អ្នកបោះឆ្នោតនៅក្នុងរដ្ឋចំនួន ៦ ក្នុងសហរដ្ឋអាមេរិក នឹងចេញទៅបោះឆ្នោតនៅថ្ងៃអង្គារនេះ ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ សម្រាប់ការប្រកួតលើកនេះ យើងឃើញមានតែបេក្ខជននាំមុខពីររូបប៉ុណ្ណោះដែលនៅប្រជែងគ្នា ដែលនោះគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont លោក Bernie Sanders និងអតីតអនុប្រធានាធិបតីលោក Joe Biden។
លោក Joe Biden បានជួបជុំក្រុមអ្នកគាំទ្រនៅក្នុងរដ្ឋ Missouri កាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោកបានឈ្នះនៅក្នុងការបោះឆ្នោតបេក្ខភាពប្រធានាធិបតី Super Tuesday កាលពីសប្ដាហ៍មុន ដែលធ្វើឲ្យលោកនាំមុខគេនៅក្នុងការប្រជែងដំណែងបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ រដ្ឋ Missouri នឹងរៀបចំការបោះឆ្នោតបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនៅថ្ងៃអង្គារនេះ ស្របពេលជាមួយនឹងរដ្ឋ Michigan, Idaho, Mississippi, North Dakota និង Washington។
លោក Bernie Sanders បានធ្វើយុទ្ធនាការនៅក្នុងរដ្ឋ Illinois ដែលនៅក្នុងរដ្ឋនេះ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនឹងទៅបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីនៅថ្ងៃទី ១៧ ខែមិនាខាងមុខ។
គូប្រជែងសំខាន់ៗបានលះបង់ការប្រកួត ហើយភាគច្រើនបានផ្ដល់ការគាំទ្រដល់លោក Biden ដែលក្នុងនោះមានដូចជាអតីតអភិបាលក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Minnesota អ្នកស្រី Amy Klobuchar និងអតីតអភិបាលក្រុង New York លោក Mike Bloomberg ជាដើម។
កាលពីថ្ងៃអាទិត្យ អតីតបេក្ខជនប្រជែងដំណែងនេះមួយរូបទៀតគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ California អ្នកស្រី Kamala Harris ក៏បានផ្ដល់ការគាំទ្រលើលោក Biden ផងដែរ។
អ្នកស្រី Harris ថ្លែងដូច្នេះថា៖ «ខ្ញុំបានសម្រេចចិត្តដោយស្មោះអស់ពីចិត្តថា ខ្ញុំនឹងគាំទ្រលោក Joe Biden ឲ្យធ្វើជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក»។
លោក Sanders បានបញ្ជាក់នៅក្នុងកម្មវិធី «សប្ដាហ៍នេះ» របស់ទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យថា រឿងនេះមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ។
លោក Sanders បញ្ជាក់ដូច្នេះថា៖ «អ្វីដែលប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញយ៉ាងច្បាស់ និងអ្វីដែលក្រុមអ្នកកាន់អំណាចចង់បាន គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរួមកម្លាំងគ្នាគាំទ្រលោក Biden និងព្យាយាមផ្ដួលខ្ញុំ»។
លោក Biden និយាយថា លោក Sanders ដែលហៅខ្លួនលោកថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យនោះ មានលក្ខណៈជ្រុលនិយមខ្លាំងពេកដែលពិបាកឲ្យគេរួមគ្នាគាំទ្រលោក។
លោក Biden ថ្លែងដូច្នេះថា៖ «ខ្ញុំសន្យាជាមួយអ្នកថាយើងនឹងប្រមូលផ្ដុំពលរដ្ឋអាមេរិកាំងទាំងអស់គ្រប់ជាតិសាសន៍ពណ៌សម្បុរ ភេទ ស្ថានភាពជីវភាពរស់នៅ អ្នកប្រជាធិបតេយ្យ អ្នកសាធារណរដ្ឋ និងអ្នកឯករាជ្យ»។
លោក Sanders និយាយថា លោកបានទាក់ទាញការគាំទ្រពីកម្មករ អ្នកធ្វើការ និងអ្នកបោះឆ្នោតដែលជាយុវជន។
លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា យើងនឹងឈ្នះ។ យើងបានឈ្នះនៅរដ្ឋ California, Utah, Colorado និងរដ្ឋ Vermont។ យើងក៏បានឈ្នះសំឡេងឆ្នោតនៅរដ្ឋចំនួន ៣ ផ្សេងទៀតមុនហ្នឹងផងដែរ។ ខ្ញុំទន្ទឹងរង់ចាំការបោះឆ្នោតបេក្ខភាពប្រធានាធិបតីនៅក្នុងរដ្ឋ Michigan នេះ និងនៅរដ្ឋ Washington ក៏ដូចជានៅកន្លែងផ្សេងទៀតផងដែរ»។
មេដឹកនាំសិទ្ធិពលរដ្ឋលោក Jesse Jackson បានផ្ដល់ការគាំទ្រដល់លោក Sanders កាលពីថ្ងៃអាទិត្យ។
ករណីនេះអាចជួយលោក Sanders ឲ្យពង្រីកការឃោសនារបស់លោកកាន់តែទូលំទូលាយជាងមុនថែមទៀតជាមួយនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលជាក្រុមអ្នកបោះឆ្នោតដ៏សំខាន់មួយដែលផ្ដល់ការគាំទ្រខ្លាំងក្លាដល់លោក Biden៕
ប្រែសម្រួលដោយលោក ភី សុភាដា