សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន១០០រូបដែលធ្វើជាគណៈវិនិច្ឆ័យនៅឯសវនការការចោទប្រកាន់ដកហូតប្រធានាធិបតី ដូណាល់ ត្រាំ ចេញពីតំណែង នឹងមានឱកាសនៅថ្ងៃនេះដើម្បីសាកសួរសំណួរដល់សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យដែលជំនុំជម្រះរឿងក្តី ហើយពួកមេធាវីរបស់លោកប្រធានាធិបតីត្រាំការពារលោក។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ នឹងបញ្ជូនសំណួររបស់ខ្លួនជាលាយលក្ខណ៍អក្សរដែលត្រូវបានអានដោយចៅក្រម John Roberts ដែលធ្វើជាអធិបតីភាពនៃការជំនំជម្រះរឿងក្តីនេះ។ សំណួរបានត្រូវគ្រោងទុកសម្រាប់ពេល២ថ្ងៃដែលមានរយៈពេល១៦ម៉ោង មុនពេលការជជែកដេញដោលដ៏សំខាន់នៅថ្ងៃសុក្រស្អែកនេះថាតើកោះហៅសាក្សីសំខាន់ៗ រួមមានលោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីត្រាំដែរឬទេ។
លទ្ធភាពនៃការផ្តល់កសិណសាក្សីរបស់លោក Bolton រីកកាន់តែធំឡើងបន្ទាប់ពីសេចក្តីលម្អិតចេញពីសៀវភៅរបស់លោកដែលចេញផ្សាយនៅពេលខាងមុខដែលបានរៀបរាប់ថា លោកប្រធានាធិបតីត្រាំ បានប្រាប់លោកត្រង់ៗកាលពីខែសីហាឆ្នាំមុនថា លោក បានដកជំនួយយោធាដែលមានទឹកប្រាក់៣៩១លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែនរហូតទាល់តែលោក បានធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ប្រកាសការស៊ើបអង្កេតលោក Joe Biden អតីតអនុប្រធានាធិបតីនិងជាគូប្រជែងម្នាក់ខាងគណបក្សប្រជាធិបតេយ្យម្នាក់នៅក្នុងការបោះឆ្នោតប្រ ធានាធិបតីឆ្នាំ២០២០។
បញ្ហានេះ ជាចំណុចកណ្តាលនៃការជំនំជម្រះ២នៃការចោទប្រកាន់ដកហូតប្រធានាធិបតីត្រាំចេញពីតំណែងថាតើលោកប្រធានាធិបតី បានរំលោភអំណាចរបស់លោកដោយការស្វះស្វែងធ្វើការស៊ើបអង្កេតលោក Biden ដើម្បីចំណេញនយោបាយខ្លួនលោកផ្ទាល់ហើយនឹងរារាំងការខំប្រឹងប្រែងរបស់សភាដើម្បីស៊ើបអង្កេតសកម្មភាពដែលទាក់ទិននឹងប្រទេសអ៊ុយក្រែន៕