ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ជួង​សម្លឹង​ឱកាស​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ


ក្បួន​ជួរ​មុខ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​​នៅ​លើកំណាត់​ផ្លូវតេជោ ​ហ៊ុនសែន​នា​ថ្ងៃ​ទី​២៧​ខែ​កក្កដា​ឆ្នាំ២០១៨​។ (គី ម៉េងលី/VOA)
ក្បួន​ជួរ​មុខ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​​នៅ​លើកំណាត់​ផ្លូវតេជោ ​ហ៊ុនសែន​នា​ថ្ងៃ​ទី​២៧​ខែ​កក្កដា​ឆ្នាំ២០១៨​។ (គី ម៉េងលី/VOA)

គណ​បក្ស​សម្ព័ន្ធ​​ដើម្បី​ប្រជាធិបតេយ្យ ជា​គណ​បក្ស​មួយ​ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ទាំង​២០ ​ដែល​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ស្វះ​ស្វែងរក​ការ​ប្រជែង​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​យូរ​ឆ្នាំ​នៅ​កម្ពុជា។

នៅ​ពេល​ព្រហាម​ស្រាងៗ ឯ​ផ្លូវ​៦០​ម៉ែត្រ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា​ជា«មហា​វិថី​សម្ដេច​តេជោ​ ហ៊ុន​ សែន» ក្រុម​មនុស្ស​ម្នា មាន​ឡាន មាន​ម៉ូតូ មាន​ចាស់​មាន​ក្មេង បំពាក់​ដោយ​ទង់​ជាតិ​ពណ៌​ខៀវ​ស្រងាត់ និង​មួក​ពណ៌​ខ្មៅ អម​ដោយ​ឧបករណ៍​ឧគ្ឃោសនស័ព្ទ ជួប​ជុំ​គ្នា​យ៉ាង​កុះករ។ ពួក​គេ​មាន​គោល​ដៅ​មួយ​គឺ​ចូល​រួម​បោះ​ឆ្នោត​តទល់​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​មាន​ឈ្មោះ​ជាប់​នឹង​ផ្លូវ​ដែល​ពួក​គេ​កំពុង​ជួប​ជុំ​តែម្ដង។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

សមាជិក​អ្នក​គាំទ្រ​នៃ​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ កំពុង​តែ​រៀបចំ​ខ្លួន​ធ្វើ​យ៉ាង​ណា​ឱ្យ​រួច​រាល់ ត្រៀម​ចេញ​ដំណើរ​ក្បួន​ឃោសនា​បោះ​ឆ្នោត​រដ្ឋសភា​លើក​ទី៦​នៃ​ថ្ងៃ​អាទិត្យ​នេះ ជា​មួយ​នឹង​ចំនួន​អ្នក​ចូល​រួម​រាប់​ម៉ឺន​នាក់ ក្នុង​ថ្ងៃ​យុទ្ធនាការ​បោះ​ឆ្នោត​ចុង​ក្រោយ​នៅ​ថ្ងៃ​សុក្រ។

គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ជា​គណ​បក្ស​មួយ​ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ទាំង​២០ ​ដែល​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ស្វះ​ស្វែងរក​ការ​ប្រជែង​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​កាន់​អំណាច​យូរ​ឆ្នាំ​នៅ​កម្ពុជា។

ជា​គណ​បក្ស​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​តាំង​ពី​ឆ្នាំ​១៩៧៩ គណ​បក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​មិន​ពិបាក​ក្នុង​ការ​ក្រសោប​យក​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ថ្ងៃ​អាទិត្យ​នេះ​ឡើយ។ ការ​ប្រមើល​មើល​យ៉ាង​ជាក់​ច្បាស់​អំពី​ជ័យ​ជម្នះ​នេះ មាន​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ពេល​ដែលតុលា​ការ​កំពូល​បាន​សម្រេច​ឱ្យ​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ក្ដី ក្នុង​បណ្ដឹង​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​នយោបាយ​ដ៏​ធំ​បំផុត​របស់​ខ្លួន​នា​ការ​បោះ​ឆ្នោត​ពីរ​លើក​ចុង​ក្រោយ​បង្អស់​ក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧។

គណ​បក្ស​សង្គ្រោះ​ជាតិ ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ឃុបឃិត​នឹង​រដ្ឋការ​នានា​របស់​សហរដ្ឋ​អាមេរិក រៀបចំ​គម្រោង​ការ​ផ្លាស់​ប្ដូរ​របប​នៅ​ទី​ក្រុង​ភ្នំពេញ។ តាំង​ពី​ខែ​កញ្ញា​មក លោក កឹ​ម សុខា ប្រធាន​គណ​បក្ស កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ឡើយ ហើយ​ប្រឈម​មុខ​នឹង​បទ​ចោទ​«ក្បត់​ជាតិ»​ដែល​អាច​នាំ​ឱ្យ​លោក​ជាប់​ពន្ធនាគារ​ដល់​ទៅ​៣០ឆ្នាំ បើសិនជា​តុលា​ការ​រក​ឃើញ​ថា​មាន​ទោសកំហុស។

សមាជិក​សមាជិកា​ជាន់​ខ្ពស់​ចំនួន​១១៨រូប​របស់​បក្ស​សង្គ្រោះ​ជាតិ​កំពុង​រង​បម្រាម​នយោបាយ​៥ឆ្នាំ ហើយ​រចនា​សម្ព័ន្ធ​គណ​បក្ស​ដែល​នៅ​សេសសល់​នៅ​ក្រៅ​ប្រទេស ​ក៏​បាននឹង​កំពុង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​ដែល​អ​វត្ត​មាន​គណ​បក្ស​របស់​ខ្លួន។

ក៏​ប៉ុន្តែ ​ទិដ្ឋភាព​នៅ​ឯ​ផ្លូវ​៦០​ម៉ែត្រ បរិយាកាស​មួយ​ថ្មី​កំពុង​ចាប់​មាន​ឡើង។ បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ឈ្មោះ​ខ្លី​ថា​ជា«បក្ស​ជួង» ឬ​«សម្ព័ន្ធ»។ អ្នក​គាំទ្រ​និង​មេ​ដឹក​នាំ​គណ​បក្ស​ប្រមាណ​៧​ម៉ឺន​នាក់​បាន​ចេញ​មក​ហែ​ក្បួន​ឃោសនា​ថ្ងៃ​ចុង​ក្រោយ កាលពី​ថ្ងៃ​សុក្រ ក្នុង​ក្ដី​សង្ឃឹម​ថា​នឹង​អាច​ពង្រីក​ទំហំ​ចលនា​នយោបាយ និង​តួ​នាទី​របស់​ខ្លួន​បន្ថែម​ទៀត​ក្រោយ​ពី​ការ​ឆ្នោត​ថ្ងៃ​អាទិត្យ។

ឃ្លា​ថា«សម្ព័ន្ធ​ធំ​ហើយ» ត្រូវ​បាន​គេ​បោះ​ពុម្ព​លើ​ផ្ទាំង​ឃោសនា​មួយ​ចំនួន នៅ​ឯ​ក្បួន​យុទ្ធនាការ ហើយ​ក៏​ជា​ពាក្យ​ពេញ​និយម​មួយ​ដែល​អ្នក​គាំទ្រ​គណ​បក្ស​មួយ​នេះ​ប្រើ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ផង​ដែរ សំដៅ​លើ​ការ​រីក​ធំ​ធាត់​នៃ​ទំហំ​ចលនា​នយោបាយ​មួយ​នេះ។

នា​រាត្រី​មុន​យុទ្ធនាការ​ចុង​ក្រោយ​មក​ដល់ លោក ខឹម វាសនា ប្រធាន​គណ​បក្ស​ជំទាស់​មួយ​នេះ បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ជជែក​ពី​នេះ​ពី​នោះ ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា លោក​មើល​ឃើញ​ឱកាស​និង​លទ្ធភាព​ដែល​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ អាច​ពង្រីក​វិសាលភាព​នៃ​តួ​នាទី​នយោបាយ​របស់​ខ្លួន ដែល​លោក​ហៅ​ថា​ជា«ការ​ផ្លាស់​ប្ដូរ​ជា​ប្រវត្តិសាស្ត្រ» និង​ជា«ចំណុច​របត់​នយោបាយ»​របស់​គណ​បក្ស​មួយ​នេះ។

ក្នុង​ការ​ហែ​ក្បួន​នៅ​ភ្នំពេញ​នា​ថ្ងៃ​សុក្រ បន្ទាប់​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​ប្រមាណ​២៥​ម៉ឺន​នាក់ គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ស្ថិត​នៅ​លំដាប់​ទី​ពីរ​នៃ​ចំនួន​អ្នក​ហែ​ក្បួន ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​៧​ម៉ឺន​នាក់ និង​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១​លាន​ដុល្លារ​អាមេរិក។

លោក ខឹម ​វាសនា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​អំឡុង​ព្រឹត្តការណ៍​បើក​ក្បួន​ដង្ហែ​ឃោសនា​រក​សំឡេង​ឆ្នោតនៅថ្ងៃ​ចុង​ក្រោយ​របស់​គណ​បក្ស​ខ្លួន​ នៅព្រឹក​ថ្ងៃទី​២៧ កក្កដា​ ​២០១៨ នៅ​លើកំណាត់​ផ្លូវតេជោ​ ហ៊ុន សែន​។ (គី ម៉េងលី/VOA)
លោក ខឹម ​វាសនា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​អំឡុង​ព្រឹត្តការណ៍​បើក​ក្បួន​ដង្ហែ​ឃោសនា​រក​សំឡេង​ឆ្នោតនៅថ្ងៃ​ចុង​ក្រោយ​របស់​គណ​បក្ស​ខ្លួន​ នៅព្រឹក​ថ្ងៃទី​២៧ កក្កដា​ ​២០១៨ នៅ​លើកំណាត់​ផ្លូវតេជោ​ ហ៊ុន សែន​។ (គី ម៉េងលី/VOA)

នៅ​ឯ​ផ្លូវ​៦០​ម៉ែត្រ ខណៈ​ដែល​អ្នក​គាំទ្រ​បក្ស​ជួង​បាន​រង់ចាំ​រៀបចំ​ខ្លួន​ត្រៀបត្រា​ជា​ជួរៗ លោក ខឹម វាសនា បាន​មក​ដល់​ទី​ចាប់​ផ្ដើម​ក្បួន ក្រោម​សន្ធឹក​ស្រែក​ហ៊ោ​គាំទ្រ​ពី​សំណាក់​អ្នក​និយម​ចូល​ចិត្ត​រូប​លោក មុន​នឹង​លោក​ថ្លែង​សារ​នយោបាយ​នា​ការ​បោះ​ឆ្នោត​ថ្ងៃ​ចុង​ក្រោយ។

នៅ​លើ​វេទិកា​ដែល​ច្នៃ​តុប​តែង​រចនា​នៅ​លើ​ឡាន​ដឹក​ទំនិញ និង​មាន​ការ​រៀបចំ​យ៉ាង​គត់មត់ លោក ខឹម វាសនា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«អាណត្តិ​នេះ យើង​វាយ​យក​ទី​ឈរ យក​បួន ដប់ ម្ភៃ​កៅអី​អ៊ីចឹង​ទៅ។ បើ​យើង​យក​បាន​ទី​ឈរ​ហើយ សំឡេង​ប្រឆាំង អាណត្តិ​ក្រោយ ​ចាប់​ផ្ដើមគិត​មក​រក​កន្លែង​មូល​គ្នា​ហើយ»។

លោក ខឹម វាសនា បាន​បន្ថែម​ថា៖

«បើ​សិន​ណា​យើង​មិន​វាយ​យក​ទី​ឈរ​ក្នុង​អាណត្តិ​នេះ​ទេ អាណត្តិ​ក្រោយ​យើង​យឺត​មួយ​ពេល​ហើយ»។

អ្នក​នយោបាយ​ជំទាស់​រូប​នេះ បាន​លើក​ឡើង​អំពី​ជំនឿ​ជាក់​របស់​លោក​ថា សំឡេង​ជំទាស់​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត មាន​ច្រើន​ជាង​ចំនួន​អ្នក​គាំទ្រ តែ​លោក​ថា​សំឡេង​ប្រឆាំង​ទាំង​នោះ​ស្ថិត​នៅ​បែក​ខ្ញែក ក្នុង​ចលនា​នយោបាយ​ផ្សេងៗ​គ្នា។

ការ​បោះ​ឆ្នោត​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិមួយ​ចំនួន​ជឿ​ថា មាន​ភាព​ចម្រូងចម្រាស បាន​ទទួល​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​បណ្ដា​សារ​ព័ត៌មាន​ឃោសនា​មហា​ជន​ធំៗ​របស់​ពិភព​លោក។ កាសែត New York Times កាលពី​ខែ​នេះ បាន​ចុះ​ផ្សាយ​អំពី​បក្ស​តូចៗ ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ ដែល​កាសែត​នេះ​បាន​ហៅ​ថា​ជា«បក្ស​អំពិលអំពែក» លេច​មុខ​តែ​ពេល​បោះ​ឆ្នោត។

តែ​នេះ​មិន​មែន​ជា​ករណី​របស់​បក្ស​ជួង​ឡើយ។

លោក ខឹម វាសនា ដែល​ឆ្នាំ​នេះ​មាន​វ័យ​៥២ឆ្នាំ និង​ជាអតីត​តារាភាពយន្ត ធ្លាប់​ជាប់​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃ​វែង​មកពី​គណ​បក្ស ​សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៣ តែ​ក្រោយ​មកបន្ទាប់ពី​មាន​ការ​ខ្វែង​គំនិត​នឹង​សហការី ​ក៏​បានចេញ​មក​បង្កើត​គណ​បក្ស​នយោបាយ​មួយ​ដោយ​ខ្លួន​ឯង​នៅ​អំឡុង​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៦។

ចាប់​តាំង​ពី​ការ​បង្កើត​មក​ ដំណើរ​នយោបាយ​របស់​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ និង​ត្រូវ​បាន​មេ​ដឹក​នាំ​ អ្នក​គាំទ្រ​គណ​បក្ស​បញ្ជាក់​ជា​បន្ត​បន្ទាប់​ថា​មាន​គោល​ដៅ​កសាង​«មាតុ​ភូមិ​មួយ​ដែល​ពលរដ្ឋ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ភាពជា​ម្ចាស់» និង​ជា​មួយ​នឹង​«យន្តការ​ប្រាំបី​ចំណុច» ក្នុង​ការ​យក​អំណាច​មក​ឱ្យ​ប្រជាជន​តាម​រយៈ​កំណែ​ទម្រង់​កាត់​បន្ថយ​អំណាច​រដ្ឋ និង​អ្នក​មាន​អំណាច។

ជា​ចលនា​នយោបាយ​ប្រឆាំង​មួយ​ក្នុង​អាណត្តិ​ដឹក​នាំ​ជា​បន្ត​បន្ទាប់ និង​ប្រកប​ដោយ​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ស្ថិត​ក្នុង​អំណាច​៣៣ឆ្នាំ​មក​ហើយ គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា«ឫសគល់​នៃ​បញ្ហា​នៅ​កម្ពុជា​គឺ​អំណាច​ប្រមូល​ផ្ដុំ»​ជុំ​វិញបុគ្គល​នយោបាយ និង​ស្ថាប័ន​នយោបាយ​មួយ​ចំនួន​តូច។

គណ​បក្ស​ជំទាស់​មួយ​នេះ​ មាន​វត្ត​មាន​រៀបចំ​វេទិកា​សាធារណៈ​ជា​ច្រើន​សន្ធឹកសន្ធាប់​នៅ​ស្ទើរ​តែ​គ្រប់​ទិសទី ប្រមូល​យក​ការ​គាំទ្រ​លើ​ទស្សនវិជ្ជា​នយោបាយ​របស់​ខ្លួន​តាម​រយៈ​អ្វី​ដែល​មេ​ដឹក​នាំ​ និង​អ្នក​គាំទ្រ​បក្ស​ហៅ​ថា​ជា«បដិវត្តន៍​ផ្នត់​គំនិត»​ក្នុង​ការ​លើក​កម្ពស់​សុចរិត​ភាព​នយោបាយ និង​សង្គម។

ខណៈ​ដែល​លោក​បាន​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ​ចប់ លោក ខឹម វាសនា បាន​ផ្ដល់​កិច្ច​សម្ភាស​ខ្លី​មួយ​ដល់​បណ្ដា​ក្រុម​អ្នក​សារ​ព័ត៌មាន ដែល​លោក​បាន​ថ្លែង​ថា ទោះ​បី​ជា​មាន​ការ​សម្លឹង​រក«កន្លែង​ឈរ​ជើង» គណ​បក្សរបស់​លោក​ រក្សា​ការ​ផ្ដោត​របស់​ខ្លួន​ទៅ​លើ​ការ​ងារ​ប្រចាំ​ថ្ងៃ និង​បដិសេធ​មិន​ផ្ដល់​ការ​រំពឹង​ទុក​ទៅ​លើ​ចំនួន​អាសនៈ​ដែល​នឹង​ទទួល​បាន​នោះ​ទេ។

លោក អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​នយោបាយ​អន្តរជាតិ​ នៅ​មហាវិទ្យាល័យ Occidental College សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ការណ៍​ដែល​បក្ស​ជួង អាច​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​បាន​ទំហំ​រាប់​ម៉ឺន​នាក់ មក​ដោយ​ស្ម័គ្រ​ចិត្ត នាំ​ឱ្យ​បក្ស​មួយ​នេះ​ស្ថិត​ក្នុង​រង្វង់​តួអង្គ​ដែល​គេ​គួរ​តាម​ដាន នា​ការវិ​វត្ត​នយោបាយ​ចុង​ក្រោយ។

នៅ​ពេល​ត្រូវ​បាន​សួរ អំពី​ជំនឿ​ចិត្ត​ថា​បក្ស​ LDP អាច​នឹង​ជា​គណ​បក្ស​ជំទាស់​មួយ​ដ៏​ពិត​ប្រាកដ ក្នុង​ឆាក​នយោបាយ​កម្ពុជា​ដែរ​ឬ​ទេ អ្នក​ស្រាវជ្រាវ​រូប​នេះ ​បាន​ប្រាប់​VOA​តាម​សារ​អេឡិចត្រូនិក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«វា​ដូច​ជា​ការ​សួរ​ថា​តើ​បក្ស​ប្រជាជន​កម្ពុជា​ជា​បក្ស​កាន់​អំណាច​មួយ​ដ៏​ពិត​ប្រាកដ​អ៊ីចឹង​ដែរ។ ពិត​ណាស់ វា​ដូច្នោះ​ហើយ ហើយ​បើ​ក្នុង​ករណី​ណា​មួយ​ដែល​បក្ស​នេះ ​ត្រូវ​បាន​រំលាយ ក៏​វា​មិន​ល្អ​ដែរ។ យើង​ត្រូវ​ការ​ផ្ដល់​ឱ្យ​ប្រជាជន​នូវ​ជម្រើស​ដ៏​ពិត​ប្រាកដ​នានា»។

លោក អៀ សុផល បាន​បន្ត​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​ច្បាស់​ថា​បណ្ដា​មេ​ដឹក​នាំបក្ស ​LDP ជឿ​ជាក់​ថា​ខ្លួន​ជា​បក្ស​ប្រឆាំង​មួយ​ដ៏​ពិត​ប្រាកដ។ ហើយ​ការណ៍​ដែល​ជា​បក្ស​ប្រឆាំង​មួយ​ពិត​ប្រាកដ ពួក​គេ​មុខ​ជា​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត ឱ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ឡើយ។ ពួក​គេ​មិន​ទាន់​បង្ក​ជា​ការ​គំរាម​កំហែង​ណាមួយ​ធំដុំ​ដល់​ការ​រស់​រាន​មាន​វត្ត​មាន​របស់​គណ​បក្ស​កាន់​អំណាច​នៅ​ឡើយ​ទេ»។

ក៏​ប៉ុន្តែ​លោក ខឹម វាសនា បាន​ថ្លែង​ផង​ដែរ​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច នៅ​រាល់​ស្ថានភាព​ណាមួយ​ដែល​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​រំលាយ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយ​កត្តា​ណាមួយ​នា​ថ្ងៃ​អនាគត​ដែល​ខ្លួន​មាន​ទំហំ និង​តួ​នាទី​ជា​បក្ស​ប្រឆាំង​ធំ​ជាង​នេះ។

«ឧបមា​ថា​យើង​ជា​ដង្កូវ យើង​ស៊ី​ស្ពៃ​គេ​ម្ចាស់​គេ​បាញ់​ថ្នាំ​យើង​ងាប់។ បើ​យើង​ជា​ដង្កូវ​រត់​បាត់​ទៅ​គ្មាន​ស្អី​ការពារ​ខ្លួន យើង​មក​មួយ​សារ​ទៀត វា​គង់តែ​គេ​បាញ់​ថ្នាំ​ងាប់​ដ​ដែល​ទេ។ ពេល​យើង​សិក្សា​ថ្នាំ​ហ្នឹង​រួច​ហើយ មក​វិញ​មាន​ម៉ាស​ការពារ មាន​មួក ដៃ​ការពារ អាវ​ក្រោះ​អី​មក។ យើង​រៀបចំ​សិក្សា​ប្រដាប់​យក​ឈ្នះ»។

ក្រុម​អ្នក​គាំទ្រ គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ដែល​ភាគ​ច្រើន​ជា​យុវជន​វ័យ​ក្មេង​និង​មិន​ស្ថិត​ក្នុង​សែស្រឡាយ​គ្រួសារ​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​សង្គម ច្រើន​ហៅ​លោក ខឹម វាសនា ថា​ជា «លោក​ពូ» ឬ​ជា«ពុក»។ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ពួក​គេ​រំពឹង​ទៅ​លើ​វេទិកា​សាធារណៈ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​ដើម្បី​ជួប​ម្ចាស់ឆ្នោត និង​ស្វះ​ស្វែងរក​ការ​គាំទ្រ​ចំពោះ​បុព្វ​ហេតុ​នយោបាយ​របស់​ពួក​គេ។

កន្លង​មក ក្រុម​អ្នក​រិះគន់​ភាគ​ច្រើន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការណ៍​ដែល​មេ​ដឹក​នាំ​ និង​អ្នក​គាំទ្រ​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ម្ដងម្កាល​តែង​ប្រើ​ភាសា​ធ្ងន់ៗ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​មួយ​ចំនួន​របស់​ពួក​គេ។

លោក ប៊ុត ស៊ាកនេ អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ និង​ដែល​បាន​ដើរ​ចេញ​ពី​គណ​បក្សនេះ ហើយ​ក្លាយ​ជា​អ្នក​រិះគន់​កាលពី​ខែ​មីនា មិន​បាន​បង្ហាញ​សុទិដ្ឋិនិយម​សម្រាប់​អតីត​គណ​បក្ស​របស់ខ្លួន​ឡើយ។

«បើ​គិត​អំពី​អត្តចរិត​និង​គោល​នយោបាយ​របស់​លោក​ ខឹម​ វាសនា ​វិញ​គាត់​គ្មាន​ផ្លូវ និង​អាច​ធ្វើ​ឲ្យ គណ​បក្ស​គាត់​មាន​លទ្ធភាព​គ្រប់​គ្រាន់ដើម្បី​តទល់​នឹង​គណ​បក្ស​កំពុង​កាន់​អំណាច​នា​ពេល​បច្ចុប្បន្ន​បាន​ទេ។ ​លោក​ ខឹម វាសនា​គឺជា​ប្រភេទ​មនុស្ស​ចូល​ចិត្ត​អួត​ហើយ​គោល​នយោបាយ​ទាំង​៨​ចំណុច​របស់​គាត់​គឺ​គ្មានអ្វី​នោះ​ទេ»។

លោក ស៊ាកនេ ក៏​មិន​ជឿ​ជាក់​ថា​លោក​ ខឹម វាសនា អាច​ធ្វើ​ឲ្យ​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ​ក្លាយ​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ខ្លាំង​ថ្មី​មួយ​ផង​ដែរ។ លោក​បាន​និយាយ​ដូច្នេះ​ថា៖

«លោក​ ខឹម វាសនា​ និយាយ​បែប​នេះ ដោយ​ឆ្លៀត​ឱកាស​នៃ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិដើម្បីទាក់​ទាញប្រជា​ពលរដ្ឋឲ្យ​បាន​ច្រើនដើម្បី​តែ​សន្លឹក​ឆ្នោត​ពួក​គេ​ប៉ុណ្ណោះ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ បាន​យល់​ឃើញ​ផ្សេង​ពី​នេះ។

តួ​យ៉ាង​ក្នុង​ជួរ​អ្នក​គាំទ្រ​គណ​បក្ស​នេះ មាន​យុវជន​វ័យ​ប្រមាណ​២៨ ឆ្នាំ​មួយ​រូប ដែល​សូម​មិន​បញ្ចេញ​អត្ត​សញ្ញាណ​ជា​សាធារណៈ ព្រោះ​គាត់​មាន​តួ​នាទី និង​មុខ​ងារ​ក្នុង​ស្ថាប័ន​រដ្ឋ បាន​ឲ្យ​ដឹង​ថា លោក​ជា​អ្នក​គាំទ្រ​និយម​កណ្ដាល ហើយ​ជឿ​ជាក់​«ពេញ​បេះដូង» ទៅ​លើ​គោល​នយោបាយ​គណ​បក្ស​នេះ។

លោក​ប្រាប់​ VOA ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ចំពោះ​ខ្ញុំ បើ​ទោះ​ជា​គណ​បក្ស​នេះ គ្មានវត្ត​មាន លោក​ ខឹម វាសនា ជា​មេ​ដឹក​នាំនៅ​ថ្ងៃ​ណាមួយ​ក៏​ដោយ ក៏​គណ​បក្ស​ទាំង​មូល នៅ​តែ​បន្ត​រស់​រាន។ ជាក់​ស្ដែង​គណ​បក្ស​នេះ​មាន​មនោគមវិជ្ជា​របស់​ខ្លួន ហើយ​មនោគម​វិជ្ជា​នេះ​មិន​ស្លាប់​ទេ»។

អ្នក​គាំទ្រ​រូប​នេះ​ចូល​ជា​សមាជិក​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ តាំង​ពី​ឆ្នាំ​២០០៩ ដោយ​លោក​ថា គណ​បក្ស​នេះ​នាំ​ឲ្យ​លោក​ស្គាល់​មនុស្ស​ក្រុម​មនុស្ស​«ល្អ»​ដែល​មាន​ចិត្ត​ដូច​គ្នា។ លោក​បាន​បន្ត​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះទៀត​ថា៖

«តាម​ពិត​ទៅ មនុស្ស​មួយ​ចំនួន​ហៅ​ខ្លួន​ឯង​ថា ក្រុម​សម្ព័ន្ធ​នោះ​គឺ​ជ្រុល​និយម​ណាស់​ដែរ​ចំពោះ​ទង្វើ​របស់​គេ​កន្លង​មក។ ខ្ញុំ​មិន​គាំទ្រ​ទាល់តែ​សោះ ប៉ុន្តែ​ខ្ញុំ​យល់​ថា វា​ជា​រឿង​ធម្មតា​ទេ នៅ​ក្នុង​កំឡុង​ដែល​ពួក​យើង​កំពុង​ព្យាយាម​ផ្លាស់ប្ដូរ​ផ្នត់​គំនិត»។

លោក ហេង សុគន្ធ អង្គុយ​នៅ​លើ​ឡាន​អត់​ដំបូល ផ្នែក​ខាង​ក្រោយ​ជា​មួយ​ក្រុម​អ្នក​គាំទ្រ​ប្រមាណ​១០​នាក់។ លោក​ជា​អ្នក​គាំទ្រ​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​មកពី​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់ VOA​ថា លោក​មិន​រំពឹង​ថា​បាន​ឃើញ​មនុស្ស​ម្នា​មក​ចូល​រួម​ច្រើន​ដូច្នេះ​ទេ ព្រោះ​លោក​តែង​តែ​ឮ​ថា គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​ជា​ក្រុម​គណ​បក្ស​តូច។

លោក ហេង សុគន្ធ បាន​ថ្លែង​ដូច្នេះ​ថា៖

«ទី១ យើង​ចង់​បង្ហាញ​កម្លាំង​យើង​ផង ទី២ យើង​ចូល​រួម​ដោយ​ទឹក​ចិត្ត ហើយ​យើង​ចង់​បាន​អំណាច​ទាំង​អស់​គ្នា​ក្នុង​ភាពជា​ម្ចាស់​ [​ប្រទេស​]។»

លោក សុគន្ធ ​ចាប់​ផ្ដើមគាំទ្រ​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ កន្លង​មក។ កាលពី​មុន​នោះ​បន្តិច លោក សុគន្ធ ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ។

«ខ្ញុំ​ឃើញ​ថា​គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ទី១ គឺ​ឥរិយាបថ​របស់​គាត់​សក្ដិសម​នឹង​ការ​ធ្វើ [​នយោបាយ​] ទី២ យើង​មើល​ឃើញ​ថា​អ្នក​ចូល​រួម​អត់​មាន​គ្រោះ​ថ្នាក់ផង​នៅ​ក្នុង​ខណៈ​នេះ»។

លោក ខាត់ ថាន វ័យ​៥៥ ជា​ប្រជា​ពលរដ្ឋខេត្ត​កំពង់ស្ពឺ​ដែល​គាំទ្រ​គណ​បក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាង​១០ឆ្នាំ​មក​ហើយ។ លោក ខាត់ ថាន មើល​ទៅ​ហាក់​ដូចជា​អ្នក​គាំទ្រ​ដ៏​សស្រាក់សស្រាំ​មួយ​រូប ដែល​និយាយ​ផង បញ្ចេញ​កាយវិការ​យ៉ាង​រស់​រវើក​ផង។ លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​លោក​ធ្លាប់​ប្រកាន់​ថា លោក​គាំទ្រ​គណ​បក្ស​មួយ​ដែល​ចេះ​តែ​ស្រែកៗ អំពី​រឿង​ពុំ​មាន​ប្រយោជន៍ តែ​លោក​ហាក់​រីក​រាយ​វិញ ដែល​បច្ចុប្បន្ន​ក្រុម​គ្រួសារ​លោក​បាន​ចូល​រួម​ជា​មួយ​រូប​លោក។

«សំខាន់​មនុស្ស​យើង​ត្រូវ​តែ​ស្ដាប់ ពី​ព្រោះចំណេះដឹង​ទាំង​ឡាយ​ត្រូវ​ចូល​តាម​ត្រចៀក​មុន​ណា​ប្អូន​ណា៎! កាលណា​ស្ដាប់​បាន​ដឹង បាន​ពិចារណា និង​ដឹង​ខុស​ត្រូវ»។

លោក ខាត់ ថាន ជឿ​ថា​គណ​បក្ស​នេះ ​នឹង​ផ្ដល់​អំណាច​ដល់​ប្រជារាស្ត្រ​សាមញ្ញ​ដូច​រូប​លោក៖

«គេ​ឲ្យ​សារុង​យើង ឲ្យ​ក្រមា​យើង តែ​អំណាច​គេ​មិន​ឲ្យ​ទេ។ អំណាច​ជា​ប្រភព​នៃ​អ្វីៗ​ទាំង​អស់​... អាណត្តិ​នេះ​ឃើញ​ថា​សម្ព័ន្ធ​ផុលផុស​ណាស់​ប្អូន។ ប្រហែល​ជា​គេ​បាន​ស្ដាប់​ច្រើន។ មិន​ដឹង​យ៉ាង​ម៉េច​ទេ​ពិបាក​ថា​ដែល។ ឃើញ​ផុលផុស​ណាស់​ក្នុង​អាណត្តិ​នេះ ឃើញ​ចម្លែក»។

គណ​បក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ បាន​ទទួល​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា ក្នុង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៣ ពោល​គឺ​បាន​សំឡេង​ឆ្នោត​ប្រមាណ​៦​ម៉ឺន​៨​ពាន់ ក្នុង​មួយ​លើកៗ តែ​សំឡេង​គណ​បក្ស​មួយ​នេះ​ បាន​ឡើង​ដល់​១​សែន​២​ម៉ឺន​សំឡេង ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លង​ទៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG