ក្រុមតំណាងពលរដ្ឋជនជាតិដើមភាគតិចរស់នៅក្នុងខេត្តស្ទឹងត្រែងទទូចសុំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម២ ពន្យារពេលប្រតិបត្តិការសាកល្បងទួរបីនទី១ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។
ក្នុងការសាកល្បងនេះក្រុមហ៊ុននឹងបិទទ្វារទឹក១ដើម្បីដំណើរការទួរបីនទី១របស់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលអាចនឹងបង្កការជន់លិចក្នុងតំបន់ទំនប់វារីអគ្គិសនីនេះ។ នេះបើតាមការបញ្ជាក់របស់តំណាងសហគមន៍នានា។
ក្នុងសន្និសីទព័ត៌មាននៅថ្ងៃព្រហស្បតិ៍ស្តីពីគម្រោងសាកល្បងទំនប់នេះ កញ្ញាជឿន ស្រីមុំ ជនជាតិដើមពូនង និងជាតំណាងសហគមន៍ភូមិក្បាលរមាស បានស្នើសុំរដ្ឋាភិបាល និងក្រុមហ៊ុនម្ចាស់ទំនប់សេសានក្រោម២ ទុកពេល១ខែឱ្យពលរដ្ឋម្ចាស់ស្រុកធ្វើការរុះរើសម្ភារៈ និងស្នើឲ្យមានការស្រង់ទិន្នន័យនៃទ្រព្យសម្បត្តិរបស់គ្រួសារនីមួយៗជាលក្ខណៈសហគមន៍ប្រកបដោយតម្លាភាព។
កញ្ញាជឿន ស្រីមុំ ជនជាតិដើមពូនង និងជាតំណាងសហគមន៍ភូមិក្បាលរមាសនិយាយថា៖
«ទីមួយ យើងសុំពន្យារពេលរយៈពេលមួយខែ ដើម្បីជញ្ជូនសម្ភារៈ ក៏ដូចជាធ្វើយ៉ាងម៉េចសុំឲ្យរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុនដោះស្រាយនូវកន្លែងមួយដែលសមស្របសម្រាប់ទីទួលសុវត្ថិភាពដែលពួកគាត់ជ្រើសរើស។ ទីពីរ រយៈពេលមួយខែហ្នឹង សុំឲ្យពួកគាត់ស្រង់ទិន្នន័យ។ ស្រង់ទិន្នន័យហ្នឹងមានការចូលរួមពីអង្គការ ដែលឯករាជ្យ ចូលរួមពីក្រុមហ៊ុន ចូលរួមពីសហគមន៍ ហើយនិងអ្នកដែលមកពីស្ថាប័នឯករាជ្យ»។
តំណាងសហគមន៍រូបនេះក៏បានអំពាវនាវឲ្យមានជំនួយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជា ដោយផ្តល់សម្ភារៈផ្សេងៗ ដូចជាធុងទឹក និងថ្នាំពេទ្យ ដើម្បីជួយដល់ការរុះរើសម្ភារៈទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
តាមទិន្នន័យផ្តល់ដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់អង្គការ NGO Forum មានសហគមន៍ចំនួនពីរគឺសហគមន៍ភូមិស្រែគរ និងសហគមន៍ភូមិក្បាលរមាស មិនព្រមចាកចេញទីភូមិដ្ឋានដើមរបស់ខ្លួនទៅកាន់ទីតាំងថ្មីទេ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទំនប់សេសានក្រោម២ក្នុងភូមិចំនួនពីរនោះគឺមានចំនួន៧០០នាក់ ដែលស្មើនិង១៨០គ្រួសាររស់នៅក្នុងផ្ទះចំនួន១៤០ខ្នង។
លោកដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរមិនបានតៀមជួយសម្រួលប្រជាពលរដ្ឋដែលមិនព្រមចាកចេញពីលំនៅដ្ឋានចាស់ឲ្យទៅជ្រកលើទីទួលសុវត្ថិភាពណានោះទេ ដោយសារតែរដ្ឋាភិបាល និងក្រុមហ៊ុនបានរៀបចំលំនៅដ្ឋានថ្មី ដែលមានដីស្រែ និងដីដែលត្រូវប្រើទៅតាមទំនៀមទម្លាប់ចាស់របស់ពលរដ្ឋ។ លោកបញ្ជាក់បន្ថែមថា គ្មានការពន្យារពេលនៃការសាកល្បងបិទទ្វារទឹកទី១នៃទំនប់សេសាននេះទេ។
«យើងអត់បានរៀបចំទេ ព្រោះអាហ្នឹង យើងបានរៀបចំទីតាំងថ្មី ទៅភូមិថ្មី មានដី មានផ្ទះសម្បែង មានដីកសិកម្មជូនគាត់អស់ហើយ។ អាហ្នឹងរឿងរបស់គាត់។ ពេលដែលគាត់ទៅកាន់ទីទួលសុវត្ថិភាព ពេលទឹកលិចហ្នឹង អាហ្នឹងជាជម្រើសរបស់គាត់។ យើងអត់បានរៀបចំសម្រាប់ការបញ្ចៀសគាត់ទៅរកទីទួលទេ។ ប៉ុន្តែទោះបីយ៉ាងណា ក៏អាជ្ញាធរខេត្តត្រួតពិនិត្យការរុះរើលំនៅដ្ឋានរបស់គាត់ នៅពេលទឹកលិច»។
លោកអភិបាលរងខេត្តបន្តថា៖
«យើងនឹងសម្របសម្រួលថា ឲ្យគាត់នៅបណ្តោះអាសន្នយ៉ាងម៉េច ឬក៏ត្រូវអនុលោមតាមគាត់ ក្នុងការទៅរកទីតាំងថ្មី នៅទីទួលសុវត្ថិភាពហ្នឹង»។
យ៉ាងណាក៏ដោយ កញ្ញាជឿន ស្រីមុំ និយាយថា សហគមន៍ជនជាតិដើមភាគតិចក្នុងភូមិក្បាលរមាសមិនអាចទៅរស់នៅទីតាំងថ្មីនោះឡើយ ដោយហេតុថា មិនមែនជាទំនៀមទម្លាប់ដើមរបស់ជនជាតិដើមភាគតិច ដែលត្រូវរស់នៅលើដីលក្ខណៈឯកជននោះ។ កញ្ញាថា ការរុះរើទៅនៅទីទួលសុវត្ថិភាពនោះគឺ ជាលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះពលរដ្ឋក្នុងសហគមន៍មិនអាចទទួលយកសំណងដែលផ្តល់ជូន ដោយក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ដោយឲ្យទៅរស់នៅទីតាំងថ្មីនោះ។
«ដោយសារតែយើងទៅដល់កន្លែងហ្នឹង យើងលែងមានអត្តសញ្ញាណជនជាតិដើមភាគតិចហើយ។ គេវាស់ដីជាឯកជន។ ជនជាតិដើមភាគតិចមានដីសមូហភាព មានដីសមូហភាពហ្នឹង មានដីសម្រាប់ព្រៃអារក្ស ដីកប់ខ្មោច ដីសម្រាប់ប្តូរវេណដំណាំ ដីសម្រាប់កសិកម្ម ចម្ការវិលជុំផ្សេងៗ នៅក្នុងហ្នឹងទាំងអស់។ កាលណាតែកាត់ដីម្នាក់ប្រាំហិកតា មួយគ្រួសារប្រាំហិកតា អីចឹងវាលែងមានដីសមូហភាពសម្រាប់ជនជាតិដើមភាគតិច ហាក់ដូចជាបំបាត់ បំផ្លាញ អត្តសញ្ញាណជនជាតិភាគតិច»។
កញ្ញាជឿន ស្រីមុំបានបន្ថែមថា ទីតាំងដែលរដ្ឋាភិបាល និងក្រុមហ៊ុនតម្រូវឲ្យពលរដ្ឋទៅរស់នៅនោះគឺស្ថិតក្នុងភូមិក្បាលរមាសថ្មី ឃុំក្បាលរមាស សុ្រកសេសាន ខេត្តស្ទឹងត្រែង។ កញ្ញាបន្តថា ពលរដ្ឋនឹងទទួលបានដីលំនៅដ្ឋានទំហំក្បាល២០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រហើយនិងដីស្រែចំនួន៥ហិកតា។ កញ្ញាបន្តថា តាមការឲ្យដឹងពីពលរដ្ឋដែលព្រមទៅរស់នៅទីតាំងថ្មីនោះ អាជ្ញាធរមិនបានផ្តល់ដីស្រែគ្រប់៥ហិកតានោះទេ។
ទំនប់សេសានក្រោម២ ដែលត្រូវបានចំណាយថវិកាអស់ប្រមាណ៨០០លានដុល្លារអាមេរិក ហើយដែលត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤នោះ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។ថាមពល៥០ម៉េហ្គាវ៉ាត់នឹងផលិតបានតាមការសាកល្បងទួរបីនចំនួន១របស់ទំនប់សេសានក្រោម២ ដែលមានទួរបីនសរុបចំនួន៨។
អ្នកស្រីសារុន សុខុម តំណាងសហគមន៍ភូមិស្រែគរ មានប្រសាសន៍ថា ពលរដ្ឋនឹងមិនចាកចេញពីភូមិដ្ឋានរបស់ពួកគេនោះទេ ទោះបីជារងការជន់លិចទឹកក៏ដោយ។
«ទោះបីទឹកលិចលង់ប៉ុណ្ណាក៏ខ្ញុំក៏អាចនៅត្រើយ ដែលបាននៅក្បែរជិតគាត់ ហើយទឹកដីពួកខ្ញុំធ្លាប់រស់នៅ ហេតុដូច្នេះហើយពួកខ្ញុំគឺដាច់ខាតមិនចាកចេញគោលជំហរហ្នឹង»។
លោកដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានឲ្យដឹងបន្តថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។ លោកបញ្ជាក់ថា អាជ្ញាធរបានត្រៀមកម្លាំងមានសមត្ថកិច្ចរួចរាល់សម្រាប់ការពារសកម្មភាពខុសច្បាប់ណាមួយ ដែលអាចកើតឡើង នៅក្នុងពេលដាក់ឲ្យសាកល្បងទួរបីនទីមួយនៃទំនប់សេសានក្រោម២នេះ។
«វាជារឿងគម្រោងរបស់ជាតិ មិនអាចឲ្យបុគ្គលម្នាក់មកបន្ទុចបង្អាក់កិច្ចការសាធារណៈរបស់រដ្ឋ ដែលជាការអភិវឌ្ឍជាតិទេ។ អីចឹងទោះបីគាត់មិនព្រមម៉េចក៏អាហ្នឹងរឿងរបស់គាត់។ ប៉ុន្តែបើគាត់ប្រើហិង្សា គាត់មានសកម្មភាពហិង្សា អាហ្នឹងគេប្រើច្បាប់ហើយ»។
ប៉ុន្តែលោកដាំ សំណាង តំណាងសហគមន៍ភូមិក្បាលរមាសម្នាក់ទៀត ថ្លែងថា ពលរដ្ឋសហគមន៍នឹងបន្តរស់នៅថែរក្សាទឹកដីដូនតា ដោយមិនឲ្យមានការរុះរើផ្នូរដូនតារបស់ពួកគាត់ជាដើម ទោះក្នុង ឬក្រោយពេលសាកល្បងទាញយកភ្លើងពីទំនប់សេសានក្រោម២ នៅថ្ងៃទី ១៥ ខែកក្កដា។
«តើរដ្ឋាភិបាលគិតម៉េចផ្នូរដូនតាពួកខ្ញុំ? នែ៎! ពួកខ្ញុំក៏ជាមនុស្សដែរ។ ខ្ញុំក៏ចង់ថែរក្សា ការពារអត្តសញ្ញាណជនជាតិដើមភាគតិចយើងដែរ។ សូម្បីតែនាយករដ្ឋមន្ត្រីក៏គាត់ការពារផ្នូរដូនតារបស់ពួកគាត់ដែរ។ ឪពុកម្តាយគាត់ដែរណ៎ា។ គាត់ក៏មនុស្ស។ ពួកខ្ញុំក៏ជាមនុស្ស។ ខ្ញុំត្រូវការពារ។ មិនមែនយកលុយទៅទិញផ្នូរដូនតាពួកខ្ញុំបានទេ»។
ទំនប់វារីអគ្គិសនីនេះត្រូវបានវិនិយោគទុនដោយក្រុមហ៊ុនចំនួន៣ ក្នុងនោះមានក្រុមហ៊ុនចិន ឈ្មោះ China’s Lancang Hydropower International Energy ដែលមានចំណែកហ៊ុន៥១ភាគរយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ឧកញ៉ាគិត ម៉េងចំនួន៣៩ភាគរយ និងក្រុមហ៊ុនវៀតណាមឈ្មោះ Vietnam’s EVN International ដែលមានចំណែកហ៊ុន១០ភាគរយ។
ក្រោយសនិ្នសីទស្តីពីការសាកល្បងទំនប់វារីអគ្គិសនីសេសានក្រោម២ លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃអង្គការ NGO Forum បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពលរដ្ឋដែលមិនព្រមចាកចេញពីលំនៅដ្ឋានចាស់ នៅមានក្តីអាឡោះអាឡ័យ សោកស្តាយនូវប្រពៃណី និងវប្បធម៌របស់ពួកគាត់។ លោកនិយាយថា ពួកគាត់អាចរើពីទីលំនៅដ្ឋានដើម មកនៅទីលំនៅដ្ឋានថ្មី ដែលកៀកនឹងលំនៅដ្ឋានចាស់ ក៏ដូចជាដីស្រែអាស្រ័យផលរបស់ពួកគាត់។ លោកបន្តថា ភាគីរដ្ឋាភិបាល និងក្រុមហ៊ុនគួរកោះប្រជុំគ្នាជាបន្ទាន់ ដើម្បីពិភាក្សាពីផែនការឆ្លើយតបទៅនឹងការរុះរើសម្ភារៈ ក្នុងករណីដែលការបិទទ្វារទឹកទីមួយដោយគ្មានការពន្យារពេល។
«អីចឹងនេះគឺជាសំណូមពរ ឬមួយជាការស្នើសុំបែបវិជ្ជមាន។ ដូច្នេះក្រុមហ៊ុន ក៏ដូចជាក្រសួងរ៉ែ និងថាមពល គួរគិតពិចារណា ហើយកោះឲ្យមានកិច្ចប្រជុំជាបន្ទាន់។ ក្នុងករណីបើនៅតែបិទទឹកនៅថ្ងៃទី១៥ គឺគួរមានប្រជុំ ហើយមានការឯកភាពគ្នាថា មានយន្តការអីខ្លះទៀតមានន័យរវាងប្រជាជនដែលទទួលរងផលប៉ះពាល់ ក្រសួង និងក្រុមហ៊ុនក្នុងការដោះស្រាយទាក់ទងបញ្ហាហ្នឹងបាទ»។
VOA ព្យាយាមសុំការអធិប្បាយពី លោកម៉េង ស័ក្តធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល តែនៅមិនអាចទាក់ទងបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមតំណាងពលរដ្ឋសហគមន៍ក្នុងភូមិស្រែគរ និងក្បាលរមាសបានទទូចសុំឲ្យមានការអភិវឌ្ឍនៅតំបន់ទីទួលសុវត្ថិភាព ដែលពួកគាត់គ្រោងទៅតាំងទីលំនៅបណ្តោះអាសន្ន។ ពួកគេថា ទីតាំងថ្មីឆ្ងាយពីដីដូនតា ហើយអាចធ្វើឲ្យមានការកែប្រែរបៀបរបបរស់នៅតាមទំនៀមទម្លាប់ចាស់ ដែលរួមមានការបាត់បង់ដីសមូហភាព និងដីអារក្សជាដើម។ ពួកគេបន្តថា ការដាក់ឲ្យដំណើរការទំនប់សេសានក្រោម២នេះនឹងបំបាត់ចោលទាំងស្រុងនូវការរកផលនេសាទដែលធ្លាប់មានពីដើមមក។ អ្នកជំនាញខាងបរិស្ថានលើកឡើងថា រដ្ឋាភិបាលគួរធ្វើការអភិវឌ្ឍ ដែលអាចឲ្យពលរដ្ឋរស់បាន ជាជាងធ្វើការអភិវឌ្ឍដែលប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋនៅតាមសហគមន៍ជុំវិញទំនប់សេសានក្រោម២នេះ៕