គណបក្សនានាដែលមានសម្ព័ន្ធភាពជាមួយគ្រួសាររបស់លោក ស៊ីណាវ៉ាត់ ដ៏មានអំណាចនៃប្រទេសថៃ បានធ្វើការប្រជុំខាងនយោបាយដ៏សំខាន់កាលពីថ្ងៃសៅរ៍ មុន ការសម្រេចរបស់តុលាការដែលអាចបង្ហាញអំពីសេចក្តីសង្ឃឹមរបស់ពួកគេនៅក្នុងការបោះឆ្នោតជាតិនៅចុងខែនេះ។
ការប្រមូលផ្តុំសាធារណៈបានធ្វើឡើងនៅទូទាំងប្រទេស រួមមានក្នុងទីក្រុងឈៀងម៉ៃដែលជាស្រុកកំណើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីផង។
ពួកសមាជិកគណបក្សភឿថៃ ដែលមានជាប់ទាក់ទងលោក ថាក់ស៊ីន បានធ្វើសន្ទរកថាទៅកាន់ពួកអ្នកគាំទ្រដ៏ច្រើនកុះករនៅក្នុងពហុកីឡាដ្ឋានមួយនៅក្នុងទីក្រុងឈៀងម៉ៃនៅពេលដែលព្រះអាទិត្យលិច ដោយបានសន្យាផ្តល់ការអភិវឌ្ឍនិងគ្រឿងលើកទឹកចិត្តសម្រាប់ពួកសហគ្រិននៅទីក្រុងភាគខាងជើងនេះ។
លោក ថាក់ស៊ីន ដែលរស់នៅនិរទេសខ្លួនដើម្បីបញ្ចៀសការជាប់ពន្ធនាគារក្នុងប្រទេសថៃ បានទទួលការស្រឡាញ់និងគោរពយ៉ាងខ្លាំងពីកសិករនិងផ្នែកដ៏ធំមួយនៃពួកអ្នកបោះឆ្នោតវណ្ណៈកម្មករនៅក្នុងទីក្រុង ចំពោះគោលនយោបាយគាំទ្រជនក្រីក្ររបស់លោក ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន។
ក៏ប៉ុន្តែ លោក ថាក់ស៊ីន ត្រូវបានស្អប់ខ្ពើមដោយក្រុមវរជនរាជវង្សានុវង្ស ដែលគណបក្សសម្ព័ន្ធភាពរបស់ពួកគេមិនបានទទួលជ័យជម្នះលើលោក ថាក់ស៊ីន នៅក្នុងការបោះឆ្នោតចាប់តាំងពីឆ្នាំ២០០១មក ហើយផ្ទុយទៅវិញបានពឹងផ្អែកលើរដ្ឋប្រហារនិងការសម្រេចរបស់តុលាការដើម្បីទម្លាក់រដ្ឋាភិបាលដែលគាំទ្រដោយលោក ថាក់ស៊ីន។
មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីកន្លែងប្រវត្តិសាស្រ្តក្នុងទីក្រុងបាងកកកាលពីយប់ថ្ងៃសុក្ រដែលដឹកនាំគណបក្សថៃ រ៉ាក់សា ឆាត់ ដែលជាគណបក្សមួយមានចំណងទាក់ទងជាមួយក្រុមលោក ថាក់ស៊ីន ដែរ។
ក៏ប៉ុន្តែគណបក្សថៃ រ៉ាក់សា ឆាត់ អាចត្រូវរំលាយដោយតុលាការធម្មនុញ្ញនៅថ្ងៃទី៧ ខែមីនាខាងមុខនេះ បន្ទាប់ពីការស្វះស្វែងឈរឈ្មោះដោយម្ចាស់ក្សត្រីជាបេក្ខជននាយករដ្ឋមន្រ្តីបានត្រូវបញ្ចប់៕