មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាក៏ដូចជាពិភពលោកកំពុងពើបប្រទះនឹងអំពើជួញដូរមនុស្ស ដែលជាក្តីបារម្ភយ៉ាងខ្លាំង ខណៈថា កម្ពុជាកំពុងតែឆ្ពោះទៅមុខនៃការបង្ក្រាបបទល្មើស។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមទូរស័ព្ទអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា៖ «ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថា យើងមិនថយក្រោយទេ គឺយើងបោះជំហានទៅមុខជានិច្ចសម្រាប់ការប្រឆាំងការជួញដូរមនុស្ស បើទោះបីគេមើលមកឃើញយ៉ាងម៉េចក៏ដោយ ប៉ុន្តែកម្ពុជាគឺតែងតែបន្តនូវការប្តេជ្ញាចិត្តទាំងនេះ»។
បើតាមអ្នកស្រី ជូ ប៊ុនអេង កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីទប់ស្កាត់ការជួញដូរមនុស្សរួមមានបង្ការ អនុវត្តច្បាប់ ជួយគាំទ្រដល់ជនរងគ្រោះ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ។
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ ប្រទេសកម្ពុជាបានបើកយុទ្ធនាការដើរក្បួនដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស នៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍សំខាន់មួយរបស់កម្ពុជា។
អ្នកស្រី ជូ ប៊ុនអេង បានឱ្យដឹងទៀតថា កម្មវិធីយុទ្ធនាការដើរក្បួនដើម្បីបញ្ឈប់អំពើជួញដូរមនុស្សបានផ្តល់ព័ត៌មានយ៉ាងទូលំទូលាយដល់សាធារណជន ហើយប្រជាពលរដ្ឋទូទាំងប្រទេសបានជ្រួតជ្រាបអំពីសកម្មភាពនានា ជុំវិញអំពើជួញដូរមនុស្ស។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេថា ការធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីការដួញដូរមនុស្សគឺជារឿងមួយល្អ ប៉ុន្តែលោកថា ការបង្កើនការបង្ក្រាបបទល្មើស និងការហ្វឹកហ្វឺនមន្ត្រីជំនាញជារឿងចាំបាច់នៅក្នុងការលុបបំបាត់ការជួញដូរមនុស្ស។
លោកបញ្ជាក់ថា៖ «ប៉ុន្តែវានៅមានការបង្កើននូវការបង្ក្រាបនិងការទប់ស្កាត់ការជួញដូរហ្នឹងបន្ថែមទៀតឱ្យបានមានប្រសិទ្ធភាព។ទី១គឺការអនុវត្តច្បាប់ធ្វើម៉េចឱ្យមានប្រសិទ្ធភាព។ទី២លុបបំបាត់រាល់អំពើពុករលួយនៅក្នុងការជួញដូរមនុស្ស»។
បើតាមលោក អំ សំអាត កន្លងមក រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ទៅលើការជួញដូរមនុស្ស ប៉ុន្តែលោកថា នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ដោយហេតុថា កម្ពុជានៅបន្តត្រូវបានក្រសួងការបរទេសអាមេរិកចាត់ថ្នាក់ទាបដ៏គួរឱ្យបារម្ភ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។
របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកបានបង្ហាញថា ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ ឬទប់ស្កាត់ការជួញដូរមនុស្ស ដែលនាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3។ កម្ពុជាបានទទួលចំណាត់ថ្នាក់នេះជាច្រើនឆ្នាំមកហើយ។
បើតាមរបាយការណ៍ដដែល ប្រតិបត្តិការឆបោកអនឡាញស្ថិតនៅក្នុងចំណុចស្នូលនៃការវាយតម្លៃស្តីពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា។ អំពើពុករលួយ និងការពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលក៏ត្រូវបានរាប់បញ្ចូលក្នុងការវាយតម្លៃចំណាត់ថ្នាក់កម្រិតទី ៣ នៃការចម្រើនតិចតួចទៅលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
របាយការណ៍ប្រចាំឆ្នាំ ២០២៤ បានសរសេរថា៖ «រដ្ឋាភិបាលកម្ពុជាមិនទាន់បានបំពេញពេញលេញចំពោះការលុបបំបាត់ការជួញដូរហើយមិនបានធ្វើឱ្យមានកិច្ចខិតខំគួរឱ្យកត់សម្គាល់ដើម្បីលុបបំបាត់សកម្មភាពជួញដូរ ដែលជាហេតុនាំឱ្យកម្ពុជាបន្តស្ថិតនៅក្នុងកម្រិតទី ៣ (Tier 3)»។
របាយការណ៍បានបន្ថែមថា៖ «កម្រិតបី (Tier 3) មានន័យថា រដ្ឋាភិបាលម្ចាស់ប្រទេសមិនបានប្រឹងប្រែងជាដុំកំភួន និងតាមបទដ្ឋានដូចមានចែងនៅក្នុងច្បាប់ស្ដីពីការការពារជនរងគ្រោះដោយការជួញដូរ (TVPA)។ កម្រិតពីរស្ថិតក្នុងបញ្ជីតាមដាន (Tier 2 Watch List) បានសេចក្ដីថា ទោះរដ្ឋាភិបាលម្ចាស់ប្រទេសបានធ្វើកិច្ចការជាច្រើនគួរឱ្យកត់សម្គាល់ តែមិនទាន់បានបំពេញគ្រប់និយាមអប្បបរមាដែលមានចែងក្នុងនិយាមអប្បបរមាអំពីការជួញដូរមនុស្ស ហើយចំនួនជនរងគ្រោះនៅតែច្រើន ខណៈរដ្ឋាភិបាលមិនទាន់ខិតខំដល់កម្រិត និងមិនបង្ហាញភស្ដុតាងជាតឹកតាងគ្រប់គ្រាន់ថា ខ្លួនបានព្យាយាម»៕
វេទិកាបញ្ចេញមតិ