ក្រុមអ្នកគំាទ្រកញ្ញា ឈឹម ស៊ីថរ ដែលជាមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ (NagaWorld) បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃអង្គារ ដើម្បីបង្ហោះប៉េងប៉ោងបង្ហាញពីការនឹករឭកដល់កញ្ញា ស៊ីថរ ដែលកំពុងជាប់ពន្ធនាគារ និងស្នើដល់រដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមសហជីព។
នៅពីមុខពន្ធនាគារ ក្រុមអ្នកគាំទ្រកញ្ញា ឈឹម ស៊ីថរ ប្រមាណ ៣០ នាក់ ក្នុងនោះមានតំណាងអង្គការសង្គមស៊ីវិលមួយចំនួន បាននាំគ្នាលើកបដា និងប៉េងប៉ោងពណ៌សទឹកក្រូច អមជាមួយអក្សរថា «អ្នកការពារសិទ្ធិការងារ ដោះលែងស៊ីថរ»។ ការបង្ហោះប៉េងប៉ោងនេះធ្វើឡើងចំថ្ងៃខួបកំណើតរបស់កញ្ញា ឈឹម ស៊ីថរ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធធនាគារជាការរំលោភសិទ្ធិការងារ និងសិទ្ធិសហជីពយ៉ាងធ្ងន់ធ្ងរ។ លោកជំរុញ ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានៃការតវ៉ារបស់កម្មករណាហ្កាវើលដ៍ក៏ដូចជាដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញ។
លោកថ្លែងថា៖ «ថ្ងៃនេះក្នុងនាមមិត្តសហជីព យើងសូមជំរុញឱ្យរដ្ឋាភិបាលត្រូវគិតពិចារណាឡើងវិញ។ ឆ្នាំ ២០២៤ ហើយ ដូច្នេះឆ្នាំ ២០២៤ នឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។ សូមដោះស្រាយរឿងរ៉ាវអយុត្តិធម៌ទាំងឡាយក្នុងឆ្នាំ ២០២៣ ឱ្យជ្រះស្រឡះ។ ឆ្នាំ ២០២៤ គឺជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា។ បើមិនដោះលែង ឈឹម ស៊ីថរ ទេ យើងមិនមានសេចក្តីសង្ឃឹម។ យើងមិនមានពន្លឺយុត្តិធម៌។ យើងមិនមានពន្លឺប្រជាធិបតេយ្យ។ យើងមិនមានពន្លឺសិទ្ធិមនុស្ស។ យើងមិនមានពន្លឺសិទ្ធិសេរីភាពសហជីពមែនទេ?»
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពចំណីអាហារនិងសេវាកម្មនៅកម្ពុជា ដែលបានចូលរួមក្នុងការជួបជុំនោះដែរ បានថ្លែងថា កូដកម្មរបស់កម្មករណាហ្កាវើលដ៍ធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការជួលពីនរណាម្នាក់ឡើយ។ អ្នកស្រីបន្តថា កញ្ញា ឈឹម ស៊ីថរ មិនបានធ្វើអ្វីបង្កជាការញុះញង់ដល់សង្គមនោះទេ ហើយអ្វីដែលកញ្ញា ស៊ីថរ ធ្វើនេះគឺដើម្បីការពារសិទ្ធិរបស់ក្រុមកម្មករសហជីពតែប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖ «ប្រសិនជាមានឱកាសនៅតែស្នើសុំយ៉ាងទទូចទៅដល់ប្រមុខរាជរដ្ឋាភិបាលអាណតិ្តថ្មី សូមឱ្យលោកមកជួបជាមួយកម្មករផ្ទាល់ ឈប់ប្រើត្រចៀកស្តាប់អ្នកដទៃ ក្រែងលោនាំឱ្យលោកខូចមុខខូចមាត់នៅក្នុងការដឹកនាំប្រទេស គឺថា មកជួបមើល៎ថា តើពិតទេ? ថាតើអ្នកទាំងអស់ហ្នឹងស៊ីឈ្នួលបាតុកម្មមែនអត់? ហើយរឿងអីវាកើតឡើងមកពីណាទៅណី ហើយក៏លះបង់ច្រើនម្ល៉េះ»។
អ្នកស្រីក៏ទទូចដល់រដ្ឋាភិបាលអាណត្តិថ្មីឱ្យពិនិត្យមើលច្បាស់លាស់ពីឫសគល់បញ្ហារបស់ក្រុមកម្មករណាហ្កាវើលដ៍ និងដោះស្រាយជូនពួកគេដោយយុត្តិធម៌ ក៏ដូចជាផ្តល់សិទ្ធិសេរីភាពពេញលេញដល់សហជីព។
អ្នកស្រីថ្លែងថា៖ «យើងរស់នៅក្នុងប្រទេសយើងមានសិទ្ធិពេញលេញ ជាឋានសួគ៌សហជីពនោះទេចា៎។ អ៊ីចឹងសូមឱ្យយើងក្លាយជាឋានសួគ៌ពិតប្រាកដ គឺឋានសួគ៌ដែលយើងប្រើប្រាស់សិទ្ធិសេរីភាពសហជីព អត់មានការជាប់គុកជាប់ច្រវាក់ ជាពិសេសកញ្ញា ឈឹម ស៊ីថរចេញមកវិញហើយចូលធ្វើការវិញទៀតជាមួយថ្នាក់ដឹកនាំសហជីព ដែលនៅសេសសល់។ អាហ្នឹងបានហៅថា ឋានសួគ៌សហជីព»។
វាមានរយៈពេល ១ ឆ្នាំហើយដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្រោមហេតុផលថា បំពានលក្ខខណ្ឌនៃការនៅក្រៅឃុំដែលកំណត់ដោយតុលាការ ដោយសារកញ្ញាបានទៅចូលរួមប្រជុំសមាជសហភាពពាណិជ្ជកម្មអន្តរជាតិពិភពលោក ក្នុងប្រទេសអូស្រ្តាលី កាលពីខែវិច្ឆិកា ឆ្នាំមុន។ កាលពីខែឧសភា ឆ្នាំ ២០២៣ នេះ តុលាការរាជធានីភ្នំពេញបានកាត់ទោសកញ្ញា ឈឹម ស៊ីថរ ឱ្យជាប់ពន្ធនាគារពីរឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការតវ៉ារបស់កញ្ញា។ កាលពីខែតុលា សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ។
អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់លើកឡើងថា លោកមិនខ្វល់នឹងការតវ៉ារបស់ក្រុមកូដករណាហ្កាវើលដ៍នោះទេ ដោយចោទថា ពួកគេមានអ្នកនៅពីក្រោយ ទើបអាចតវ៉ាបានច្រើនឆ្នាំមកនេះ។
ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ ឈុនអឿន លើកឡើងដែរថា លោក និងអ្នកគាំទ្រកញ្ញា ឈឹម ស៊ីថរ នៅតែបន្តតស៊ូស្វែងរកយុត្តិធម៌ជូនកញ្ញា ស៊ីថរ និងទាមទារសិទ្ធិសេរីភាពជូនកម្មករសហជីពទាំងអស់។ លោកបន្តថា ក្រុមសហជីពក៏បានដាក់ញត្តិទៅក្រសួងការងារ ដើម្បីឱ្យមានការទម្លាក់ចោលបទចោទប្រកាន់នានាទៅលើថ្នាក់ដឹកនាំសហជីព។
លោកថ្លែងថា៖ «យើងតែងតែចូលរួមនូវការទាមទារដើម្បីឱ្យមានការទម្លាក់ចោលការចោទប្រកាន់ ហើយថ្មីទៀតនេះ យើងបានដាក់ញតិ្តទៅក្រសួងការងារស្នើសុំឱ្យក្រសួងការងារធ្វើយ៉ាងណាជំរុញឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ផ្សេងៗ ដែលពាក់ព័ន្ធនឹងថ្នាក់ដឹកនាំសហជីពផ្សេងទៀតផងដែរ»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អន ប្រាប់វីអូអេថា ករណីរបស់កញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការ ហើយមិនមានស្ថាប័នក្រសួង ឬរដ្ឋាភិបាលអាចជ្រៀតជ្រែកការងាររបស់តុលាការបាននោះទេ។ លោកស្នើឱ្យក្រុមកូដករណាហ្កាវើលដ៍យល់ដឹងអំពីក្របខណ្ឌច្បាប់និងតួនាទីភារកិច្ចនៃស្ថាប័ននីមួយៗ។
លោកថ្លែងថា៖ «អ្វីដែលបងប្អូនតំណាងណាហ្កាវើលដ៍ ឬក៏សហជីពធ្វើការទាមទាររដ្ឋាភិបាលនេះ គឺខុសគោលដៅរបស់ខ្លួនហើយ ដូច្នេះសូមឱ្យបងប្អូនដែលជាតំណាងសហជីព ក៏ដូចជាតំណាងកម្មករនិយោជិត ក៏ដូចជាភាគីកញ្ញា ឈឹម ស៊ីថរ ត្រូវប្រើប្រាស់មេធាវីរបស់ខ្លួនតតាំងតាមនីតិវិធីតុលាការវាប្រសើរជាង»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថា តាមគោលការណ៍ច្បាប់ ការទាមទារឱ្យមានការដោះលែងជនជាប់ចោទណាមួយមិនមែនជាគោលការណ៍តាមផ្លូវច្បាប់នោះទេ តែជាហេតុផលក្រោមរូបភាពនយោបាយដែលមិនអាចជួយអ្វីបានឡើយ។ លោកបញ្ជាក់ថា មានតែការចូលរួមតាមនីតិវិធីតុលាការ និងបង្ហាញសក្ខីកម្មនានាប៉ុណ្ណោះ ទើបជាវិធីអាចដោះស្រាយតាមផ្លូវច្បាប់។
លោកថ្លែងថា៖ «បាទជាគោលការណ៍ច្បាប់ ការទាមទារតវ៉ាឱ្យមានការដោះលែងជនជាប់ចោទ ឬក៏ទណ្ឌិតណាមួយហ្នឹងមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ ក្នុងការការពារខ្លួនក្នុងការជួយដល់ទណ្ឌិត និងជនជាប់ចោទនោះទេ បានន័យថា ការធ្វើនេះគ្រាន់តែជារូបភាពនយោបាយតែវាមិនអាចជួយអ្វីបាននោះទេ។ តាមផ្លូវច្បាប់ មានតែការចូលរួមដំណើរការនីតិវិធីរបស់តុលាការ ហើយធ្វើការបង្ហាញសក្ខីកម្ម ភស្តុតាងមូលដ្ឋានផ្លូវច្បាប់ឱ្យបានរឹងមាំក្នុងការដោះបន្ទុក ហ្នឹងបានអាចជួយដល់ពួកគាត់បាន»។
ជម្លោះការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ រហូតដល់មានកូដកម្មរាប់ឆ្នាំ កើតឡើងបន្ទាប់ពីកម្មករនិយោជិតប្រមាណ ១.៣០០នាក់ ត្រូវបានបញ្ឈប់ពីការងារ កាលពីអំឡុងខែមេសា ឆ្នាំ ២០២១។ អ្នកដែលត្រូវបានបញ្ឈប់នោះភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍។ ការបញ្ឈប់នេះត្រូវបានមើលឃើញថា ជាចេតនាក្នុងការបំបាត់សហជីពឯករាជ្យនៅក្រុមហ៊ុនកាស៊ីណូមួយនេះ៕