ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​កម្ពុជា៖ ជនសង្ស័យ​២​នាក់​ទៀត​ត្រូវបាន​ឃាត់​ខ្លួន​ក្នុងករណី​រំដោះ​អ្នក​ទោស​សញ្ជាតិ​ចិន​​ក្នុង​ខេត្ត​សៀមរាប


អ្នកទោសជនជាតិចិនដែលត្រូវបានជនប្រដាប់អាវុធមួយក្រុមព្យាយាមជួយរំដោះខ្លួននៅខេត្តសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។ (រូបថតដោយ Fresh News)
អ្នកទោសជនជាតិចិនដែលត្រូវបានជនប្រដាប់អាវុធមួយក្រុមព្យាយាមជួយរំដោះខ្លួននៅខេត្តសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣។ (រូបថតដោយ Fresh News)

ក្នុង​ករណី​រំដោះ​អ្នក​ទោស​ជាជន​ជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​សៀម​រាប​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​២នាក់បន្ថែម​ទៀត គិតត្រឹម​ថ្ងៃ​ចន្ទនេះ។ ការណ៍នេះនាំ​ឱ្យ​ចំនួនជន​សង្ស័យ​ក្នុង​ករណី​ដែល​ពាក់​ព័ន្ធនឹង​បទ​ល្មើស​គ្រឿង​ញៀន​ផង​នោះកើន​ដល់​៨នាក់។ នេះ​បើ​តាម​មន្ត្រីជាន់​ខ្ពស់​នគរបាល​ជាតិ​ទទួល​បន្ទុក​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន។

ជនសង្ស័យ​ទាំង​៨​នាក់​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួនបាន​នោះ​ រួមមាន​ខ្មែរ​សញ្ជាតិ​អាមេរិកាំងចំនួន​៦នាក់ (កាន់​លិខិត​ឆ្លង​ដែន​អាមេរិក​) ជនជាតិ​ចិនសញ្ជាតិ​អាមេរិក​ម្នាក់ (កាន់​លិខិត​ឆ្លង​ដែន​អាមេរិក​) និង​ជន​ជាតិ​ចិន-តៃ​វ៉ាន់​ចំនួន​១​នាក់​។ ពួកគេ​ទាំង​នោះត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​កំណត់​ថា​ ជា​ឧក្រិដ្ឋ​ជន​ស៊ីឈ្នួល​ដើម្បី​ធ្វើ​សកម្មភាព​ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​ តើ​នរណា​ដែល​ជាមេ​ក្លោងរបស់​ពួកគេ។

អគ្គស្នង​ការ​រង​នគរបាល​ជាតិ​លោក​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជីតូ ទទួល​បន្ទុកបង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ ដែល​ទៅ​រំដោះ​អ្នក​ទោស​ដែល​ជា​ជនជាតិចិននោះបាន​ជាបន្តបន្ទាប់ ហើយ​គិតត្រឹមថ្ងៃចន្ទនេះ​ មាន​ជន​សង្ស័យ​៨​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន។ ​

លោក​ថ្លែងថា​៖ «ថ្ងៃ​មុន​យើង​ចាប់​បាន​៧នាក់​ ហើយ​យើង​កំពុង​តែ​ចាប់​បាន​១នាក់​ទៀត​កំពុង​តែ​សាកសួរ​ [ចាប់​បាន​]៨នាក់​ ហើយ​បាទ ចាប់​បាន​ម្សិល​មិញ​ខាង​អន្តោ​ប្រវេសន៍​[ចាប់​បាន]ពេល​វា​រត់​ចេញ​តាម​ព្រលាន​ហ្នឹង​ យើង​ឃាត់​បាន​...អា​ហ្នឹង​ដូច​ជា​ជន​ជាតិ​ចិន​តៃវ៉ាន់​»។

លោក​បន្ថែម​ថា​ នៅ​មាន​ជន​សង្ស័យ៨នាក់​ទៀត​ដែល​សមត្ថកិច្ច​មិន​ទាន់​ចាប់ខ្លួនបាន ក្រោយការ​សាកសួរក្រុម​ឧក្រិដ្ឋជនដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​តាំងពី​សប្តាហ៍មុន​។

បើតាម​លោក ម៉ក់ ជីតូ សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដើម្បី​ស្រាវ​ជ្រាវ​តាម​ចាប់អ្នក​នៅ​ពីក្រោយ​ខ្នង​នៃក្រុម​ដែល​ធ្វើ​សកម្មភាព​រំដោះជនជាតិចិន​ដែល​ត្រូវ​បាន​តុលាការកម្ពុជារកឃើញ​ថា​មាន​ទោស​ពីបទជួញដូរ​គ្រឿងញៀន។

លោក​បញ្ជាក់ថា​៖ «ឥឡូវ​នេះ​ យើង​កំពុង​តែច្បាម​តាម​រក​ប៉ុន្តែ​វា​មាន​បញ្ហា​ពីរ​ ទី​មួយ​អាច​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស ទីពីរ​អាច​ឆ្លង​ដែន​បាន​តាម​របៀង​វា​អាច​ទៅ​ប្រទេស​ឡាវ​ ព្រោះ​ពួក​គ្រឿង​ញៀន​ហ្នឹង​កាល​ណា​វា​រត់​ អត់​ហ៊ាន​រត់​ទៅ​ណា​ទេ​គឺ​រត់​ទៅ​ឡាវ​ហើយ​...គឺ​វា​ប្លែក​ អ៊ីចឹង​បាន​បង​ប្អូន​ខាង​ពន្ធនាគារ​គ្នា ​មិន​សូវ​បាន​ចាប់​អារម្មណ៍​ ដល់​ចំ​រឿង​ហ្នឹង​ទៅ​ដូច​ជា​ភាន់​ភាំង​ចន្លោះ​ប្រហោង​អ៊ីចឹង​បាទ​»។

កាល​ពី​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០២៣ អ្នក​ទោស​ជា​ជនជាតិ​ចិនម្នាក់​ឈ្មោះ Chen Hsin Han អាយុ​ ៤៥ឆ្នាំ​ ត្រូវបានរំដោះចេញពី គ្លីនិក​ធ្មេញ​មួយ​កន្លែង​នៅក្នុង​ស្រុក​ស្វាយដង្គំ ខេត្តសៀមរាប ដោយ​ជនពាក់​របាំង​មុខ​ប្រដាប់​ដោយ​អាវុធ។ ក្នុង​គ្រា​សម្រុក​ចូលរួម​ទៅរំដោះ​ជន​ជាតិចិន​នោះ​ ពួកខ្មាន់​កាំភ្លើង​ បាន​ភ្ជង់​អាវុធទៅ​កាន់​នគរ​បាល​ និង​បាន​ចង​ដៃ​មន្ត្រី​ប៉ូលិស​ផង​ដែរ។

ថ្លែង​នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី១៩ ខែ​សីហា អំពី​ការធ្វើ​សកម្មភាព​ទៅ​រំដោះ​ មេក្លោង​គ្រឿង​ញៀន​ម្នាក់​នៅ​ខេត្ត​សៀមរាប​នោះ លោក ម៉ក់ ជីតូ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​បាន​អះអាង​ថា ក្រុម​ឧក្រិដ្ឋ​ជន​នេះ​បាន​រៀបចំ​ផែនការ​ត្រៀម​ធ្វើ​សកម្មភាព​រយៈពេល​២ខែ​មក​ហើយ​ដើម្បី​រំដោះ​អ្នកទោស​ជនជាតិ​ចិនខាង​លើ​នោះ ពោលគឺ​ពួកគេរៀបចំ​ផែនការ​តាំង​ពី​នៅ​សហរដ្ឋ​អាមេរិក​មក​ម្ល៉េះ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ចំពោះ​មុខ​នេះ​ការងារ​របស់​មន្ត្រី​នគរ​បាល​យុត្តិធម៌ អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ទី​មួយ​គឺ​ស្រាវ​ជ្រាវ​បង្ក្រាប​មេ​ក្លោង និង​ចាប់​ឱ្យ​បាន​យក​មក​វិញ​ ផ្តន្ទាទោស​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ទណ្ឌិត​នេះ​ឯង។ ហើយ​ទី​ពីរ​ ពាក់​ព័ន្ធ​នឹង​ការ​សង្ស័យ​ចេះ សង្ស័យ​ចុះ​គឺ​យើង​នឹង​ស្រាវ​ជ្រាវ​បង្ក្រាប​បំបាត់​ភាព​សង្ស័យ​នេះ​ ហើយ​នឹង​រាយ​ការណ៍​ជូន​អ្នក​សារព័ត៌មាន​សាជា​ថ្មី»។

យ៉ាង​ណា​មិញ​ មេ​ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀនរូប​នេះ បាន​ទទួល​ស្គាល់​ថា​នេះ​អាច​មក​ពី​ ភាព​ចន្លោះ​ប្រហោង​របស់​សមត្ថកិច្ច​ ដោយ​សារតែ​កន្លង​ទៅ​កម្ពុជា​មិន​ដែល​ធ្លាប់​មាន​ករណី​ខ្មាន់​កាំភ្លើង​សម្រុក​ចូល​មក​រំដោះ​អ្នក​ទោស​បែប​នេះ​ឡើយ។

លោក តេង ច័ន្ទណាត ស្នង​ការ​នគរ​បាល​ខេត្ត​សៀមរាប​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សមត្ថកិច្ច និង​មន្ត្រី​ពាក់​ព័ន្ធ​នានា​បាន​នឹង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​តាម​រក​បក្ខពួក​ជនដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្រាវ​ជ្រាវ​ទៅ​លើ​កិច្ច​ការ​នោះ​ ហើយ​ប្រសិន​បើ​បាន​ព័ត៌មាន​អី​យ៉ាង​ណា​បន្ថែម​ទៀត​គឺ​យើង​នឹង​ផ្តល់​ទៅ​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ឱ្យ​បាន​ដឹង​ទាំង​អស់គ្នា»។

ការ​ចរាចរណ៍​គ្រឿង​ញៀន​នៅ​កម្ពុជា​ត្រូវ​បាន​អ្នក​តាម​ដាន​សង្គម​មួយ​ចំនួនមើល​ឃើញ​ថា​ ហាក់មិន​ទាន់​មាន​ការបង្រ្កាប​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ ហើយញ្ហា​នេះ​កាន់តែរីកធំ​ឡើងក្នុងស្ថានភាព​គួរ​ឱ្យ​បារម្ភ​។ ពួកគេ​ជំរុញ​ឱ្យ​មាន​ការរៀបចំ​វិធានការ​ថ្មី​ និង​បើក​ឱ្យមាន​ការចូលរួម​ឱ្យ​បាន​ច្រើន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ក្រោមរដ្ឋាភិបាល​ថ្មី​ក្នុង​ការបង្រ្កាប​បទល្មើស​គ្រឿង​ញៀន​នៅ​កម្ពុជា។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក ​យង់ គិមអេង លើកឡើងថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​តែ​ពង្រឹង​ និង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុវត្ត​ច្បាប់​ ព្រមទាំង​ធ្វើការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្ការ និង​ទប់​ស្កាត់​សកម្មភាព​ទាំង​អស់​នោះ។

លោកថ្លែងថា៖ «ទន្ទឹមនឹង​ការអប់រំឱ្យ​យុវជន​យល់ដឹង ហើយ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ហើយ​ត្រូវ​មានកិច្ចសហការ​ពីបណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​សង្គមស៊ីវិល ហើយ​និង​បណ្តា​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ដៃ​គូ​ផ្សេងៗ​ទៀត​ឱ្យចូលរួម​នៅក្នុងការ​បង្ការ​ និង​ទប់ស្កាត់​»។

កាល​ពី​ដើម​ខែ​សីហា លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិទី​៧​ដែល​នឹង​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់​គឺលោក ​ហ៊ុន ម៉ាណែត​ ឱ្យ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់បង្ក្រាប​បទ​ល្មើសពាក់ព័ន្ធនឹង​គ្រឿង​ញៀន​បន្ថែម​ទៀត​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​របស់​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ថ្មី៕

XS
SM
MD
LG