ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ថៃ​ចេញ​ឃោសនា​បោះ​ឆ្នោត


លោកស្រី Pauline Ngaarmpring និង​លោកស្រី Namklenginarin ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​សកល​នា​ពេល​ខាង​មុខ នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកស្រី Pauline Ngaarmpring និង​លោកស្រី Namklenginarin ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​សកល​នា​ពេល​ខាង​មុខ នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

បណ្ដា​មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​មិន​មាន​ការ​លើក​ឡើង​ពី​ឈ្មោះ​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra ឬ​ក៏​អំពី​គោល​នយោបាយ​របស់​លោក ឬ​ក៏​អំពី​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ Ubolratara ដែល​ត្រូវ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២៤ ខែ​មិនា​ខាង​មុខ​នេះ​ទេ។

ពួកគេ​មិន​ចាំបាច់​ប្រកាស​ដូច​នេះ​ទេ ដោយសារតែ​មូលដ្ឋាន​គាំទ្រ​រឹងមាំ​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​របស់​គណបក្ស​ភឿថៃ ដឹង​យ៉ាង​ច្បាស់​អំពី​ភាព​ស្មុគស្មាញ​នៃ​ការ​បោះ​ឆ្នោត​លើក​នេះ និង​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​ភឿថៃ​បាន​ឡើង​កាន់​អំណាច​វិញ។

អ្នកស្រី Sadarat Keyuraphan បេក្ខជន​នាយករដ្ឋមន្ត្រី​នាំ​មុខ​ខាង​គណបក្ស​ភឿថៃ បាន​សួរ​ក្រុម​អ្នក​គាំទ្រ នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ក្នុង​ខេត្ត Ubon Ratchathani យ៉ាង​ដូច្នេះ​ថា៖ «តើ​អ្នក​ទាំង​អស់​គ្នា​ចាំ​យូរ​ប៉ុណ្ណា? តើ​អ្នក​ទាំង​អស់​គ្នា​រងគ្រោះ​យូរ​ប៉ុណ្ណា?»។

អ្នកស្រី​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ថា៖ «យើង​ទាំង​អស់​គ្នា​ត្រូវ​រង់ចាំ​បន្តិច​ទៀត​រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​មីនា​ខាង​មុខ​នេះ។ ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ជ័យជម្នះ​សម្រាប់​យើង​ទាំង​អស់​គ្នា!»។

គណបក្ស​ភឿថៃ​គឺ​ជា​គណបក្ស​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​គណបក្ស​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក Thaksin។ លោក Thaksin ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​កាល​ពី​ឆ្នាំ ២០០៦ ហើយ​បច្ចុប្បន្ន​លោក​កំពុង​រស់នៅ​និរទេស​ឯ​បរទេស បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក​រឿង​ពុករលួយ ដែល​ការ​ប្ដឹង​នោះ​ត្រូវ​បាន​លោក​ចាត់ទុក​ថា​មាន​លក្ខណៈ​នយោបាយ។

គណបក្ស​ភឿថៃ​នៅតែ​មាន​ការ​គាំទ្រ​ខ្លាំងក្លា​ពី​កសិករ និង​ប្រជាពលរដ្ឋ​ក្រីក្រ ដោយសារតែ​គោល​នយោបាយ​សុខុមាលភាព​សង្គម​របស់​គណបក្ស​នេះ ប៉ុន្តែ គណបក្ស​នេះ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​លំបាក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ដោយសារតែ​ច្បាប់​បោះ​ឆ្នោត​ថ្មី​រារាំង​គណបក្ស​ណា​មួយ​មិន​ឲ្យ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​លើសលុប៕

XS
SM
MD
LG