ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជនសង្គមនិងនយោបាយខ្មែរ៧នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន


រូបថតបង្ហោះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញ​សកម្មជនខ្មែរដែលរត់ភៀសខ្លួន​នៅ​ប្រទេសថៃ​ស្តាប់​មន្ត្រី​ថៃ​ម្នាក់ដែល​កាន់​លិខិត​ឆ្លងដែន​របស់​ពួកគេ នៅប្រទេសថៃ។ (Facebook/Koet Saray)
រូបថតបង្ហោះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញ​សកម្មជនខ្មែរដែលរត់ភៀសខ្លួន​នៅ​ប្រទេសថៃ​ស្តាប់​មន្ត្រី​ថៃ​ម្នាក់ដែល​កាន់​លិខិត​ឆ្លងដែន​របស់​ពួកគេ នៅប្រទេសថៃ។ (Facebook/Koet Saray)

សកម្ម​ជន​សង្គម​និង​នយោបាយ​ខ្មែរ​ចំនួន ​៧ ​នាក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន ​នៅ​មណ្ឌល​ឃុំឃាំង​ជន​អន្តោ​ប្រវេសន៍ ​ក្នុង​ទីក្រុង​បាង​កក​ កាល​ពី​ចុង​សប្តាហ៍ ​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​នៅ​ឡើយ​ទេ។​ ពួកគេ​ទាំង​នោះត្រូវ​បាន​រាយ​ការណ៍​ពី​អ្នក​តាម​ដាន​ថា​ មាន​បណ្ណ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​នាម​ជន​ភៀស​ខ្លួន ​ដែល​ចេញ​ដោយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCR)។​

លោក ​ខឹម មុន្នីកុសល ​មន្រ្តី​គណបក្ស​ភ្លើងទៀន​ដែល​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​ថៃ ​និង​ជា​គណៈ​កម្មការ​សម្រប​សម្រួល​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​ប្រាប់​វីអូអេ​ថា​ រហូត​មក​ដល់​ថ្ងៃ​ចន្ទ​នេះ ​សកម្ម​ជន​ចំនួន​ ៧ ​នាក់ ​ក្នុង​ចំណោម​ ១០ ​នាក់​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃុំ​ខ្លួន​នៅ​មណ្ឌល​ឃុំឃាំង​ជន​អន្តោ​ប្រវេសន៍ ​ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​ពី​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​(UNHCR) ​នៅ​ប្រទេស​ថៃ​ ដែល​បាន​ផ្តល់​បណ្ណ​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ដល់​ពួក​គេ ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន។​

លោក ​ខឹម មុន្នីកុសល​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃទី ​២៩ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៣ ​អាជ្ញាធរ​ថៃ​បាន​ចុះ​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ជួប​ជុំ​គ្នា​ផ្សព្វ​ផ្សាយ​និង​ស្វែង​យល់​អំពី​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​២៣​ តុលា ​នៅ​ទីក្រុង​បាងកក។ ​កាល​នោះ ​ប៉ូលិស​ថៃ ​បាន​ឃាត់​ខ្លួន​មនុស្ស​ ១០ ​នាក់ ​ដែល​ជា​សកម្ម​ជន​សង្គម ​និង​នយោបាយ ដែល​បាន​ភៀស​ខ្លួន​ចូល​ទៅ​ទឹកដី​ថៃ។​

បើ​តាម​លោក ​លោក ​ខឹម មុន្នីកុសល ​ការ​ចាប់​ខ្លួន​ពួក​គេ​អាច​ពាក់ព័ន្ធ​នឹង​ការ​លួច​ចូល​ក្នុង​ទឹក​ដី​ប្រទេស​ថៃ ​ដោយ​ខុស​ច្បាប់ ​គឺ​នៅ​ពេល​ដែល​ពួក​គេ​បាន​ភៀសខ្លួន​មក​ដំបូង ដោយ​សារ​ការ​ភិតភ័យ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «ប៉ូលិស​មូលដ្ឋាន​ចាប់​ផ្តើម​ពិនិត្យ​មើល​ទៅ ​ឃើញ​ថា ​នៅ​ក្នុង​ចំណោម​ហ្នឹង​មាន​ក្មេង​ស្រី​ ដែល​មិន​ទាន់​គ្រប់​អាយុ​ និង​ម្តាយ​របស់​គាត់ ​ត្រូវ​បាន​គេ​ដោះ​លែង​ឱ្យ​ចេញ​មក​វិញ​ នៅ​សល់ ​៨ ​នាក់។ ​បន្ទាប់​មក​គេ ​បញ្ជូន​ពួក​គាត់​ទាំង ​៨ ​នាក់ ​ទៅ​មន្ទីរ​ឃុំឃាំង​ គេ​ហៅថា​ Immigration Detention Center ទាំង ​៨ ​នាក់ ​ប៉ុន្តែ​ទៅ​ដល់​នោះ ពលករ​ម្នាក់​បាន​ឱ្យ​ភរិយា​របស់​គាត់​ យក ​Passport​ [លិខិត​ឆ្លង​ដែន] ​យក​បណ្ណ​ការងារ​មក​ គេ​ក៏​ដោះ​លែង​ម្នាក់​ហ្នឹង​បន្ថែម​ទៀត។ ​អ៊ីចឹង​នៅ​សល់​៧​នាក់ ​គឺ​សកម្ម​ជន​នយោបាយ​ និង​បង​ប្អូន​កម្ពុជា​ក្រោម»។​

លោក​បន្ថែម​ថា៖ ​«មក​ដល់​ពេល​នេះ ​ក៏​យើង​ទទួល​បាន​ព័ត៌មាន​ថា​ ពួក​គាត់​ហ្នឹង​នៅ​ជាប់​ឃុំ​ ប៉ុន្តែ​មិន​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ។ ​ហើយ​កិច្ចការ​បន្ត ដោយសារ​តែ​ចុង​ឆ្នាំ​នេះ ​ខាង ​UN ​[អង្គការ​សហ​ប្រជាជាតិ] ​ក៏​គាត់​ Vacation [វិស្សមកាល] ​ប៉ុន្តែ​ពួក​គាត់​បាន​ជួប​ បាន​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ថៃ ​ហើយ​គេ​អះអាង​ថា​ នឹង​មិន​បញ្ជូន​អ្នក​ទាំង​អស់​ហ្នឹង​ទៅ​ប្រទេស​ខ្មែរ​វិញ​ទេ​ គ្រាន់​តែ​ឱ្យ​ខាង​ UNHCR ​ជា​អ្នក​ទទួល​ខុស​ត្រូវ ​ពីព្រោះ​ត្រូវ​ជាប់​គុក ​ឬ​ក៏​បង់​ផាក​ពិន័យ​ទៅ​ឱ្យ​រដ្ឋាភិបាល​ថៃ ​ហ្នឹង​ក្នុង​ម្នាក់​ ៥០.០០០​បាត»។​

លោក ​ខឹម មុន្នីកុសល​ បញ្ជាក់​ថា ​ការ​ចាប់​ខ្លួន​សកម្ម​ជន​នា​ពេល​នេះ ​មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​ថា៖ ​«ពេល​ដែល​ពួកខ្ញុំ​ទៅ​ដល់​មន្ទីរ​ឃុំ​ឃាំង ​ទៅ​សួរ​សុខទុក្ខ​ដំបូង​ហ្នឹង​ គឺ​ប៉ូលិស​ថៃ​ប្រាប់​ច្បាស់​ហើយ​ថា​ រដ្ឋាភិបាល​[កម្ពុជា]​ ជា​អ្នក​ប្តឹង​តែ​ម្តង​ ឱ្យ​ចាប់​បញ្ជូន​អ្នក​ទាំង​អស់​ហ្នឹង​យក​ទៅ​វិញ»។​

លោក​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ​ឱ្យ​ធានា​សិទ្ធិ​ជនភៀស​ខ្លួន ​ដែល​ធានា​ដោយ​ច្បាប់ ព្រោះ​លោក​ថា ​រូបភាព​បែប​នេះ​បាន​ធ្វើ​ឱ្យ​ជន​ភៀសខ្លួន​ ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​កាន់​តែ​ខ្លាំង។​

ក្នុង​ចំណោម​សកម្ម​ជន​ចំនួន​ ៧ ​នាក់ ​ក៏​មាន​កញ្ញា ​អេង ម៉ាឡៃ​ ហៅ ​សូ មេត្តា​ ជា​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​និង​សាច់​ញាតិ​បង្កើត​របស់​កញ្ញា​ចំនួន ​២​ នាក់​ផ្សេង​ទៀត​ ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ​កាល​ពី​ខែ​មករា ​ឆ្នាំ​ ២០២៣។ ​

ពេល​ភៀស​ខ្លួន​នោះ ​កញ្ញា ​សូ មេត្តា ​ប្រាប់វីអូអេ​ថា​ ការ​គំរាម​កំហែង​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ផ្ទាល់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​មួយ​រូប​ទទួល​បន្ទុក​ពន្ធនាគារ​ និង​តាម​រយៈ​ការ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​ជន​មិន​ស្គាល់​មុខ​ចំនួន​ពីរ​លើក​ កាល​ពី​ឆ្នាំ​ ២០២២​ ដែល​កញ្ញា​សង្ស័យ​ថា​ ជា​ទម្រង់​នៃ​ការ​គំរាម​សម្លាប់​ផង​ដែរ​ និង​ការ​គំរាម​ក្នុង​ទម្រង់​ផ្សេងៗ​ទៀត​ ដូច​ជា​ការ​តាម​ថត​រូប​ដល់​ផ្ទះ​ បន្ទាប់​ពី​កញ្ញា​បាន​ចូល​រួម​សកម្ម​ភាព​តស៊ូ​មតិ ​និង​ការ​ឃ្លាំ​មើល​សវនាការ​របស់​សកម្ម​ជន​នយោបាយ។​

មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ថា​ តើ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ទៅ​ភាគី​ថៃ​ឱ្យ​ចាប់​បញ្ជូន​ខ្លួន​សកម្ម​ជន​ទាំង​នោះ​មក​កម្ពុជា​ឬ​យ៉ាង​ណា។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​និង​លោក​ អាន សុខខឿន ​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ។ ​វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ប៉ែន បូណា ​និង​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​លោក ​ទូច សុខៈ ​បាន​ដែរ។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ គណបក្ស​នយោបាយ​ចំនួន​ ៩ ​ដែល​ជា​សម្ព័ន្ធ​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ថៃ​ ពិនិត្យ​និង​ឃ្លាំ​មើល​លើ​សកម្ម​ភាព​របស់​គណបក្ស​កាវក្លៃ​ (Move Forward)​ ដោយ​ពួក​គេ​ថា​បាន​គាំទ្រ ​និង​ហ្វឹកហ្វឺន​សកម្ម​ជន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ហើយ​កំពុង​ជ្រក​កោន​នៅ​ប្រទេស​ថៃ។​

លោក ​ស៊ឹង សែន​ករុណា ​អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​យល់​ថា​ រូបភាព​នៃ​ការ​ចាប់​ខ្លួន​នេះ​ជា​ការ​គំរាម​កំហែង​ជា​ថ្មី ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ជន​ភៀស​ខ្លួន។ ​លោក​ស្នើ​ឧត្តម​ស្នងការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ពិនិត្យ​មើល​និង​ជំរុញ​ដល់​បណ្តា​ប្រទេស​ដែល​បាន​ចុះហត្ថ​លេខា​អនុវត្ត​ និង​គោរព​សិទ្ធិ​ជនភៀស​ឱ្យ​បាន​ត្រឹម​ត្រូវ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ ​«អ៊ីចឹង​បើ​សិន​ថា ​គ្រាន់​តែ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ដែន ​ហើយ​ខាង​ UNHCR ​ដែល​គេ​ទទួល​ស្គាល់​សិទ្ធិ ​ជន​ភៀស​ខ្លួន​អ្នកទាំង​អស់​នោះ ​ហើយ​គួរ​តែ​មាន​ការ​ពិនិត្យ ​គួរតែ​មាន​ការ​ដោះ​លែង​ពួកគេ​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។​ ហើយ​ការណ៍​ដែល​ចាប់​ខ្លួន​នេះ ​វា​ជា​ការ​គំរាម​កំហែង​ជាថ្មី​ម្តង​ទៀត ​ពាក់​ព័ន្ធ​សិទ្ធិ​ជន​ភៀស​ខ្លួន ​ពាក់​ព័ន្ធ​នឹង​សកម្ម​ជន​នយោបាយ ​សកម្ម​ជន​សង្គម ​ដែល​ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ពី​ប្រទេស​កំណើត​របស់​ខ្លួន»។​

វីអូអេ​មិន​ទាន់​អាច​សុំការ​បញ្ជាក់​ពី​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ ​(UNHCR) បាន​នៅ​ឡើយ​ទេ។​

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​លោក កើត សារ៉ាយ ​ថ្លែង​ថា​ សកម្ម​ជន​ដែល​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ​ដោយ​សារតែ​ពួក​គេ​រង​ភាព​ភ័យ​ខ្លាច ​ចំពោះ​សុវត្ថិ​ភាព​រស់​នៅ​ក្នុង​ប្រទេស។ ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ​គោរព​កាតព្វ​កិច្ច​ក្នុង​ការ​ការពារ​សិទ្ធិ​ជន​ភៀស​ខ្លួន​ ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ។​

លោក​ថ្លែង​ថា៖​ «យើង​ដឹង​ហើយ​ថា​ ជន​ភៀស​ខ្លួន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ដោយ​សារ​រឿង​សិទ្ធិ​មនុស្ស ​រឿង​នយោបាយ​នេះ។ ​ពួក​គាត់​សុទ្ធ​តែ​រង​ហានិភ័យ​ រង​ភាព​ភ័យ​ខ្លាច​រួច​ទៅ​ហើយ​ ប្រសិន​បើ​ប្រទេស​ថៃ​បញ្ជូន​គាត់​មក​កាន់​ស្រុក​កំណើត​ទៀត​ អា​នេះ​វា​ស្មើ​នឹង​អមនុស្ស​ធម៌ ​ ដែល​មិន​បង្ហាញ​ភាព​ខ្លាំង​ក្លា​ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន ​ហើយ​ក៏​មិន​បង្ហាញ​អំពី​ការ​គោរព​នូវ​កាតព្វ​កិច្ច​ ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ​ដែរ»។​

លោក​បន្ថែម​ថា ​កន្លង​ទៅ ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន សែន ​ក៏​ធ្លាប់​ថ្លែង​ថា ​មិន​ញញើត​ដៃ​ក្នុង​ការ​ចាប់​អ្នក​ណា​ម្នាក់​នោះ​ទេ ​ទោះ​នៅ​ក្នុង​ទឹកដី​ថៃ​ក៏​ដោយ។ ​លោក​បន្ត​ថា ​ រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​អំពី​ការ​ចុះ​អនុស្សារណៈ​យោយល់​គ្នា​ជា​មួយ​ប្រទេស​ថៃ ​ក្នុង​ការ​បញ្ជូន​អ្នក​ទោស​រវាង​ប្រទេស​ទាំង​ពីរ ​ហើយ​កន្លង​មក​ ក៏​ឃើញ​អាជ្ញាធរ​ថៃ​បញ្ជូន​អ្នក​ភៀស​ខ្លួន​ផ្នែក​នយោបាយ​មួយ​ចំនួន​មក​កម្ពុជា​ផង​ដែរ។​

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​ ២០១៧ ​មក​ មាន​សកម្ម​ជន​នយោបាយ​ជា​ច្រើន​របស់​គណបក្ស​ប្រឆាំង​បាន​បន្ត​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ ​ដោយ​សារ​តែ​ការ​រឹតត្បិត​ផ្នែក​នយោបាយ​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​អាជ្ញាធរ​កម្ពុជា៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG