ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាទាត់ចោល​ទណ្ឌកម្ម​«អយុត្តិធម៌»​របស់​អាមេរិក​លើ​ឧកញ៉ា​បក្ស​កាន់​អំណាច


រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន (ឆ្វេង) និងលោក លី យ៉ុងផាត់ អញ្ជើញមកដល់វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន នៅខាងក្រៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន (ឆ្វេង) និងលោក លី យ៉ុងផាត់ អញ្ជើញមកដល់វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន នៅខាងក្រៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ បាន​ច្រាន​ចោល​ទណ្ឌកម្ម​«អយុត្តិធម៌»​របស់​អាមេរិក​លើ​ឧកញ៉ា​និង​ជា​ទីប្រឹក្សារបស់​អតីត​មេដឹកនាំ​លោកHun Sen ពី​បទ​រំលោភបំពាន​ដែល​គេ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការជួញដូឬ​មនុស្ស​ក្នុង​មណ្ឌល​បោកបញ្ឆោត​តាម​អនឡាញ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិបរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ព្រឹទ្ធសភា​ខាង​បក្ស​កាន់អំណាច​ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​គឺ​លោក លី យ៉ុងផាត់ ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន។

ក្រុមហ៊ុន​ជាច្រើន​របស់​លោក លី យ៉ុងផាត់​ក៏​រង​ទណ្ឌកម្ម​ដែរ ដោយសារ​តែ​តួនាទី​របស់​ក្រុមហ៊ុន​ទាំង​នោះដែល​គេ​ចោទប្រកាន់​ថា​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​លើ​កម្មករ ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​ប្រតិបត្តិការ​បោកបញ្ជោត​វិនិយោគ​តាម​អនឡាញ។

អនុ​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​កិច្ចការ​ស៊ើបការណ៍​ហិរញ្ញវត្ថុ​និង​ភេរវកម្ម​នៃ​ក្រសួង​ហិរញ្ញ វត្ថុ​អាមេរិក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ទណ្ឌកម្ម​នេះ ធ្វើ​ឡើង «ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស​ទទួល​ខុសត្រូវ»។

សេចក្តីថ្លែងការណ៍​បន្ថែម​ថា​ទណ្ឌកម្ម​នេះ ក៏​មាន​បំណង«បង្អាក់​សមត្ថភាព​ក្រុមហ៊ុន​ទាំង​នេះ កុំ​ឱ្យ​អនុវត្ត​ផែនការ​ឆបោក​វិនិយោគ​ដែល​ដៅ​លើ​បុគ្គល​ដែល​មិន​សង្ស័យ​រាប់​មិនអស់​រួម​ទាំង​ពលរដ្ឋ​អាមេរិកាំង​ផងដែរ»។

អ្នក​ជួញដូរ​មនុស្ស​ក្នុង​ក្រុមហ៊ុន​ទាំង​នេះ បាន​បង្ខំ​ជន​រងគ្រោះ​ឱ្យ​ធ្វើការ​រហូត​ដល់១៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ហើយ​ក្នុង​ករណី​ខ្លះ បាន​លក់​ជន​រងគ្រោះ​ទៅ​ឱ្យប្រតិបត្តិករ​ឆបោក​ផ្សេង​ទៀត​ឬ​ក៏​បង្ខំ​ពួកគេ​ឱ្យ​ជួញដូរ​ផ្លូវ​ភេទ។ នេះ​បើយោង​តាម​សេចក្តីថ្លែងការណ៍​ដដែល​នោះ។

នៅ​ឆ្នាំ២០២២ លោក លី យ៉ុងផាត់ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន​ដែល​បាន​ចុះ​ចេញ​ពី​តំណែង​ជា​ផ្លូវការ​កាល​ពីឆ្នាំ​មុន ហើយ​បាន​ប្រគល់​អំណាច​បន្ត​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្រោយ​ពី​ត្រួត ត្រា​ប្រទេស​កម្ពុជា​អស់​ពេល​ជិត៤ទសវត្សរ៍។

លោក ហ៊ុន សែន នៅ​តែជា​ឥស្សរជន​ដ៏​មាន​អំណាច​ដដែល​ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ដោយ​កាន់​តំណែងពិធីការ​ដ៏សំខាន់​ដែល​អនុញ្ញាត​ឱ្យ​លោក​ ដើរ​តួ​ជា​ប្រមុខរដ្ឋ​ស្តីទី​ក្នុង​ពេល​ព្រះមហាក្សត្រ​ស្ថិត​នៅ​ក្រៅ​ប្រទេស។

ក្រសួង​ការបរទេស​កម្ពជា កាល​ពី​ថ្ងៃ​សុក្រ បាន​សម្តែង​«ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្តដោយ​អយុត្តិធម៌»ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន​របស់​លោក។

សកម្មជន​សិទ្ធិមនុស្ស បាន​ចោទប្រកាន់ក្រុមហ៊ុន​របស់​លោក​លី យ៉ុងផាត់ ​ជា​យូរ​មក​ហើយ​ថា​បាន​រំលោភ​សិទ្ធិមនុស្ស​និង​បំផ្លាញ​ធនធាន​ធម្មជាតិ។

កាលពី​ឆ្នាំ​មុន អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ថា​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​ជារឿយ ៗ​រង​ការ​គំរាម​ធ្វើ​ទារុណកម្ម ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​បង្ខំ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឱ្យ​ធ្វើ​សកម្មភាព​ឆបោក​តាម​អនឡាញ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG