ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ស្នើ​ផ្តល់​ជំនួយ​ច្បាប់​ដល់​ស្ត្រី​ហ្វីលីពីន​ដែល​ពពោះ​ជំនួស​គេ​នៅ​ខេត្ត​កណ្តាល


រូបឯកសារ៖ ស្ត្រីមានផ្ទៃពោះនិងកូនដើរកាត់ក្នុងភូមិមួយ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្ត្រីមានផ្ទៃពោះនិងកូនដើរកាត់ក្នុងភូមិមួយ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ហ្វីលីពីន​ស្នើ​កម្ពុជា​កុំ​ដាក់​ទោស​ស្ត្រី​ ហ្វីលីពីន​ពពោះ​ជំនួស​គេ​ចំនួន​១៣​នាក់​ ដែល​ត្រូវ​បាន​ជួញ​ដូរ​ខុស​ច្បាប់​មក​កម្ពុជា​ ដោយ​ថា​ ​ខ្លួន​នឹង​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​ដល់​ស្រ្តី​ទាំង​នោះ​ ដើម្បី​សហការ​ជា​មួយ​កម្ពុជា​ដោះស្រាយ​ករណី​នេះ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៨​ ខែ​តុលា​ថា ​កាលពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៤ ​អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ជន​ជាតិ​ហ្វីលីពីន​ចំនួន​២០​នាក់​ ដែល​បាន​ចាញ់​បោក​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​តាម​អ៊ីនធឺណិត ​មក​ពពោះ​ជំនួស​គេ​នៅ​ខេត្ត​កណ្តាល។ ​ស្ថានទូត​ហ្វីលីពីន​បន្ថែម​ថា ​រដ្ឋាភិបាល​ហ្វីលីពីន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​កុំ​ដាក់​ទោស​ពួកគេ​ និង​ថា ​ស្ថានទូត​នៅ​តែ​បន្ត​សម្រប​សម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​ករណី​នេះ​ឱ្យ​បាន​ឆាប់​ ក្នុង​គោល​បំណង​ការពារ​សិទ្ធិ​ និង​សុខុមាល​ភាព​របស់​ស្ត្រី​ហ្វីលីពីន​ទាំងនោះ។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ជូ ប៊ុនអេង​ អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស ​និង​លោក​ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បាន​នៅ​ឡើយ​ទេ។​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ស្រង់​សម្តី​របស់​អ្នកស្រី ​ជូ ប៊ុនអេង​ ថា​ ប៉ូលិស​បាន​រក​ឃើញ​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ចំនួន​២០​នាក់ ​និង​វៀតណាម​៤​នាក់​ ក្នុង​ពេល​ឆ្មក់​ចូល​ផ្ទះ​វីឡា​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្តាល ​កាលពី​ថ្ងៃ​ទី២៣ ​ខែ​កញ្ញា។​ អ្នកស្រី​ត្រូវ​បាន​ស្រង់​សម្តី​បន្ថែម​ថា ​ស្ត្រី​ហ្វីលីពីន​ចំនួន​១៣​នាក់ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ផ្ទៃពោះ ​ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ​កាលពី​ថ្ងៃ​ទី១​ ខែ​តុលា ​ក្រោម​ច្បាប់​ស្តីពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស ​និង​ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ។​

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលោក អំ សំអាត ចូលរួមពិធីរំឭកខួប៨ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកកែម ឡី ក្រុងភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលោក អំ សំអាត ចូលរួមពិធីរំឭកខួប៨ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកកែម ឡី ក្រុងភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ (LICADHO)​ លោក​ អំ សំអាត​ យល់​ថា​ កម្ពុជា​ និង​ហ្វីលីពីន​គួរ​តែ​សហការ​គ្នា​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ករណី​នេះ ​ដើម្បី​រក​ឱ្យ​ឃើញ​អ្នក​ពាក់ព័ន្ធ​ក្នុង​បណ្តាញ​នៃ​ការ​ជួញដូរ​មនុស្ស​ពី​ហ្វីលីពីន​មក​កម្ពុជា​ ដើម្បី​ធានា​បាន​ពី​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ល្មើស ​និង​ការពារ​ជន​រងគ្រោះ។​

លោក​ថ្លែង​ថា៖​«ចំពោះ​បញ្ហា​ស្រ្តី​ដែល​ពពោះ​ជំនួស​ឬ​ក៏​មិន​ពពោះ​នេះ ​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​តើ​ ស្រ្តី​ទាំង​អស់​ហ្នឹង​ជា​ជន​រង​គ្រោះ​ដោយ​ការ​បង្ខំ​ឱ្យ​មាន​ពពោះ​ជំនួស​ឬ​ក៏​ជា​ការ​ចាប់​បង្ខំ​ឱ្យ​ពពោះ​ជំនួស​ដែល​ជាជន​រង​គ្រោះ​ឬ​មួយ​ ស្រ្តី​ទាំងអស់​ហ្នឹង​ចូល​រួម​នៅ​ក្នុង​ការ​ពពោះ​ជំនួស។​

កន្លែង​ហ្នឹង​ត្រូវ​ស៊ើប​អង្កេត​ឱ្យ​បាន​ល្អិត​ល្អន់​ទៅ​លើ​បញ្ហា​ទាំង​អស់​ហ្នឹង។​ ចៀសវាង​ស្រ្តី​ត្រូវ​គេ​បង្ខំ​ ត្រូវ​គេ​រំលោភ​បំពាន​ឱ្យ​ពពោះ​ជំនួស​ហើយ​ត្រូវ​ទទួល​ទោស»។​

ការ​ស៊ី​ឈ្នួល​ពពោះ​ជំនួស​នៅ​កម្ពុជា​កើត​មាន​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​សកម្ម​ភាព​នេះ​ត្រូវ​ហាមឃាត់​ក្នុង​ប្រទេស​ថៃ​ នៅ​ឆ្នាំ​២០១៥។ ​ក្រោយ​ការ​បង្ក្រាប​ករណី​ពពោះ​ជំនួស​ជា​បន្ត​បន្ទាប់​ រដ្ឋាភិបាល​កម្ពុជា​សម្រេច​ហាម​ឃាត់​ករណី​ពពោះ​ជំនួស​ ដោយ​ចាត់ទុក​ថា ​សកម្មភាព​នេះ​ជាបទ​ល្មើស។​

គួរ​បញ្ជាក់​ថា ​ក្នុង​ឆ្នាំ​២០២៣​ អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ២០០​នាក់ ​នៅ​ក្រៅ​ប្រទេស​ ជា​ពិសេស​ក្នុង​ប្រទេស​ចិន​ ដែល​ពួក​គេ​រង​គ្រោះ​ដោយ​សារ​ការ​រៀបការ​ជាមួយ​ជន​បរទេស ​និង​ការ​ពពោះ​ជំនួស​គេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG