ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Elizabeth Warren ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី


រូបឯកសារ៖ លោកស្រី Elizabeth Warren ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ "Care In Action" កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង Las Vegas រដ្ឋ Nevada។
រូបឯកសារ៖ លោកស្រី Elizabeth Warren ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ "Care In Action" កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង Las Vegas រដ្ឋ Nevada។

សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Massachusetts លោក​ស្រី Elizabeth Warren ដែល​ធ្លាប់​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខគេ​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រកាស​បោះបង់​ចោល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ នៅ​ថ្ងៃ​ព្រហស្បតិ៍។

ការ​ប្រកាស​ចាកចេញ​ពី​ការ​ប្រកួត​រក​សំឡេង​ឆ្នោត​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ធំ​មួយ ឬ​ហៅថា Super Tuesday បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​អង្គារ ដោយ​លទ្ធផល​បណ្តោះ​អាសន្ន​បង្ហាញ​ថា​ លោកស្រី Warren មិន​បាន​ឈ្នះក្នុង​រដ្ឋ​ណា​មួយ​ឡើយ សូម្បី​តែ​រដ្ឋ​ Massachusetts ដែល​លោក​ស្រី​តំណាង​ឲ្យ​ក៏​ដោយ។

ការ​ចាកចេញ​របស់​លោកស្រី ត្រូវបាន​អ្នក​វិភាគ​មើល​ឃើញ​ថា នឹង​បើក​ផ្លូវ​ឲ្យ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont ទទួល​បាន​សំឡេង​គាំទ្រ​បន្ថែម បើ​សិន​ជា​អ្នក​គាំទ្រ​លោកស្រី Warren ផ្តូរ​ទៅ​គាំទ្រ​លោក Sanders ដែល​កំពុង​ប្រកួត​ប្រជែង​យ៉ាង​ប្រកិត​គ្នា​ជាមួយ​នឹង​លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​អាមេរិក​ ដែល​បាន​ក្លាយ​ជា​បេក្ខជន​នាំ​មុខ​គេ​នៃ​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់​ពី​បាន​ឈ្នះ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​ចំនួន ១០ ពី​ការ​បោះឆ្នោត​បឋម Super Tuesday។ នេះ​បើ​យោង​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន។

មុន​ចាកចេញ​ពី​ការ​ប្រកួត លោកស្រី Elizabeth Warren អាយុ ៧០ឆ្នាំ ដែល​ជា​អតីត​សាស្ត្រាចារ្យ​ច្បាប់​មួយ​រូប ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​គួរសម មុន​ការ​បោះឆ្នោត​បឋម Super Tuesday។ មុន​នេះ​បន្តិច​ លោក​ស្រី​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា លោក​ស្រី​មិន​ទាន់​សម្រេច​ចិត្ត​បង្ហាញ​ការ​គាំទ្រ​ដល់​បេក្ខជន​ណាមួយ ដែល​នៅ​ឈរ​ឈ្មោះ​ប្រកួត​ដណ្តើម​សំឡេង​ឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG