នៅក្នុងពិធីប្រគល់ពានរង្វាន់អូស្ការសម្រាប់ភាពយន្តប្រចាំឆ្នាំលើកទី៩០ (90th Academy Awards) កាលពីយប់ថ្ងៃអាទិត្យ ភាពយន្តបែបនិទានរឿង The Shape of Water ដែលដឹកនាំដោយផលិតករ Guillermo del Toro បានទទួលរង្វាន់ធំផ្នែក«រូបភាពល្អបំផុត» (best picture) នៅក្នុងពិធីមួយដែលបង្ហាញពីហូលីវូដមួយដែលត្រូវប្រឈមនឹងយុគសម័យថ្មីមួយនៃវិស័យភាពយន្តក្រោយរឿងអាស្រូវរបស់លោក Harvey Weinstein។
បរិយាកាសនៃពិធីថ្ងៃអាទិត្យនេះបង្ហាញថា មានការផ្លាស់ប្តូរបានកើតឡើងនៅមហោស្រព Dolby ដែលជាទីកន្លែងប្រគល់ពានរង្វាន់អូស្ការ ដែលនៅទីនោះជ័យលាភីរង្វាន់អូស្ការបានឡើងថ្លែងអំពីសារៈសំខាន់នៃសមភាពនិងពហុភាព។
ភាពយន្ត «The Shape of Water» របស់លោក Guillermo del Toro ត្រូវបានគេជ្រើសរើសឲ្យចូលប្រកួតនៅក្នុងផ្នែកចំនួន១៣ ហើយបានទទួលរង្វាន់អូស្ការក្នុងផ្នែកចំនួន៤ រួមទាំងរង្វាន់«អ្នកដឹកនាំរឿងឆ្នើមជាងគេ» (best director) សម្រាប់អ្នកដឹកនាំរឿងលោក Guillermo del Toro ដែលមានដើមកំណើតម៉ិចស៊ិក។
លោក del Toro ថ្លែងសំដៅទៅអាជីពអន្តរជាតិរបស់លោកថា៖ «សិល្បៈ និងវិស័យភាពយន្តរបស់យើងផ្តល់នូវអ្វីពិសេសមួយ ដែលនោះគឺថា វាបំបាត់ដានដែលមាននៅក្នុងខ្សាច់»។
ដូចការរំពឹងទុកចំពោះរង្វាន់ខាងផ្នែកសម្តែង តារាភាពយន្តលោកស្រី Frances McDormand បានឈ្នះពានរង្វាន់អូស្ការទីពីររបស់លោកស្រី ខាងផ្នែកតួឯកស្ត្រីល្អបំផុត សម្រាប់ការសម្តែងរបស់លោកស្រីនៅក្នុងភាពយន្តរឿង «Three Billboards Outside Ebbing, Missouri»។ លោកស្រី McDormand បានស្នើឲ្យអ្នកចូលរួមជាស្ត្រីទាំងអស់ ងើបឈរឡើងនៅក្នុងសាលមហោស្រពនោះ។
លោក Gary Oldman បានទទួលពានរង្វាន់អូស្ការសម្រាប់តួឯកបុរសល្អជាងគេ សម្រាប់ការសម្តែងនៅក្នុងភាពយន្ត «Darkest Hour»។
តារាកំប្លែងលោក Jimmy Kimmel ជាពិធីករក្នុងកម្មវិធីថ្ងៃអាទិត្យ ដោយលោកបានលាយលំសម្តីកំប្លែងរបស់លោកជាមួយនឹងរឿងអាស្រូវលោក Weinstein និងសម្តែងមតិផ្ទាល់ខ្លួនអំពីការណ៍ដែលហូលីវូដត្រូវធ្វើកំណែទម្រង់ខាងផ្នែកសមភាពយេនឌ័រ។
ពិធីកាលពីថ្ងៃអាទិត្យជាផ្នែកមួយនៃការកក្រើកឡើងនូវរឿងអាស្រូវនិងរយៈពេលដ៏រំជើបរំជួលបំផុតមួយរបស់ហូលីវូដ ដោយមានរបាយការណ៍ចោទប្រកាន់អំពីការបៀតបៀនផ្លូវភេទពីសំណាក់បុរសល្បីៗនៃវិស័យភាពយន្តអាមេរិក ហើយដែលបាននាំឲ្យពិធីអូស្ការនេះ ក្លាយជាផ្នែកមួយនៃយុទ្ធនាការជំរុញឲ្យមានការធ្វើឲ្យប្រសើរឡើងនូវសមភាពយេនឌ័រក្នុងវិស័យភាពយន្ត។
តួលេខនៃអ្នកទៅទស្សនាភាពយន្តតាមរោងភាពយន្តមានការធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២៤ឆ្នាំ កាលពីឆ្នាំ២០១៧។ ប៉ុន្តែឆ្នាំនេះ មានសញ្ញាថានឹងទៅជាឆ្នាំល្អសម្រាប់វិស័យភាពយន្ត មួយផ្នែកដោយសារភាពយន្តរឿង «Black Panther» ដែលអ្នកវិភាគជឿថា នឹងដើរតួសំខាន់នៅក្នុងពិធីអូស្ការឆ្នាំ២០១៩។ ក្នុងរយៈពេល៣សប្តាហ៍ ភាពយន្តនេះរកប្រាក់បានប្រមាណ៥០០លានដុល្លារនៅសហរដ្ឋអាមេរិក៕