ចំណងជើងភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានទាក់ទាញចំណាប់អារម្មណ៍អ្នកស្រី និត បញ្ញា អាយុ៤៥តាំងពីរឿងនេះត្រូវបានគេផ្សព្វផ្សាយនិង សម្ពោធការបញ្ចាំងដំបូងយ៉ាងអធិកអធមកាលពីខែកុម្ភៈនៅប្រទេសកម្ពុជាម៉្លេះ។
ក្រោយពីរឿងនេះត្រូវចាប់បញ្ចាំងតាមគេហទំព័រ Netflix នៅពាក់កណ្តាលខែកញ្ញា ក៏អ្នកស្រី បញ្ញា ដែលមានស្រុកកំណើតនៅក្រុងបាត់ដំបង ហើយសព្វថ្ងៃជាអ្នកសំអាងម្នាក់រស់នៅទីក្រុង Leesburg រដ្ឋ Virginia សុខចិត្តរង់ចាំការបញ្ចាំងភាពយន្តនេះជាទ្រង់ទ្រាយធំនៅរោងភាពយន្តក្នុងមហាវិទ្យាល័យ Montegomery College នៅទីក្រុង Silver Spring រដ្ឋ Maryland ជាយរដ្ឋធានីវ៉ាស៊ីនតោន នេះដែរ។
ប៉ុន្តែទោះបីមានការទន្ទឹងរង់ចាំយ៉ាងនេះ ហើយខំឆ្លៀតយកថ្ងៃឈប់សម្រាក ដើម្បីធ្វើដំណើរពីគេហដ្ឋាននៅទីក្រុង Leesburg ចម្ងាយជាង៧០គីឡូម៉ែត្រ មកទស្សនាការបញ្ចាំងភាពយន្ត«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នៅពេលយប់ នៅជាយរដ្ឋធានីវ៉ាស៊ីនតោននេះ ក៏អ្នកស្រីត្រូវបង្ខំចិត្តដើរចេញពីរោងកុងក្រោយការទស្សនាបានបន្តិចប៉ុណ្ណោះ ដល់ឈុតមួយដែលអ្នកស្រីទប់ទឹកភ្នែកលែងបាន។
អ្នកស្រីថ្លែងដោយអួលដើមកថា៖
«ក្នុងកន្លែងដែលកុមារ ដែលគេឲ្យបបរហ្នឹងណា បបរហ្នឹងវាតិច… វាដូចពួកបងវាអត់មានគ្រាប់អង្ករសោះ។ វាពិបាកនិយាយណាស់អូន។ ហើយអង្ករបបរប៉ុណ្ណឹងបងយកមកថែម បេះស្លឹកអីមកថែមបបរហ្នឹងណា ឲ្យប្អូនញ៉ាំ ខ្លួនឯងសុខចិត្តអត់។ ដល់ឃើញកន្លែងអង្ករហ្នឹងបងនឹកឃើញខ្លួនឯង បងក៏អត់ហ៊ានមើលទៀត»។
ក្រៅពីសាច់រឿងដែលដូចនឹងរឿងរ៉ាវផ្ទាល់ខ្លួនអ្នកស្រី ការណ៍ដែលភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះសម្តែងជាភាសាខ្មែរនិងមានពាក្យខ្មែរដូចជា «ប៉ា» ធ្វើឱ្យអ្នកស្រីមានអារម្មណ៍កាន់តែខិតជិតទៅរឿងរ៉ាវអតីតកាល ក្នុងរបៀបមួយដែលការថតជាភាសាអង់គ្លេសមិនអាចមានអត្ថន័យជ្រៅជ្រះដូចបាន។
អ្នកស្រី និត បញ្ញា ថ្លែងប្រាប់ VOA ថា៖
«អានេះនិយាយជាខ្មែរមក បើខ្មែរឭយំបណ្តោយ ព្រោះវាជារឿងយើង។ ហើយបើគេបកទៅជាអង់គ្លេស យើងយល់ដែរ ប៉ុន្តែពេលខ្លះវាបាត់ន័យអាក្តុកក្តួលអស់រលីង វាទៅជាអត់សូវកំសត់ប៉ុន្មានទេ មើលទៅ។»
ការប្រើពាក្យ «ប៉ា» នៅក្នុងចំណងជើងរឿងនេះ មិនត្រឹមតែធ្វើឲ្យអ្នកស្រីនឹកឃើញឪពុកដែលត្រូវខ្មែរក្រហមសម្លាប់ប៉ុណ្ណោះនោះទេ ប៉ុន្តែពាក្យនេះថែមទាំងធ្វើឲ្យអ្នកស្រីនឹកដល់អត្ថន័យឈឺចាប់នៃការណ៍ដែលរបបខ្មែរក្រហមបានបង្ខំឲ្យអ្នកស្រីនិងពលរដ្ឋខ្មែរអ្នកទីក្រុងជាច្រើនផ្លាស់ប្តូរពាក្យប្រើប្រាស់ក្នុងគ្រួសារ និងការបំបែកបំបាក់ទំនាក់ទំនងក្នុងគ្រួសារ។
អតីតកុមារីសម័យខ្មែរក្រហមរូបនេះពន្យល់ថា៖ «គេឲ្យដូរមកពាក្យ «ពុក» ពី«ប៉ា ម៉ាក់» ដូរមក «ពុក ម៉ែ» ទម្រាំតែដូររួច។»
ភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលដឹកនាំថតដោយតារាហូលីវូដដ៏ល្បីគឺលោកស្រី Angelina Jolie ត្រូវបានថតតាមសៀវភៅជីវប្រវត្តិដែលសរសេរជាភាសាអង់គ្លេសឈ្មោះ «First They Killed My Father» ដែលរៀបរាប់អំពីជីវប្រវត្តិនៃអ្នកនិពន្ធខ្មែរអាមេរិកាំងម្នាក់គឺ អ្នកស្រី អ៊ឹង លួង កាលអ្នកស្រីនៅជាកុមារីអាយុ៥ឆ្នាំ ក្នុងរបបខ្មែរក្រហម ដែលគេដឹងថា បានធ្វើឲ្យស្លាប់ប្រជាពលរដ្ឋកម្ពុជាជិត២លាននាក់ ក្នុងអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។
ភាពយន្តដែលផលិតសម្រាប់គេហទំព័រភាពយន្ត Netflix នេះ ត្រូវបានដាក់បញ្ចាំងជូនសាធារណជនខ្មែរអាមេរិកាំងនិងអាមេរិកនៅមហាវិទ្យាល័យ Montgomery College ជាយរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែតុលានេះ គឺនៅក្រាយការបើកសម្ពោធការបញ្ចាំងនៅប្រទេសកម្ពុជាកាលពីខែកុម្ភៈ និងការបញ្ចាំងជាផ្លូវការតាមគេហទំព័រ Netflix សម្រាប់ទស្សនិកជននៅសហរដ្ឋអាមេរិកនិងនៅទូទាំងពិភពលោក កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅនេះ។
កូនស្ត្រីរបស់អ្នកស្រី និត បញ្ញា គឺកុមារី និត បូនីតា អាយុ១០ឆ្នាំបានមើលរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» តាម Netflix ចំនួនបីលើករួចទៅហើយ។ ប៉ុន្តែកុមារី បូនីតា បានអមដំណើរម្តាយដែលនៅផ្ទះខ្លួនហៅថា«ម៉ាក់»នោះ មកចូលរួមទស្សនានៅមជ្ឈមណ្ឌលសិល្បៈនៃមហាវិទ្យាល័យសហគមន៍ Montgomery College នេះ តាមបំណងម្តាយ ដែលប្រាថ្នាចង់ឃើញសាច់រឿងមួយដែលដូចនឹងដំណើររឿងខ្លួនដែរ។
«ម្តាយខ្ញុំតែងនិយាយប្រាប់ខ្ញុំថា «មុនដំបូងសម្លាប់ប៉ារបស់ម៉ាក់» ព្រោះគាត់ជាគ្រូបង្រៀន ហើយគាត់បាត់ខ្លួន ហើយម្តាយខ្ញុំប្រាប់ខ្ញុំថា យាយរបស់ខ្ញុំក៏ហៀបនឹងត្រូវគេសម្លាប់ ដូចមនុស្សជាច្រើនដែលបានស្លាប់ក្នុងសម័យខ្មែរក្រហមដែរ»។
កុមារី បូនីតា ដែលចេះភាសាខ្មែរបង្គួររូបនេះ ថ្លែងប្រាប់ VOA ថា នាងចូលចិត្តការណ៍ ដែលភាពយន្តនេះផលិតជាភាសាខ្មែរ ដែលនាងស្តាប់បាន ហើយមានចំណងជើងបកប្រែជាភាសាអង់គ្លេស ដែលនេះធ្វើឲ្យនាងងាយខិតជិតទៅនឹងបទពិសោធន៍ដែលម្តាយនាងបានឆ្លងកាត់។
«បើថតជាភាសាអង់គ្លេសមិនល្អដូចថតជាភាសាខ្មែរទេ ព្រោះវាមិនអាចឲ្យដូចជនជាតិខ្មែរនិយាយខ្មែរទេ។ រឿងរ៉ាវនេះជារឿងរ៉ាវរបស់ខ្មែរ ប្រសិនបើមានសំឡេងភាសាអង់គ្លេសបែបអាមេរិកាំងវិញ ដូចជាមិនសូវទំនងទេ។»
អ្នកស្រី គិត ស្រីរ័តន៍ (Sarah Kith) អាយុ ៤៦ ឆ្នាំ ជាអ្នកសម្របសម្រួលម្នាក់នៅបណ្ណាល័យសភាជាតិសហរដ្ឋអាមេរិក (Library of Congress) ហើយសព្វថ្ងៃរស់នៅភាគខាងជើងរដ្ឋ Virginia ជាយរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រីជាអ្នកស្គាល់គ្នាជាមួយអ្នកស្រី អ៊ឹង លួង អ្នកនិពន្ធសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន First They Killed My Father ប៉ុន្តែមិនធ្លាប់អានសៀវភៅរឿងឬទស្សនាភាពយន្តនេះទេ ដោយសាររឿងរ៉ាវកុមារី អ៊ឹង លួង ដូចនឹងរឿងរ៉ាវអ្នកស្រី គិត ស្រីរ័តន៍ ដែរ ដែលធ្វើឲ្យមានអារម្មណ៍ឈឺចាប់ពេលរំឭកឡើងវិញ។ អ្នកស្រីបានមកជាមួយក្រុមគ្រួសារបីជំនាន់ រួមទាំងជីដូនផង ហើយថ្លែងប្រាប់ VOA ក្រោយការទស្សនាចប់ថា ភាសាខ្មែរនៅក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ ជាពិសេសពាក្យខ្មែរមួយចំនួនដូចជា«ស្រែកឃ្លាន» និង «អស់សង្ឃឹម» បាននាំអ្នកស្រីត្រឡប់ទៅកាន់កុមារភាពអ្នកស្រីវិញ ដែលពេលនោះអ្នកស្រីមានអាយុដូចតួអង្គ «លួង» នៅក្នុងរឿងនោះដែរ។
អ្នកស្រី គិត ស្រីរ័តន៍ ពន្យល់ថា៖
«ពិតជាភាសាខ្មែរល្អជាង ព្រោះតួអង្គកុមារីពេលនោះរស់នៅក្នុងសង្គមខ្មែរ ជាក្មេងស្រីខ្មែរម្នាក់ដែលបានបាត់បង់ឪពុកក្នុងរបបខ្មែរក្រហម។ នាងចងចាំនូវអ្វីដែលកូនក្មេងអាចចាំបាន ពីទស្សនៈក្មេងម្នាក់។ ដូច្នេះទោះបីសៀវភៅដើមសរសេរជាភាសាអង់គ្លេសក្តី ក៏ភាពយន្តដែលសម្តែងជាភាសាខ្មែរនេះគឺសមស្របណាស់ ខ្ញុំថា សមស្របទាំងវប្បធម៌ខ្មែរទៀត។ វាជារឿងប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកស្រីលួងជាមនុស្សពេញវ័យ ដែលសរសេរពីទស្សនៈនៃកុមារីម្នាក់ ដូច្នេះមានទស្សនវិស័យច្រើនស្រទាប់នៅក្នុងរឿងនេះ។ ប៉ុន្តែរឿងនេះបង្ហាញនូវព្រឹត្តិការណ៍ទាំងនេះបានត្រឹមត្រូវណាស់ ដែលធ្វើឲ្យយើងអាចឆ្លងកាត់ព្រឹត្តិការណ៍ទាំងនេះឡើងវិញក្នុងរបៀបមួយដែលធ្វើឲ្យយើងអាចសះស្បើយអារម្មណ៍បាន។»
ទស្សនិកជនមួយរូបទៀត ដែលទប់អារម្មណ៍មិនបាន ហើយត្រូវចេញមកក្រៅរោងកុនវិញដែរ គឺលោក គឹម ហេង អាយុ៨១ឆ្នាំ អតីតម្ចាស់ហាងលក់មាសនៅក្រុង Arlington ជាយរដ្ឋធានីវ៉ាស៊ីនតោន ហើយលោកសព្វថ្ងៃបានចូលនិវត្តន៍។ ទោះបីលោកធ្លាប់បានទស្សនារឿង The Killing Fields ឬ វាលពិឃាត ជាច្រើនលើកក្តី ក៏រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាភាសាខ្មែរនេះ បានរំឭកលោកឡើងវិញ ពីប្រវត្តិឈឺចាប់ដែលលោកនិងគ្រួសារបានឆ្លងកាត់នៅស្រុកបាភ្នំ ខេត្ត ព្រៃវែងដែលជាស្រុកកំណើត។ ចំពោះលោក ពាក្យដែលគេប្រើនៅក្នុងសម័យខ្មែរក្រហមដូចជាពាក្យ «កសាង» ធ្វើឲ្យលោកនឹកឃើញភ្លាមដល់ប្រវត្តិដែលលោកធ្លាប់ត្រូវបានខ្មែរក្រហមបម្រុងយកទៅ«កសាង»ឬសម្លាប់ចោល ដែលពាក្យបែបនេះពិបាកនឹងបង្ហាញអត្ថន័យជាភាសាអង់គ្លេស។
លោក គឹម ហេង ពន្យល់ប្រាប់ VOA ថា៖
«យើងជាខ្មែរ ដាក់ទៅដូចថា វាដឹតជាប់ឈឺចាប់ហ្មង។ Killing Fields យើងមើលទៅយើងស្តាប់បានខ្លះ ហើយមានអ្នកបកស្រាយប្រាប់យើងខ្លះ។ តែអានេះ វាចំៗមក ទ្រាំមិនបាន។ ដូចជាធ្វើឲ្យអារម្មណ៍យើងតក់ស្លុត មិនថាខ្លាចអីទេ ប៉ុន្តែវាសោកសៅក្នុងខ្លួន ដូច្នេះធ្វើឲ្យក្បាលយើងឈឺប៉េសៗ។ ទ្រាំមិនបាន»។
ក្រុមគ្រួសារលោក គីម ហេង មានបទពិសោធន៍ឆ្លងកាត់សម័យខ្មែរក្រហមយ៉ាងវេទនាដូចនៅក្នុងរឿងនេះដែរ ហើយកូនស្រីរបស់លោកដែលបានរួចផុតជីវិតពីសម័យខ្មែរក្រហមដែរនោះ ស្ទើរតែត្រូវបាត់បង់លោកជាឪពុក ដូចក្នុងសាច់រឿងនេះដែរ។
ប៉ុន្តែខុសពីអ្នកស្រី និត បញ្ញា លោក គឹម ហេង មិនបានចូលទៅទស្សនាភាពយន្តនេះបញ្ចប់ទេ ដោយលោកថា លោកឈឺក្បាលមិនអាចទ្រាំបាន។
ខ្សែភាពយន្តអន្តរជាតិដំបូងទាក់ទងនឹងសម័យខ្មែរក្រហម ដែលទទួលបានភាពល្បីល្បាញទូទាំងពិភពលោក រហូតទទួលបានពានរង្វាន់អូស្ការផងនោះ គឺរឿង The Killing Fields ឬ «វាលពិឃាត» ដែលបានចេញផ្សាយនៅឆ្នាំ១៩៨៤ ហើយត្រូវបានថតជាភាសាអង់គ្លេស នៅក្រៅប្រទេសកម្ពុជា ដោយសារពេលនោះប្រទេសកម្ពុជានៅមានសង្គ្រាមក្នុងស្រុកនៅឡើយ។
អ្នកស្រី គិត ស្រីរ័តន៍ (Sarah Kith) ធ្លាប់បានទស្សនារឿង The Killing Fields កាលពីនៅក្មេង ហើយបានបង្ហាញពីចំណាប់អារម្មណ៍ខុសគ្នាចំពោះរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលប្រើភាសាខ្មែរទាំងស្រុងនិងនិយាយពីរឿងរ៉ាវរបស់កូនក្មេងម្នាក់៖
«មនោសញ្ចេតនា អារម្មណ៍ដូចថា ពេញពោះ នៅក្នុងខ្លួនរបស់ខ្ញុំ ហើយពេលដែលខ្ញុំមើល Killing Fields ហ្នឹង [ខ្ញុំ]នៅក្មេង ខ្ញុំថា ខ្ញុំអត់បាន make sense [យល់]។ ពេលនោះខ្ញុំនៅក្មេងពេកមិនអាចយល់បានព្រោះរឿងវាលពិឃាតបង្ហាញពីទស្សនៈមនុស្សពេញវ័យ។ ដល់ពេលមើល[រឿង]នេះ យើងដាក់ខ្លួនយើងទៅក្នុងក្មេងហ្នឹង។ យើងឃើញតាមដែលយើងធ្លាប់ហែល»។
ខុសពីរឿង The Killing Fields ភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាភាពយន្តទ្រង់ទ្រាយធំកម្រិតហូលីវូដដំបូង ដែលត្រូវថតទាំងស្រុងជាភាសាខ្មែរ ហើយមានតួសម្តែង សំខាន់ៗនិងបន្ទាប់បន្សំសុទ្ធតែជាជនជាតិខ្មែរ សរុបជាង ៣.៥០០នាក់ ហើយខ្សែភាពយន្តនេះត្រូវថតទាំងស្រុងនៅក្នុងប្រទេសកម្ពុជា គឺនៅខេត្តសៀមរាបនិងខេត្តបាត់ដំបង។
ស្រដៀងនឹងអ្នកស្រី និត បញ្ញា ដែរអ្នកស្រី សំ វិសាល អាយុ ៤៥ ឆ្នាំមានស្រុកកំណើតនៅខេត្តបាត់ដំបង ដែលជាកន្លែងមួយដែលគេបានថតភាពយន្តនេះ ហើយអ្នកស្រីក៏មានប្រវត្តិស្រដៀងគ្នា នៃការបាត់បង់ឪពុក នៅក្នុងការកាប់សម្លាប់របស់របបខ្មែរក្រហម។ ឪពុករបស់អ្នកស្រី សំ វិសាល ជាអតីតទាហានសក្តិ២ក្នុងសម័យលន់ នល់ ដែលត្រូវខ្មែរក្រហមសម្លាប់ ដូចរឿងរ៉ាវកុមារី អ៊ឹង លួង ដែរ។
ក្រៅពីចំណាំបានភ្លាមនូវទីកន្លែងផ្សេងៗក្នុងខេត្តបាត់ដំបងដែលមានថតនៅក្នុងរឿងនេះ អ្នកស្រីសំ វិសាល ថ្លែងប្រាប់ VOA ពីចំណាប់អារម្មណ៍ក្រោយការទស្សនាចប់ថា ការថតជាភាសាខ្មែរ ការសម្តែងដ៏ល្អរបស់សិល្បករខ្មែរ និងសាច់រឿងផ្តោតទៅលើក្រុមគ្រួសារសម័យនោះ ធ្វើឲ្យអ្នកស្រីនឹកឃើញសាច់រឿងពិតៗរបស់អ្នកស្រីនៅក្នុងភាពយន្ត«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»នេះដែរ។
«រឿងនេះដោយសារជាខ្មែរអញ្ចឹង ខ្ញុំមានអារម្មណ៍ថា វាជាប់ដឹតដានហ្នឹង។ រឿង Killing Fields ដូចជាប្រវត្តិសាស្ត្រមួយដែលគេធ្វើឲ្យយើងមើល មានការសម្លាប់អញ្ចឹងអីមាន ដូចទៅជាកុន។ ប៉ុន្តែដូចជារូបភាពនៃការសម្លាប់ហ្នឹងដូចជាវា សាហាវវាអីវាអីហ្នឹង ច្បាស់ៗរបស់ជីវិតគាត់មែន។ ប៉ុន្តែខ្ញុំមិនអាចភ្ជាប់ទៅ ប៉ុន្តែគ្រាន់តែដឹងថាវាជារឿងប្រវត្តិសាស្ត្រ ការសម្លាប់រង្គាលរបស់ខ្មែរក្រហមហ្នឹងនៅសម័យប៉ុល ពត។ ប៉ុន្តែកុននេះដូចកុនជីវិតរបស់ខ្ញុំដែរ។
អ្នកស្រីបាននាំក្រុមគ្រួសារទាំងមូល រួមទាំងកូនទាំង៤នាក់ មកទស្សនាផងដែរ។
កញ្ញា សំ វិចិត្រធីតា (Vichethyda Sam) អាយុ១៩ឆ្នាំ ជាកូនស្រីច្បង ថ្លែងប្រាប់ VOA ថា ក្នុងពេលទស្សនាភាពយន្ត នាងអាចស្តាប់ភាសាខ្មែរបានទាំងស្រុង ដោយមិនចាំបាច់អានចំណងជើងខាងក្រោមជាភាសាអង់គ្លេសទេ។
យុវតីខ្មែរអាមេរិកាំងរូបនេះ ថ្លែងថា ទោះបីនាងមិនដែលធ្លាប់ទស្សនាភាពយន្ត The Killing Fields ដែលថតជាភាសាអង់គ្លេសក្តី ក៏នាងសប្បាយចិត្តដែលភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានថតជាភាសាខ្មែរ ព្រោះនាងគិតថា រឿងរ៉ាវនៃជនជាតិឬប្រទេសមួយ មិនមានអ្នកណាសម្តែងបានល្អជាងជនជាតិនោះ ក្នុងភាសាជាតិរបស់គេទេ។
សម្រាប់រូបនាងជាយុវជនខ្មែរអាមេរិកាំងវិញ ភាពយន្តជាភាសាខ្មែរនេះ បានជំរុញឲ្យនាងចង់និយាយភាសាខ្មែរច្រើនជាងមុន និងបង្កើតទំនាក់ទំនងជាមួយយុវជនខ្មែរអាមេរិកាំងដទៃទៀតច្រើនជាងមុន។
«ខ្ញុំទើបបាននិយាយគ្នាជាមួយអ្នកទស្សនាវ័យក្មេងម្នាក់ទៀត។ គឺពួកយើងជាយុវជនខ្មែរអាមេរិកាំងមានអារម្មណ៍ថា មិនមានអត្តសញ្ញាណច្បាស់លាស់។ ពេលខ្លះយើងត្រូវគេរាប់ចូលក្នុងសហគមន៍អាស៊ីផ្សេងទៀត។ ដូច្នេះខ្ញុំយល់ថា រឿងនេះជាអ្វីដែលអាចនាំពួកយើងចង់រកគ្នា និងក្លាយជាផ្នែកមួយនៃសហគមន៍ធំជាងនេះនិងចង់ទាក់ទងគ្នាឡើងវិញ។ ភាពយន្តនេះជួយឲ្យយើងជាខ្មែរជំនាន់ក្រោយរួបរួមគ្នាឡើងវិញ ព្រោះខ្ញុំមិនមានមិត្តភក្តិអាយុខ្ញុំដែលជាជនជាតិខ្មែរទេ។ ដូចនេះរឿងនេះធ្វើឲ្យខ្ញុំចង់ទាក់ទងពួកគេឡើងវិញ។»
ការជំរុញឱ្យមានអារម្មណ៍ជួបជុំជាគ្រួសារនិងសហគមន៍ខ្មែរនេះ ជាបំណងប្រាថ្នាមួយរបស់អ្នកស្រី គុនថារី ដឺហ្គៃហ្វីយេ (Kunthary de Gaiffier) អាយុ ៦១ ឆ្នាំ ដែលជាអ្នករៀបចំមួយរូបនៃកម្មវិធីចាក់បញ្ចាំងភាពយន្តនិងវេទិកាពិភាក្សានៅមហាវិទ្យាល័យសហគមន៍ Montgomery College នេះ។ អ្នកស្រីថ្លែងប្រាប់ VOA នៅក្រោយការបញ្ចប់ការបញ្ចាំងនិងវេទិកាពិភាក្សា ដែលមានរយៈពេលជិតដល់កណ្តាលអធ្រាត្រនោះថាអ្នកស្រីរីករាយដែលការបញ្ចាំងពេលយប់ជ្រៅថ្ងៃសុក្រនេះ មានអ្នកមកទស្សនាជាង២០០នាក់ ជាពិសេសសាច់រឿងនេះបានទាក់ទាញយុវជនខ្មែរអាមេរិកាំងដែលមកទស្សនាជាមួយឪពុកម្តាយ។
ការចូលរួមច្រើនបញ្ជាក់នូវអ្វីដែលអ្នកស្រីសង្ស័យមកហើយ គឺភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំដោយលោកស្រី Angelina Jolie នេះ អាចជួយបើកការពិភាក្សាឆ្លងជំនាន់ក្នុងចំណោមក្រុមគ្រួសារខ្មែរអាមេរិកាំង ហើយអាចនាំទៅដល់ការសះស្បើយខាងអារម្មណ៍របស់អតីតជនរងគ្រោះ។
អ្នកស្រី គុនថារី ដឺហ្គៃហ្វីយេ (Kunthary de Gaiffier) ពន្យល់ថា៖
«ចាប់ពីបញ្ចាំងរឿងនេះទៅ ចាប់ផ្តើមនិយាយបើក ទុកម៉េចក៏ក្មេងហ្នឹង[ពីមុន]មិនហ៊ានសួរ ក៏ឥឡូវហ៊ានសួរដែរ ព្រោះខ្លះអត់ហ៊ានសួរទេព្រោះដឹងថា សួរទៅ ធ្វើឲ្យគាត់កើតទុកខ្លាំងណាស់ ម៉្លោះហើយមិនហ៊ានទេ ញញើត។ ឥឡូវហ្នឹងគឺថា it’s the beginning of opening a dialogue [ចំណុចចាប់ផ្តើមនៃការបើកការពិភាក្សាក្នុងគ្រួសារ]។ យើងចង់បានអញ្ចឹង ដើម្បី[ព្យាបាល]ជំងឺ trauma [បាក់ស្បាត] គឺពេលដែលត្រូវឲ្យនិយាយ ឲ្យបើកទ្វារនិយាយ។ យើងអាចបន្តទៅទៀត ធ្វើការអីច្រើនជាមួយអីក្នុងសហគមន៍ហ្នឹង។
ក្រៅពីការបញ្ចាំងម្តងម្កាលតាមរោងភាពយន្ត សហគមន៍ខ្មែរនៅអាមេរិកអាចទស្សនាភាពយន្តនេះ យ៉ាងងាយ ស្រួល គ្រប់ពេលវេលានិងគ្រប់ទីកន្លែង តាមគេហទំព័រ Netflix។ ហើយអ្នកស្រី គុនថារីដែលមានកូនពីរនាក់ដែលបានធំឡើងនៅសហរដ្ឋអាមេរិកដែរនោះជឿជាក់ថា សាច់រឿងនិងភាសាប្រើក្នុងគ្រួសារខ្មែរដែលមានក្នុងភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលបានកើតឡើងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីសហរដ្ឋអាមេរិកនោះ នឹងអាចទាក់ទាញយុវជនខ្មែរអាមេរិកាំងមួយចំនួនឲ្យកាន់តែចង់ស្វែងយល់អំពីប្រវត្តិសាស្ត្រ ភាសា និងវប្បធម៌ខ្មែរ ដោយសាររឿងរ៉ាវនិងភាសាជាអ្វីដែលពួកគេធ្លាប់ឮនៅផ្ទះមកហើយ។
«ដាក់ជាភាសាខ្មែរអញ្ចឹងទៅ ទុកជាយុវជនខ្លះនៅសហរដ្ឋអាមេរិកប្រហែលមិនសូវចេះខ្មែរប៉ុន្មាន ក៏អាចដឹងថា នេះ ម៉ែឪខ្មែរ រឿងខ្មែរមែនពិត ព្រោះគេឮម៉ែឪគេជជែកគ្នាអញ្ចឹងដែរតាសចាស។ ដូចម្តាយឪពុកយើងនៅផ្ទះ ដែលជជែកគ្នា បងប្អូនយើង ដែលប៉ាច់ៗទៅ ជួនកាលក្មេងអស់ហ្នឹងមិនសូវចេះខ្មែរប៉ុន្មាន ប៉ុន្តែវាដឹង ឭទៅដឹង មកឃើញអញ្ចឹង can relate [ផ្សារភ្ជាប់នឹងបទពិសោធន៍នេះ]។ អាចនឹងស្មានទៅបាន។ អញ្ចឹងទៅចង់ដឹងកាន់តែខ្លាំង ចង់សួរកាន់តែខ្លាំង។ អាលាក់សំណួរទាំងប៉ុន្មានឆ្នាំ ក៏ចាប់ចង់ឡើងមកដែរ ខំសួរ»។
ភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះទើបត្រូវបានដាក់បញ្ចូលក្នុងការប្រកួតរង្វាន់ Oscar នៅឆ្នាំ២០១៨ហើយទោះបីយើងមិនដឹងថា លទ្ធផលនៃការប្រកួតនៅឆ្នាំក្រោយយ៉ាងណាក្តី ក៏គេឃើញថា ភាពយន្ត Netflix ជាភាសាខ្មែរនេះចាប់ផ្តើមមានឥទ្ធិពលដល់សហគមន៍ខ្មែរនៅអាមេរិករួចទៅហើយ៕