ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​គាំទ្រ​លោក Trump ខណៈ​ពេល​សវនាការ​កាត់​ទោស​រូប​លោក​ជិត​ចូល​មក​ដល់


រូបឯកសារ៖ លោក Roger Wicker សមាជិក​ព្រឹទ្ធ​​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ ចូលរួមសវនាការមួយនៅវិមានសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Roger Wicker សមាជិក​ព្រឹទ្ធ​​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ ចូលរួមសវនាការមួយនៅវិមានសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

ក្រុម​អ្នកការពារអតីត​ប្រធានាធិបតី​លោក Donald Trump ក្នុង​ព្រឹទ្ធសភា​អាមេរិក​កាល​ពី​ថ្ងៃអាទិត្យ​បានបង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​អតីត​ប្រធានាធិបតី​រូប​នេះ មុន​ពេលសវនា​ការ​កាត់​ក្តី​លើ​រូប​លោក​ក្នុង​ព្រឹទ្ធសភា​អាមេរិក​ចាប់ផ្ដើម។​

ពួក​គេ​បាន​ទាត់​ចោល​នូវ​បណ្តឹង​ប្រឆាំង​លោក Trump​ ថា​ជា​ការ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ និង​បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​ថា​សុន្ទរកថា​ប្រកប​ដោយ​ភាព​ខឹង​សម្បា​របស់​អតីត​ប្រធានាធិបតី​រូប​នេះ ​មុន​ពេលមាន​ការ​សម្រុក​ចូល​លុកលុយ​របស់​ក្រុម​បាតុករ​ ទៅ​ក្នុងវិមាន​សភា​សហរដ្ឋ​អាមេរិក​នោះ​ មិន​អាច​ធ្វើ​ឲ្យ​ប្រធានាធិបតី​រូប​នេះទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ ដែល​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​នោះ​ឡើយ។​

«ប្រសិន​បើ​ត្រូវ​ឲ្យ​លោក ​[Trump] ទទួល​ខុស​ត្រូវ​នោះ​ មាន​ន័យ​ថា លោក​ត្រូវ​បាន​ចោទ​ប្តឹង​ដោយ​រដ្ឋសភា​សហរដ្ឋ​អាមេរិក ​និង​ត្រូវ​កាត់​ទោស​ដោយ​ព្រឹទ្ធសភា។ ​ចម្លើយ​សម្រាប់​រឿង​នេះគឺ​ថា​ទេ»​។​

នេះបើ​តាម​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Roger Wicker នៃ​រដ្ឋ​ Mississippi ​ដោយ​លោកបាន​បង្ហាញ​នូវ​ជំនឿ​ដ៏​ជាក់​ច្បាស់​របស់​លោក​ថា​ លោក​ Trump នឹង​ត្រូវ​បាន​សម្រេច​ឲ្យ​រួច​ទោស​នៅ​ក្នុង​សវនាការ​របស់​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​។​

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​តើ​សភា​សហរដ្ឋ​អាមេរិក​នឹង​មាន​វិធាន​ការ​ណាផ្សេង​សម្រាប់​ជា​ការ​ដាក់​ទណ្ឌកម្ម​លោក ​Trump ដូចជា​ការ​ថ្កោល​ទោសជា​ដើម​នោះ​ ឬ​ទេ សមាជិក​ព្រឹទ្ធសភា​រូប​នេះ​បាន​គូស​បញ្ជាក់​ថា៖ «រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ មាន​ជម្រើស​នឹង​ធ្វើ​ដូច្នេះ​ តែ​ពួក​គេ​មិន​បាន​ធ្វើ​ទេ​ ហើយ​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់លោក​ Trump ​ជា​ផ្លូវ​ការ​ទៅ​វិញ។ ពេល​នេះដំណើរ​ការរឿងក្តី​នេះ​កំពុងបន្ត​ទៅ​មុខ​ហើយ»។​

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​ខ្លួន​បើក​សវនាការកាត់​ក្តី​លោក Trump​ នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិចារណា​ទៅ​លើ​ការ​ចោទ​ប្រកាន់ ដែល​ថា តើ​ពាក្យ​សម្តី​ដ៏​ក្រេវក្រោធ​របស់​លោក ​Trump​ ទៅ​កាន់​អ្នក​ប្រឆាំង​តវ៉ា នៅ​ក្នុង​ពិធី​ជួប​ជុំ​គ្នាមួយ​ នៅ​ក្បែរ​វិមាន​សភា​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ និង​ពាក្យ​សម្ដីដែល​ខ្វះការ​ពិត​របស់​លោក​ជា​ច្រើន​សប្តាហ៍ ​ដែល​ថា​មាន​ការ​លួចបន្លំ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នោះ​ ពិត​ជាបាន​បង្ក​ឲ្យ​មាន​ការ​ខឹងសម្បា​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​បានសម្រុក​ចូល​ទៅ​ក្នុង​វិមានសភា​សហរដ្ឋ​អាមេរិក​នោះដែរ​ ឬ​មួយ​ក៏​យ៉ាង​ណា។

សមាជិក​ព្រឹទ្ធសភា​អាមេរិកជាច្រើន​នាក់ ដែល​ក្នុង​នោះ​រួម​មាន​មេដឹកនាំព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ផង​គឺ​លោក Mitch McConnell បានថ្កោល​ទោស​ភ្លាមៗ​ ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើត​មាន​ឡើង​និង​បាន​ស្តី​បន្ទោស​ដល់​លោក Trump ​ផង​ដែរ។

ក្រោយកុបកម្ម​នោះ​សមាជិក​ព្រឹទ្ធសភា​ លោក​ Wicker បាន​និយាយ​ថា៖​« ពលរដ្ឋ​អាមេរិក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​វាយ​ប្រហារទៅ​លើស្ថាប័ន​នីតិរដ្ឋ​នេះ» ហើយ​ដោយ​ថ្លែង​មិន​ចំ​ឈ្មោះ​បុគ្គល​ណាម្នាក់នោះ​លោក​ថា ​«យើង​ត្រូវ​តែ​កាត់​ទោស​ចំពោះ​អ្នក​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក»។​

ប៉ុន្តែ​ជាមួយ​នឹង​ការផុត​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក Trump នោះ​សមាជិក​គណបក្សសាធារណរដ្ឋ​បាន​បង្ហាញ​ពី​បំណង​នយោបាយ​តិច​តួច​ ក្នុង​ការ​ចាត់​វិធាន​ការបន្ត​ទៀត​ជុំវិញ​រឿង​នេះ​ ដូចជាការ​កាត់​ទោស​លោក​ Trump ​ដែល​អាចបិទ​ផ្លូវ​របស់លោក ​ក្នុង​ការឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ម្ដង​ទៀត ​នា​ពេល​អនាគត​ជាដើម។​

ការបែក​បាក់ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​ហាក់​មាន​ភាព​កាន់​តែ​ខ្លាំងក្លា​ឡើង នៅ​មុនពេល​ដែលសវនាការ​កាត់​ក្តី​លោក​ Trump ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកមក​ដល់ ​ដែល​នេះ​ជា​សញ្ញាមួយ​បញ្ជាក់​ថាលោក​ Trump ​នៅតែបន្ត​មានឥទ្ធិពល​លើ​គណបក្សសាធារណរដ្ឋ៕​

XS
SM
MD
LG