ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពល​រដ្ឋ​នៅ​សៀមរាប​ ដឹង​តិច​តួច​ពី​បក្ស​នយោបាយ​ថ្មីថ្មោង​ ​ក្រោយ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​បាន​បញ្ចប់


សកម្មភាព​នៃ​ការដង្ហែក្បួន​ឃោសនា​នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប។ (ធីតា វីន/VOA)
សកម្មភាព​នៃ​ការដង្ហែក្បួន​ឃោសនា​នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប។ (ធីតា វីន/VOA)

​នៅ​ក្នុង​ខេត្ត​សៀមរាប ​មាន​គណបក្ស​នយោបាយ​ចំនួន​១៨​ បាន​ចូលរួម​ការប្រកួត​ប្រជែង​រក​សំឡេង​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦​នេះ​ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​បិទ​បញ្ចប់​នៃ​ការ​ឃោសនា​ មាន​គណបក្ស​នយោបាយ​តែ​២​ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​ខ្លួន។

ការឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​ខេត្ត​សៀមរាប​បាន​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ដោយ​មានតែ​គណបក្ស​នយោបាយ​ចំនួន​២​តែ​ប៉ុណ្ណោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​ធ្វើ​សកម្មភាព​ឃោសនា​របស់​ខ្លួនតាម​ដង​ផ្លូវ​នា​នា​ក្នុង​ខេត្ត។​

តាំង​ពី​ព្រលឹម​ស្រាងៗ​ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​ពាន់​នាក់ ​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ផ្លូវ​ ​៦០ម៉ែត្រ​ម្ដុំ​អង្គរ​ឃ្យុងយូ។​ ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប រួម​មាន​ ​ដូចជា​លោក​ ​ឃឹម ប៊ុនស៊ុង​ ​អភិបាល​ខេត្ត​សៀមរាប​ ​ ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ​ទៀ បាញ់​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​និង​លោក​ ​សៀង ណាំ​ ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ ក៏​មាន​វត្តមាន​នៅ​ទីនោះ​ផង​ដែរ។​

លោក​ឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ចូលរួម​នៅក្នុង​ការដង្ហែ​ក្បួន​ឃោសនា​នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប។ (ធីតា វីន/VOA)
លោក​ឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ចូលរួម​នៅក្នុង​ការដង្ហែ​ក្បួន​ឃោសនា​នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប។ (ធីតា វីន/VOA)

​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ​ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ឡើង​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ក្នុង​ខេត្ត​សៀមរាប​ពី​ការ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​មក​លើ​ប្រជាពលរដ្ឋ និង​សមិទ្ធផល​ផ្សេងៗ​របស់​រដ្ឋាភិបាល​ផង​ដែរ។​

អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រមូលផ្តុំ​គ្នា​នៅ​ផ្លូវ៦០ម៉ែត្រ ក្បែរអង្គរ​ឃ្យុងយូ មើល​ការផ្សាយ​បន្ត​ផ្ទាល់​នៃ​ការថ្លែង​សន្ទកថា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)
អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រមូលផ្តុំ​គ្នា​នៅ​ផ្លូវ៦០ម៉ែត្រ ក្បែរអង្គរ​ឃ្យុងយូ មើល​ការផ្សាយ​បន្ត​ផ្ទាល់​នៃ​ការថ្លែង​សន្ទកថា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)

​អ្នកគាំទ្រ​នៅ​ក្នុង​ខេត្ត​សៀមរាប​ទាំងនោះ​ ក៏​បាន​មើល​ពី​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ថ្លែងសុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​ពី​រាជធានី​ភ្នំពេញ​ផង​ដែរ​ ​មុន​នឹង​ចេញ​ដង្ហែ​ក្បូន​តាម​ដង​ផ្លូវ​ក្នុង​ខេត្ត​សៀមរាប។​

ការ​ចូលរួម​ពី​អ្នក​គាំទ្រ​របស់​គណបក្សប្រជាជន​កម្ពុជា​ក្នុង​ការ​ហែ​ក្បូន​តាម​ដង​ផ្លូវ​ ក៏​បាន​ធ្វើ​អោយ​មានការ​កក​ស្ទះ​ចរាចរ​ផង​ដែរ។

អ្នកស្រី ឡុង​ ​សំណាង​ ​អាយុ​៥៦​ឆ្នាំ ​ជា​ប្រជា​ពលរដ្ឋ​រស់នៅ​សង្កាត់​សាលា​កំរើក ខេត្ត​សៀមរាប ដែល​បាន​ពាក់​អាវ​ស​ ​និង​មួក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចូលរួម​ដង្ហែ​ក្បូន​ឃោសនា​នោះ​ដែរ​ បាន​អោយ​ដឹង​ថា​ទោះបីជា​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កន្លងមក​មិន​ទាន់​បាន​គ្រប់​ជ្រុង​ជ្រោយ​យ៉ាង​ណា​ក៏ដោយ ​ក៏​ប៉ុន្តែ​អ្នកស្រី​គិត​ថា​ការដឹកនាំ​របស់​រដ្ឋាភិបាល​ ក៏​បាន​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​អោយ​មាន​ការ​រីកចម្រើន​ជាច្រើន​ដូចជា​លើក​ស្ទួយ​ផ្នែក​ជីវភាព​ប្រជា​ពលរដ្ឋ ផ្លូវថ្នល់ និង​សាលារៀន​ជាដើម។​

អ្នក​ស្រី មាន​ប្រសាសន៍​ថា៖ «​មនុស្ស​យើង មិន​បាន​ល្អ​គ្រប់​ដប់​ទេ តែ​គ្រាន់​តែ​ថា ពី​ជំនាន់​ប៉ុល ពត ​អី​មក មាន​នរណា​ជួយ​យើង? មាន​តែ​គណបក្ស​ហ្នឹង​ឯង​ដែល​ជួយ​យើង ហើយ​ដូច​ថា​សព្វថ្ងៃ​ជីវភាព​ពួក​ខ្ញុំ​បាន​ធូរធារ​ប៉ុណ្ណឹង ក៏​ដោយសារ​គាត់​ដែរ។ យើង​គាំទ្រ​គាត់​ ដូច​ថា គាត់​ដឹកនាំ​ប៉ុណ្ណេះ វា​គួរ​សម​ហើយ វា​សម​ល្មម​ហើយ មិន​ចង់​ទាមទារ​ហួសហេតុ​ពេក​ទេ​អូន»។

ជាមួយ​គ្នា​នេះ​ដែរ លោក​ ​ហែម សារ៉ាត់​ ​រស់នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ជា​អ្នក​រត់​ម៉ូតូឌុប ដែល​កំពុង​ឈរ​សម្លឹង​មើល​ការ​ដង្ហែ​ក្បូន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ម្ដុំ​រង្វង់​មូល​ឃ្យុងយូ បាន​ទទួល​ស្គាល់​ថា​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​មាន​អ្នកចូលរួម​ឃោសនា​ច្រើន​ជាង​គេ។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា​លោក​នឹង​ទៅ​ចូលរួម​បោះឆ្នោត ​ក៏​ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​ លោក​មិន​ទាន់​សម្រេចចិត្ត​បោះឆ្នោត​អោយ​បក្ស​មួយ​ណា​នៅ​ឡើយ។​

លោក ហែម សារ៉ាត់ មាន​ប្រសាសន៍​ថា៖ «‍បើ​មាន​គណបក្ស​ប្រឆាំង​ទៅ វា​មាន​គណបក្ស​ហែហម​ច្រើន គណបក្ស​ធំៗ។ តែ​ដល់​ពេល​នេះ មាន​តែ​គណបក្ស​តូចៗ។ មាន​តែ​គណបក្សប្រជាជន​មួយ​ដែល​ធំ​ជាងគេ។ ដល់​អត់​មាន​អ្នក​ប្រកួត​អញ្ចឹង ដូច​ថា វា​ឈ្នះ​ដាច់​បណ្ដោយ។ បើ​អត់​ហែ​ក៏​ជាប់​ដែរ អត់​មាន​គណបក្ស​ណា​ធំ​ គឺ​មាន​តែ​គណបក្ស​មួយ​ហ្នឹង​ធំ​ជាង​គេ ពេល​អត់​មាន​គណបក្ស​ប្រឆាំង​ហើយ»។​

​VOA​ ​សំឡេង​សហរដ្ឋ​អាមេរិក​ មិន​អាច​សុំ​អត្ថាធិប្បាយ​បន្ថែម​ពី​មន្ត្រី​ជាន់ខ្ពស់​របស់គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​សៀមរាប​បាន​ឡើយ​ជុំវិញ​ថ្ងៃ​បិទ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ។​

​ដោយ​ឡែក​នៅ​រសៀល​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ជួបជុំគ្នា​នៅ​ក្នុង​ប្រាសាទ​បាគង​ដើម្បី​ធ្វើ​ពិធី​បួងសួង​តាម​បែប​ជំនឿ​សាសនា។​

គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន​បាន​ជួបជុំគ្នា​ធ្វើ​ពិធី​បួងសួង​បែប​ជំនឿ​សាសនា​នៅ​រសៀល​ថ្ងៃ​បិទ​បញ្ចប់​ការឃោសនា​រក​សំឡង​ឆ្នោត នៅក្នុង​ប្រាសាទ​បាគង ស្ថិត​នៅក្នុង​ស្រុក​បាគង ខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)
គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន​បាន​ជួបជុំគ្នា​ធ្វើ​ពិធី​បួងសួង​បែប​ជំនឿ​សាសនា​នៅ​រសៀល​ថ្ងៃ​បិទ​បញ្ចប់​ការឃោសនា​រក​សំឡង​ឆ្នោត នៅក្នុង​ប្រាសាទ​បាគង ស្ថិត​នៅក្នុង​ស្រុក​បាគង ខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)

បន្ទាប់​មក​ថ្នាក់​ដឹក​នាំ​បក្ស​និង​សមាជិក​អ្នកគាំទ្រ​ប្រមាណ​ជាង​១០០​នាក់​បាន​ដង្ហែ​ក្បូនចេញពី​ប្រាសាទ​ចូល​មក​ក្នុង​ក្រុង​សៀមរាប។​

​លោក​ ​យ៉ង សាំង​កុមារ​ បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​អោយ​ដឹង​ថា​ការ​ទទួល​ស្គាល់​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ពី​ចំណេះដឹង​ផ្នែក​កសិកម្ម​របស់​ក្រុម​លោក និង​គោល​នយោបាយ​របស់​បក្ស លោក​មាន​ភាព​ជឿជាក់​ថា​គណបក្ស​របស់​លោក​នឹង​ទទួល​បាន​អាសនៈ​ក្នុង​សភា។

​លោក​មាន​ប្រសាសន៍​ថា៖ «សកម្មភាព​ដែល​យើង​បាន​ធ្វើ​គ្រប់កន្លែង ហើយ​ហ្នឹង​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ យើង​គិត​ថា ​យើង​អាច​ធ្វើ​បាន។ ទន្ទឹម​នឹង​ ខ្ញុំ​ក៏​ចង់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​និន្នាការ​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ថា យើង​មិន​បាច់​រារែក​អី​ទៀត​ទេ គឺយើង​រួម​គ្នា​បោះ​ឱ្យ​លេខ​៧​ហ្នឹង​ទៅ យើង​នឹង​បាន​ការ​ផ្លាស់ប្ដូរ​មួយ​ដោយ​សន្តិភាព ដោយ​សម្បូរសប្បាយ។ យ៉ាង​អន់​ណាស់ ក៏​យើង​អាច​រារាំង​មិន​ឱ្យ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​ហ្នឹង ​គ្រប់គ្រង​ប្រទេស​តែ​ឯង ជា​ពិសេស​មាន​២ភាគ៣​នៅ​សភា​ជាតិ គឺ​ជា​រឿង​មិន​ល្អ​ទេ សម្រាប់​ប្រទេស​ជាតិ​យើង​បាទ»។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ​ស៊ី ង៉ា​ ​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ពួក​ខេត្ត​សៀមរាប​ដែល​បានចូលរួម​ការ​ឃោសនា​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​បាន​អោយ​ដឹង​ថា​បន្ទាប់​ ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​គេ​រំលាយ​ ​លោក​គិត​ថា​មានតែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​តែ​មួយ​ប៉ុណ្ណោះ​ដែរ​អាច​ជួយ​ប្រជា​ពល​រដ្ឋ​ដែល​ជួប​ការ​លំបាក​នៅ​តាម​មូលដ្ឋាន​បាន។​

លោក​មាន​ប្រសាសន៍​ថា៖ «ចំណុច​មួយ​ដែល​និយាយ​អំពី​ការ​លើកស្ទួយ​វិស័យ​កសិកម្ម ដោយសារ​តែ​ប្រទេស​កម្ពុជា​របស់​យើង គឺ​ពឹងផ្អែក​ទៅ​លើ​វិស័យ​កសិកម្ម​ ហើយ​វា​ជា​ជំនាញ​របស់​គាត់​ផ្ទាល់។ ចំណុច​សំខាន់​មួយ​ទៀតដែល​ជា​កត្តា​ជំរុញ​ឱ្យ​ខ្ញុំ​មក​គាំទ្រ​គឺ​ប្រធានៗ​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​គាត់​ពី​មុន។ គាត់​គឺជា​ប្រធាន​អង្គការ​ធំៗ ​ដែល​តែងតែ​ប្រឈមមុខ​នឹង​បញ្ហា​សង្គម។ គាត់​ជួយ​សង្គម គាត់​ជួយ​ដោះស្រាយ​វិបត្តិ​ផ្សេងៗ​ដូចជា​សិទ្ធិ​មនុស្ស​អី​អញ្ចឹង»។​

រយៈពេល​២១​ថ្ងៃ​នៃ​យុទ្ធនាការឃោសនា ដើម្បី​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ចំនួន​១៨​ដែល​មាន​វត្តមាន​នៅ​ក្នុងខេត្ត​សៀមរាប​ ​លោក​ ​នឹម វ៉ាន់សំ​ ​ប្រធាន​គណៈកម្មាធិការ​ខេត្ត​រៀប​ចំ​ការ​ ​បោះ​ឆ្នោត​ប្រចាំ​ខេត្ត​សៀមរាប​បាន​អោយ​ដឹង​ថា រហូត​មក​ដល់​ពេលនេះ​គណៈកម្មាធិការ​ខេត្ត​រៀប​ចំ​ការ​ ​បោះឆ្នោត​គ្មាន​ពាក្យ​បណ្ដឹង​អ្វី​ពី​គណបក្ស​នយោបាយ​ណាមួយ​ជា​ផ្លូវ​ការ​ ​នៅ​ឡើយ​ជុំវិញ​បញ្ហា​ការ​ឃោសនា​នោះ​ទេ។​

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​គណបក្ស​នយោបាយ​តែ​១២​ប៉ុណ្ណោះ​ដែល​មាន​សកម្មភាព​ហែ​ក្បូន​ឃោសនា​របស់​ខ្លួន​ក្នុង​រយៈពេល​នៃ​យុទ្ធនាការ​ឃោសនា។​

លោក​មាន​ប្រសាសន៍​ថា៖«មិន​មាន​ទទួល​ពាក្យ​បណ្ដឹង​អី​ទេ ប៉ុន្តែ គ្រាន់តែ​ថាមាន​ការ​សំណូមពរ​អី​ទៅ​សន្តិសុខ​ឱ្យ​ជួយ​រៀបចំ​ចរាចរ​ពេល​គាត់​ហែ​អី​អញ្ចឹង អាហ្នឹង​ទី​១។ ទី​២​គាត់​ក៏​ប្រាប់​ដែរ​ថា​ដូច​ជា​មាន​ការ​រហែក​ឬ​ក៏​ការ​បាត់​ខិត្តប័ណ្ណ​គាត់​ខ្លះ»។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦ ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​នេះ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​កំណត់​ បើ​ទោះ​ជា​គ្មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ប្រឆាំង ​គ្មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេត​ការណ៍​និង​គ្មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ដោយ​បណ្ដា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG