នៅក្នុងប្រទេសមួយដែលបានស៊ូទ្រាំនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារជាង៣០ដងចាប់តាំងពីឆ្នាំ១៩៣២មក រដ្ឋប្រហារចំនួន១២ដងនៃរដ្ឋប្រហារទាំង៣០ដងនោះបានទទួលជោគជ័យ ពាក្យចចាមអារ៉ាម ឥឡូវនេះកំពុងផ្សាយពីការធ្វើរដ្ឋប្រហារមួយទៀត។
លោក George McLeod អ្នកពិគ្រោះយោបល់ខាងហានិភ័យនយោបាយដែលមានទីតាំងនៅក្នុងប្រទេសថៃនិយាយថា៖ «មានរឿងខាងនយោបាយបានកើតមានឡើងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះច្រើនជាងកើតមានឡើងក្នុងរយៈពេល១៥ឬ២០ឆ្នាំក្នុងប្រទេសថៃ។ ហើយការណ៍នេះធ្វើឲ្យមានការច្របូកច្របល់យ៉ាងខ្លាំងហើយមនុស្សគ្រប់រូបកំពុងប្រវេសប្រវាសតាមដានពីអ្វីដែលកំពុងកើតមានឡើង»។
ម្ចាស់ក្សត្រីអ៊ូប៊ុនរតនា ម៉ាហ៊ីដុល បានធ្វើឲ្យមានចលាចលយ៉ាងខ្លាំងកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយការចុះឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ដែលជាការជ្រៀតជ្រែករបស់រាជវង្សានុវង្សដែលមិនធ្លាប់មានកាលពីពេលមុនក្នុងនយោបាយជួរមុខ។
កាលពីដំបូង ការចុះឈ្មោះបោះឆ្នោតនោះត្រូវបានគេប្រាប់ឲ្យដឹងជាមុនថាជាចំណាត់ការខាងនយោបាយប្រកបដោយការឈ្លាសវៃនៅពេលដែលម្ចាស់ស្ត្រីត្រូវបានគេចាត់ទុកថា មានប្រជាប្រិយភាពជាងលោក Prayuth Chan-o-cha មេដឹកនាំរដ្ឋាភិបាលយោធា។
ក៏ប៉ុន្តែ ចំណាត់ការនេះបានត្រូវលុបចោលភ្លាមៗ ទី១ ដោយព្រះរាជអនុជរបស់ម្ចាស់ក្សត្រីគឺ ព្រះមហាក្សត្រ Maha Vajiralongkorn ដែលបានហៅការចុះឈ្មោះបោះឆ្នោតនោះជាការមិនត្រឹមត្រូវនិងផ្ទុយពីរដ្ឋធម្មនុញ្ញ ប៉ុន្មានម៉ោងក្រោយមកហើយបន្ទាប់មកដោយគណៈកម្មការរៀបចំការបោះឆ្នោតកាលពីថ្ងៃចន្ទ។
រាជវង្សានុវង្សថៃ បានតំណាងឲ្យភាពត្រឹមត្រូវខាងសីលធម៌កាន់តែខ្លាំងឡើងដែលលើកប្រទេសចេញពីការឈ្លោះប្រកែកខាងនយោបាយតូចតាច។
ច្បាប់ទាំងនោះមិនអនុញ្ញាតឲ្យរាជវង្សានុវង្សចូលរួមក្នុងនយោបាយដោយផ្ទាល់ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ក្សត្រីជឿថា ព្រះនាងបានត្រូវគេឲ្យរួចពីច្បាប់ទាំងនេះ ពីព្រោះតែព្រះនាងបានលះបង់តួនាទីរាជវង្សានុវង្សនៅឆ្នាំ១៩៧២។
ពួករាជានិយមជ្រុលនៃប្រទេសថៃ នៅតែខឹងសម្បាទំនាក់ទំនងដ៏ខ្លីរបស់ម្ចាស់ក្សត្រីជាមួយគណបក្ស Thai Raksa Chart ដែលជាគណបក្សត្រួតត្រារបស់សត្រូវតពូជរបស់ខ្លួនគឺ អតីតនាយករដ្ឋមន្រ្តីតាក់ស៊ីន ស៊ីណាវ៉ាត្រា។
លោក តាក់ស៊ីន និងក្រុមគ្រួសាររាជវង្សានុវង្សបានឈ្លោះប្រកែកគ្នាអស់ពេល២ទសវត្សរ៍ នៅក្នុងជម្លោះដ៏ល្វីងជូរចត់ដែលបាននាំឲ្យមានការបង្ហូរឈាមនិងរដ្ឋប្រហារ២ដង រួមមានរដ្ឋប្រហារម្តងនៅឆ្នាំ២០១៤ ដែលបានធ្វើឲ្យប្រទេសស្ថិតនៅក្រោមការត្រួតត្រារបស់ពួកយោធានៅពេលបច្ចុប្បន្ននេះ។
ឥឡូវនេះ ការព្រួយកង្វល់កំពុងកើនឡើងថា ដំណើរការដែលប្រេះស្រាំហើយនេះដែលត្រូវបានគេមើលឃើញថា ជាអន្តរកាលវិលត្រឡប់ទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ ទោះបីមានការព្រមានពីពួកអត្តាធិបតី យោធាក៏ដោយ ក៏ប្រព័ន្ធនេះ អាចដួលរលំដែរ។
ក្រុមគាបសង្កត់ខាងនយោបាយមួយហៅថា សមាគមការពាររដ្ឋធម្មនុញ្ញថៃ បានជំរុញឲ្យគណៈកម្មការរៀបចំការបោះឆ្នោតរំលាយគណបក្ស Thai Raksa Chart ទាំងមូល។
មានសេចក្តីរាយការណ៍ថា គណបក្ស Thai Raksa Chart បានវាយប្រហារតបតវិញដោយបានពាក្យបណ្តឹងមួយចំនួនដែលអំពាវនាវឲ្យគណៈកម្មការនោះដកហូតសិទ្ធិលោក Prayuth នាយករដ្ឋមន្រ្តីនៅពេលបច្ចុប្បន្នលើបទចោទប្រកាន់រំលោភរដ្ឋធម្ម នុញ្ញដែរ។
លោកស្រី Pannika Wanich អ្នកនាំពាក្យគណបក្សអនាគតជឿនលឿន បាននិយាយថា ក្នុងមជ្ឈដ្ឋាននយោបាយ ការណ៍នេះត្រូវបានគេចាត់ទុកស្ទើរតែប្រាកដថា គណបក្ស Thai Raksa Chart នឹងត្រូវរំលួយ។
ក៏ប៉ុន្តែ ការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់លោកស្រីគឺថា ភាពចលាចលខាងនយោបាយ នឹងត្រូវគេប្រើប្រាស់ជាការបង្ហាញភស្តុតាងត្រឹមត្រូវដើម្បីផ្អាកឬពន្យារពេលការបោះឆ្នោត។
លោកស្រីបាននិយាយថា៖ «វាជាការពិបាកដើម្បីទស្សន៍ទាយស្ថានភាពនយោបាយរបស់ប្រទេសថៃនៅពេលឥឡូវនេះ ក៏ប៉ុន្តែ ខ្ញុំចង់និយាយថា វាជាការអាប់អួរបំផុត ហើយយើងមិនរំពឹងថា រដ្ឋប្រហារកើតមានឡើងនៅពេលឆាប់ៗនេះទេ ក៏ប៉ុន្តែ មានឱកាសខ្លាំងបំផុត ប្រហែល៣០ភាគរយឬ៤០ភាគរយ ឧបទ្ទវហេតុនយោបាយខ្លះអាចកើតមានឡើង»។
លោកស្រី Pannika បាននិយាយទៀតថា គណបក្សរបស់លោកស្រី បានផ្តោតលើការបន្ធូបន្ថយការតានតឹងនិងធ្វើឲ្យមានប្រក្រតីភាពឡើងវិញ ក៏ប៉ុន្តែ ប្រសិនបើរដ្ឋប្រហារមួយទៀតបានត្រូវគេប៉ុនប៉ង ពួកគេនឹងធ្វើអ្វីៗដែលពួកគេអាចធ្វើទៅបានដើម្បីរារាំងរដ្ឋប្រហារនេះ។
លោកស្រី និយាយថា៖ «យើងមិនអាចទទួលយកការធ្វើរដ្ឋប្រហារ៣ដងនៅក្នុងរយៈពេល១២ឆ្នាំទេ។ ការណ៍នេះច្រើនពេកហើយ»។
លោក McLeod បាននិយាយថា ព្រឹត្តិការណ៍ជាបន្តបន្ទាប់កាលពីចុងសប្តាហ៍មុនរួមមានការដាក់ពង្រាយប៉ូលិស បានធ្វើឲ្យមានពាក្យចចាមអារ៉ាម។
លោកនិយាយទៀតថា៖ « នៅពេលនេះ មានស្ថានភាពប្រែប្រួលដ៏ឆាប់រហ័សបំផុត ហើយខ្លួនខ្ញុំផ្ទាល់មិនរំពឹងថា មានរដ្ឋប្រហារកើតមានឡើងទេ។ ពួកអាជ្ញាធរដែលត្រូវបានដាក់ពង្រាយ ជាប៉ូលិសហើយពួកប៉ូលិសដែលត្រូវបានដាក់ពង្រាយនោះមានគោលបំណងត្រួតត្រាហ្វូងមនុស្ស ហើយបានធ្វើស្របទៅតាមគណៈកម្មការរៀបចំការបោះឆ្នោតដែលកំពុងធ្វើការរំលាយគណបក្ស Thai Raksa Chart ហើយអាចរំលាយគណបក្ស Pheu Thai ដែរ។
គណបក្ស Pheu Thai ជាគណបក្សសំខាន់ដែលត្រួតត្រាដោយចលនាអាវក្រហមរបស់លោក តាក់ស៊ីន ហើយពួកអ្នកសង្កេតការណ៍បាននិយាយថា គណបក្សនេះក៏អាចត្រូវរំលាយដោយគណៈកម្មការរៀបចំការបោះឆ្នោតដែរដោយផ្អែកលើហេតុផលថា គណបក្សនេះមានជាប់ទាក់ទិនទៅនឹងគណបក្ស Thai Raksa Chart។
លោក McLeod បាននិយាយទៀតថា ការណ៍នេះដូចជាលោក Thaksin នឹងត្រូវខាតបង់ចំពោះការសម្តែងឧបាយកលនេះ។
លោកនិយាយបន្តទៀតថា៖ «អ្វីដែលយើងដឹងគឺថា លោក Thaksin បានលេងល្បែងហើយលោកបានចាញ់។លោកបានប្រថុយប្រថានយ៉ាងខ្លាំងហើយលោកបានចាញ់ហើយលោកបានចាញ់អ្វីដែលជាការមិនអាចទស្សន៍ទាយបាន»។
ក៏ប៉ុន្តែ លោក Pavin Chachavalpongpun ជាសាស្ត្រាចារ្យជំនួយនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាតំបន់អាស៊ីអាគ្នេយ៍នៅឯសាកលវិទ្យាល័យ Kyoto បាននិយាយថា លោក តាក់ស៊ីន អាចបានទទួលអ្វីដែលលោកចង់បាន។
លោកបាននិយាយថា៖ «ប្រសិនបើ ការណ៍នេះនឹងក្លាយជាផែនការរបស់គណបក្សលោក តាក់ស៊ីន ដើម្បីព្យាយាមហើយធ្វើឲ្យរបបរាជាធិបតេយ្យនេះក្លាយជារឿងនយោបាយនោះ លោក តាក់ស៊ីន បានទទួលជោគជ័យ។ ប្រសិនបើ ការប៉ុនប៉ងនេះជាផ្នែកមួយរបស់លោក តាក់ស៊ីន ដើម្បីបង្ហាញថា មានជម្លោះនៅក្នុងសមាជិករាជវង្សានុវង្ស លោក តាក់ស៊ីន បានទទួលជោគជ័យម្តងទៀត»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន