានរៀបរាប់ប្រាប់វីអូអេថា នៅក្នុងភូមិកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោកកត់សម្គាល់បានថា ជីវភាពអ្នកភូមិលោក ហាក់គ្មានភាពប្រសើរឡើងទេ នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងក្តី បុរសវ័យ ៣៥ ឆ្នាំរូបនេះ នៅមានសង្ឃឹមខ្លះដែរ ដោយលោកថា ការបង្ក្រាបបទល្មើសនេសាទ ទំនងជាអាចស្រោចស្រង់ជីវភាពអ្នកទន្លេដូចជារូបលោក។ លោក សេង ទិត្យ ថ្លែងថា៖
«គាត់បង្រ្កាបប៉ុន្មានខែនេះ រៀងគ្រាន់។ វាគ្រាន់ ខ្ទង់១០ ភាគរយ ឬ ២០ ភាគរយឡើងវិញ»។
អនាគតស្រពិចស្រពិលលើដីគោក
ដូចអ្នកភូមិឯទៀតដែរ លោក សេង ទិត្យ ដែលហៅខ្លួនឯងថាជា «អ្នកទន្លេ» ប្រាថ្នាចង់បានស្ថិរភាពប្រាក់ចំណូល។ ដូច្នេះនៅពេលដែលលោករកត្រីបានតិច លោកក៏ឈប់នេសាទតែម្តង ហើយចាប់របរពេញម៉ោងជាអ្នកបរទូក ដើម្បីដឹកមនុស្ស និងជញ្ជូនទំនិញឆ្លងកាត់បឹង និងភូមិបណ្តែតទឹកវិញ។
លោកថ្លែងថា៖ «បឹងទន្លេសាប ជាថវិកាមួយសម្រាប់ខ្ញុំដែរ។ ... អាហ្នឹងជាច្រកឆ្នាំងបាយមួយរបស់ខ្ញុំ ទន្លេសាប។ ហើយមិនមែនតែខ្ញុំមួយទេ និយាយទៅភូមិលើទឹកទាំងអស់ គឺគ្រប់ភូមិទាំងអស់ គឺទ្រទ្រង់លើបឹងទន្លេសាប។ បើយើងអ្នកស្រែ យើងពឹងស្រែចំការ។ ទឹកទន្លេ ដូចជាស្រែចំការចឹង តែអត់ទឹកហ្នឹងមួយ អត់ទឹក អត់ត្រី ចប់ហើយ អ្នកទន្លេយើងគ្មានអីទៀតទេ»។
ទោះបីទន្លេសាបជាឆ្នាំងបាយរបស់លោកក្តី ក៏លោក សេង ទិត្យ បានរៀបចំគម្រោងផ្លាស់ទីទៅនៅលើដីគោក ដើម្បីដោះស្រាយបញ្ហាជីវភាពកាន់តែដុនដាបជាអ្នកទន្លេ។ លោកបានរៀនរៀបចំប្រវត្តិរូបសង្ខេប និងបានដាក់ពាក្យរកការងារធ្វើនៅតាមបណ្តារោងចក្រមួយចំនួន ដូចជារោងចក្រផ្គុំនិងតម្លើងរថយន្ត រោងចក្រខ្សែភ្លើង និងរោងចក្រកាត់ដេរជាដើម បើទោះខ្លួនគ្មានបទពិសោធន៍អស់ទាំងនេះពីមុនមកក៏ដោយ។
លោកប្រាប់វីអូអេថា ការទទួលបានប្រាក់ខែ និងការងារជាប់លាប់ បែបនេះ មានន័យថា លោកអាចខ្ចីលុយទិញដី និងតាំងលំនៅនៅលើគោកម្តង។
លោកនិយាយថា៖ «ប៉ុន្តែយើងទៅ [រស់នៅ] លើ [ដីគោក] ហ្នឹង មិនដឹងថាក្រជាងហ្នឹង ឬមានជាងហ្នឹង។ អត់ហ៊ានថាទេ។ តាមព្រេងវាសនា»។
ដូចលោក សួត តូ និងលោកសេង ទិត្យ ដែរ ពលរដ្ឋមួយចំនួននៅឃុំពាមបាង ខេត្តកំពង់ធំ និងឃុំកំពង់លួង ខេត្តពោធិ៍សាត់ បានគិតគូរអំពីការចាកចេញពីជីវិតជា «អ្នកទន្លេ» ដោយផ្លាស់ទីលំនៅចេញពីផ្ទះបណ្តែតទឹក និងរបរនេសាទ ទៅរស់នៅលើដីគោក និងរកការងារធ្វើ ឬប្រកបរបរផ្សេង ដើម្បីអនាគតកូនៗរបស់ពួកគេ ហើយពួកគេ សន្សំលុយ និងខ្ចីលុយ ដើម្បីបានដី។ លោក សេង ទិត្យ ថ្លែងថា៖
«អ្នកខ្លះរកមកសល់ សន្សំ គេទិញដីឡូតិ៍។ ឃុំពាមបាងនេះ អ្នកទិញដីឡូតិ៍ច្រើនណាស់ ទិញនៅសំរោង...។ អ្នកខ្លះផ្ទះតូចៗអញ្ចឹងមែន តែអ្នកខ្លះគាត់ទិញដីឡូតិ៍ហើយ គេមានលុយទិញដី បង់ដាច់។ សន្សំតិចៗទិញដីឡូតិ៍ ក៏សល់ខ្លះៗ។ [អ្នក]ខ្លះទៅ គ្នាក្រមែនទែន គ្នាក៏អត់មានលុយទិញដែរ។ ធ្វើ[យ៉ាង]ម៉េច [បើ]ជីវភាពគ្នា ជួនកាលគ្នារកបានមក ឈឺ កូនឈឺ ទាល់អស់លុយ បានរកបានមកវិញ។ ខ្ញុំឃើញ ខ្ញុំធ្លាប់ដឹក»។
ទិន្នន័យផ្លូវការក៏បានបង្ហាញអំពីការថយចុះនៃចំនួនអ្នកនេសាទដែរ។ ការធ្លាក់ចុះនេះបានកើតឡើងនៅទូទាំងតំបន់នេសាទទឹកសាប។ នៅតំបន់បឹងទន្លេសាប ចំនួនគ្រួសារអ្នកនេសាទបានថយចុះ ១៧ ភាគរយ ក្នុងរយៈពេលប្រមាណ ១០ ឆ្នាំ ចុងក្រោយនេះ។
នៅពេល សេង ទិត្យ ទទួលបានការងារពីរោងចក្រណាមួយដែលលោកបានដាក់ពាក្យ លោកនឹងលែងនៅនៅលើបឹងទន្លេសាបនេះទៀតហើយ។ លោក និងភរិយា រួមទាំងកូនបីនាក់ ត្រៀមខ្លួនដើម្បីចាកចេញពីបឹងធម្មជាតិដ៏ធំមួយនេះ។
ខណៈពេលដែលពួកគេចាត់ទុកការចាកចេញពីបឹងទន្លេសាប ដើម្បីទៅរស់នៅលើដីគោកថាជា«ក្តីសង្ឃឹម» ក៏អ្នកទន្លេដូចជាលោក សួត តូ លោក សេង ទិត្យ និងអ្នកស្រី កុង គឿន នៅតែស្រពិចស្រពិលអំពីអនាគតរបស់ពួកគេ។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរ អ្នកនិពន្ធសៀវភៅ «Troubling the Water: A Dying Lake and A Vanishing World in Cambodia» និងជាអ្នកកាសែតជនជាតិអាមេរិកាំង កញ្ញា Abby Seiff បានបង្ហាញមតិស្រដៀងគ្នានឹងអ្នកទន្លេដែរដោយបញ្ជាក់ថា៖
«ខ្ញុំមិនដឹងថាតើពួកគេ [អ្នកនេសាទ និងអ្នករស់នៅលើបឹងទន្លេសាប] នឹងមានជីវភាពប្រសើរនៅលើដីគោក ឬយ៉ាងណានោះទេ ក៏ប៉ុន្តែខ្ញុំគិតថា អ្វីដែលសំខាន់គឺថា ពលរដ្ឋទាំងនោះអាចមានឱកាសក្នុងការធ្វើពិពិធកម្មប្រាក់ចំណូលរបស់ពួកគេ [ឬរកចំនូលពីប្រភពផ្សេងៗ]… សម្រាប់ខ្ញុំ ការធ្វើពិពិធកម្មប្រាក់ចំណូលនេះ ហាក់ដូចជាផ្លូវទៅមុខតែមួយគត់»៕