ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងពិចារណានៅថ្ងៃសុក្រនេះទៅលើថាតើនឹងកោះហៅសាក្សីនៅក្នុងការជំនុំជម្រះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសម្រេចអំពីការដកហូតលោកចេញពីតំណែងដែរឬទេ។
ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើសមាជិកគណបក្សសាធារណរដ្ឋនឹងឯកភាពជាមួយនឹងសមាជិកគណបក្សប្រជាធិបតេយ្យដើម្បីឲ្យមានសាក្សីនៅក្នុងការជំនុំជម្រះនេះដែរឬយ៉ាងណា។
យ៉ាងហោចណាស់មានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ម្នាក់ គឺលោក Mitt Romney ដែលបង្ហាញពីឆន្ទៈថា ការបែកធ្លាយព័ត៌មានពីសៀវភៅមួយក្បាលដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ ដែលសរសេរដោយលោក John Bolton អតីតទីប្រឹក្សាសន្ដិសុខជាតិ អាចនឹងបញ្ចុះបញ្ចូលសហការីរបស់លោកបាន។
សៀវភៅនោះធ្វើឲ្យប៉ះពាល់ដល់ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់នានាដែលត្រូវបានលើកឡើងដើម្បីការពារក្ដីឲ្យលោកប្រធានាធិបតីនៅក្នុងការជំនុំជម្រះ។
លោក Mitt Romney សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ នៃរដ្ឋ Utah និយាយថា លោក Bolton មានភស្តុតាងដែលពាក់ព័ន្ធសម្រាប់បង្ហាញនៅក្នុងការផ្ដល់សក្ខីកម្ម ហើយលោកគិតថា សមាជិកគណបក្សសាធារណរដ្ឋដទៃទៀតកាន់តែច្រើនទំនងជានឹងសហការជាមួយនឹងសមាជិកគណបក្សសាធារណរដ្ឋដទៃទៀតដែលគិតថា គួរតែស្ដាប់នូវព័ត៌មានដែលលោក John Bolton អាចផ្ដល់ក្នុងសក្ខីកម្ម៕