ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកព្រឹទ្ធសភា​លោក Cory Booker គាំទ្រ​លោក Biden ក្នុងការ​ប្រជែង​យក​តំណែង​បេក្ខជន​ប្រធានាធិបតី


រូបឯកសារ៖ លោក Cory Booker សមាជិក​ព្រឹទ្ធសភាប្រចាំរដ្ឋ New Jersey និងលោក Joe Biden ក្នុងអំឡុងការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ​ នៅរដ្ឋ Detroit កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក Cory Booker សមាជិក​ព្រឹទ្ធសភាប្រចាំរដ្ឋ New Jersey និងលោក Joe Biden ក្នុងអំឡុងការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ​ នៅរដ្ឋ Detroit កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ច័ន្ទ លោក Cory Booker សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ New Jersey បាន​ប្រកាស​គាំទ្រ​បេក្ខជនភាព​របស់​លោក Joe Biden ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ។

លោក Biden ដែលជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក នឹង​ប្រជែង​ជាមួយ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont នៅក្នុង​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​រដ្ឋ​ចំនួន ៦​បន្ថែម​ទៀត​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

នៅក្នុង​សារ​តាម​បណ្តាញ​សង្គម Twitter លោក Booker ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​យក​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ បាន​សរសេរ​ថា៖

«ចម្លើយ​ទៅ​កាន់​ការ​ស្អប់​ខ្ពើម និង​ការ​បែកបាក់ គឺ​ត្រូវ​បំផុស​ឲ្យ​មាន​ស្មារតី​នៃ​គោលដៅ​រួម​គ្នា​របស់​យើង។ លោក Joe Biden នឹង​មិន​ត្រឹម​តែ​យក​ជ័យ​ជម្នះ​ប៉ុណ្ណោះទេ លោក​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​កិច្ចការ​ជា​ច្រើន​ដែល​បង្រួប​បង្រួម​យើង ជាជាង​បំបែក​បំបាក់​យើង។ លោក​នឹង​ស្តារ​កិត្តិយស​របស់​សេតវិមាន និង​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្លាំង​របស់​យើង។ ដូច្នេះ​ហើយ​ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​លោក Joe‍»។

ការ​គាំទ្រ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ ធ្វើ​ឡើង បន្ទាប់​ពី​អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ California ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​យក​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ បាន​គាំទ្រ​លោក Biden កាល​ពី​ថ្ងៃ​អាទិត្យ។

នៅ​ថ្ងៃ​អង្គារ អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ចំនួន ៦ រួមមាន​រដ្ឋ Idaho, Michigan, Mississippi, Missouri, North Dakota និង​រដ្ឋ Washington របស់សហរដ្ឋ​អាមេរិក នឹង​នាំគ្នា​ចេញ​ទៅ​បោះ​ឆ្នោត​ ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ សម្រាប់​ការ​ប្រកួត​លើក​នេះ មាន​បេក្ខជន​នាំ​មុខ​ពីរ​រូប​ប៉ុណ្ណោះ​ដែល​នឹង​ប្រជែង​គ្នា គឺ​លោក Bernie Sanders និង​លោក Joe Biden៕

XS
SM
MD
LG